អំណោយនៃភាពសុខសាន្ត
ខ្ញុំមានអំណរគុណដើម្បីចែកចាយដល់បងប្អូននៅក្នុងការសាទរដល់បុណ្យគ្រីស្ទម៉ាស់នេះ ។ គោលបំណងរបស់យើងគឺដើម្បីគោរពចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីសង្ឃឹមរបស់យើងគឺដើម្បីយល់ពីន័យដ៏ពិតនៃបុណ្យគ្រីស្ទម៉ាស់សម្រាប់ខ្លួនយើង និងមនុស្សដែលយើងស្រឡាញ់ ។ ន័យសំខាន់នោះត្រូវបានកំណត់លក្ខណៈដោយភាពសុខសាន្ត—ពុំមែនជាភាពសុខសាន្តខាងនយោបាយទេ ដ្បិតព្រះអង្គសង្គ្រោះបានប្រសូតមកនាគ្រាដ៏ភ័យខ្លាច ហើយចលាចលមួយយ៉ាងខ្លាំង ដែលធ្វើឲ្យគ្រួសារទ្រង់បានភៀសខ្លួនទៅប្រទេសអេស៊ីព្ទ ទ្រង់បានប្រសូតមកនៅក្នុងក្រោលសត្វ ហើយផ្ទុំនៅក្នុងស្នូកដ៏រាបសាមួយ ហើយក៏ពុំមែនជាភាពសុខសាន្តដែលកើតឡើងដោយសារតែកញ្ចប់ឥវ៉ាន់ទាំងអស់ត្រូវបានគេវិចខ្ចប់រួច មានការតាំងលម្អដើមឈើ ការរៀបចំតុនោះទេ ព្រោះភាពសុខសាន្តនោះមានតែមួយគ្រាប៉ុណ្ណោះ ។ ភាពសុខសាន្តនៃបុណ្យគ្រីស្ទម៉ាស់គឺជា « សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត » ។1 វាគឺជាភាពសុខសាន្តដែលសាវកប៉ុលបានសន្យាថា វានឹង« ជួយការពារចិត្ត ហើយនិងគំនិតរបស់[យើង] ក្នុងព្រះគ្រីស្ទយេស៊ូវ » ។2 ហើយប៉ុលបានមានប្រសាសន៍ត្រឹមត្រូវមែន ។ ភាពសុខសាន្តដែលយើងស្វែងរកនោះគឺកើតមានតែតាមរយៈ និងដោយសារព្រះយេស៊ូវគ្រីស្ទតែមួយអង្គគត់ ។
ពួកយើងមួយចំនួនរស់នៅក្នុងបរិយាកាសដ៏ស្រស់ស្អាត និង មានភាពសុខសាន្ត ប៉ុន្តែយើងកំពុងជួបប្រទះនូវភាពចលាចលក្នុងជម្រៅចិត្តផ្ទាល់ខ្លួនរបស់យើង ។ មានអ្នកខ្លះទទួលអារម្មណ៍សុខសាន្ត និង ភាពស្ងប់សុខក្នុងអំឡុងពេលនៃការបាត់បង់ សោកនាដកម្ម និង ការសាកល្បងផ្ទាល់ខ្លួនដែលមានជាបន្តបន្ទាប់ ។
ព្រះអង្គសង្គ្រោះបានមានបន្ទូលទៅកាន់មនុស្សទាំងអស់ថា « នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនា » ។3 ប៉ុន្តែទ្រង់បានប្រទានការសន្យាដ៏អស្ចារ្យនេះដល់ពួកសិស្សរបស់ទ្រង់ កាលទ្រង់ធ្វើការងារបម្រើរបស់ទ្រង់នៅលើផែនដីនេះថា « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ » ។4 វាគឺជាការលួងលោមចិត្តមួយដោយដឹងថា ការសន្យានៃភាពសុខសាន្តផ្ទាល់ខ្លួននេះបន្តមានសម្រាប់ពួកសិស្សរបស់ទ្រង់គ្រប់រូបដែលបានចុះសេចក្ដីសញ្ញានាសព្វថ្ងៃនេះ ។
វាគឺជាការសន្យាមួយដែលបានប្រទានឲ្យនៅចំយប់នៃការប្រសូតរបស់ទ្រង់ ។ នៅពេលសារទូតរបស់ស្ថានសួគ៌បានប្រាប់ឲ្យដឹងជាមុនអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ នោះពួកគេបានប្រកាសថា « សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី » ។5
នៅរដូវកាលដ៏មានពរនេះ យើង—ស្វែងរកភាពសុខសាន្តតាមរយៈអង្គដែលប្រទាននូវរាល់អំណោយទាន—លើសគ្រាណាៗទាំងអស់ ។ នារាត្រីនេះ ខ្ញុំចង់ចែកចាយពីវិធីមួយចំនួនដែលយើងអាចបង្កើនភាពសុខសាន្តដែលយើងជួបនៅរដូវកាលនេះ នៅឆ្នាំក្រោយៗទៀត និងពេញមួយជីវិតរបស់យើង ។
ទីមួយ ដូចជាពួកទេវតាដែលបានច្រៀងនៅយប់នៃការប្រសូតរបស់ទ្រង់ដែរ យើងអាចមានភាពសុខសាន្ត កាលយើងសាទរចំពោះព្រះអង្គសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទ ។ យើងអាច « មក [ ហើយ ]ថ្វាយបង្គំទ្រង់ » ។6
បុណ្យគ្រីស្ទម៉ាស់គឺជាការសាទរនៃការចាប់កំណើតមួយ ។ យើងគ្រប់គ្នាធ្លាប់មានអារម្មណ៍អស្ចារ្យដោយបានឃើញទារកម្នាក់ទើបនឹងកើត ។ យើងមានអារម្មណ៍រាបសា កាលយើងឃើញអព្ភូតហេតុនៃ រូបរាងដ៏តូចនោះ និងការសន្យានាពេលអនាគត ។ យើងមានចិត្តទន់ភ្លន់ ។ យើងមានអំណរគុណ ។ យើងមានភាពសុខសាន្ត ។ ហើយនៅក្នុងដួងចិត្តយើងមាននូវសេចក្ដីស្រឡាញ់ដែលធ្វើឲ្យយើងចង់ផ្ដល់ឲ្យ ហើយមានភាពទន់ភ្លន់ កាលយើងចងចាំពីការអបអរដល់កំណើតរបស់នរណាម្នាក់ ។ សម្រាប់បុណ្យគ្រីស្ទម៉ាស់វិញគឺជាការអបអរដល់ការចាប់កំណើតមួយដែលខុសពីការចាប់កំណើតដទៃទៀត ។ ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទបានទាយទុកជាមុនយូរយារណាស់មកហើយដោយពួកព្យាការីរបស់ព្រះ ។ ការប្រសូតនេះគឺជាការបំពេញការសន្យាមួយដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់បានសន្យាដល់យើងនៅក្នុងពិភពដែលយើងជាវិញ្ញាណ ។ វាគឺជាការប្រសូតនៃព្រះមេស៊ីដែលបានសន្យា ។
នៅរាល់រដូវកាលបុណ្យគ្រីស្ទម៉ាស់ ពាក្យទាំងនោះ បានផុសឡើង នៅក្នុងគំនិត និងដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំអាចឮសំឡេងអំណរនៃក្រុមចម្រៀងដ៏ធំមួយក្នុងគំនិតខ្ញុំ ច្រៀងថា ៖ « ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព » ។7
គ្រាដំបូងដែលខ្ញុំចងចាំឮពាក្យពេចន៍ទាំងនោះគឺនៅពេលខ្ញុំអង្គុយនៅយ៉នៃរោងឧបោសថសលត៍ លេក ។ មានក្រុមចម្រៀងមួយក្រុមកំពុងច្រៀងតន្ត្រីរបស់ហាន់ឌេល ។ ខ្ញុំអាចចាំថា ដូចជាមានអ្វីមួយនៅក្នុងដួងចិត្តរបស់ខ្ញុំ ។ កាលនោះ ខ្ញុំនៅក្មេងនៅឡើយ ។ ឥឡូវខ្ញុំមានអាយុច្រើន ហើយខ្ញុំដឹងពីអារម្មណ៍នោះ ។ វាគឺជាព្រះវិញ្ញាណបរិសុទ្ធ ជាដៃគូដែលបានប្រទានដល់ខ្ញុំ កាលខ្ញុំមានអាយុប្រាំបីឆ្នាំ ។ ព្រះវិញ្ញាណបានបញ្ជាក់ក្នុងដួងចិត្តខ្ញុំថា ពាក្យពេចន៍ដែលខ្ញុំបានឮគេច្រៀងនាយប់នោះគឺពិត ។
ព្រះឱរសដែលបានប្រសូតនៅភូមិបេថ្លេហិមយូរយារមកហើយនោះគឺជាព្រះរាជបុត្ររបស់ព្រះ ជាបុត្រាបង្កើតតែមួយរបស់ព្រះវរបិតា ។ ជនដែលបានលុតជង្គង់ចុះចំពោះទ្រង់ បានមកថ្វាយបង្គំព្រះអង្គសង្គ្រោះ ។ ទ្រង់គឺជាកូនចៀមនៃព្រះ ដែលបានបញ្ជូនមកដើម្បីផ្ដាច់ចំណងនៃសេចក្ដីស្លាប់តាមរយៈពលិកម្មធួនរបស់ទ្រង់ ។ ទ្រង់បានយាងមកដោយព្រះចេស្ដាដើម្បីទ្រាំទ្រទុក្ខសោក និងការឈឺចាប់របស់យើងដើម្បីទ្រង់អាចដឹងពីរបៀបសង្គ្រោះយើង ។ ហើយទ្រង់បានប្រសូតមកដើម្បីធ្វើដង្វាយធួនសម្រាប់រាល់អំពើបាបរបស់យើង ដែលមានតែទ្រង់មួយអង្គគត់ដែលអាចធ្វើបាន ៖
ដើម្បីមនុស្សបានឈ្នះក្ដីស្លាប់
ដើម្បីលើកមនុស្សលោកឡើង
ដើម្បីយើងបានកើតជាថ្មី
ហ្ន៍! ឮពួកទេវតាច្រៀងបទ
សិរីសួស្ដីដល់ព្រះបុត្រ !8
អារម្មណ៍ដែលខ្ញុំមាននៅយ៉នៃរោងឱបោសថនារាត្រីនោះគឺជាអារម្មណ៍នៃសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។ ខ្ញុំបានមានអារម្មណ៍នូវសេចក្ដីជំនឿថា ដោយសារ « មានបុត្រ១[ បាន ] កើតដល់យើង » ខ្ញុំអាចមានសេចក្ដីសង្ឃឹមក្នុងចិត្តខ្ញុំថា សេចក្ដីស្លាប់នឹងពុំមែនជាទីបញ្ចប់ឡើយ ។ ខ្ញុំនឹងបានរស់ឡើងវិញ ហើយទ្រនិចនៃសេចក្ដីស្លាប់នឹងបានដកចេញពីកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។
ហើយខ្ញុំមានអារម្មណ៍លើសពីនោះទៀត ។ ខ្ញុំមានសេចក្ដីសង្ឃឹមថា ដោយសារទ្រង់ ខ្ញុំអាចដើរតាម ហើយបម្រើទ្រង់ ហើយដើម្បីបានកើតក្នុងជីវិតខាងវិញ្ញាណថ្មីមួយ ។ ដោយសារអំណោយទាននៃការប្រសូតរបស់ទ្រង់ ដួងចិត្តខ្ញុំ ដួងចិត្តបងប្អូន និងដួងចិត្តមនុស្សគ្រប់រូបអាចផ្លាស់ប្ដូរដើម្បី ក្លាយដូចជាកូនក្មេងម្ដងទៀត—បរិសុទ្ធ ស្អាតស្អំ ហើយសក្ដិសមដើម្បីត្រឡប់ទៅរកព្រះដែលបានប្រទានព្រះអង្គសង្គ្រោះឲ្យយើង ហើយបានប្រទានរបៀបត្រឡប់ទៅរកទ្រង់វិញនៅក្នុងដំណាក់សួគ៌របស់ទ្រង់ ។ ខ្ញុំមានអំណរគុណ និងភាពសុខសាន្ត ហើយយើងទាំងអស់គ្នាក៏អាចមានអារម្មណ៍នេះដូចគ្នា ដោយសារតែអំណោយទានរបស់ព្រះវរបិតា និងព្រះរាជបុត្រា ។
ទីពីរ ដូចគ្នានឹងពួកអ្នកគង្វាលដែលបានឃើញព្រះឱរស ហើយ« ក៏រ៉ាយរ៉ាប »9 ពីដំណឹងរីករាយនៃការប្រសូតរបស់ទ្រង់ដែរ យើងអាចបង្រៀនក្រុមគ្រួសាររបស់យើង និងមនុស្សដែលយើងស្រឡាញ់ពីភាពសុខសាន្តនោះ ។ យើងធ្វើដូច្នេះបានល្អបំផុត នៅពេលយើងធ្វើឲ្យបទគម្ពីរបានជ្រួតជ្រាបទៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេ ។
កាលកូនចៅរបស់យើងនៅក្មេង យើងបានបង្កើតការសម្ដែងជាគ្រួសារពីបុណ្យគ្រីស្ទម៉ាស់ដោយដកស្រង់ពាក្យពេចន៍ទាំងអស់ចេញពីបទគម្ពីរ ។ យើងបានសម្ដែងរឿងនោះនៅល្ងាចមុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ ។ មានបងប្អូនជាច្រើនបានធ្វើរឿងស្រដៀងគ្នានេះ ។
សេចក្ដីព្រៀងដំបូងនៃការសម្ដែងរបស់យើងតម្រូវឲ្យមានតួសម្ដែងដែលមានចំនួនកំណត់ ហើយរាល់ផ្នែកនៃការសម្ដែងគឺចេញមកពីបទគម្ពីរ ។ ខ្ញុំគឺជាយ៉ូសែប ភរិយាខ្ញុំគឺជាម៉ារា ហើយមានរូបតុក្កតាមួយគឺជាព្រះឱរស ព្រះគ្រីស្ទ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកអ្នកចូលរួមសម្ដែងកាន់តែមានចំនួនច្រើនឡើង ។ យើងបានបន្ថែមតួអង្គតូចមួយឲ្យដើរតួជាព្រះឱរស យេស៊ូវ ក្រោយមកទៀតយើងបានបន្ថែមពួកអ្នកគង្វាលចៀម—ដោយស្លៀកពាក់រ៉ូបងូតទឹក—ដើម្បីថ្វាយបង្គំនៅមុខស្នូក ហើយក្រោយមកទៀតយើងបានបន្ថែមពួកស្ដេចកាន់ប្រអប់អលង្កការមកថ្វាយព្រះបុត្រ ។
ពីរបីឆ្នាំក្រោយមក យើងបានចាប់ផ្ដើមការសម្ដែងនោះដោយមានកុមារម្នាក់ដើរតួជាសាំយូអែលជាសាសន៍លេមិនឈរថ្លែងទីបន្ទាល់ដោយអំណាចព្យាករពីការប្រសូតនៃព្រះមេស៊ីដែលបានសន្យានាពេលអនាគត ។ នៅទីបំផុត យើងបានបន្ថែមក្រុមឥតជំនឿមួយក្រុមដែលមានកាន់ដុំបាល់ធ្វើពីបន្ទះអាលុយមីញ៉ូមស្ដើងៗ ដើម្បីចោលទៅលើសាំយូអែល កាលគាត់បានឈរនៅពីមុខពួកគេ ។ រាល់ឆ្នាំ កាលតួសម្តែងនៃសមាជិកជនកំណាចចម្រើនវ័យធំឡើង ហើយមានកម្លាំងខ្លាំង យើងបានរំឭកពួកគេទាំងបង្ខំថា កុំចោលត្រូវសាំយូអែលឡើយ ដោយសារគាត់គឺជាអ្នកបម្រើដែលព្រះបានការពារ—ហើយដោយសារយើងកំពុងតែអញ្ជើញ ហើយអបអរដល់ភាពសុខសាន្ត !
យើងត្រូវការផ្នែកសម្ដែងសម្រាប់កុមារតូចៗ ហេតុដូច្នេះហើយ យើងបានបន្ថែមសត្វចៀម និងកូនចៀមឲ្យវារនៅពីក្រោយពួកអ្នកគង្វាលទៅកាន់ស្នូក ។
ប៉ុន្តែពេលវេលាចេះតែកន្លងផុតទៅ ។ ពួកអ្នកសម្ដែងបានចម្រើនវ័យធំឡើង ហើយឥឡូវនេះយើងត្រឡប់ទៅរកគ្រាដើមនោះវិញ ។ ខ្ញុំបានមើលតួយ៉ូសែប ម៉ារា ពួកអ្នកគង្វាល ចៀម កូនចៀម និងពួកស្ដេចទាំងនោះបន្តបង្រៀនមនុស្សជាទីស្រឡាញ់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និងអំពីភាពសុខសាន្តដែលកើតមានដោយសារការប្រសូតរបស់ទ្រង់ ។
ពួកគេមានពរដោយបានរៀននៅក្នុងផ្នែកពួកគេបានសម្ដែងនៅក្នុងរឿងរបស់យើងអំពីព្រះអង្គសង្គ្រោះ និងហេតុផលដែលយើងស្រឡាញ់ទ្រង់ ។ ខ្ញុំមានអំណរគុណដែលកូនចៅយើង និងកូនចៅរបស់ពួកគេបានឃើញយើងគោរពចំពោះព្រះឱរស យេស៊ូវ ដែលបានប្រសូតធ្វើជាការបូជាដ៏គ្មានទីបញ្ចប់ ជាអំណោយគ្មានពីរនៃភាពសុខសាន្តដែលព្រះវរបិតាបានប្រទានដល់កូនចៅរបស់ទ្រង់គ្រប់គ្នា ។
ទីបី ដូចគ្នានឹងពួកហោរាដែរ យើងអាចថ្វាយអំណោយនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ក្នុងនាមជាពួកសិស្សនៃព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ។
ប៊ីស្សព សេលលឺរ នៅទីក្រុង រេចស៍ប៊ឺគ រដ្ឋ អៃដាហូ បានធ្វើដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីគាត់បានហៅឲ្យធ្វើជាប៊ីស្សព ។ អគារវួដរបស់គាត់នៅក្បែរនឹងផ្លូវធំដែលឆ្លងកាត់ក្រុងតូចនោះ ។ នៅគ្រានោះមានមនុស្សជាច្រើនគ្មានការងារធ្វើ ហើយមានមនុស្សទ័លក្រជាច្រើនបានផ្លាស់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយសង្ឃឹមថានឹងរកឃើញវិធីខ្លះដើម្បីផ្គត់ផ្គង់ខ្លួនឯង ។ ជារឿយៗ ពួកគេបានស្វែងរកប៊ីស្សពម្នាក់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យជួយ ។ ជារឿយៗ ប៊ីស្សពដែលពួកគេទៅជួបបានបញ្ជូនពួកគេឲ្យទៅផ្ទះរបស់ប៊ីស្សព សេលលឺរ ។
វាមាននូវហេតុផលមួយដែលពួកគេធ្វើបែបនេះ ។ គ្រួសារ សេលលឺរ បានស្វាគមន៍ដល់មនុស្សប្លែកមុខដែលមានការខ្វះខាត ។ ក្រៅពីអាហារពេលល្ងាចសម្រាប់តែគ្រួសារ ពេលខ្លះមានជនប្លែកមុខម្នាក់ ឬពីរនាក់ ឬច្រើននាក់ អង្គុយបរិភោគនៅឯតុបាយជាមួយគាត់ផងដែរ ។ បន្ទាប់ពីភ្ញៀវបានរីករាយនឹងអាហារដ៏ឆ្ងុយឆ្ងាញ់ដែលចម្អិនដោយបងស្រី សេលលឺរ មក ប៊ីស្សពបានឲ្យអាវរងារមួយដល់ពួកគេដែលគាត់បានទិញពីកន្លែងផ្គត់ផ្គត់អាវរងារឲ្យទាហាន ។
ដោយបានពាក់អាវរងារ ហើយកាន់កញ្ចប់អាហារមួយទៀតដែលបងស្រី Sellers បានរៀបចំ នោះពួកគេបានចេញទៅខាងក្រៅដែលមានអាកាសធាតុត្រជាក់ ទាំងដួងចិត្តកក់ក្ដៅ ។ ពួកគេនឹងចងចាំនូវអារម្មណ៍ពីថ្ងៃនោះជានិច្ច ។ ដោយសារគ្រាដ៏ត្រជាក់បំផុតនៅក្រុង រេចស៍ប៊ឺគ គឺចំនឹងរដូវបុណ្យគ្រីស្ទម៉ាស់ ហើយដោយសារទម្លាប់នៃសេចក្ដីសប្បុរសពេញមួយឆ្នាំរបស់គ្រួសារនោះ កូនៗនៅក្នុងគ្រួសារ សេលលឺរ បានមានការចងចាំមួយនៃការធ្វើកិច្ចការដែលព្រះអង្គសង្គ្រោះបានធ្វើ—និងអំពីការធ្វើវាចំពោះទ្រង់ ។
បងប្អូន និងគ្រួសារនឹងបង្កើតទម្លាប់បុណ្យគ្រីស្ទម៉ាស់ផ្ទាល់ខ្លួន ដើម្បីសមស្របតាមស្ថានភាពរបស់ខ្លួន ប៉ុន្តែវានឹងមានរឿងខ្លះៗដែលដូចគ្នា ។ វានឹងនាំយកដួងចិត្តយើងទៅរកព្រះអង្គសង្គ្រោះ ។ ហើយវានឹងដាក់បញ្ចូលនូវទង្វើនៃចិត្តមេត្តាដែលសមនឹងបានអនុមតិពីព្រះអង្គសង្គ្រោះថា លោកបានថ្លែងថា
« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ៖ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង
យើងនៅអាក្រាតហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺហើយអ្នករាល់គ្នាបានមកសួរយើង៖ ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង » ។10
ហើយទ្រង់នឹងមានបន្ទូលថា « យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ។11
ពួកទេវតា ពួកអ្នកគង្វាល និងពួកហោរាបានរកឃើញភាពសុខសាន្តដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ បងប្អូននឹងរកឃើញដូចគ្នា ។ ការប្រសូតរបស់ព្រះអង្គសង្គ្រោះគឺជាអំណោយមួយដែលធ្វើឲ្យព្រះវរបិតាអាចប្រទានឲ្យយើងនូវ « សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក » ។12 យើងបានស្រែកដោយអំណរនៅក្នុងពិភពវិញ្ញាណ កាលយើងបានឮពីការសន្យានោះ ។ ភាពសុខសាន្ត និងអំណរកើតមានចំពោះយើងម្ដងទៀត ពេលយើងឮពាក្យដែលបានច្រៀងប្រកាសថា ការសន្យាដែលគួរស្រឡាញ់របស់ព្រះត្រូវបានរក្សាទុក ៖
ស្ងប់ស្ងាត់ឈឹង ស្រួលបំផុត ។ …
ដោយមានសិរីល្អដ៏អស្ចារ្យ
ទេវតាមកច្រៀងហាលេលូយ៉ា!
ព្រះសង្គ្រោះប្រសូតហើយ !13
ខ្ញុំសូមអធិស្ឋានថា ភាពសុខសាន្តនោះនឹងកើតមាន ហើយនៅជាមួយនឹងយើងគ្រប់គ្នា កាលយើងចងចាំ ស្រឡាញ់ ហើយថ្វាយបង្គំព្រះវរបិតាសួគ៌យើង ដោយរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ ។ សូមឲ្យយើងចងចាំពីការបម្រើ និងព្រះទ័យមេត្តាដែលព្រះយេស៊ូវគ្រីស្ទបានធ្វើនៅលើផែនដី—ហើយសម្រេចចិត្តធ្វើកិច្ចការដូចគ្នានេះជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាបុត្រាសំណព្វរបស់ព្រះវរបិតា ។ ខ្ញុំសូមថ្លែងជាសាក្សីថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាព្យាការីរបស់ព្រះសព្វថ្ងៃ ។ សេចក្ដីប្រាថ្នារបស់លោក និងរបស់គណៈប្រធានទីមួយ គឺសូមឲ្យបងប្អូនមានអំណរ សេចក្ដីស្រឡាញ់ និងភាពសុខសាន្តដែលព្រះអង្គសង្គ្រោះបានសន្យាដល់ពួកសិស្សរបស់ទ្រង់ដែលស្មោះត្រង់ ហើយរាបសានៅក្នុងរដូវកាលនេះ និងរៀងរហូតតទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។