ភាពពេញលេញនៃដំណើររឿងបុណ្យគ្រីស្ទម៉ាស់
បុណ្យគ្រីស្ទម៉ាស់នាំឲ្យមានអារម្មណ៍នៃភាពទន់ភ្លន់ អំណរ និង សេចក្ដីស្រឡាញ់ ។ ហើយដូចដែលឪពុកម្ដាយគ្រប់រូបមានអារម្មណ៍ ស្រដៀងគ្នា ជាពិសេសនៅពេលកំណើតកូនម្នាក់ៗ ។ ប្រាកដណាស់ ការប្រសូតរបស់ព្រះគ្រីស្ទគឺខុសពីមនុស្សដទៃទៀត ។ ព័ត៌មានលម្អិតដ៏មានតម្លៃ—ដូចជាដំណើរទៅក្រុងយេរូសាឡិម ផ្ទះសំណាក់មានមនុស្សកកកុញ ក្រោលសត្វដ៏សាមញ្ញ ផ្កាយរះថ្មី និងពួកទេវតា—ធ្វើឲ្យដំណើររឿងនៃការប្រសូតរបស់ទ្រង់គឺជារឿងមួយដ៏អស្ចារ្យ ។ ប៉ុន្តែដំណើររឿងនៃការប្រសូតរបស់ព្រះអង្គសង្គ្រោះពុំគ្រាន់តែតំណាងឲ្យផ្នែកមួយនៃហេតុផល ដែលយើងមានអារម្មណ៍ពីព្រះវិញ្ញាណនៅអំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាសនោះទេ ។ បុណ្យគ្រីស្ទម៉ាសពុំគ្រាន់តែជាការសាទរមួយអំពី របៀប ដែលព្រះយេស៊ូវបានយាងមកពិភពលោកនេះឡើយ ប៉ុន្តែវាក៏ជាការសាទរពីការដឹងថាទ្រង់គឺជា នរណា —ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃយើង ព្រះយេស៊ូវគ្រីស្ទ—និងពី ហេតុផលដែលទ្រង់យាងមកផងដែរ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនថា « ដោយសារទ្រង់បានយាងមកផែនដី … យើង [ អាច ]មានអំណរ និងសុភមង្គលនៅក្នុងជីវិតយើង និងភាពសុខសាន្តជារៀងរាល់ថ្ងៃពេញមួយឆ្នាំ ។ … ដោយសារទ្រង់បានយាងមក ធ្វើឲ្យជីវិតរមែងស្លាប់របស់យើងមានន័យ » ។1
បុត្រាច្បងនៃព្រះវរបិតា
អត្ថន័យក្លាយទៅជាកាន់តែច្បាស់លាស់ កាលយើងគិតពីភាពពេញលេញនៃដំណើររឿងបុណ្យគ្រីស្ទម៉ាស់ ។ ដូចជាប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានពន្យល់ថា « វានឹងគ្មានបុណ្យគ្រីស្ទម៉ាស់ឡើយ ប្រសិនបើគ្មានបុណ្យអ៊ីស្ទើរនោះ ។ ព្រះឱរសយេស៊ូវនៃបេថ្លេហិមនឹងក្លាយជាទារកម្នាក់ទៀត ប្រសិនបើគ្មានព្រះគ្រីស្ទដ៏ប្រោសលោះនៃសួនច្បារគែតសេម៉ានី និងកាលវ៉ារី និងជ័យជំនះនៃការរស់ឡើងវិញនោះទេ » ។2
ការប្រសូតរបស់ព្រះយេស៊ូវនៅបេថ្លេហិមពុំមែនចាប់ផ្ដើមដោយដំណើររឿងនោះ ហើយបញ្ចប់ទៅនៅត្រង់កាលវ៉ារីឡើយ ។ បទគម្ពីរបង្រៀនថា « កាលដើមដំបូង … [ ទ្រង់ ] គង់នៅជាមួយនឹងព្រះ »3 នៅក្នុងក្រុមប្រឹក្សាស្ថានសួគ៌មុនជីវិតនេះ ។ យើងក៏នៅទីនោះដែរ ជាទីដែលយើងស្គាល់ទ្រង់ថាជាព្រះយេហូវ៉ា បុត្រាច្បងនៃព្រះវរបិតា ។4 យើងបានដឹងថា ទ្រង់នឹងធ្វើតួនាទីដ៏សំខាន់ជាព្រះបង្កបង្កើត និងព្រះប្រោសលោះនៃពិភពលោក ។ យើងបានស្រែកដោយអំណរ កាលយើងទទួលយកផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតានៃយើង ។5 ទោះបីជាមានវិញ្ញាណមួយចំនួនបានបះបោរប្រឆាំងនឹងផែនការរបស់ព្រះក្ដី ប៉ុន្តែយើងគឺស្ថិតនៅក្នុងចំណោមវិញ្ញាណដែលបានដាក់សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ យើងបានសុខចិត្តទទួលយកគ្រោះថ្នាក់ដែលមាននៅក្នុងជីវិតនេះដោយស្ម័គ្រចិត្ត ដោយសារយើងជឿជាក់ថា ព្រះយេស៊ូវអាចសម្រេចព្រះឆន្ទៈរបស់ព្រះវរបិតាបាន—ថាយើងនឹងបានសង្គ្រោះតាមរយៈទ្រង់ ។
ការប្រសូតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ
នៅលើផែនដីនេះ ការចងចាំពីជីវិតយើងកាលពីមុនគឺត្រូវបានបិទបាំងដោយវាំងនននៃភាពភ្លេចភ្លាំង ។ គោលបំណងរបស់យើងដែលមកកាន់ផែនដីនេះគឺដើម្បីរៀន « ដើរដោយជំនឿ មិនមែនដោយមើលឃើញ » ទេ ។6
ដើម្បីពង្រឹងសេចក្ដីជំនឿនោះ ព្រះបានបញ្ជូនពួកព្យាការីដែលបានឃើញ ហើយបានព្យាករទុកជាមុន អំពីការយាងមកនៃព្រះមេស៊ីដែលបានសន្យា ។ ក្នុងចំណោមព្យាការីទាំងនេះ មានព្យាការីម្នាក់គឺនីហ្វៃ បានឃើញក្នុងការនិមិត្តពីដើមឈើមួយដែលមានពណ៌សយ៉ាងស្រស់ស្អាតអស្ចារ្យ ។ កាលលោកបានទូលសូមចង់ដឹងពីការបកស្រាយនៃការនិមិត្តរបស់លោក លោកត្រូវបានបង្ហាញឲ្យឃើញទីក្រុងណាសារ៉ែត និងម៉ារា ជាស្ត្រីព្រហ្មចារីម្នាក់ដែលស្រស់ស្អាតបំផុត ។ បន្ទាប់មក ទេវតាដែលគង់នៅនឹងនីហ្វៃបានសួរនូវសំណួរដ៏ស៊ីជម្រៅបំផុតនេះថា « តើអ្នកយល់ពីការយាងចុះមកពីព្រះឬទេ ? » អាចនិយាយម្យ៉ាងទៀតថា « តើអ្នកយល់ពីហេតុផលដែលព្រះនឹងយាងមកកាន់ពិភពលោកនេះដោយផ្ទាល់ ពីហេតុផលដែលទ្រង់នឹងយាងចុះនៅក្រោមអ្វីៗទាំងអស់ដែរឬទេ ? » នីហ្វៃបានឆ្លើយទាំងស្ទាក់ស្ទើរថា « ខ្ញុំដឹងថា ព្រះអង្គទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងនេះនោះទេ » ។
បន្ទាប់មក ទេវតាបានមានបន្ទូលថា « នាងព្រហ្មចារីដែលអ្នកឃើញនោះគឺជាមាតានៃព្រះរាជបុត្រានៃព្រះ » ។ នីហ្វៃបានឃើញម៉ារាបីទារកតូច ហើយទេវតាបានស្រែកឡើងដោយអំណរថា « មើលន៏ កូនចៀមនៃព្រះ … គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ! » រំពេចនោះ នីហ្វៃយល់យ៉ាងច្បាស់ពី—អត្ថន័យនៃដើមឈើនោះ—និងហេតុផលដែលយើងសាទរការប្រសូតរបស់ព្រះគ្រីស្ទ ។ លោកបានពោលថា « នោះគឺជាសេចក្ដីស្រឡាញ់នៃព្រះ ដែលមានសាយសព្វនៅក្នុងចិត្តនៃកូនចៅមនុស្ស ហេតុដូច្នោះហើយ នោះគឺជាសេចក្ដីស្រឡាញ់ ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ។ « ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មែនហើយ គឺជាសេចក្ដីរីករាយបំផុតដល់ព្រលឹង » 7
នៅទីបំផុត ជិត ៦០០ ឆ្នាំក្រោយពីការនិមិត្តរបស់នីហ្វៃ ថ្ងៃនៃការព្យាករដែលបានរង់ចាំយ៉ាងយូរបានមកដល់ ។ ព្រះយេស៊ូវបានយាងឆ្លងកាត់វាំងនននោះ ហើយមកកាន់ពិភពលោកនេះជាទារកមួយអង្គដែលគ្មានទីពំនឹង ទោះជាខុសពីទារកដទៃទៀតក្ដី ។ បុត្រាជាចម្បងខាងវិញ្ញាណរបស់ព្រះបានក្លាយជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ខាងសាច់ឈាម ។ ទារកនេះដែលបានប្រសូតនៅក្នុងស្ថានភាពដ៏រាបសា នឹងរែកនូវសេចក្ដីសង្គ្រោះនៃគ្រួសារដ៏អស់កល្បរបស់ព្រះនៅលើព្រះអង្សារបស់ទ្រង់ ! ពិតណាស់ « ក្ដីសង្ឃឹម និងភាពភ័យខ្លាចជាយូរ » បានមករួមគ្នានៅក្នុង « បេថ្លេហិមជាភូមិស្ងួនភ្ងា » នាយប់នោះ ។8
ប៉ុន្តែពិតណាស់ ដំណើររឿងនោះពុំបញ្ចប់នៅទីនោះឡើយ ។ ទោះជាការប្រសូតរបស់ព្រះអង្គសង្គ្រោះមានភាពអស្ចារ្យយ៉ាងណាក្ដី ប៉ុន្តែនឹងមានអព្ភូតហេតុដ៏អស្ចារ្យជាងរៀបនឹងកើតឡើងក្រោយមកទៀត ។
កិច្ចការរបស់ព្រះវរបិតា
យើងដឹងតិចតួចណាស់ពីកុមារភាពរបស់ព្រះយេស៊ូវ ។ យើងត្រូវបានប្រាប់ថា ទ្រង់ « កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្ស » ។9 លុះដល់វ័យ ១២ ព្រះវស្សា ទ្រង់បានបង្ហាញព្រះរាជបំណងរបស់ទ្រង់ដើម្បី « [ ធ្វើកិច្ចការ] របស់ព្រះវរបិតា [ ទ្រង់ ] » ។10 កិច្ចការនោះគឺដើម្បីបង្ហាញទៅពិភពលោកនូវ « សេចក្ដីស្រឡាញ់ដ៏ធំ និងអស្ចារ្យ » របស់ព្រះវរបិតាសម្រាប់កូនចៅរបស់ទ្រង់ ។11
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ... គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ » ។12
កិច្ចការរបស់ព្រះវរបិតាទ្រង់គឺដើម្បី « យាងចុះឡើងធ្វើការល្អ » ។13 វាគឺជាកិច្ចការនៃសេចក្ដីមេត្តាករុណា—« ធ្វើអ្នកឈឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកពិការជើងអាចដើរបាន មនុស្សខ្វាក់ឲ្យមើលឃើញ អ្នកថ្លង់ឲ្យស្ដាប់ឮ ហើយមើលឲ្យជាគ្រប់អស់ទាំងរោគា » ។14
កិច្ចការរបស់ព្រះវរបិតាទ្រង់គឺដើម្បីបើកភ្នែកនៃសេចក្ដីជំនឿរបស់យើង ដាស់អារម្មណ៍ខាងវិញ្ញាណរបស់យើង ហើយព្យាបាលការឈឺចាប់ អំនួត ជំងឺ និងអំពើបាបរបស់យើង ។ វាគឺដើម្បី « ជួយ [ យើងតាម] ជំងឺរបស់យើង » ។ ហើយដើម្បីសម្រេចកិច្ចការនេះបាន ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យរងការឈឺចាប់ ការបដិសេធ ការរងទុក្ខ និងការល្បួងគ្រប់ប្រភេទ ។15
កិច្ចការរបស់ព្រះវរបិតាទ្រង់គឺដើម្បីជួយយើងបំពេញគោលបំណងរបស់យើងនៅលើផែនដី—ដើម្បី «នាំយើងទៅស្ថានសួគ៌ [ រួមរស់នឹងទ្រង់ ] » ។16 អាចនិយាយម្យ៉ាងទៀតថា កិច្ចការរបស់ព្រះវរបិតាគឺ—ដើម្បី—« នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។17
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
នៅទីបំផុត ភាពពេញលេញនៃដំណើររឿងអំពីបុណ្យគ្រីស្ទម៉ាស់នាំទៅរកបីថ្ងៃចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ នៅគ្រាដ៏សំខាន់នោះ ព្រះអង្គសង្គ្រោះបានយាងពីសួនច្បារគែតសេម៉ានីទៅឈើឆ្កាងនៃកាលវ៉ារី រួចទៅសួនផ្នូរ ។ ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា « ឥទ្ធិពល និងប្រសិទ្ធភាព » នៃគ្រានោះនឹង « មានឥទ្ធិពល … តាំងពីដើមមក ហើយរហូត … ដល់ភាពអស់កល្បជានិច្ច » ។18
ព្រះយេស៊ូវបានយាងចូលទៅក្នុងសួនច្បារគែតសេម៉ានីតែអង្គឯង ដោយមានជោគវាសនានៃព្រលឹងមនុស្សគ្រប់រូបពឹងផ្អែកទៅលើទ្រង់។ ក្រោយពីនោះមកមាននូវការសាកសួរ ការធ្ចើទុក្ខទោស ហើយជាចុងក្រោយការសុគតដ៏ឈឺចុកចាប់នៅលើឈើឆ្កាង ។ ដោយមាននូវភាពរាបសា និងការគោរពតាមនោះទ្រង់បានប្រកាសពីដំបូងមកថា « មើលចុះ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ »19 ពេលនេះទ្រង់បានមានបន្ទូលថា « ឱ ព្រះវរបិតា អើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្ដទ្រង់វិញ » ។20
ផែនដីបានថ្ងូរ មិត្តរបស់ទ្រង់បានឈឺចាប់ ហើយភាពងងឹតបានគ្របដណ្ដប់លើដែនដីនោះ ។ ព្រះអង្គសង្គ្រោះបានយាងទៅពិភពវិញ្ញាណ ជាទីដែល « ក្រុមវិញ្ញាណនៃមនុស្សសុចរិតដ៏ឥតគណនា »—ព្រលឹងសុចរិតដែលបានស្លាប់—បានរង់ចាំការយាងមករបស់ទ្រង់ ។ នៅក្នុងភាពស្រដៀងគ្នាដែលគួរឲ្យកត់សម្គាល់ទៅនឹងអ្វីដែលបានកើតឡើងកាលពីដើម បុត្រាបុត្រីនៃព្រះបានស្រែកដោយអំណរ ហើយលំឱនកាយក្រាបថ្វាយបង្គំព្រះដ៏ប្រោសឲ្យរួចរបស់ពួកគេ ។21
ការមានព្រះជន្មរស់ឡើងវិញនៃពន្លឺនៃលោកិយ
មិនយូរប៉ុន្មានក៏ដល់វេលាដែលព្រះអង្គសង្គ្រោះត្រូវប្រោសព្រះកាយទ្រង់ម្ដងទៀត ហើយបញ្ចប់ការយកឈ្នះរបស់ទ្រង់លើសេចក្ដីស្លាប់ ។ នៅព្រឹកព្រលឹមនាថ្ងៃមួយក្នុងនិទាឃរដូវ ជាថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារា ម៉ាក់ដាឡា បានទៅផ្នូររបស់ទ្រង់ ហើយឃើញថា វានៅទទេរស្អាត ។ នាងជាមនុស្សដំបូងដែលបានឮសុរសៀងរបស់ទ្រង់ ហើយបានឃើញព្រះភ័ក្ត្រជាទីស្រឡាញ់របស់ទ្រង់ ។ ក្រោយមក ព្រះយេស៊ូវបានបង្ហាញព្រះកាយដល់ពួកសាវករបស់ទ្រង់ ដោយអញ្ជើញពួកគេឲ្យមើលព្រះហស្ដ និងព្រះបាទាទ្រង់ « ពាល់ [ ទ្រង់ ] មើល »22 ថាពិតជាទ្រង់មែន—ថាព្រះប្រោសលោះរបស់ពួកគេពិតជាមានព្រះជន្មរស់ឡើងវិញមែន !
រឿងទាំងនេះគឺជា « ដំណឹងល្អ...ពីសេចក្ដីអំណរដ៏អស្ចារ្យ »23 យើងសាទរនៅបុណ្យគ្រីស្ទម៉ាស់—ពុំមែនដោយសារតែព្រះគ្រីស្ទបានប្រសូតតែម្យ៉ាងនោះទេ ប៉ុន្តែដោយសារទ្រង់បានគង់នៅក្នុងចំណោមយើង បានប្រទានព្រះជន្មទ្រង់ជួសយើង បានមានព្រះជន្មរស់ឡើងវិញ ហើយនៅទីបំផុត « បានបញ្ចប់កិច្ចការដែល [ ព្រះវរបិតាទ្រង់ប្រទានឲ្យ ] ធ្វើ » ។24 យើងរីករាយដោយសារការភ័ន្តច្រឡំ និងភាពវឹកវរនៃពិភពលោកនេះអាចស្ងប់ទៅបានដោយសារការសន្យាដែលបានធ្វើឡើងដល់យើងតាំងពីដំបូងមក—ជាការសន្យាមួយដែលបានបំពេញដោយដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ដោយហេតុផលនេះហើយ ដំណើររឿងអំពីបុណ្យគ្រីស្ទម៉ាសពុំត្រូវបានអធិប្បាយប្រាប់ដោយពេញលេញឡើយ បើគ្មានដំណើររឿងអំពីបុណ្យអ៊ីស្ទើរនោះ ។ ដោយសារតែពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះទើបធ្វើឲ្យមានយប់សុខសាន្តដ៏បរិសុទ្ធនៅភូមិបេថ្លេហិម ។ ដោយសារតែមានអំណោយទាននៃការប្រោសលោះរបស់ទ្រង់ ទើបធ្វើឲ្យយើងស្រែកដោយអំណរនៅពិភពមុនឆាកជីវិតនេះ—អំណោយទាននេះហើយដែលព្យាបាលជំងឺរបស់យើង ធ្វើឲ្យភ្នែកយើងភ្លឺវិញ ហើយជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ។25
ពន្លឺដែលយើងស្រឡាញ់នៅបុណ្យគ្រីស្ទម៉ាស់ចេញមកពីពន្លឺនៃលោកិយ គឺព្រះយេស៊ូវគ្រីស្ទ ។ ដំណើររឿងដែលយើងបានស្រឡាញ់នៅបុណ្យគ្រីស្ទម៉ាស់ប្រាប់អំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតារបស់យើង ដែលព្រះយេស៊ូវបានធ្វើឲ្យវាកើតឡើងបាន ។ អំណោយដែលធ្វើឲ្យរដូវកាលបុណ្យគ្រីស្ទម៉ាស់ពិសិដ្ឋគឺព្រះជន្មដែលទ្រង់បានប្រទានដើម្បីយើងអាចមានជីវិតអស់កល្ប ។ សូមឲ្យយើងទទួលអំណោយនេះ ហើយចែកចាយសេចក្ដីស្រឡាញ់របស់ទ្រង់ និងដំណឹងល្អ របស់ទ្រង់ដល់ពិភពលោកទាំងមូល ជាពិសេសនៅក្នុងរដូវកាលដ៏អស្ចារ្យនេះ ខ្ញុំសូមអធិស្ឋានក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។