« ទំនាក់ទំនង » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។
ទំនាក់ទំនង
ស៊ីសេកេរ៉ូ ឃ្យូ
អាយុ ១៥ ឆ្នាំ មកពី អាហ្វ្រិកខាងត្បូង
ខ្ញុំតែងតែអធិស្ឋានសូមនូវភាពជោគជ័យ និងសុខុមាលភាពឲ្យគ្រួសាររបស់ខ្ញុំ ។ ប៉ុន្តែរឿងមួយចំនួនមិនទាន់ដំណើរការតាមរបៀបដែលខ្ញុំសង្ឃឹមចង់បាននៅឡើយទេ ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើព្រះឮការអធិស្ឋានរបស់ខ្ញុំដែរឬទេ ។ ពេលស្ថានភាពរបស់ខ្ញុំកាន់តែអាក្រក់ទៅៗ ខ្ញុំបានអធិស្ឋានកាន់តែតិចទៅៗផងដែរ ។ ខ្ញុំបានគិតថា « ហេតុអ្វីខ្ញុំគួរតែអធិស្ឋាននៅពេលខ្ញុំមិនទទួលអារម្មណ៍អ្វីផងនោះ ? »
ប៉ុន្ដែមានថ្ងៃមួយខ្ញុំបានដឹងខ្លួនថា ខ្ញុំកំពុងសង្ស័យដល់ព្រះ ។ ព្រះអង្គតែងតែជាព្រះវរបិតារបស់ខ្ញុំនៅស្ថានសួគ៌ ជាជំនួយ និងកម្លាំងដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ។ ខ្ញុំចាប់ផ្ដើមយំ ។ នៅពេលខ្ញុំត្រឡប់មកផ្ទះវិញនៅថ្ងៃនោះ ខ្ញុំបានលុតជង្គង់ចុះ អធិស្ឋានពីព្រោះខ្ញុំមានអារម្មណ៍ថាបាត់បង់ព្រះវិញ្ញាណ និងសតិអារម្មណ៍ ។
បន្ទាប់ពីបានអធិស្ឋាន ខ្ញុំមានអារម្មណ៍ធូរស្រាល កក់ក្ដៅ និងសេចក្តីស្រឡាញ់។ ខ្ញុំដឹងថាព្រះអង្គគង់នៅជាមួយខ្ញុំ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌ទតឃើញការពុះពារ ហើយឮការស្រែកយំរបស់យើង ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំដឹងថា ទ្រង់មានគម្រោងធំសម្រាប់គ្រួសាររបស់ខ្ញុំ—ផែនការដែលតម្រូវទៅតាមពេលវេលា និងភាពអត់ធ្មត់របស់ខ្ញុំ ។