ប្រវត្តិ​សាសនាចក្រ
« តើ​អ្នក​មាន​ស្លាក​ឈ្មោះ​ទេ ? »


« តើ​អ្នក​មាន​ស្លាក​ឈ្មោះ​ទេ ? »

ក្នុង​អំឡុងពេល​សង្គ្រាម​ត្រជាក់ សហភាព​សូវៀត​បានរៀបចំ​ឲ្យ​យុវជន និង​យុវតី​ជា​ច្រើន​នាក់​មកពី​ទ្វីប​អាហ្វ្រិក និង​អាស៊ី​សិក្សា​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត ។ លោក ប៉ែន វិបុល បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​បាន​ចំណាយ​ពេល ១០ ឆ្នាំ​នៅ សេន ភីធើសប៊ើក ប្រទេស​រុស្ស៊ី សិក្សា​វិស្វកម្ម​អគ្គិសនី ។ ឆ្នាំ ១៩៩១ ពីរ​ឆ្នាំ​មុន​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់ ។ ទោះបី​ជា​គាត់​បាន​រៀបរាប់​ថា​ខ្លួន​គាត់​ជា « អ្នក​លេនីននិយម​ដ៏​រឹង​មាំ » ក្តី​គាត់​បាន​សិក្សា​ជាមួយ​ពួកអ្នក​ផ្សព្វ​ផ្សាយ​សាសនា និង​បាន​ចូលរួម​ព្រះ​វិហារ ។ គាត់​បាន​សួរ​សំណួរ​ពួកគេ​ជា​ច្រើន ជា​ពិសេស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង យ៉ូសែប ស្ម៊ីធ ។ ទោះ​ជា​យ៉ាង​ណា គាត់​មិន​បានយល់​ព្រម​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​នោះ​ទេ ។

គាត់​ពិបាក​ស្វែងរក​ការងារធ្វើ​នៅ​មាតុភូមិ នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ។ និយោជក​ជាច្រើន​បានបដិសេធ​គាត់​ដោយសារតែ​គាត់​បានសិក្សា​នៅ​សហភាព​សូវៀត ។ គាត់​បានបង្កើត​ទម្លាប់​អធិស្ឋាន​រាល់​ពេល​ដែល​គាត់​ដាក់​ពាក្យ​ធ្វើការ ទោះជា​យ៉ាង​ណា​គាត់​បានអធិស្ឋាន​ជា​ភាសា​រុស្ស៊ី​ច្រើន​ជាង​ភាសា​កំណើត​របស់​គាត់ ។

គាត់​បាន​ប្រាប់​ភរិយា​របស់​គាត់ អ្នកស្រី យូ វណ្ណនី អំពី​សាសនាចក្រ ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំបូង​ឡើយ គាត់​មិន​ចាប់​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ គាត់​បាន​ផ្លាស់ប្តូរ​ដួងចិត្ត ហើយ​នៅ​ទីបំផុត​បាន​ឲ្យ​យោបល់​ថា​ពួកគាត់​គួរ​ទៅ​ព្រះវិហារ ។ លោក វិបុល បាន​សួរ​ថា « ព្រះវិហារ​ណា ? » អ្នកស្រី វណ្ណនី បានមាន​ប្រសាន៍​ថា « ព្រះវិហារ​ដែល​បង​បាន​ទៅ​កាល​នៅ​ប្រទេសរុស្ស៊ី​ » ។

លោក វិបុល មិន​អាច​បកប្រែ​ឈ្មោះ​សាសនាចក្រ​ពី​ភាសា​រុស្ស៊ី​មក​ជា​ភាសា​ខ្មែរ​បាន​ទេ ប៉ុន្តែ​គាត់​បាន​ចាំ​ថា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ស្លាក​ឈ្មោះ ។ ដូច្នេះ គូស្វាមី​ភរិយា​នេះ​បាន​ទៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ចេញពី​ព្រះវិហារ​មួយ​ទៅ​ព្រះវិហារ​មួយ​ដោយ​សួរ​ថា « តើ​អ្នក​មាន​ស្លាក​ឈ្មោះ​ទេ ? » បន្ទាប់ពី​ពីរ​សប្តាហ៍​ពួកគាត់​បាន​ជួប​យុវជន​ពីរ​នាក់​ដែល​មាន​ស្លាក​ឈ្មោះ​អែលឌើរ ដានីយ៉ែល និង ហេត ។ លោក វិបុល បាន​និយាយ​ជាមួយ​ពួកគេ​ជា​ភាសា​អង់គ្លេស ហើយ​ពួកគេ​បាន​ឆ្លើយតប​ជា​ភាសា​ខ្មែរ ។ លោក វិបុល និង​អ្នកស្រី វណ្ណនី បាន​អញ្ជើញ​ពួក​អែលឌើរ​ឲ្យ​បង្រៀន​ពួកគាត់ ហើយ​នៅ​ថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ ១៩៩៨ ពួកគាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ក្រុម​គ្រួសារ ប៉ែន បាន​ក្លាយ​ជា​អ្នកគាំទ្រ​សាសនាចក្រ​ដ៏​រឹងមាំ​នៅក្នុង​តំបន់​ទីក្រុង​ភ្នំពេញ ។ លោក វិបុល បាន​បម្រើការ​ជា​ប្រធាន​សាខា ប្រធាន​មណ្ឌល និង​ជា​នាយក​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា ។ ទោះបី​ជា​គាត់​តែងតែ​ពុះពារ​ជាមួយ​នឹង​អារម្មណ៍​នៃ​ភាព​មិន​ល្អ​គ្រប់គ្រាន់​ក៏​ដោយ ក៏​ជំនឿ​របស់​លោក វិបុល បាន​ជួយ​គាត់​ឲ្យ​ទទួល​យក​ការហៅ​ថ្មី​នេះ​ដែរ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ពីព្រោះ​នៅពេល​យើង​មាន​សេចក្តីជំនឿ នោះ​អ្វីៗ​គ្រប់យ៉ាង​កើតមាន​ដល់​យើង ដើម្បី​យើង​អាច​ធ្វើការ​បម្រើ​បាន » ។

លោក វិបុល ឲ្យ​តម្លៃ​ការរួបរួម​ដែល​កើនឡើង ដែល​ដំណឹងល្អ​បាន​នាំ​មក​ដល់​គ្រួសារ​របស់​គាត់ ។ ប្រសិនបើ​សាសនាចក្រ​មិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ទេ នោះ​គាត់​បានងឿង​ឆ្ងល់​ថា « ប្រហែល​ជា​យើង​មិន​មែន​ជា​គ្រួសារ​ដ៏​ល្អ​នោះ​ទេ ។ កូន​ប្រុស​ខ្ញុំ និង​កូន​ស្រី​របស់​ខ្ញុំ​នឹង​មិន​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​ពី​បេសកកម្ម​វិញ​នោះ​ទេ ហើយ​ប្រហែល​ជា​ពេល​ខ្លះ​ពួកគេ​នឹង​ឈ្លោះ​គ្នា ដូចជា​គ្រួសារ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ហើយ » ។ នៅ​ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០០០ លោក វិបុល និង​អ្នកស្រី វណ្ណនី បាន​ផ្សារភ្ជាប់​ជាមួយគ្នា និង​កូនៗ​ទាំងបួន​នាក់​របស់​ពួកគាត់—ប៊ុន ណារ័ត្ន, ភារម្យ, វីរៈ និង​វីរីយ៉ា—នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ហុងកុង ប្រទេស​ចិន ។