ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ចូរ​ប្រុងប្រៀប​ខ្លួន​ដើម្បី​ជួប​ព្រះអង្គ​សង្រ្គោះ


11:46

ចូរ​ប្រុងប្រៀប​ខ្លួន​ដើម្បី​ជួប​ព្រះអង្គ​សង្រ្គោះ

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ ឆ្នាំ២០២៤

ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤

ពេល​យើង​បានឈាន​ចូល​ដល់​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ គំនិត​របស់​ខ្ញុំ​ងាក​ទៅ​រក​អ្នក​ដែល​ប្រហែល​ជា​នៅ​ឆ្ងាយ​ពី​ផ្ទះ រួមទាំង​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ធំ ដែល​ឥឡូវនេះ​កំពុង​បម្រើ​ផងដែរ ។

បុណ្យ​គ្រីស្ទម៉ាស់​លើក​ដំបូង​របស់​ខ្ញុំ​ដែល​នៅឆ្ងាយ​ពី​ផ្ទះ គឺ​កាល​នៅ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស នា​ខែធ្នូ ឆ្នាំ១៩៦០ ។ ខ្ញុំ​បានបម្រើ​នៅ​ទីក្រុង​ស្វីនដុន ប្រទេស​អង់គ្លេស ។

យើង​បាន​បើក​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង​ស្វីនដុន ​ប្រហែល ៩០ ថ្ងៃ​មុន​នោះ ។ យើង​បានជួល​បន្ទប់​ធ្វើ​ការប្រជុំ​សម្រាប់​ថ្ងៃ​អាទិត្យ ។ យើង​មាន​ពរជ័យ​ដែល​មាន​អ្នកប្រែចិត្ត​ជឿ​ពីរ​បី​នាក់—ជា​ការចាប់ផ្តើម​នៃ​សាខា​មួយ ។

នៅ​យប់​ពេល​មុន​​បុណ្យគ្រីស្ទម៉ាស់ ដៃគូ​របស់​ខ្ញុំ អែលឌើរ ណូអែល លូកា និង​ខ្ញុំ​បានសម្រេចចិត្ត​ទៅ​សួរ​សុខទុក្ខ​មនុស្ស​នៅក្នុង​ផ្ទះ​របស់​ពួកគេ​នៅក្នុង​តំបន់​ដែល​យើង​កំពុង​បម្រើ ហើយ​ទុក​សារ និង​ការជូនពរ​ខ្លីៗ​សម្រាប់​បុណ្យគ្រីស្ទម៉ាស់ ។ វា​ជា​រាត្រី​ដ៏​ស្រស់ស្អាត ហើយ​ពពក​ហោះ​ពេញ​ផ្ទៃ​មេឃ ព្រះចន្ទ​ភ្លឺ​ចែងចាំង​បង្កើត​ឲ្យ​មាន​អារម្មណ៍​រីករាយ ។ រំពេចនោះ យើង​បានដឹង​ថា មនុស្ស​គ្រប់​គ្នា​នៅក្នុង​តំបន់​នោះ​បើក​ទូរទស្សន៍​របស់​ពួកគេ​មើល​កម្មវិធី​កំប្លែង និង​អ្នក​ចម្រៀង​ដែល​ពួកគេ​ចូលចិត្ត ដែល​មាន​ឈ្មោះ​ថា ហារី សិខូម ។ គាត់​បាន​ច្រៀងចម្រៀង​ដ៏​ពិរោះ​បទ « Bless This House » ។ គាត់​ច្រៀង​ដោយ​ដាក់​អារម្មណ៍​នូវ​ពាក្យ​ពិសិដ្ឋ ទាំងនេះ ៖

សូម​ប្រទាន​ពរ​ដល់​ប្រជាជន​នៅទីនេះ ។

សូម​ឲ្យ​ពួកគេ​បរិសុទ្ធ ហើយ​រួច​ពី​បាប ។

សូម​ប្រទានពរ​ដល់​យើង​ទាំង​អស់គ្នា

សូម​ឲ្យ​មាន​ភាពស័ក្តិម​ដើម្បី​បាន​រស់នៅ​ជាមួយ​ទ្រង់ ។

បទចម្រៀង​របស់​គាត់​បាន​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹក​ភ្នែក ។ បទ​ចម្រៀង​នោះ​បន្លឺ​ចេញ​ពី​ស្ទើរ​គ្រប់​ផ្ទះ​ទាំងអស់ សំឡេង​នោះ​បាន​ឮ​ខ្ទរ និង​ខ្ទាត​មក​វិញ​ចេញពី​អាកាស ។ អែលឌើរ លូកា និង​ខ្ញុំ​មាន​អារម្មណ៍​ដ៏​លើសលប់​នេះ​ថា យើង​ពិត​ជា​អ្នក​តំណាង​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​ព្យាយាម​បម្រើ និង​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ។

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​យល់​ថា ការរស់នៅ​លើ​ផែនដី​នេះ យើង​ទាំង​អស់​គ្នា​នៅ​ឆ្ងាយ​ពី​ផ្ទះ—ដែល​ជា​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង ។ របៀប​ដើម្បី​ទទួល​បាន​អារម្មណ៍​លួងលោម​ពី​ផ្ទះ​នោះ គឺ​តាមរយៈ​ការបម្រើ​ដល់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សាសនាចក្រ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សង្កត់ធ្ងន់​ទៅលើ​ពន្លឺ​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ដល់​ពិភពលោក​ទាំងមូល ជាពិសេស​ក្នុង​រដូវកាល​បុណ្យ គ្រីស្ទម៉ាស់​នេះ ។ សាសនាចក្រ​មាន​កិច្ចខិតខំ បំភ្លឺ​ពិភពលោក ដ៏​អស្ចារ្យ​ដើម្បី​បង្វែរ​គំនិត​មនុស្ស​គ្រប់គ្នា​គិត​អំពី​ព្រះអង្គសង្រ្គោះ ។ ការណ៍​នេះ​អម​ដោយ​កិច្ចខិតខំ​ដើម្បី​ផ្តល់​ដល់​អ្នក​ដែល​ខ្វះខាត និង​ផ្តល់​ការបម្រើ​ដូចជា​ព្រះ​គ្រីស្ទ ។

នៅឆ្នាំ​មុន សាសនាចក្រ​បាន​ចាប់ផ្ដើម​កិច្ចខិតខំ បំភ្លឺ​ពិភពលោក ដោយ​ការដាក់​បង្ហាញ​ជា​ឌីជីថល​ដ៏​ធំ​នៅ​ជុំវិញ Times Square ក្នុង​ទីក្រុង​ញូវ​យ៉ក ។

ម៉ារី និង​ខ្ញុំ​បាន​មាន​វត្តមាន នៅពេល​ដែល​ការពិពណ៌នា​ដ៏​គួរ​ឲ្យ​រំភើប​ពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បានបង្ហាញ​នៅលើ​ផ្ទាំង​ប៉ាណូ​ឌីជីថល​ដ៏​ធំ ។ នោះ​ពិត​ជា​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ ។ ឆ្នាំ​នេះ​បទពិសោធន៍​នៅ Times Square ត្រូវ​បានចម្លង​ធ្វើ​តាម​នៅ​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។

ខណៈ​ដែល​នៅ​ទីក្រុង​ញូវ​យ៉ក អំឡុង​ព្រឹត្តិការណ៍ បំភ្លឺ​ពិភពលោក ខ្ញុំ​បានសង្កេតឃើញ​ពី​កិច្ចខិតខំ​ដើម្បី​ឲ្យ​មាន​ការដាក់តាំង​សំខាន់ៗ​នៅ​តាម​បង្អួច​ហាង​លក់​ទំនិញ ។

ខ្ញុំ​ចាំ​ថា​ការចេញផ្សាយ​ប្រចាំ​ថ្ងៃអាទិត្យ​របស់​សារព័ត៌មាន New York Times ដែល​បោះពុម្ព​ពេញ​ទំព័រ នូវ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា ៖ « រដូវកាល​ដែល​ម្ចាស់​ហាង ត្រូវ​តុបតែង​បង្អួច​ហាង​ត្រឡប់​មក​វិញ​ហើយ » ។ អត្ថបទ​នេះ​បានរៀបរាប់​ពី​ប្រពៃណី​មួយ​ដែល​បង្អួច​ដ៏​ប្រណិត​តាម​ហាងទំនិញ​នៅលើ​ផ្លូវ Fifth Avenue ក្នុង​ទីក្រុង​ញូវ​យ៉ក​បានតុបតែង ។ តាម​ដែល​ខ្ញុំ​អាច​កំណត់​បាន​ពី​អត្ថបទ និង​ការ​ទៅមើល​នា​ពេល​ថ្មីៗ​របស់ខ្ញុំ គ្មាន​បង្អួច​ណាមួយ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​បុណ្យគ្រីស្ទម៉ាស់ ឬ​ព្រះ​ឱរស​ព្រះ​គ្រីស្ទ​នោះ​ទេ ។

នៅពេល​ខ្ញុំ​អាន​អត្ថបទ​នេះ ខ្ញុំ​នឹកឃើញ​កាល​ខ្ញុំ​នៅ​ក្មេង​ពី​ការដាក់តាំង​តាម​បង្អួច​ហាង​ទំនិញ​ក្នុង​ទីក្រុង សលត៍ លេក ដែល​បង្ហាញ​អំពី​ព្រះ​ឱរស​ព្រះ​គ្រីស្ទ ។ ខ្ញុំ​ក៏​បាននឹកឃើញ​ដំណើររឿង​មួយ​ពី​សម័យ​នោះ​អំពី​ផ្សារទំនើប​មួយ​នៅ​ភាគ​ខាងលិច ដែល​ចង់​បញ្ជាក់​ឡើងវិញ​នូវ​ប្រធាន​បទ​បុណ្យគ្រីស្ទម៉ាស់ ដើម្បី​​បង្កើត​ទាំង​អារម្មណ៍​នៃ​បុណ្យគ្រីស្ទម៉ាស់ និង​ទាក់ទាញ​អ្នក​ទិញ​ទំនិញ​ផងដែរ ។ ពួកគេ​បាន​លើក​ផ្ទាំងបដា​ធំ​ឡើង​ដែល​សរសេរ​ថា « ប្រសិន​បើ​ព្រះគ្រីស្ទ​យាង​មក​នៅ​រាត្រី​នេះ តើ​ទ្រង់​នឹង​យាង​ទៅ​រក​អ្នក​ណា ? » មាន​ទិដ្ឋភាព​ជាច្រើន​ដាក់តាំង​នៅលើ​បង្អួច​ហាង​ទំនិញ ខាងក្រោម​ស្លាកសញ្ញា​នោះ ។ បើ​ខ្ញុំ​ចាំ​ទិដ្ឋភាព​នោះ​បាន​ត្រឹមត្រូវ​គឺ ៖

  • ទីមួយ គឺ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​សម្រាក​នៅ​លើ​គ្រែ ដែល​គលានុបដ្ឋាយិកា​ម្នាក់​នៅ​មើលថែ ។ គាត់​ហាក់​ដូចជា​ឈឺ​ធ្ងន់​ណាស់ ។

  • ទីពីរ គឺជា​ម្តាយ​វ័យ​ក្មេង​ជាមួយ​នឹង​ទារក​ដែល​ទើប​នឹង​កើត ។ ភាពរីករាយ​បានបញ្ចេញ​នៅលើ​ផ្ទៃមុខ​របស់​គាត់ ។

  • ទិដ្ឋភាព​ទីបី បង្ហាញ​ពី​គ្រួសារ​ដែល​មាន​កូន​កំពុង​យំ ។ វា​ច្បាស់​ណាស់​ថា​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ ហើយ​អំណោយ​បុណ្យគ្រីស្ទម៉ាស់​មាន​បន្តិចបន្តួច ។

  • ទិដ្ឋភាព​ទី​បួន បានបង្ហាញ​ពី​គ្រួសារ​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​មួយ​ដែល​មិន​បាន​រុំ​អំណោយ​ជា​ច្រើន​ទេ ។

  • ទិដ្ឋភាព​ទី​ប្រាំ គឺ​ផ្អែមល្ហែម ប៉ុន្តែ​ជា​ក្រុម​គ្រួសារ​ដ៏​កំសត់​មួយ ជាមួយ​នឹង​កូនៗ​ជា​ច្រើន ដែល​កំពុង​ច្រៀង​ជាមួយ​គ្នា​ដោយ​អំណរ ។

នៅពេល​ខ្ញុំ​ជញ្ជឹងគិត​អំពី​ការបង្ហាញ​ទាំងប្រាំ និង​ផ្ទាំង​បដា « ប្រសិនបើ​ព្រះគ្រីស្ទ​យាង​មក​នៅ​រាត្រី​នេះ តើ​ទ្រង់​នឹង​យាង​ទៅ​រក​អ្នក​ណា ? » គំនិត​ពីរ​បាន​ផុសឡើង​ក្នុង​ចិត្ត​ខ្ញុំ ។

ទីមួយ យើង​ដឹង​ថា នៅពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ជា​លើក​ទីពីរ យើង​នឹង​ពុំ​ដឹង​ពី​ថ្ងៃ ឬ​ពេល​វេលា​នោះ​ឡើយ ។

ទីពីរ នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​យាងមក ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​នៅ​ឯ​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ​ថា « [ ទ្រង់ ]​នឹង​ត្រឡប់​មក​ផែនដី​វិញ​ជា​ព្រះមែស៊ី​ក្នុង​សហស្សវត្សរ៍ » ។ ដើម្បី​រៀបចំ​ខ្លួន ប្រធាន ណិលសុន បានជំរុញ​យើង​ឲ្យ « ឧទ្ទិស​ជីវិត​របស់​[ យើង ]​សាជា​ថ្មី​ថ្វាយ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ដូច្នោះ បើ​សរសេរ​ឲ្យ​បានត្រឹមត្រូវ​ផ្ទាំងបដា​នោះ​គួរ​សរសេរ​ថា « ប្រសិន​បើ​ព្រះគ្រីស្ទ​យាង​មក​នៅ​រាត្រី​នេះ តើ​នរណា​បាន​ត្រៀម​រួចរាល់​ដើម្បី​ទទួល​ទ្រង់ ? »

នៅពេល​ខ្ញុំ​បានពិនិត្យមើល​ទិដ្ឋភាព​នៅលើ​បង្អួច ខ្ញុំ​ដឹង​ថា​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​ប្រាប់​យើង​គឺ​អំពី​ស្ថានភាព​ខាង​សាច់ឈាម និង​ហិរញ្ញវត្ថុ​របស់​មនុស្ស ប៉ុន្តែ​គ្មាន​អ្វី​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​ពួកគេ​ទេ ។ បង្អួច​ដាក់បង្ហាញ​រូបភាព​មនុស្ស​ចាស់ និង​ជំងឺ ក៏​ដូចជា​មាន​សុខភាព​ល្អ និង​ទារក​ទើប​នឹង​កើត ។ ក៏​មាន​អ្នកមាន និង​អ្នកក្រ​ផងដែរ ។ ប៉ុន្តែ​អាយុ សុខភាព និង​ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ប្រាប់​យើង​ពី​អ្វី​ដែល​សំខាន់​នោះ​ទេ ដែល​ជា​ស្ថានភាពខាងវិញ្ញាណ​របស់​ពួកគេ ។

នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា យើង​អាន​អំពី​គុណសម្បត្តិ​សម្រាប់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ ។ លក្ខណៈវិនិច្ឆ័យ​គឺ​ផ្អែកជា​ចម្បង​លើ​ការបន្ទាប​ខ្លួន​យើង​ផ្ទាល់ ការមាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ការប្រែចិត្ត និង « បម្រើ​[ ព្រះ​យេស៊ូវ​គ្រីស្ទ ]​ដល់​ចុង​បំផុត » ។ គោលដៅ​គឺ​ដើម្បី​ប្រែក្លាយ « សិស្ស​ដ៏​ស្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ហើយ​រីកចម្រើន​នៅ​តាមផ្លូវ​នៃ​សេចក្តីសញ្ញា ដែល​រៀបចំ​យើង​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

ព្រះគ្រីស្ទ​គឺជា​គំរូ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ ។ ទ្រង់​បានប្រកាស​ថា « មើលចុះ យើង​ជា​ពន្លឺ យើង​បាន​ធ្វើជា​គំរូ​ដល់​អ្នករាល់​គ្នា » ។ នៅពេល​យើង​ក្រឡេក​មើល​ពី​ស្ថានភាព​នៃ​វិញ្ញាណ​របស់​យើង យើង​នឹង​ធ្វើ​បានល្អ​ក្នុងការ​មើល​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​យើង​នូវ​ផ្លូវ​ដើម្បី​ស្វែងរក​សុភមង្គល អត្ថន័យ និង​អំណរ​នៅក្នុង​ជីវិត​នេះ និង​ក្នុង​ភាពអស់កល្ប​ជានិច្ច ។ សុភមង្គល និង​អំណរ​កំណត់​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

នៅក្នុង យ៉ូហាន ១៩:៥ យើង​អាន​ថា លោក​ពីឡាត់​បាននាំ​ព្រះយេស៊ូវ​ទៅ​ចំពោះ​មុខ​ពួកអ្នក​ដែល​ចង់​ឲ្យ​ឆ្កាង​ទ្រង់ ។ ទ្រង់ « ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ ។ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ ! »

នៅ​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ សូម​ឲ្យ​យើង​មើល​មួយ​ភ្លែត​អំពី​បុរស ដែល​ជា​អង្គ​ព្រះគ្រីស្ទ និង​អំណោយ​ដែល​ទ្រង់​បានប្រទាន​ឲ្យ ។

ជា​ដំបូង សូម​ឲ្យ​យើង​ពិចារណា​អំពី​ការប្រសូត​ដ៏​អព្ភូតហេតុ​របស់​ទ្រង់

យើង​ដឹង​ថា​ព្រះ​ឱរស្ឋ​ដ៏​មាន​តម្លៃ​នេះ ដែល​យើង​ប្រារព្ធ​ក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ គឺជា​ព្រះរាជបុត្រា​តែមួយ​គត់​របស់​ព្រះបិតា ។ ទ្រង់​បាន​ទទួល​មរតក​នូវ​អំណាច​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ពី​ព្រះវរបិតា​ទ្រង់—ជា​អំណាច​ដើម្បី​រស់នៅ ។ ហើយ​ទ្រង់​បានទទួល​មរតក​ពី​មាតា​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នូវ​អំណាច​នៃ​ការស្លាប់ ។ ទ្រង់​ត្រូវ​បានជ្រើសរើស​តាំង​ពី​ដំបូង​សម្រាប់​បេសកកម្ម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។

ម៉ាថាយ ១:២៣ សរសេរ​ថា « មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា ១ ហើយ​ព្រះនាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល ដែល​ប្រែ​ថា ព្រះអង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ » ។

ទីពីរ សូម​ពិចារណា​ពី​ព្រះជន្ម​ដ៏​គ្មាន​បាប និង​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ទោះបីជា​ទ្រង់​បាន​រងការឈឺចាប់ ទុក្ខវេទនា និង​ការល្បួង​គ្រប់​បែប​យ៉ាង​ក្តី ក៏​ទ្រង់​បានបំពេញ​បេសកកម្ម​របស់​ទ្រង់​ដោយ​ជោគជ័យ​ដែរ ។ ទ្រង់​គឺជា​គំរូ​របស់​យើង ហើយ​បាន​ដាក់​ចេញ​នូវ​ផ្លូវ​ដែល​យើង​គួរ​ដើរ​តាម ។ ទ្រង់​បានលះបង់​ព្រះជន្ម​ទ្រង់​ដល់​អ្នកក្រីក្រ អ្នក​ទុគ៌ត អ្នក​ជំងឺ និង​អ្នក​រងទុក្ខ និង​ការបំពេញ​ដោយ​ជោគជ័យ​នូវ​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​មាន​តែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ។

ទីបី ជញ្ជឹងគិត​អំពី​ការសុគត ការមាន​ព្រះជន្ម​រស់​ឡើងវិញ និង​ដង្វាយធួន​របស់​ទ្រង់

ដោយ​ការគោរព​ចំពោះ​ដង្វាយធួន ប្រកាស​ដំណឹងល្អ​របស់​យើង សរសេរ​យ៉ាង​ពិរោះ​និង​សាមញ្ញ​ថា ៖ « ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​រួមបញ្ចូល​នូវ​ការរង​ទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ការរងការឈឺចាប់ និង​ការសុគត​របស់ទ្រង់​នៅលើ​ឈើឆ្កាង និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។ ទ្រង់​បាន​រងការឈឺចាប់​ហួស​ពី​អ្វី​ដែល​អាច​យល់​បាន—យ៉ាងខ្លាំង​រហូតដល់​ទ្រង់​បាន​ហូរ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ។

នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៤១ យើង​អាន​ថា ៖ « ថាទ្រង់​បាន​យាង​មក​ក្នុង​ពិភពលោក គឺ​ព្រះយេស៊ូវ ដើម្បី​ត្រូវ​គេ​ឆ្កាង​ជំនួស​ពិភពលោក ហើយ​ដើម្បី​ផ្ទុក​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែក​ពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បី​ជម្រះ​ពិភពលោក​ឲ្យ​ស្អាត​ចេញ​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំងអស់ » ។

ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រឹត្តិការណ៍ និង​អំណោយ​ដ៏​អស្ចារ្យ​បំផុត ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្សជាតិ ។ យើង​ទាំងអស់​មាន​បាប ហើយ​មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ទទួល​បាន​សេចក្ដីមេត្តា​ករុណា ហើយ​រស់​នៅ​ជាមួយ​ព្រះ ។

ទីបួន រៀបចំខ្លួន​សម្រាប់​ការយាង​មក​ជា​លើកទីពីរ​របស់ទ្រង់

នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យ៉ូប​បាន​បង្រៀន ៖ « ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី » ។ ដូចជា​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​យ៉ាង​ពិរោះ​ថា « [ ព្រះគ្រីស្ទ ]​នឹង​គ្រប់គ្រង​ទាំង​យេរូសាឡិម​ចាស់ និង​យេរូសាឡិម​ថ្មី … នឹង​ដឹកនាំ​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ឥឡូវនេះ​ជា​ពេល​របស់​យើង​ដើម្បី​រៀបចំខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នេះ ។ ព្រះគម្ពីរ​ថ្លែង​ថា « ចូរ​ប្រុងប្រៀប​ខ្លួន​ចាំ​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​ចុះ » ។

ការប្រឹក្សា​ចុងក្រោយ​របស់​ខ្ញុំ​គឺ ស្រឡាញ់ និង​បម្រើ​ព្រះអម្ចាស់  នៅពេល​យើង​ជញ្ជឹងគិត​ពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​យើង និង​ការរៀបចំ​របស់​យើង​ដើម្បី​ស្វាគមន៍​ព្រះអង្គ​សង្គ្រោះ ដំបូង​គួរតែ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ។ ហើយ​បទ​បញ្ញត្តិ​ទីពីរ​គឺ « ស្រឡាញ់​អ្នក​ជិតខាង​ឲ្យ​ដូច​ខ្លួន​អ្នក » ។

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​មនុស្ស​គឺជា​ការសាកល្បង​ចុងក្រោយ​នៃ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​យើង ។ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះ យើង​នឹង​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ហើយ​ប្រសិនបើ​យើង​ស្រឡាញ់​មនុស្ស​ជុំវិញ​យើង នោះ​យើង​នឹង​បម្រើ​ពួកគេ ហើយ​ធ្វើជា​ព្រះហស្ដ​ដ៏​សំខាន់​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ព្រះអង្គសង្រ្គោះ​ប្រើប្រាស់​ពាក្យពេចន៍​ទាំងនេះ ៖ « មែន​ហើយ យើង​នឹង​បើក​ចិត្ត​នៃ​មនុស្ស​ម្នា ហើយ … យើង​នឹង​តាំង​សាសនាចក្រ​មួយ​ឡើង ដោយ​សារ​ស្នាដៃ​របស់​អ្នក » ។

មធ្យោបាយ​ដ៏​សំខាន់​ដែល​យើង​អាច​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​រដូវកាល​បុណ្យគ្រីស្ទម៉ាស់​នេះ គឺ​ដើម្បី​ធ្វើ​ជា​អ្នកបម្រើ​របស់ទ្រង់—តាមពិតទៅ ធ្វើ​ជា​ព្រះហស្ដ​របស់​ទ្រង់​នៅលើ​ផែនដី ។

នៅ​ពេល​ដ៏​ស្រស់ស្អាត​នេះ កាល​យើង​ប្រារព្ធ​ការប្រសូត​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺជា​គំរូ​របស់​យើង ដែល​ជា​ព្រះ​ដ៏​គាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ហើយ​ទ្រង់​បានបំពេញ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់​សម្រាប់​យើង ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​វិញ ។ យើង​នឹង​ឈ្លាសវៃ​ក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​អំណោយ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ។

សូម​ឲ្យ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​រុងរឿង​ដែល​ផ្តោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ដល់​បងប្អូន ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។