ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
14oaks


ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ

ថ្ងៃអាទិត្យ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤

ដោយ​ប្រធាន ដាល្លិន អេក អូក

ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ យើង​មាន​ពរជ័យ​យ៉ាង​ក្រៃលែង​នៅ​ថ្ងៃនេះ ដែល​យើង​បាន​ស្ដាប់​សារលិខិត​ដ៏​បំផុស​គំនិត​មកពី​ស៊ីស្ទើរ រូនៀ អែលឌើរ ផលម័រ និង​អែលឌើរ ឃុក ។ ខ្ញុំ​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែល​អាច​បង្រៀន​ពី​រឿង​មួយ​ចំនួន​ដែល​ពួកគាត់​បាន​ពន្យល់​រួច​មក​ហើយ។

បុណ្យគ្រីស្ទម៉ាស់​គឺជា​រដូវកាល​មួយ​ដ៏​អស្ចារ្យ ។ នៅពេល​យើង​រំឭ​ដល់​ការប្រសូត​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដួងចិត្ត​របស់​យើង​សុខដុម​ទៅ​នឹង​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង ។ បុណ្យគ្រីស្ទម៉ាស់​ធ្វើ​ឲ្យ​យើង​ដឹង និង​កាន់តែ​ដឹង​អំណរគុណ​ច្រើនឡើង​ចំពោះ​ការពលិកម្ម​ដែល​បាន​ធ្វើ​សម្រាប់​យើង ។

I.

បុណ្យគ្រីស្ទម៉ាស់​រំឭក​យើង​ឲ្យ​គិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​មាន​អំណរគុណ​ចំពោះ​គ្រួសារ​យើង​ច្រើន​ជាង​មុន ។ យើង​រំឭក​ទំនាក់ទំនង​យើង​ជាមួយ​មិត្ត​ចាស់ៗ​ឡើង​វិញ ។ យើង​យក​ឈ្នះ​លើ​ឧបសគ្គ​នានា​ដែល​បំបែក​យើង​នៅ​ពេល​ផ្សេងៗ​ទៀត​ក្នុង​ឆ្នាំ​នោះ ។ មនុស្ស​មិន​ស្គាល់​គ្នា​ស្វាគមន៍​គ្នា​ដោយ​មិន​មាន​ការខ្មាសអៀន។ សេចក្តី​សប្បុរស និង​ការចេះគិតពិចារណា​ក៏​កើត​មាន​ឡើង​វិញ​ម្តងទៀត ។ វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់នាំមក​នូវភាព​ដ៏​ល្អ​បំផុត​នៃ​យើង ។

ភាពកក់ក្តៅ និង​ពន្លឺ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ នៅពេល​យើង​អាន​នៅក្នុង​ព្រះគម្ពីរ​សម័យ​ទំនើប ព្រះអង្គ​សង្គ្រោះ​គឺជា « ពន្លឺ​ពិត​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកិយ » ។ អស់​អ្នក​ដែល​ប្រារព្ធ​ការប្រសូត​របស់​ព្រះគ្រីស្ទ—អស់​អ្នក​ដែល​មាន​នូវ​អ្វី​ដែល​យើង​ហៅ​ថា « វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ »—មាន​ផ្នែក​នៃ​ពន្លឺ​នោះ ។

មនុស្ស​រាប់​ពាន់​លាន​ នាក់​សាទរ​ដល់​ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​អំឡុង​ពេល​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ ពិភពលោក​ទាំង​មូល​គួរ​តែ​ធ្វើ​បែប​នេះ ។ ទោះ​បី​ជា​ក្នុង​ន័យ​ខាង​លោកិយ​នេះ​ក៏​ដោយ ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត​ជា​អង្គ​ដ៏​សំខាន់​បំផុត​ដែល​ធ្លាប់​មាន​ព្រះជន្ម​រស់​នៅ ។ ទ្រង់​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​របស់​ពួក​ព្យាការី និង​កវី​និពន្ធ​នានា អស់​រយៈពេល​ជាង ៦,០០០ ឆ្នាំ​មក​ហើយ ។ ទ្រង់​គឺ​ជា​ប្រធាន​បទ​ដ៏​អស្ចារ្យ​បំផុត​ខាង​ផ្នែក​តន្ត្រី និង​សិល្បៈ​របស់​ពិភពលោក ។ ទ្រង់​គឺ​ជា​គ្រូបង្រៀន​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​មាន​ព្រះជន្ម​រស់​នៅ ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទ្រង់​គឺ​ជា​ព្រះ​ដែល​គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ ហើយ​គ្រប់​ទាំង​អណ្ដាត​ត្រូវ​ទទួល​ស្គាល់​ថា ទ្រង់​គឺ​ជា​អង្គ​បង្កបង្កើត និង​ជា​អង្គ​ប្រោសលោះ ជា​អង្គសង្គ្រោះ​របស់​យើង និង​ជា​ព្រះ​នៃ​លោកិយ​នេះ ។

« សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស » គឺ​ជា​សារលិខិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ វា​គឺ​ជា​គោលគំនិត​ដ៏​សំខាន់​របស់​កវី និង​តន្ត្រីករ ដែល​បាន​ផ្តល់​ឲ្យ​យើង​នូវ​តន្ត្រី​ដ៏​រុងរឿង​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ យើង​ស្រឡាញ់​ការច្រៀង​ដែល​បន្ទរ​គោលគំនិត​នេះ ។

ឆ្ងាយ ឆ្ងាយ នៅ​លើ​ទី​វាល​ទំនាប​យូដា

ពួក​គង្វាល​ឮ​ចម្រៀង​ពិរោះ​អស្ចារ្យ ៖

សរសើរ​ដល់​ព្រះ សរសើរ​ដល់​ព្រះ

សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ។

សូម​ក្តី​សុខ​មាន​ដល់​មនុស្ស​លោក ។

សូម​ក្តី​សុខ​មាន​ដល់​មនុស្ស​លោក !

ពាក្យ​ទាំងនេះ ដែល​បាន​ច្រៀង​រាប់​មិន​អស់​នៅ​ក្នុង​សកម្មភាព​ថ្ងៃ​ឈប់​សម្រាក​របស់​យើង រំឭក​យើង​ថា មិន​មាន​អ្វី​ថ្មី​នៅ​ក្នុង​ការប្រារព្ធ និង​បទចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​នោះ​ទេ ។ សារលិខិត​ដែល​មាន​ជា​យូរ និង​ធ្លាប់​បានដឹង​ទៅហើយ ។ សារលិខិត​នេះ​បាន​បង្រៀន​ដល់​លោក​អ័ដាម ។ សារលិខិត​នេះ​បាន​ផ្សព្វផ្សាយ​ដល់​កូនចៅ​អ៊ីស្រាអែល ។ សារលិខិត​នេះ​បាន​ផ្សព្វផ្សាយ​ដល់​ពូជពង្ស​របស់​លោក​ឪពុក​លីហៃ ។ ម្តង​ហើយ​ម្តង​ទៀត ពួកព្យាការី​បាន​ប្រកាស​អំពី​សេចក្តីពិត​ដ៏​សំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ម្តង​ហើយ​ម្តង​ទៀត ពួកលោក​បាន​ប្រកាស​ពី​ព្រះបញ្ញត្តិ​របស់​ទ្រង់​ថា យើង​គួរ​តែ​ស្រឡាញ់​និង​បម្រើ​ទ្រង់ ហើយ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។ ទ្រង់​មាន​បន្ទូល​ទៀត​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ ការប្រកាស​ទាំងនេះ គឺ​ជា​សារលិខិត​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច និង​បាន​ប្រកាស​ម្តងហើយ​ម្តងទៀត​នៅ​គ្រប់​សម័យកាល ។ ប្រកាស​នេះ​គឺ​សម្រាប់​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។

អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​គឺ​កើត​ឡើង​ម្តងហើយ​ម្តងទៀត ។ យើង​មិន​ដែល​ហត់នឿយ​នឹង​ឮ​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ឡើយ ។ យើង​មិន​ដែល​ហត់នឿយ​នឹង​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ​ឡើយ ។ យើង​មិន​ដែល​ហត់នឿយ​នឹង​ឮ​ពាក្យ « ខ្ញុំ​ស្រឡាញ់​អ្នក » ឡើយ ។

ដូច្នេះហើយ គឺថា​សារលិខិត​ដដែលៗ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ មិនមែន​ជា​សារលិខិត​ដែល​ត្រូវ​កែប្រែ នោះទេ ប៉ុន្តែ​ជា​សារលិខិត​ដែល​ត្រូវ​រំឭក​ឡើង​វិញ នៅ​ក្នុង​ជីវិត​របស់​យើង ។

II.

តាំង​ពី​កុមារភាព​មក យើង​ម្នាក់ៗ​បាន​ដឹង​ថា បុណ្យ​គ្រីស្ទម៉ាស់​ជា​ពេល​វេលា​នៃ​ការផ្តល់​អំណោយ​ដល់​គ្រួសារ និង​មិត្តភក្តិ ។ វា​ជា​ពេល​វេលា​នៃ​សេចក្តី​សប្បុរស​ដ៏​ពិសេស​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់ ។ ប៉ុន្តែ​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ចំពោះ​ការផ្តល់​អំណោយ​គួរ​តែ​បន្ត​ក្រៅ​ពី​រង្វង់​គ្រួសារ និង​មិត្តភក្តិ​របស់​យើង ។ សព្វថ្ងៃ​នេះ យុវវ័យ​របស់​យើង​ជា​ច្រើន​នាក់​មាន​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន ក្នុង​នាម​ជា​កូរ៉ុម និង​ជា​ថ្នាក់ ហើយ​ក្រុម​សាសនាចក្រ​ផ្សេង​ទៀត​មក​សួរសុខទុក្ខ និង​យក​អំណោយ​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​ចងចាំ​ក្នុង​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ នៅ​ក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ អ្នក​ជំងឺ​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន និង​កន្លែង​ផ្សេងៗ​ទៀត ។ នៅ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​រាប់​មិន​អស់ មាន​បុរស និង​ស្ត្រី​ល្អៗ​ជា​ច្រើន ដោយ​បានដឹង​ពី​ទុក្ខលំបាក​របស់​ឪពុកម្តាយ​ដែល​សោកសៅ ក៏​បានយក​អំណោយ​ជា​ប្រដាប់​ក្មេងលេង និង​អាហារ ហើយនិង​ស្ករគ្រាប់ ដើម្បី​ឲ្យ​កុមារ​មាន​ក្តី​រំភើប ទុកចិត្ត​នឹង​ទទួល​អារម្មណ៍​នៃ​អំណរ​ក្នុង​គ្រា​ដែល​មាន​គេ​ចងចាំ​ពី​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ បុរស និង​ស្ត្រី​ដ៏​អស្ចារ្យ​រាប់ពាន់​នាក់​បាន​ប្រឹងប្រែង​ជាមួយ​គ្នា​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​នា​បុណ្យគ្រីស្ទម៉ាស់ ដើម្បី​សម្រាល​ដល់​អ្នក​ស្រេកឃ្លាន បំពាក់​ដល់​អ្នក​ស្លៀកពាក់​រហែក ផ្តល់​ជម្រក​ដល់​ជនអនាថា សួរសុខទុក្ខ​អ្នក​ឈឺ និង​អ្នក​ដែល​គេ​មិន​នឹកនា និង​ផ្តល់​ភាពរីករាយ​ដល់​កុមារ ។ ព្រះ​ប្រទានពរ​ដល់​អ្នក​ដែល​ជួយគេ​ទាំង​នេះ ! យើង​ទាំង​អស់​គ្នា​គួរតែ​ជួយគាំទ្រ​ពួកគេ ។ អ្នក​ដែល​បម្រើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ដោយ​មិន​គិត​ពី​ខ្លួន​ឯង គឺ​ជា​អ្នក​បម្រើ​ពិត​របស់​ម្ចាស់​នៃ​មេត្រីភាព ។

III.

តើ​« សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស »​មាន​ន័យ​យ៉ាង​ណា ? ជា​ដំបូង ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ថា « ឯង​ត្រូវ​ស្រឡាញ់​…​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ » ។ ទ្រង់​ថែម​ទាំង​បង្រៀន​ទៀត​ថា « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​[ របស់​យើង ]​ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា ដែល​ប្រទេច​ផ្ដាសា​[ យើង ]​ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​[ យើង ]​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​[ យើង ]​រាល់​គ្នា​វិញ » ។

នៅពេល​យើង​ធ្វើការ​សម្រាប់​គោលដៅ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ការបង្រៀន​ទាំង​នោះ បុណ្យគ្រីស្ទម៉ាស់​គួរ​តែ​ជា​​គ្រា​មួយ​សម្រាប់​ការអភ័យ​ទោស ជា​គ្រា​មួយ​ដើម្បី​ព្យាបាល​ដំបៅ​ចាស់ ហើយ​ស្តារ​ទំនាក់ទំនង​ដែល​បានប្រេះឆា ។

« ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់​ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អ្នក​ណា​ដែល​មិន​អត់​ទោស​ដល់​បង​ប្អូន​របស់​ខ្លួន​ចំពោះ​ការរំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះ​អម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺជា​បាប​ដ៏​ធំ​ជាង ។

« យើង​ជា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ » ។

ដូច្នេះ បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពេល​ដើម្បី​ពង្រីក​ខ្លួន​យើង​ហួស​ពី​ចំណង​នៃ​ក្តី​ស្រឡាញ់ និង​មិត្តភាព​ធម្មតា​របស់​យើង ។ « សេចក្តី​សុខសាន្ត នៅ​កណ្តាល​មនុស្ស » មិនមែន​គ្រាន់តែ​ជា​សារលិខិត​មួយ​សម្រាប់​អ្នក​ដែល​យើង​មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ស្នេហា​នោះ​ទេ ដូចជា​បងប្អូន​ជន​រួមជាតិ ឬ​រួម​សាសនាចក្រ​របស់​យើង អ្នក​រស់​នៅ​ក្នុង​ភូមិ​កំណើត ឬ​អ្នក​ជិតខាង ឬ​ប្រជាជន​ដែល​មាន​វប្បធម៌​ដូចគ្នា​នោះ​ទេ ។ ទេវតា​ពី​ស្ថានសួគ៌​បាន​ប្រកាស​នៅ​កណ្តាល​មនុស្ស​ទាំងអស់—មិនថា​មិត្តភក្តិ​ធម្មតា អ្នកដទៃ សូម្បី​តែ​សត្រូវ ។ បុណ្យ​គ្រីស្ទម៉ាស់ គឺ​ជា​ពេល​ដែល​ត្រូវ​ចងចាំ​ថា យើង​ទាំង​អស់​គ្នា​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​ប្រទាន​ព្រះរាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​ប្រោសលោះ​ពី​សេចក្តីស្លាប់ ។ ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​របស់​យើង​ក៏​បាន​ប្រទាន​ពរជ័យ​នៃ​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង​ដល់​មនុស្សជាតិ​ទាំង​អស់​នៅ​លើ​លក្ខខណ្ឌ​ដូចគ្នា ៖ សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជទឹក និង​ធ្វើតាម​ក្រឹត្យវិន័យ ហើយ​និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។

IV.

វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​លើក​ទឹកចិត្ត​យើង​ឲ្យ​ប្រើ​រដូវកាល​នេះ​ដើម្បី​បោះ​ជំហាន​ឆ្លងកាត់​ការរារាំង និង​លើក​កម្ពស់​ការយល់ដឹង និង​សេចក្តីស្រឡាញ់​ជាមួយ​មនុស្ស​គ្រប់​ជាតិសាសន៍ គ្រប់​ជំនឿ និង​គ្រប់​ជាតិ​កំណើត ។ មិនថា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ច្រើន ដូចជា​យើង​នៅ​ក្នុង​រដ្ឋ​យូថាហ៍ ឬ​មាន​តិចតូច​នៅ​គ្រប់​ទី​កន្លែង​ផ្សេង​ទៀត​នោះ​ទេ ក៏​យើង​គួរតែ​ឈោង​ទៅ​រក​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ដែរ ។ យើង​គួរ​តែ​លាត​ដៃ​នៃ​ចំណង​មិត្តភាព​ដ៏​ស្មោះសរ​ដល់​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ដែល​មាន​ជំនឿ​ដូច​យើង និង​មិន​មាន​ជំនឿ​ដូច​យើង​ក្តី ។ យើង​គួរ​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ដែល​ព្រះ​បាន​ឲ្យ​ព្យាការី​ម៉ូសេ​ផ្ដល់​ដល់​កូនចៅ​អ៊ីស្រាអែល ៖

« បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជាមួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ ។ ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ » ។

យើង​គួរ​តែ​បង្រៀន​កូនៗ​យើង​ឲ្យ​មាន​ចិត្ត​សប្បុរស និង​ចេះ​គិត​គូរ​ពី​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​សោកស្ដាយ​រាល់ពេល​ដែល​ខ្ញុំ​ឮ​អំពី​ឪពុកម្តាយ​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ក្នុង​សហគមន៍​នេះ​មិន​សប្បាយចិត្ត ព្រោះ​តែ​ពួកគេ​ជឿ​ថា​កូន​ប្រុសស្រី​របស់​ពួកគេ​មិន​បាន​រាប់បញ្ចូល ឬ​ត្រូវ​បណ្ដេញចេញ​ពី​ក្រុម​ដោយ​កុមារ ឬ​យុវវ័យ​នៃ​សមាជិក​របស់​យើង ។ ខ្ញុំ​សង្ឃឹម​ថា​រឿង​បែប​នេះ​គឺ​កម្រ​មាន និង​កំពុង​បំបាត់​តែ​ម្តង ។ យើង​គួរ​តែ​ជា​មនុស្ស​រួសរាយ​បំផុត និង​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​មនុស្ស​ទាំងអស់​គ្រប់​ទី​កន្លែង ។

ជា​ការពិត​ណាស់ យើង​គួរ​ចៀសវាង​ពី​ទំនាក់ទំនង​ណា​ដែល​បង្ខូច​ការប្រព្រឹត្ត​របស់​យើង ឬ​បង្ខូច​ជំនឿ​និង​ការថ្វាយ​បង្គំ​របស់​យើង ។ ប៉ុន្តែ​ការចៀសវាង​នេះ វា​មិន​គួរ​ជា​លេស​ឲ្យ​យើង​គេចចេញ​ពី​ការគិតគូរ​ដល់​អ្នក​ដទៃ​នោះ​ទេ ។ ក៏​មិន​គួរ​ឲ្យ​វា​បំបែក​យើង​ចេញពី​សមាគម​ជា​ច្រើន​ដែល​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​លើ​វិស័យ​ដ៏​ទូលំទូលាយ​នៃ​ផល​ប្រយោជន៍​រួម ដែល​រួមមាន​មនុស្ស​ទាំងអស់​ផងដែរ ។

វិញ្ញាណ​ដែល​យើង​គួរ​ទទួល​សារលិខិត​នៃ « សេចក្តី​សុខសាន្ត នៅ​កណ្តាល​មនុស្ស » គឺ​ជា​ស្មារតី​នៃ​ការលះបង់​ខ្លួន​យើង​ក្នុង​ការបម្រើ​អ្នក​ដទៃ ។ ដូចគ្នា​នឹង​បុណ្យ​គ្រីស្ទម៉ាស់ ប្រារព្ធ​ការប្រសូត​របស់​ទ្រង់ ដែល​បានប្រទាន​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង​ទាំង​អស់​គ្នា ដូច្នេះហើយ​យើង​ម្នាក់ៗ​គួរតែ​ប្រើ​បុណ្យ​គ្រីស្ទម៉ាស់​ជា​ពេល​សម្រាប់​កែលម្អ​នូវ​របៀប​ដែល​យើង​ផ្តល់​ឲ្យ​ដល់​មនុស្ស​ទូទៅ​របស់​យើង ។

ពេល​យើង​ធ្វើ​ដូច្នេះ—នៅពេល​ដែល​ព្រះវិញ្ញាណ​នៃ​ការឲ្យ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​បាន​ជ្រួតជ្រាប​ដល់​គំនិត និង​សកម្មភាព​របស់​យើង—យើង​ម្នាក់ៗ​នឹង​ធ្វើ​ចែករំលែក​ផ្ទាល់​ខ្លួន​របស់​យើង​ចំពោះ​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ « សេចក្តី​សុខសាន្ត នៅ​កណ្តាល​មនុស្ស » ។ ឥឡូវ​នេះ​ដល់​ពេល​សម្រាប់​យើង​ដើម្បី​ធ្វើ​ដូច្នេះ​ហើយ ព្រោះ​រាល់​ថ្ងៃ​យើង​កាន់​តែ​ខិត​ជិត​ដល់​ការយាង​មក​របស់​ព្រះអម្ចាស់ ។ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ពី​សន្និសីទ​ខែ​តុលា​មុន​ថា « អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ព្រោះ​ព្រះអម្ចាស់​កំពុង​តែ​ពន្លឿន​កិច្ចការ​ទ្រង់ ។ អ្វី​ដែល​ល្អបំផុត​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ ពេល​យើង​បង្វែរ​ដួងចិត្ត និង​ជីវិត​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ » ។

ឥឡូវនេះ ខ្ញុំ​ដកស្រង់​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » លិខិត​នោះ​ថែ្លង​ថា ៖

« នៅ​ពេល​យើង​ប្រារព្ធ​ពិធី​រំឭក​ចំពោះ​ថ្ងៃ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ កាលពី​ពីរ​សហសវត្សរ៍​កន្លង​ទៅ នោះ​ពួក​យើង​សូម​ថ្វាយ​ទីបន្ទាល់​របស់​ពួក​យើង​អំពី​តថភាព​ពិត​នៃ​ព្រះជន្ម​ដ៏​ឥត​ប្រៀប​ផ្ទឹម​របស់​ទ្រង់ និង​គុណធម៌​ដ៏​និរន្ដរ៍​នៃ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់​ទ្រង់ ។ ពុំ​មាន​នរណា​ដែល​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មហិមា​មក​លើ​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នេះ​ដូចជា​ទ្រង់​ឡើយ ។ …

« ពួកយើង​សូម​ថ្លែង​ទីបន្ទាល់​ជា​ឧឡារិក​ថា ព្រះជន្ម​ទ្រង់មានសារៈសំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស ដែល​វា​ពុំ​បាន​ចាប់ផ្ដើម​តែ​នៅក្នុង​ភូមិ​បេថ្លេហិម ហើយ​បញ្ចប់​នៅ​ត្រង់​ភ្នំ​កាល់វ៉ារី​នោះទេ ។ ទ្រង់​គឺជា​បុត្រាច្បង​នៃ​ព្រះវរបិតា ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​នៅក្នុង​សាច់ឈាម ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។​…

« ពួកយើង​សូម​ប្រកាស​ជា​ឧឡារិក​ថា បព្វជិតភាព​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅលើ​ផែនដី—‹ ដែល​បាន​ស្អាងឡើង​លើ​ជើង​ជញ្ជាំង​នៃ … ពួក​សាវក និង​ពួក​ព្យាការី ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះឯង … ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក › ។

« ពួកយើង​សូម​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​នឹង​យាង​មក​ផែនដី​វិញ​[ នៅ​ថ្ងៃណា​មួយ ] ។ ‹ នោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រមគ្នា › » ។ បញ្ចប់​ការដកស្រង់ ។ « ទ្រង់​នឹង​គ្រប់គ្រង​ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច ហើយ​សោយរាជ្យ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ហើយ​គ្រប់​ទាំងជង្គង់​ត្រូវ​លុត​ចុះ ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ថ្លែង​ថ្វាយ​បង្គំ​ទ្រង់ ។​

« យើង​ជា​ពួកសាវក​របស់​ទ្រង់​ដែល​បាន​តែងតាំង​ឡើង​ដោយ​ត្រឹមត្រូវ សូម​ថ្លែង​ទីបន្ទាល់—ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ និង​ជា​ព្រះរាជបុត្រា​ដ៏​អមតៈ​របស់​ព្រះ ។ ព្រះអង្គ​គឺជា​ព្រះរាជា​អេម៉ាញូអែល​ដ៏​មហិមា ដែល​សព្វថ្ងៃនេះ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់ » ។ ខ្ញុំ​សូម​ដកស្រង់​ម្តងទៀត​ថា « ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក ។ មាគ៌ា​របស់​ទ្រង់​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​អស់កល្ប​ជានិច្ច​នៅក្នុង​លោក​ដែល​នឹង​មក​ដល់ ។ សូម​ថ្វាយ​អំណរ​ព្រះគុណ​ចំពោះ​ព្រះ​សម្រាប់​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់ទ្រង់ ដែល​ជា​អំណោយ​ដ៏​ឥត​ប្រៀបផ្ទឹម​បាន » ។

នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។