ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ការ​ប្រកាស​របស់​ព្យាការី​ស្ដីពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ


9574:0

ការ​ប្រកាស​របស់​ព្យាការី​ស្ដីពី​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ

នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ យើង​ដែល​ជា​ពួក​អ្នក​ជឿ​សាទរ​ចំពោះ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច ។ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ​ដែល​បង្កើត​ជា​គន្លង​សម្រាប់​ការ​សាទរ​របស់​យើង ខ្ញុំ​នឹង​និយាយ​អំពី​ការ​ប្រកាស​របស់​ព្យាការី​ស្ដីពី​ការ​ប្រសូត​របស់​ទ្រង់ ។

គ្មាន​ការ​ប្រកាស​ណា​មួយ​ដែល​សំខាន់​ជាង​ការ​បង្ហាញ​ខ្លួន​របស់​ទេវតា​ទៅ​ដល់​ម៉ារា​ឡើយ ។

« ទេវតា​មាន​បន្ទូល​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ ។

« មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះនាម​ថា ‹ យេស៊ូវ › ។

« បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ

«ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ » (លូកា ១:៣០–៣៣) ។

ការប្រសូត និងព្រះជន្មនៅលើផែនដី និង​ការសុគត​នៃ​ព្រះរាជបុត្រា​របស់​ព្រះ​គឺ​ចាំបាច់​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ « នាំឲ្យមានអមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » (ម៉ូសេ ១:៣៩) ។ ពីមុនផែនដីត្រូវបានបង្កើត ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ជ្រើស​ឲ្យ​មក​ដកពិសោធន៍​ជីវិត​រមែងស្លាប់ ហើយធ្វើជា​ព្រះអង្គសង្គ្រោះ​ដើម្បី​ឲ្យ​ផែនការ​នោះ​អាច​កើតឡើង​បាន ( សូមមើល ម៉ូសេ ៤:២) ។ លោក​អ័ដាម​ត្រូវបាន​បង្គាប់​ឲ្យ​ថ្វាយ​ដង្វាយ​ជា « និមិត្តរូប​អំពី​ការបូជា​នៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃព្រះវរបិតា ដែល​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដីពិត ។ ហេតុដូច្នោះហើយ [លោក​ត្រូវ​បាន​បង្រៀន​ថា] អ្នក​នឹង​ត្រូវ​ធ្វើអ្វីៗ​ទាំងអស់​ដែលអ្នកធ្វើ​ដោយនូវ​ព្រះនាម​នៃព្រះរាជបុត្រា ហើយ​អ្នកត្រូវប្រែចិត្ត ហើយ​អំពាវនាវ​ដល់​ព្រះ​ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​ជារៀង​ដរាប​រហូត​តទៅ » (ម៉ូសេ ៥:៧–៨) ។

នៅក្នុងព្រះគម្ពីរម៉ូសេ យើងក៏បានអាននូវការពន្យល់របស់ព្រះអំពី « ផែនការនៃសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ គឺតាមរយៈព្រះលោហិតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលនឹងយាងមកក្នុងពេលដ៏ខ្ពង់ខ្ពស់បំផុត » (ម៉ូសេ ៦:៦២) ។ ព្រះជាព្រះវរបិតាបានបង្គាប់យើងឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក « ដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែល ពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត ដែលជាព្រះយេស៊ូវគ្រីស្ទ ជាព្រះនាមតែមួយគត់ដែលនឹងបានប្រទានមកក្រោមមេឃ ដែលនឹងមានសេចក្ដីសង្គ្រោះមកដល់កូនចៅមនុស្ស » (ម៉ូសេ ៦:៥២) ។

អេសាយ ជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ បាន​ប្រកាស​ពី​ការ​ប្រសូត​នា​ពេល​ខាង​មុខ​របស់​ព្រះមេស៊ី ។ លោក​បាន​ប្រកាស​ថា « ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា » « មើល នាងព្រហ្មចារី​នឹងមាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល » (អេសាយ ៧:១៤)។

អេសាយ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា

« ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព

« ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ » (អេសាយ ៩:៦–៧) ។

ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​ក៏​ត្រូវ​បាន​បើក​សម្ដែង​ដល់​ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ ។ ប្រាំមួយរយឆ្នាំពីមុនការប្រសូតរបស់ព្រះអង្គសង្គ្រោះ លីហៃបានបង្រៀនថា ព្រះនឹងគង់នៅក្នុងចំណោមពួកយូដា « គឺព្រះមែស៊ី ឬពាក្យម្យ៉ាងទៀតថា ព្រះអង្គសង្គ្រោះនៃពិភពលោក » (នីហ្វៃ  ទី ២ ១០:៤) ។

ព្យាការី អ័ប៊ីណាដៃ បាន​ប្រកាស​ថា

« តើ​មិនមែន​លោក​ម៉ូសេ​បាន​ព្យាករ​ប្រាប់​ពួក​គេ អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី​ទេ​ឬ​អី ហើយ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​លោះ​រាស្ត្រ​ទ្រង់? មែន​ហើយ ហើយ​សូម្បីតែ​ពួក​ព្យាការី​ទាំង​អស់​ដែល​បាន​ព្យាករ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ — តើ​ពួក​គេ​ពុំ​បាន​និយាយ​តិច​ឬ​ច្រើន អំពី​ការណ៍​អស់​ទាំង​នេះ​ទេ​ឬ​អី?

« តើ​ពួក​គេ​ពុំ​បាន​និយាយ​ថា ព្រះ​អង្គ​ទ្រង់​ផ្ទាល់​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​មាន​រូបរាង​ជា​មនុស្ស ហើយចេញ​មក​លើ​ផ្ទៃ​ផែនដី​នេះ​ដោយ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លា​ទេ​ឬ​អី? » (ម៉ូសាយ ១៣:៣៣-៣៤) ។

ព្យាការីនីហ្វៃបានកត់ត្រាពីរបៀបដែលទេវតាមួយអង្គបានបង្ហាញលោកពីស្ត្រីព្រហ្មចារីម្នាក់នៅក្នុងទីក្រុងណាសារ៉ែត ដោយប្រកាសថា « មើលចុះ នាងព្រហ្មចារីដែលអ្នកឃើញនោះគឺជាមាតានៃព្រះរាជបុត្រានៃព្រះ ស្របតាមខាងឯសាច់ឈាម » (នីហ្វៃ ទី ១ ១១:១៨) ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា [ នីហ្វៃ​បាន​សរសេរ ] ខ្ញុំ​បាន​ឃើញ​ថា នាង​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​បន្ទាប់​ពី​នាង​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​អស់​មួយ​រយៈ​ហើយ នោះ​ទេវតា​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏!

« ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​នាង​ព្រហ្មចារី​ម្ដងទៀត នាង​កំពុង​តែ​បី​ព្រះ​ឱរស​ក្នុង​ដៃ​របស់​នាង ។

« ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ កូនចៀម​នៃ​ព្រះ មែន​ហើយ គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ! » (នីហ្វៃទី ១ ១១:១៩–២១;សូមមើល​ផងដែរ អាលម៉ា ៧:៩–១០) ។

យើងទាំងអស់គ្នាស្គាល់នូវការប្រកាសទីមួយ បន្ទាប់ ការប្រសូតរបស់ព្រះយេស៊ូវ ។ មាន​ផ្នែក​ដ៏​សំខាន់​យ៉ាង​ខ្លាំង​ដែល​ការ​ប្រកាស​មក​ពី​សួគ៌ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដល់​មនុស្ស​មួយ​ក្រុម ដែល​យើង​ត្រូវ​បាន​ប្រាប់​ថា គឺជា​ជន​ដែល​រាបសា​បំផុត​នៅ​ក្នុង​សង្គម​នា​ជំនាន់​នោះ ។

«​រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាលដែល​ចាំ​យាមរក្សា​ហ្វូង​ចៀម​របស់ខ្លួន​នៅ​ឯវាល​ក្នុង​វេលាយប់ ។

«​នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី​ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ។

«​តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា ។

« ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។ …

«​នោះ​ស្រាប់តែ​មាន​ពួក​ពល​បរិវារកកកុញ​ស្ថានសួគ៌មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោលសរសើរ​ដល់​ព្រះថា

« សួស្ដីដល់ព្រះ​នៅ​ស្ថានដ៏ខ្ពស់បំផុត ហើយ​សេចក្ដីសុខសាន្ត​នៅ​ផែនដី​ នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាត់​ព្រះហឫទ័យ​ដល់​ទ្រង់ » (លូកា ២:៨-១១, ១៣–១៤) ។

ក្រោយ​ពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ពីរ​បី​ថ្ងៃ មាន​នូវ​ការ​ប្រកាសផ្សេង​ទៀត​ដល់​បុគ្គល​ដ៏​បរិសុទ្ធ​ពីរ​រូប—សព្វ​ថ្ងៃ​នេះ យើង​ហៅ​ពួកគេ​ថា ជា​អ្នក​ធ្វើ​ការ​នៅ ព្រះវិហារ​បរិសុទ្ធ ៖

« នោះ​មើល នៅ​ក្រុង​យេរូសាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោតខ្លាច​ដល់​ព្រះ គាត់​រង់ចាំ​សេចក្តី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះគ្រីស្ទ​នៃ​ព្រះអម្ចាស់ ។

« គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ដោយ​នូវ​ព្រះវិញ្ញាណ រួច​កាល​មាតាបិតា​នាំ​យក​ព្រះយេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រឹត្យវិន័យ​ដល់​ទ្រង់

« នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា

« ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ

« ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ » (លូកា ២:២៥–៣០)។

ការ​ប្រកាស​ទីពីរ​គឺ​ទៅ​កាន់​ស្ត្រី​បរិសុទ្ធ​ម្នាក់ ដែល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ អាណ ដែល​ព្រះគម្ពីរ​ហៅ​ថា « ហោរាស្រី​ម្នាក់ …គាត់​ចាស់​ណាស់​ហើយ

« នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះវិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន

« គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះគុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម » (លូកា ២:៣៦–៣៨) ។

ការព្យាករ និងការប្រកាសនានាគ្រាន់តែជាការនិទានប្រាប់អំពី ការយាងមករបស់ព្រះអង្គសង្គ្រោះ ជា​លើក​ទី​មួយ​ដែល​បាន​ដក​ស្រង់​ប៉ុណ្ណោះ ។ ឥឡូវនេះ យើងកំពុងត្រៀមខ្លួនសម្រាប់ការ​យាង​មក​ជា​លើក​ទី​ពីររបស់​ព្រះអម្ចាស់ ជា​គ្រា​មួយ​ដែល​ពួក​អ្នក​ជឿ​បាន​រង់​ចាំ​ដោយ​អន្ទៈសារ រីឯ​ពួក​អ្នក​ឥត​ជំនឿ​បាន​ភ័យ​ខ្លាច ឬ​បដិសេធ ។ យើងត្រូវបានបង្គាប់ឲ្យ « ឈរ … ក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ ដ្បិតមើលចុះ ថ្ងៃនោះនឹងមកដល់យ៉ាងឆាប់រហ័ស » (គ និង ស ៨៧:៨) ។ ប្រាកដ​ណាស់ « ទីបរិសុទ្ធ »​ទាំងនោះ​រួម​មាន​ព្រះវិហារ​បរិសុទ្ធ និង​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​វា​ដោយ​ស្មោះត្រង់ គេហដ្ឋាន​មួយ​ដែល​កូនៗ​ត្រូវ​បាន​ថែ​រក្សា ហើយ​បង្រៀន និង​ទីតាំង​នៃ​កាតព្វកិច្ច​របស់​យើង ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​អ្នកមានសិទ្ធិអំណាច​បព្វជិតភាព រួមមាន បេសកកម្ម ព្រះវិហារ​បរិសុទ្ធ និង​ការ​បម្រើ​ដែលបាន​បំពេញ​ដោយស្មោះត្រង់នៅក្នុង​សាខា វួដ និង​ស្ដេក​ទាំងឡាយ​ផង​ដែរ ។

កាល​យើង​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ហើយ​កាល​យើង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ យើង​ខិតខំ​ប្រតិបត្តិតាម​បុណ្យ​គ្រីស្ទម៉ាស​ពុំ​មែន​គ្រាន់​តែ​ជា​រដូវ​កាល​នៃ « ការ​គោរព » ឬ​« ថ្ងៃ​បុណ្យ​ដ៏​រីករាយ »​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​សាទរ​មួយ​នៃ​ការ​ប្រសូត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​គ្រា​មួយ​ដើម្បី​ចងចាំ​ការ​បង្រៀន​របស់​ទ្រង់ ព្រម​ទាំង​ផ្នែក​សំខាន់​ដ៏​អស់​កល្ប​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ខ្ញុំសូម​អធិស្ឋានថា យើង​នឹង​មាន​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ។

ខ្ញុំ​សូម​ថ្លែង​នូវ​សេចក្ដី​ពិត​ពី​កិច្ចការ​ទាំងនេះ នៅ​ក្នុង​ព្រះនាម​នៃ​អង្គ​ដែល​យើង​សាទរ​ចំពោះ​ការ​ប្រសូត​របស់​ទ្រង់ ជា​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។