ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ព្រះឱរស​ព្រះគ្រីស្ទ​បាន​ប្រសូត​មក​សម្រាប់​បងប្អូន


9:55

ព្រះឱរស​ព្រះគ្រីស្ទ​បាន​ប្រសូត​មក​សម្រាប់​បងប្អូន

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ ឆ្នាំ២០២៤

ថ្ងៃអាទិត្យ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤

ឱ ! សំណាង​អ្វី​ម៉្លេះ​ដែល​យើង​បាន​ស្តាប់​បទ​ភ្លេង​ដ៏​ពីរោះ​បែប​នេះ ? សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​ចម្រៀង ក្រុមតន្រ្តីករ និង​អ្នកដឹកនាំ​ភ្លេង​ទាំងនេះ។ ខ្ញុំ​មើល​មិន​ឃើញ​បងប្អូន​ដែល​នៅ​ពីក្រោយ​ដើមឈើ​ទាំងនេះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា​បងប្អូន​នៅ​ទីនោះ ។

« Infant Holy, Infant Lowly » គឺជា​បទ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត ។

ចៀម​កំពុង​ដេក អ្នក​គង្វាល​កំពុង​មើលថែ

កំដរ​រហូត​ដល់​ពេល​ព្រឹក​ថ្ងៃ​ស្អែក​ថ្មី

ឃើញ​នូវ​សិរីរុងរឿង ស្តាប់​នូវ​សាច់រឿង

ដំណឹង​ល្អ​នៃ​សេចក្តី​ពិត ។

ចូរ​អរ​រីករាយ ចាកចេញ​ពី​ទុក្ខ

តម្កើង​សរសើរ ថ្ងៃ​ថ្មី​មក​ដល់

ព្រះ​ឱរស​ព្រះ​គ្រីស្ទ ប្រសូត​មក​ដល់​អ្នក ។

ព្រះ​ឱរស​ព្រះគ្រីស្ទ ប្រសូត​មក​ដល់​អ្នក !

កាល​ពី​នៅ​ក្មេង ឪពុកម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ហៅក្រៅ​ឲ្យ​ខ្ញុំ​ថា « កូន​ចៀម​ថេមមី » ដូច្នេះ​នៅ​ពេល​ព្រះគម្ពីរ​និយាយ​អំពី​អ្នក​គង្វាល និង​ចៀម​របស់​គាត់ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា ព្រះគម្ពីរ​នោះ​កំពុង​និយាយ​ពី​ខ្ញុំ ។

នេះ​គឺជា​សេចក្តីពិត​ដ៏​ពិសេស​នៃ​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស់ និង​ពួកទេវតា​បាន​បង្ហាញ​កាយ​ចំពោះ​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​ឯ​វាល​ក្នុង​វេលា​យប់ ។ ខ្ញុំ​បាន​ស្រមៃ​ថា ខ្លួន​ឯង​នៅ​ទី​នោះ ហើយ​នឹកគិត​ថា តើ​ការទៅ​រក​ព្រះឱរស​នៅ​ក្នុង​ស្នូក​មាន​លក្ខណៈ​បែប​ណា​ទៅ ។ ខ្ញុំ​នៅ​តែ​ចូលចិត្ត​រូបភាព​ទាំង​នេះ​រាល់​ឆ្នាំ ពេល​ខ្ញុំ​ជញ្ជឹងគិត​ពី​ការប្រសូត​របស់​ទ្រង់។

រូបភាព​ដែល​ខ្ញុំ​ចូលចិត្ត​មួយ​ទៀត មក​ពី​ដំណើររឿង​ដែល​បាន​ដំណាល​ដោយ​អែលឌើរ ចន អ័រ ឡាសាទ័រ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅហើយ អែលឌើរ ឡាសាទ័រ បាន​ទៅ​ទស្សនកិច្ច​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្រ្វិក ដែល​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​រដ្ឋាភិបាល​ផ្លូវការ​មួយ ។

នៅថ្ងៃ​មួយ ពេល​ពួកលោក​ធ្វើ​ដំណើរ​នៅ​វាល​ខ្សាច់​ក្នុង​រថយន្ត​ដឹក​អ្នក​ដំណើរ​ពណ៌​ខ្មៅ​មួយ មាន​គ្រោះថ្នាក់​មួយ​បាន​កើត​ឡើង ។ រថយន្ត​ដែល​គាត់​ជិះ​ពី​លើ​កំពូល​ភ្នំ ហើយ​គាត់​សង្កេត​ឃើញ​ថា​រថយន្ត​ពី​មុខ​គាត់​បាន​ធ្លាក់​ពី​លើ​ផ្លូវ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ហេតុការណ៍​ដែល​កើត​ឡើង​ពី​មុខ​យើង​នេះ ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ » ។

មាន​អ្នក​គង្វាល​វ័យ​ចំណាស់​ម្នាក់ ពាក់​រ៉ូប​វែង​ដូច​កាល​សម័យ​ព្រះអង្គ​សង្រ្គោះ កំពុង​ឈរ​នៅ​ជិត​រថយន្ត​និយាយ​ជាមួយ​អ្នក​បើក​រថយន្ត ។ មាន​ចៀម​តូចៗ​ចំនួន ១៥ ក្បាល​ឈរ​នៅ​ក្បែរ​នោះ ។

អ្នក​បើក​រថយន្ត​របស់​អែលឌើរ ឡាសាទ័រ បាន​និយាយ​ថា រថយន្ត​ដឹកនាំ​ក្បួន​នោះ​បាន​បុក ហើយ​ធ្វើ​ឲ្យ​ចៀម​មួយ​ក្បាល​ត្រូវ​របួស ហើយ​ដោយសារ​តែ​វា​ជា​រថយន្ត​របស់​ព្រះមហាក្សត្រ នោះ​អ្នក​គង្វាល​នោះ​មាន​សិទ្ធិ​ទទួល​បាន​សំណង​តម្លៃ​កូន​ចៀម ១០០ ដង​នៃ​តម្លៃ​ចៀម​ធំ ។ ប៉ុន្តែ​តាម​ច្បាប់​ដូច​គ្នា​នោះ ចៀម​នោះ​ត្រូវ​តែ​សម្លាប់​ហើយ​យក​សាច់​ចែក​គ្នា​តាម​ចំនួន​មនុស្ស ។

បន្ទាប់​មក​អ្នក​បើក​រថយន្ត​បាន​និយាយ​ថា « ប៉ុន្តែ មើល​ចុះ អ្នក​គង្វាល​វ័យ​ចំណាស់​ម្នាក់​នោះ​នៅ​មិន​ទទួល​យក​ប្រាក់​ទេ ពួកគេ​មិន​ដែល​ចង់​បាន​ទេ » ។ នៅ​ពេល​សួរ​ថា ហេតុ​អ្វី ? គាត់​បាន​បន្ថែម​ទៀត​ថា « ដោយសារ​តែ​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ចៀម​មួយ​ក្បាលៗ​របស់​គាត់ » ។

ពួកគេ​បាន​មើល ពេល​អ្នក​គង្វាល​វ័យ​ចំណាស់​ម្នាក់​នោះ​បាន​ឱន​ចុះ​លើក​ចៀម​ដែល​ត្រូវ​របួស​មក​ដាក់​ក្នុង​រង្វង់​ដៃ​គាត់ ហើយ​បាន​រុំ​ចៀម​នោះ​នឹង​រ៉ូប​របស់​គាត់ ។ គាត់​បាន​បន្ត​អង្អែល​កូន​ចៀម ដោយ​និយាយ​ពាក្យ​ដដែលៗ​នេះ​ម្តង​ហើយ​ម្តង​ទៀត ហើយ​នៅពេល​អែលឌើរ ឡាសាទ័រ សួរ​ពី​អត្ថន័យ​នៃ​ពាក្យ​នោះ គេ​ពន្យល់​ប្រាប់​គាត់​ថា « អូ គាត់​កំពុង​ហៅ​ឈ្មោះ​វា ។ ចៀម​របស់​គាត់​ទាំងអស់​មាន​ឈ្មោះ​មួយ ដោយសារ​គាត់​គឺ​ជា​អ្នក​គង្វាល​របស់​វា ហើយ​អ្នក​គង្វាល​ល្អ​ស្គាល់​ឈ្មោះ​ចៀម​មួយ​ក្បាលៗ​របស់​ពួកគេ » ។

នៅ​ក្នុង​គម្ពីរ​អេសាយ យើង​ត្រូវ​បាន​សន្យា​ថា « ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះឱរា » ។

ប្រសិន​បើ​យើង​ចងចាំ​អ្វី​មួយ ឬ​មាន​អារម្មណ៍​ពី​អ្វី​មួយ​ពី​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ វា​គួរតែ​ដោយសារ យើង​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ។ សូម​ចាំ​ថា ពេល​ព្រះគ្រីស្ទ​ប្រាប់​ទៅ​ពេត្រុស​ថា « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ីផង … ចូរ​ឃ្វាលហ្វូងចៀម របស់​ខ្ញុំ​ចុះ » ?

« ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ ១ អង្គ​ប្រសូត​ដល់​ អ្នក​រាល់​គ្នា នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

« ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​ យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ ហើយ » ។

ទ្រង់​បាន​ប្រសូត​មក​ដើម្បី​លើក​យើង​ម្នាក់ៗ​ឡើង ។ បើ​ទ្រង់​ជា​អង្គ​សង្រ្គោះ​ដល់​មនុស្ស​គ្រប់គ្នា ទ្រង់​ច្បាស់​ជា​អង្គ​សង្រ្គោះ​របស់​បងប្អូន​ហើយ ។ ព្រះ​ឱរស​ព្រះគ្រីស្ទ​បាន​ប្រសូត​មក​សម្រាប់​បងប្អូន ។

ប៉ុន្តែ​អេសាយ​ក៏​បាន​ព្រមាន​ផងដែរ​ថា « យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម » ។ ប្រហែល​ជា​យើង​ម្នាក់ៗ​ធ្លាប់​នៅ​កន្លែង​មួយ​ដែល​យើង​មាន​អារម្មណ៍​ដូច​ជា​កូន​ចៀម​ដែល​វង្វេង ឬ​សូម្បី​តែ​ចៀម​ដែល​បាត់ ។ រាត្រី​នេះ ខ្ញុំ​សូម​និយាយ​ថា យើង​ទាំង​អស់​គ្នា គឺ​ជា​កូនចៀម​ដែល​រង​របួស​ដែល​ត្រូវការ​អ្នកគង្វាល​ល្អ ដែល​ជាអ្នក​នឹង​លើក​យើង​នៅ​ក្នុង​រង្វង់​ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រោះ​ដើម្បី​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​មាន​ន័យ​ថា យើង​មាន​អ្វីៗ​ដែល​ខូច ដែល​ត្រូវការ​ជួសជុល ។

ហើយ​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​មួយ​សប្តាហ៍​គ្មាន​ពេល​ណាៗ​ដែល​ខ្ញុំ​ត្រូវការ​ព្រះ​ប្រោសលោះ​យ៉ាង​ខ្លាំង​ជាង​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់​ឡើយ ។ ខ្ញុំ​នាំ​យក​ដួងចិត្ត​សង្រេង​របស់​ខ្ញុំ ហើយ​ជញ្ជឹងគិត​លើ​ពាក្យ​សម្ដី និង​រូប​តំណាង​ក្នុង​អំឡុង « ពេល​វេលា​ដ៏​ពិសិដ្ឋ​ដើម្បី​ធ្វើការ​រំឭក​ខាង​វិញ្ញាណ​ជា​ថ្មី » ។ ប៉ុន្តែ​ពេល​ខ្លះ វា​ជា​ពេល​ដ៏​ធ្លាក់​ចុះ នៅពេល​ដែល​គិត​ពី​សប្តាហ៍​មុន ។ ខ្ញុំ​ឃើញ​ថា​មាន​អំពើ​បាប​ដដែល ភាពទន់ខ្សោយ​ដដែល ដែល​ខ្ញុំ​បាន​គិត​កាល​ពី​ថ្ងៃ​អាទិត្យ​មុន ។ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សង្រេង និង​ខ្ទេចខ្ទាំ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ ?

ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សាកល្បង​អ្វី​ដែល​ថ្មី ។ នៅក្នុង​នាទី​ដ៏​ពិសិដ្ឋ​បំផុត​នៃ​ពេលវេលា​ពេញ​មួយ​សប្តាហ៍​របស់​បងប្អូន ប្រសិនបើ​បងប្អូន​មាន​អារម្មណ៍​ខ្ទេចខ្ទាំ សូម​ស្រមៃ​ថា ទ្រង់​ហៅ​ឈ្មោះ​បងប្អូន ហើយ​ទៅ​រក​ទ្រង់ ។ សូម​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន​ដោយ​ក្រសែ​ភ្នែ​កនៃ​ដួងចិត្ត​របស់​បងប្អូន ជាមួយ​នឹង​ព្រះពាហុ​របស់​ទ្រង់​បាន​បើក និង​លាតសន្ធឹង ហើយនឹងព្រះភ័ក្រ្ត​ដ៏​ភ្លឺ​ថ្លា​របស់​ទ្រង់ទៅ​កាន់​បងប្អូន ដោយ​មាន​ព្រះបន្ទូល​ថា « យើង​ដឹង​ថា ឯង​នឹង​មាន​អារម្មណ៍​បែប​នេះ ! ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ផែនដី ហើយ​រងទុក្ខ​ដូច​ដែល​យើង​បាន​រងទុក្ខ » ។ ជំនួយ​របស់​ទ្រង់ ព្រះ​គុណ​របស់​ទ្រង់​មាន​សម្រាប់​បងប្អូន​ឥឡូវ​នេះ មិនមែន​ចាំ​ដល់​ពេល​ដែល​បងប្អូន​បាន​ធ្វើ​អ្វីៗ​ល្អ​ឥត​ខ្ចោះ​ហើយ​នោះ​ទេ ។ តើ​នរណា​មាន​អារម្មណ៍​ថា ខ្លួន​ឥត​ខ្ចោះ​នោះ ? ខ្ញុំ​ដឹង​ថា គ្មាន​នរណា​ម្នាក់​ទេ ។

សូម​ចងចាំ​ថា យើង​ទៅ​ព្រះវិហារ ទៅ​ពិធី​សាក្រាម៉ង់​នៃ​អាហារ​ចុង​ក្រោយ​របស់​ព្រះអម្ចាស់ ដើម្បី​បាន​ជា​សះស្បើយ ​ក៏​ថែមទាំង​មាន​អារម្មណ៍​ស្អាត​ផង​ដែរ ។

ជា​ច្រើនឆ្នាំ​កន្លង​ទៅ ពេល​ខ្ញុំ​កំពុង​បម្រើ​នៅអង្គការ​បឋម​សិក្សា ខ្ញុំ​បាន​ប្រាប់​រឿង​មួយ​អំពី​មនុស្ស​ម្នាក់​ដែល​ទើប​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ខ្ញុំ​បាន​និយាយ​ថា មិត្ត​ម្នាក់​នេះ​អាច​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​បរិសុទ្ធ និង​ស្អាត​ជាងគេ​បំផុត​នៃ​សាសនាចក្រ។ បន្ទាប់​មក​នៅ​ជួរ​ខាង​មុខ ក្មេង​ប្រុស​ម្នាក់​មាន​អាយុ​ច្រើន​ជាង​បាន​លើក​ដៃ​ឡើង​ថា « ខ្ញុំ​ក៏​អាច​ស្អាត​ដូច​ជា​គាត់​ផងដែរ ដោយសារ​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ទទួល​សាក្រាម៉ង់ » ។ ខ្ញុំ​ឆ្លើយ​ទាំង​រអៀស​ខ្លួន​ថា « មែនហើយ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ—ដូច​គាត់​បាន​និយាយ » ។

មិត្ត​ទាំងឡាយ​របស់​ខ្ញុំ​អើយ តើ​យើង​ពិត​ជា​ចងចាំ និង​ទទួល​យក​នូវ​គោលលទ្ធិ​ដ៏​អស្ចារ្យ​នេះ​ឬ​ទេ ? ប្រសិនបើ​យើង​បាន​ធ្វើ​កិច្ចការ​នេះ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ—គឺនៅពេល​ត្រឡប់​មក​វិញ ហើយ​រាយការណ៍ និង​ប្រែចិត្ត​ឥត​ឈប់ឈរ—នោះ​យើង​អាច​ត្រូវ​បាន​សម្អាត​ជា​រៀង​រាល់​ថ្ងៃ ។ ហើយ​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ នោះ​យើង​អាច​មាន​អារម្មណ៍​ថា​ស្អាត​ដូច​ជា​ថ្ងៃ​ដែល​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ ។

សម្រាប់​ខ្ញុំ វា​ជា​របៀប​ដែល​ថ្ងៃ​ឈប់សម្រាក​បាន​ក្លាយ​ជា​ថ្ងៃ​សម្រាក ។ មិនគ្រាន់​តែ​សម្រាក​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាក​ពី​កំហុស និង​ភាពភ័យខ្លាច ពី​ភាព​មិន​ល្អ​គ្រប់គ្រាន់ និង​ភាពទន់ខ្សោយ​របស់​ខ្ញុំ ។ យ៉ាង​ហោច​ណាស់​សម្រាប់​ពេល​មួយ​ថ្ងៃ !

ដំណើរ​រឿង​ដ៏​ទន់ភ្លន់​បំផុត​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​ទាំងអស់​ផ្តល់​ឲ្យ​យើង​នូវ​ទិដ្ឋភាព​នៃ​ការសម្រាក​នេះ ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន នៅ​ពេល​ព្រះអង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​យាង​ទៅ​« ចៀម​ឯ​ទៀត » របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក ហើយ​បន្ទាប់​ពី​ជ្រាប​ដឹង​ពី​តម្រូវការ​របស់​ពួកគេ ដោយ​មិន​ចាំបាច់​ទូល​សុំ ទ្រង់​ក៏​អញ្ជើញ​អស់​អ្នក​ដែល​មាន​កាយសម្បទា​មិន​ល្អ—អ្នកខ្វិន អ្នកខ្វាក់ អ្នកថ្លង់ ឬ​អ្នក​ដែល​« រង​ទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ »—ឲ្យ​នាំ​មក​រក​ទ្រង់ ។

ខ្ញុំ​ស្រមៃ​ថា អ្នក​ដែល​តម្រង់​ជួរ​ដែល​ត្រូវការ​ការព្យាបាល​ខាង​រាងកាយ គឺ​មាន​ពិត​មែន ។ ប៉ុន្តែ​នៅ​ក្នុង​ក្រសែ​ភ្នែក​នៃ​ដួងចិត្ត​របស់​ខ្ញុំ​ផង​ដែរ ខ្ញុំ​ក៏​ឃើញ​មនុស្ស​ដូច​ជា​រូប​ខ្ញុំ និង​អ្នក​ដទៃ​ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ក្នុង​ជួរ ដែល​រងទុក្ខ​តាម​របៀប​ដែល​មនុស្ស​មើល​មិន​ឃើញ ។ ទ្រង់​បាន​សួរ​ទៅ​អ្នក​ដែល​រងទុក្ខ​ដោយ​ជំងឺ ណា​ក៏​ដោយ ថា « ទ្រង់​បាន​ប្រោស​ឲ្យ​ជា​សះស្បើយ​គ្រប់ៗ​គ្នា » ។

សូម​កត់ចំណាំ​ពី​របៀប​ក្នុង​ករណី​នេះ វា​មិន​បាន​និយាយ​ថា ទ្រង់​បានព្យាបាល​ពួកគេ​ជា​សះស្បើយ​ឡើយ ។ ខ្ញុំ​ចូលចិត្ត​គំនិត​នេះ​ដែល​ថា ការជាសះស្បើយ និង​ការព្យាបាល​គឺ​មាន​ភាពខុសគ្នា ។ ការព្យាបាល​ជា​ទូទៅ​ធ្វើ​ឲ្យ​យើង​ត្រឡប់​ទៅ​សភាព​ល្អ​ដូច​ដើម​វិញ ជា​អ្វី​ដែល​យើង​ចង់បាន មែនទេ ? ប៉ុន្តែ​ការជាសះស្បើយ​គឺ​ខុស​គ្នា ។ ការជាសះស្បើយ​រួម​បញ្ចូល​ស្នាម​របួស​ចាស់ ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​គ្នា ។

សូម្បី​តែ​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភព​លោក ក្នុង​នាម​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​បាន​មាន​ស្នាម​របួស​លើ​ព្រះ​ហស្ត ព្រះបាទា និង​ពី​ចំហៀង​របស់​ទ្រង់​ផងដែរ—ដែល​ជា​ភស្ដុតាង​ថា ទ្រង់​នឹង​មិន​ភ្លេច​យើង​ឡើយ ហើយ​ថា​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ ។ ហើយ​ប្រហែល​នៅ​ថ្ងៃ​នោះ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោស​ពួកគេ ទ្រង់​ក៏​បាន​កាន់​ពួកគេ ដោយ​ទទួល​យក​ពួកគេ​ម្នាក់ៗ​ឱប​ក្រសោប​ដោយ​ក្តីស្រឡាញ់ ។

នៅ​រាត្រី​នេះ ប្រហែល​ជា​បងប្អូន​មាន​អារម្មណ៍​ខ្ទេចខ្ទាំ ហើយ​មិន​ប្រាកដ​ថា បងប្អូន​នឹង​ទទួល​បាន​បទពិសោធន៍​របស់​ទ្រង់​ឡើយ ។ ប៉ុន្តែ​តើ​វា​ពិត​ទេ ? រៀងរាល់​ថ្ងៃ​អាទិត្យ​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ទ្រង់​កំពុង​លើក​បងប្អូន​ចេញ​ពី​ផ្លូវ​ដែល​ពេញ​ដោយ​ធូលី ដោយ​រុំ​បងប្អូន​នៅ​ក្នុង​រ៉ូប​របស់​ទ្រង់ ហើយ​ឱប​បងប្អូន​នៅ​ក្នុង​ព្រះហស្ដ​ដ៏​ធំ​ទូលាយ​របស់​ទ្រង់ ។

នៅ​រាត្រី​ដ៏​បរិសុទ្ធ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ទេវតា​បាន​ចែក​ចាយ​ដំណឹង​ល្អ ពី​អំណរ​យ៉ាង​អស្ចារ្យ ។ « ទ្រង់​ដែល​ជា​អង្គ​ដ៏​អស្ចារ្យ​បំផុត​បាន​ធ្វើ​ឲ្យ​អង្គ​ទ្រង់​តូច​បំផុត—ជា​អ្នក​គង្វាល​ចៀម​សួគ៌ា បាន​ក្លាយ​ជា​កូន​ចៀម » ។ « ស្ដេច​នៃ​អស់​ទាំង​ស្ដេច​​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក យក​នូវ​ការលំបាក​របស់​យើង ទ្រង់​បាន​ប្រសូត​មក​ធ្វើ​ជា​មិត្ត​របស់​យើង » ។ ខ្ញុំ​ជឿ​ថា​ទេវតា​មាន​បន្ទូល​ថា « មិត្ត​របស់​អ្នក មិត្ត​ល្អ​បំផុត​របស់​អ្នក ទើប​តែ​បាន​យាង​មក​ដល់ ។ ហើយ​ប្រសិន​បើ​បងប្អូន​ដឹង​ថា ទ្រង់​បាន​ទត​មើល​បងប្អូន​ដោយ​យក​ចិត្ត​ទុកដាក់​ប៉ុនណា​នោះ តើ​បងប្អូន​នឹង​ស្វែងរក​ការណែនាំ​ពី​ទ្រង់​ប៉ុនណា​ទៅ នៅពេល​បងប្អូន​រស់នៅ​ជាមួយ​ទ្រង់​ពី​មុន​មក​នោះ ប្រសិន​បើ​បងប្អូន​យល់​ពី​អ្វី​ដែល​ទ្រង់​នឹង​ពលិកម្ម​សម្រាប់​បងប្អូន ហើយ​ថា​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ប៉ុនណា​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នោះ​បងប្អូន​នឹង​ប្រញាប់​ទៅ​ទទួល​ទ្រង់​នៅ​ឯ​ស្នូក ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ជា​សាក្សី​ថា ព្រះ​ឱរស​ដែល​ផ្តេក​ក្នុង​ស្នូក ដែល​ជា​អង្គ​យើង​ថ្វាយ​បង្គំ ហើយ​ប្រហែល​មិន​ហ៊ាន​សូម្បី​តែ​ស្រមៃ​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា​បើ​បាន​បីត្រកង​ទ្រង់ ដែល​បាន​យាង​មក​សម្រាប់​តែ​យើង​ប៉ុណ្ណោះ ។

មែន​ហើយ ព្រះ​ឱរស​ព្រះគ្រីស្ទ​បាន​ប្រសូត​មក​សម្រាប់​បងប្អូន !

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « Infant Holy, Infant Lowly » បណ្ណាល័យ​ដំណឹងល្អ

  2. សូមមើល ចន អ័រ ឡាសាទ័រ « Shepherds of Israel » Ensign ខែ​ឧសភា ឆ្នាំ​១៩៨៨ ទំព័រ ៧៤ ។

  3. អេសាយ ៤០:១១ ។

  4. យ៉ូហាន ២១:១៥–១៧ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  5. លូកា ២:១១ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  6. អេសាយ ៩:៦ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  7. អេសាយ ៥៣:៦ ។

  8. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២៩.២.១.១ បណ្ណាល័យ​ដំណឹង​ល្អ សូមមើល​ផងដែរ ផាទ្រីក ខៀរ៉ុន « សូម​ស្វាគមន៍​មក​កាន់​សាសនាចក្រ​នៃ​អំណរ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ទំព័រ ៣៧ ។

  9. នីហ្វៃទី៣ ១៥:១៧ សូម​មើល​ផងដែរ យ៉ូហាន ១០:១៦ ។

  10. នីហ្វៃទី៣ ១៧:៩ ។

  11. នីហ្វៃទី៣ ១៧:៩ ។

  12. ប្រ៊ូស ឌី ភទើរ៍ « Come, Let Us Adore Him [ ចូរ​យើង​នាំ​គ្នា​ចូល​មក ថ្វាយ​បង្គំ​ទ្រង់ ] » Ensign ខែធ្នូ ឆ្នាំ២០១៣ ទំព័រ ២២ ។

  13. « O Holy Night » Recreational Songs ( ឆ្នាំ​១៩៤៩ ) ទំព័រ ១៤៣ ។