ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន


10:29

អំណោយ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ ឆ្នាំ២០២៤

ថ្ងៃអាទិត្យ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤

នារាត្រី​នេះ ខ្ញុំ​ក៏​និយាយ​ដោយ​អំណរ និង​អស្ចារ្យ​អំពី​សារៈសំខាន់​ដ៏​ពិសិដ្ឋ​នៃ​ពិធី​បុណ្យគ្រីស្ទម៉ាស់​ផងដែរ ។ គ្មាន​ព្រឹត្ដិការណ៍​ណា​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នេះ​ដែល​មាន​ឥទ្ធិពល​អស្ចារ្យ​ជាង​ការប្រសូត និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​កាល​ពី​ពីរពាន់​ឆ្នាំ​មុន​នោះ​ទេ ។ នៅក្នុង​ពិភពលោក​សម័យ​ទំនើប​ទាំងមូល ពេលវេលា​នេះ​ត្រូវ​បានវាស់វែង​ពី​ព្រឹត្តិការណ៍​អព្ភូតហេតុ​នេះ ។

ការប្រសូត​នៃ​ព្រះអម្ចាស់​របស់​យើង​ត្រូវ​បានប្រារព្ធ​តាម​របៀប​ផ្សេងៗ​គ្នា​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​មាន​ប្រពៃណី​នៃ​ពិធី​បុណ្យគ្រីស្ទម៉ាស់​មួយ​ដែល​ហាក់​ដូចជា​មាន​លក្ខណៈ​សកល ។

ទំនៀម​ទម្លាប់​នេះ​ទំនង​ជា​ចាប់ផ្ដើម​ដោយ​ដំណើរ​រឿង​ក្នុង​ម៉ាថាយ​អំពី​ពួក​អ្នកប្រាជ្ញ​ពី​ទិស​ខាងកើត​មក​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ ។ នៅពេល​ពួកគេ​មកដល់ ពួកគេ​បាននាំ​យក​អំណោយ​ដ៏​មាន​តម្លៃ ។ សព្វថ្ងៃ​នេះ ប្រពៃណី​នៃ​ការជូន​អំណោយ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។

អនុស្សាវរីយ៍​ដំបូង​របស់​ខ្ញុំ​អំពី​អំណោយ​នា​បុណ្យគ្រីស្ទម៉ាស់ គឺ​កាំភ្លើង​ជ័រ​ក្មេងលេង​ដែល​មាន​ឆ្នុក​គ្រាប់​ចងជាប់​នឹង​ខ្សែ និង​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ​សត្វ​ទា​ផ្អើល​បាន ។ នេះ​គឺជា​សេចក្តីសុខ​សម្រាប់​ក្មេង​អាយុ​បួន​ឆ្នាំ ។ ខ្ញុំ​ពិត​ជា​រំភើបចិត្ត​នឹង​បាញ់​កាំភ្លើង​ដែល​ឮ​សូរ​ផែសៗ​របស់​ខ្ញុំ​ពី​ចម្ងាយ​ប្រាំ​មួយ​អ៊ិញ ហើយ​សត្វ​ទា​ដែល​ដើរ​ទ្រេតទ្រោត​ជា​រង្វង់​មួយ​នៅ​លើ​ឥដ្ឋ នោះ​វា​ពិត​ជា​មិន​មាន​ឱកាស​គេចពី​ការ​បាញ់​របស់ខ្ញុំ​ឡើយ ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ប្រដាប់​ក្មេង​លេង​នោះ​បាន​ខូច ហើយ​ដូចជា​សម្ភារ​ទូទៅ​ទាំងអស់​ដែរ សុភមង្គល​ដែល​វា​បាន​ផ្តល់​ឲ្យ​គឺ​គ្រាន់តែ​បណ្តោះ​អាសន្ន ហើយ​ត្រូវ​បាន​បំភ្លេច​ចោល​យ៉ាង​ឆាប់​រហ័ស ។

នា​រាត្រី​នេះ ខ្ញុំ​សូម​ណែនាំ​អំណោយ​ចំនួន​បី​ដែល​យើង​ម្នាក់ៗ​អាច​ជូន​នៅក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ ហើយ​ពេញ​មួយ​ជីវិត​យើង ដែល​នឹង​មិន​ត្រឹមតែ​នាំ​មក​នូវ​សុភមង្គល​បណ្តោះ​អាសន្ន​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នឹង​នាំ​មក​នូវ​អំណរ​ដ៏​ពិត និង​យូរអង្វែង ។

ទីមួយ គឺ​អំណោយ​នៃ​ទីបន្ទាល់  នេះ​គឺជា​អំណោយ​ផ្ទាល់​ខ្លួន​ដែល​បង្ហាញ​ពី​អារម្មណ៏​ដ៏​ជ្រាលជ្រៅ​បំផុត​នៃ​ព្រលឹង​របស់​យើង ​នៅពេល​ដែល​វា​​ត្រូវបាន​ចែកចាយ​ឲ្យ​ដោយ​សេរី និង​ដោយ​គ្មាន​កំហុស ។ មាន​តម្លៃ​ជាង​មាស កំញាន ឬ​ជ័រ​ល្វីង​ទេស ទីបន្ទាល់​ដ៏​បរិសុទ្ធ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​ផ្ទាល់​ខ្លួន​យើង គឺជា​ចំណុច​សំខាន់​នៃ​អ្វី​ទាំងអស់​ដែល​យើង​ប្រារព្ធ​នៅ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។

នៅពេល​កូន​ប្រាំ​មួយ​នាក់​របស់យើង​នៅ​ក្មេង ជេកគី និង​ខ្ញុំ​បាន​សម្រេចចិត្ត​នៅ​យប់​មួយ​ថា សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ជំនួស​ឲ្យ​ការរៀន​មេរៀន ពួក​យើង​គួរតែ​ចែកចាយ​ទីបន្ទាល់​ជាមួយ​គ្នា​ទៅវិញ​ទៅមក​វិញ ។ បន្ទាប់ពី​ខ្ញុំ​បានចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ហើយ កូន​ស្រី​ដ៏​ជា​ទីស្រឡាញ់​របស់​យើង ឆែលសៀ ដែល​ប្រហែល​ជា​អាយុ ១៦​ឆ្នាំ​នៅពេល​នោះ បាននិយាយ​ដោយ​បើក​ភ្នែក​ធំៗ​ថា « ប៉ា កូន​មិន​ដែល​បាន​ស្ដាប់​ទីបន្ទាល់​របស់​ប៉ា​ពី​មុន​មក​ទេ ! » ។ ខ្ញុំ​រាង​ភ្ញាក់ផ្អើល​បន្តិច និង​ចាប់អារម្មណ៍​ចំពោះ​ពាក្យសម្តី​របស់​នាង ។ ដូច​បងប្អូន​ដឹងហើយ នៅគ្រា​នោះ​ខ្ញុំ​ធ្វើជា​ប្រធាន​ស្តេក ហើយ​ដឹង​ថា ឆែលសៀ បាន​ឮ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​រាប់​មិន​អស់​នៅ​ក្នុង​បរិយាកាស​នៃ​ព្រះវិហារ​ជា​ច្រើន និង​នៅ​ឯ​ផ្ទះ ។ ប៉ុន្តែ​បែរជា​ពេល​នោះ នាង​ថែមទាំង​បាន​ឮ ហើយ​ទទួល​អារម្មណ៍​ពី​ទីបន្ទាល់​របស់​ខ្ញុំ តែ​ហាក់ដូច​វា​ជា​លើក​ដំបូង​ទៅវិញ ។ នាង​បានបង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ​ដែល​ខ្ញុំ​មិន​ដែល​ភ្លេច​ឡើយ ៖ អំណោយទាន​នៃ​ទីបន្ទាល់​គឺ​មាន​តម្លៃ ហើយ​មាន​អំណាច​ក្នុង​ការចែកចាយ​វា​ជា​ញឹកញាប់ ។

ទីពីរ អំណោយទាន​នៃ​ការអភ័យទោស  ប្រាកដ​ណាស់ យើង​ទាំង​អស់​គ្នា​នៅពេល​ណា​មួយ​បានរង​ការឈឺចាប់​ដោយ​ពាក្យ​សម្ដី ឬ​ទង្វើ​មិន​ល្អ​របស់​អ្នក​ដទៃ ។ ហើយ​បើ​យើង​ស្មោះ​ត្រង់​នោះ យើង​ក៏​ធ្លាប់​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ថា « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រី​ឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ។ បន្ទាប់មក ទ្រង់​បាន​បោះ​ជំហាន​មួយ​ជំហាន​ទៀត ហើយ​មាន​ព្រះ​បន្ទូល​ទៀត​ថា នៅពេល​យើង​មិន​អត់ទោស​ឲ្យ​អ្នកដទៃ​ពី​អំពើបាប​របស់​ពួកគេ​ទាស់​នឹង​យើង នោះ​អំពើបាប​ដ៏​ធំ​ធ្លាក់​មក​លើ​យើង ។

នៅពេល​យើង​អត់ទោស​ឲ្យ​អ្នក​ដទៃ​ដោយ​សុទ្ធចិត្ត និង​ស្មោះត្រង់ នោះ​យើង​នឹង​រួចផុត​ពី​ថ្នាំ​ពុល​នៃ​ភាពជូរចត់ ការវិនិច្ឆ័យ ឬ​ការសងសឹក ។

ខ្ញុំ​មាន​មិត្ត​ជា​ទីស្រឡាញ់​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​មាន​ឈ្មោះ​ថា សេនដាល ម៉ាកាស៊ី ។ ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​គាត់ ខ្ញុំ​សូម​ចែកចាយ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​អំពី​ការអភ័យទោស ។ នៅពេល​ដែល សេនដាល មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ ឪពុក​របស់​គាត់​ដែល​មាន​អាយុ​ត្រឹមតែ ២៨​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​បាន​ប៉ូលិស​ធ្វើ​ទារុណកម្ម និង​សម្លាប់​នៅក្នុង​របប​បំបែក​ពូជសាសន៍​ដ៏​ឃោរឃៅ ។ ក្រោយមក សេនដាល បានដឹង​ពី​ព័ត៌មាន​លម្អិត​អំពី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​តក់ស្លុត​របស់​ឪពុក​គាត់ ។ ឥឡូវនេះ ខ្ញុំ​សូម​ដកស្រង់​សម្ដី​របស់​គាត់​ថា ៖

« ក្នុង​វ័យ​កុមារភាព ខ្ញុំ​មាន​អារម្មណ៍​ជូរចត់ និង​ស្អប់​ដោយសារ​អ្វី​ដែល​ពួកគេ​បានធ្វើ​ចំពោះ​ឪពុក​ខ្ញុំ ។ តើ​ពួកគេ​អាច​យក​គាត់​ចេញ​ពី​យើង​ដោយ​របៀប​ណា​ទៅ ? គេ​ប្លន់​ឪពុក និង​អ្នកណែនាំ​ពី​ខ្ញុំ ហើយ​គេ​ប្លន់​ដៃគូ​ជា​ទីស្រឡាញ់ និង​ខ្វល់ខ្វាយ​ពី​ម្តាយ​ខ្ញុំ ។

« នៅពេល​ដែល​ខ្ញុំ​បាន​ដឹង​ពី​របៀប​ដ៏​ឃោរឃៅ​ដែល​ពួកគេ​ធ្វើ​ទារុណកម្ម​គាត់ វា​បានដុត​ដួងចិត្ត និង​គំនិត​ខ្ញុំ​ដោយ​កំហឹង ស្អប់ និង​ភាពជាសត្រូវ​យ៉ាងខ្លាំង​ចំពោះ​មន្រ្តី​ប៉ូលិស និង​ចំពោះ​ជនជាតិ​ស្បែកស ។

« ខ្ញុំ​បានបន្ត​ទុក​អារម្មណ៍​ទាំងនេះ រហូត​ដល់​ខ្ញុំ​បានរកឃើញ​ដំណឹងល្អ​ដែល​បានស្ដារឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អ​នេះ​បានជួយ​ខ្ញុំ​យល់​ថា ខ្ញុំ​គួរតែ​អភ័យទោស​ដល់​មន្ត្រី​ប៉ូលិស​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ ហើយ​ថា​អំណរ និង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ខ្ញុំ​អាស្រ័យ​ទៅលើ​វា ។

« ការណ៍​នេះ​វា​ងាយ​ក្នុង​ការនិយាយ ប៉ុន្តែ​ខ្ញុំ​បាន​ពុះពារ​នឹង​ការអធិស្ឋាន​ជា​ច្រើន ហើយ​យូរៗ​ទៅ​ព្រះអម្ចាស់​បានជួយ​ខ្ញុំ​អត់ទោស​ដល់​ខ្មាំង​សត្រូវ ។… ជំនួស​ឲ្យ​ការឈឺចាប់ ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល ជំនួស​ឲ្យ​ភាពជា​សត្រូវ និង​ការស្អប់ ខ្ញុំ​មាន​សេចក្តី​ស្រឡាញ់ ជំនួស​ឲ្យ​ភាពងងឹត​នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​ខ្ញុំ ខ្ញុំ​មាន​ពន្លឺ និង​សេចក្តីសុខសាន្ត » ។

សូម​អរគុណ សេនដាល សម្រាប់​គំរូ​របស់​លោក​ក្នុង​ការផ្តល់​អំណោយ​នៃ​ការអភ័យទោស ។

ទីបី អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ  ក្នុង​ចំណោម​អំណោយ​ខាង​វិញ្ញាណ​ទាំងអស់ គ្មាន​អ្វី​ធំ​ជាង​សេចក្ដីសប្បុរស​ឡើយ ។ ព្រះយេស៊ូវ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​អ្នកដទៃ​ដោយ​បើក​ចំហ និង​បានបង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ។

នៅពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នកដទៃ​ទាំង​ពាក្យសម្ដី និង​សកម្មភាព នោះ​ពួកគេ​អាច​ទទួល​បទពិសោធន៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​តាមរយៈ​យើង ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​យុវជន​មាន​អាយុ ២៣​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដែល​ជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ការណ៍​នេះ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បានបង្រៀន​គាត់​អស់​រយៈពេល​បី​ខែ ហើយ​គាត់​បាន​ដកពិសោធន៍​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅលើ​ទឹកមុខ​របស់​គាត់ និង​របៀប​រស់នៅ​របស់​គាត់ ។ នៅ​យប់​មួយ គាត់​កំពុង​និយាយ​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​តាម​ទូរសព្ទ ហើយ​នៅពេល​ពួកគេ​ដាក់​ទូរសព្ទ​ចុះ ពួកគេ​បាននិយាយ​ថា « ពួក​ខ្ញុំ​ស្រឡាញ់​បង ម៉ៃឃើល » ។ គាត់​ដាក់​ទូរសព្ទ​ចុះ ហើយ​គិត​ក្នុង​ចិត្ត​ថា « អីយ៉ា ! នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​មក​ទេ ។ ខ្ញុំ​មិន​អាច​និយាយ​បែប​នោះ​ទៅ​អ្នក​ដទៃ​ទៀត​ផង » ។ គាត់​បាន​សម្រេចចិត្ត​ប្រមូលផ្ដុំ​ភាព​ក្លាហាន​ប្រាប់​ម្តាយ​គាត់​ថា គាត់​ស្រឡាញ់​ម្តាយ​គាត់ ។ គាត់​រស់នៅ​ចម្ងាយ​ពីរបី​ម៉ោង​ឆ្ងាយ​ពី​គ្នា​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រដ្ឋ​នោះ ។ ពេល​គាត់​ទូរសព្ទ​ទៅ​ម្តាយ​របស់​គាត់ ប្រាប់​គាត់​ថា « ខ្ញុំ​ស្រឡាញ់​ម៉ាក់ » គាត់​ឆ្លើយ​ភ្លាម​ថា « តើ​កូន​មាន​បញ្ហា​អ្វី ? តើ​កូន​បាន​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ទទួល​បាន​ដំណឹង​មិន​ល្អ​មែន​ទេ ? តើ​កូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ឬ ? ដូច្នេះ គាត់​បាន​ប្រាប់​ម្តាយគាត់​អំពី​ការរកឃើញ​ដំណឹងល្អ និង​របៀប​ដែល​ដំណឹងល្អ​បាន​ផ្លាស់ប្តូរ​គាត់ ហើយ​ថា​ឥឡូវនេះ​គាត់​បានបោះបង់​ការជក់បារី និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ថា​គាត់​បាន​គ្រោង​នឹង​ទទួល​ពិធីបុណ្យជ្រមុជទឹក​ហើយ ។

ខ្ញុំ​គិត​ថា នេះ​គឺជា​ការប្រៀបធៀប​ដ៏​អស្ចារ្យ​នៃ​អ្វី​ដែល​កើតឡើង​នៅពេល​ដែល​មនុស្ស​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​តាមរយៈ​អ្នក​ដទៃ ។ វា​ធ្វើ​ឲ្យ​ដួងចិត្ត​ទន់ភ្លន់ ហើយ​បន្ទាប់មក​បង្កើត​ឲ្យ​មាន​បំណងប្រាថ្នា​ដើម្បី​ចែកចាយ​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​នោះ​ជាមួយ​អ្នក​ដទៃ ។

ឥឡូវ​នារាត្រី​នេះ យើង​ចាប់ផ្តើម​និយាយ​អំពី​អំណោយ​ដ៏​មាន​តម្លៃ ដោយ​និយាយ​អំពី​មាស កំញាន និង​ជ័រ​ល្វីង​ទេស ។ ខ្ញុំ​បានពិនិត្យ​មើល ហើយ​បងប្អូន​ថែម​ទាំង​អាច​ទិញ​អំណោយ​ទាំងនោះ​នៅលើ​វិបសាយ Amazon ទៀត​ផង ។ ប៉ុន្តែ​បងប្អូន​នឹង​មិន​អាច​រកឃើញ​អំណោយ​ផ្សេង​ទៀត​ដែល​យើង​បាននិយាយ នៅក្នុង​ហាងទំនិញ​ណា​មួយ​ឡើយ ។ វា​ជា​អំណោយ​ដែល​ពុំ​គិត​ពី​តម្លៃ ប៉ុន្តែ​វា​នឹង​នាំ​មក​នូវ​អំណរ​ដ៏​យូរអង្វែង និង​ពិតប្រាកដ​ដល់​ទាំង​អ្នក​ទទួល និង​អ្នក​ផ្តល់​ឲ្យ ។

ដូច្នេះ នៅពេល​បងប្អូន​គិត​អំពី​អ្វី​ដែល​បងប្អូន​នឹង​ផ្តល់ឲ្យ​ក្នុង​បុណ្យ​គ្រីស្ទម៉ាស់​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ ៖

  1. ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ជាមួយ​នឹង​គ្រួសារ និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។ នៅពេល​បងប្អូន​ចែកចាយ​អំណោយ​ដ៏​មាន​តម្លៃ​នេះ ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​បងប្អូន​នឹង​ត្រូវ​បាន​ពង្រឹង ។

  2. អត់ទោស​ឲ្យ​នរណា​ម្នាក់​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​បាន​ធ្វើ​ខុស ឬ​ធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ ។ ក្នុងការ​ផ្តល់​អំណោយ​នេះ បងប្អូន​ក៏​នឹង​មាន​អារម្មណ៍​សុខសាន្ត និង​ការព្យាបាល​ផង​ដែរ ។

  3. ជួយ​អ្នកដទៃ​ឲ្យ​ទទួល​អារម្មណ៍​ស្រឡាញ់​ព្រះ​តាមរយៈ​បងប្អូន ។ បើ​សមរម្យ សូម​ប្រាប់​ពួកគេ​ថា បងប្អូន​ស្រឡាញ់​ពួកគេ ។ នៅពេល​បងប្អូន​មើលឃើញ​អ្នកដទៃ​ដូច​ដែល​ព្រះ​ទតឃើញ​ពួកគេ នោះ​សេចក្តីស្រឡាញ់​របស់​បងប្អូន​ចំពោះ​ពួកគេ​នឹង​កើន​ឡើង ហើយ​បងប្អូន​ក៏​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ ។

នៅ​ទីបញ្ចប់​នេះ ខ្ញុំ​សូម​ជូនពរ​បងប្អូន​រាល់​គ្នា​ក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ សូម​ពេញ​ដោយ​អំណរ​ដ៏​អស្ចារ្យ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ខ្ញុំ​កោត​សរសើរ​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ។ ដោយសារតែ​អំណោយ​របស់​ទ្រង់ នោះ​យើង​ម្នាក់ៗ​បាន​ទិញ​ក្នុង​តម្លៃ​ដែល​មិន​អាច​យល់​បាន យើង​អាច​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​អំណោយ​ដ៏​មហិមា​ជាងគេ​បំផុត—សូម្បីតែ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅក្នុង​ទីវត្តមាន​នៃ​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​គង់​នៅ​ស្ថានសួគ៌ ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។