ព្រះគ្រីស្ទបានបង្រៀនយើងឲ្យស្រឡាញ់មាសត្រូវរបស់យើង
ឪពុក និងបងប្រុសរបស់ សាង គឹមបឺលី ស្ថិតក្នុងចំណោមមនុស្សពីរលាននាក់ ( ប្រមាណមួយភាគបួននៃចំនួនប្រជាជនកម្ពុជា ) ដែលរបបខ្មែរក្រហមបានសម្លាប់ ។ គឹមបឺលី ដែលជាយុវនារីនៅពេលនោះបានធ្វើដំណើរដ៏គ្រោះថ្នាក់ទៅជំរំជនភៀសខ្លួននៅប្រទេសថៃជាមួយគ្រួសាររបស់គាត់ ។ ផ្លូវដ៏មានគ្រោះថ្នាក់ ៖ ទាហានខ្មែរក្រហមបានដាក់មីន កប់ដំបងឫស្សីមុតស្រួច ព្យួរគ្រាប់បែកនឹងដើមឈើ និងបានបង្កើតអន្ទាក់មរណៈផ្សេងៗទៀតដើម្បីការពារកុំឲ្យមនុស្សរត់គេចរួចខ្លួនបាន ។ គ្រួសារ សាង ដែលបានរួចផុតពីភាពស្រេកឃ្លាន និងមនុស្សជាច្រើនគេចចេញពីអន្ទាក់នៅពេលធ្វើដំណើររបស់ពួកគេ ។
ជីវិតនៅក្នុងជំរំគឺពិបាកណាស់ ។ វាមានមនុស្សកកកុញ ហើយអាហារ សម្លៀកបំពាក់ និងកន្លែងទំនេរគឺកម្រមានណាស់ ។ ការគំរាមកំហែងនៃអំពើហិង្សាលើរាងកាយ និងផ្លូវភេទគឺមានមិនឈប់ឈរលើយុវនារីទាំងឡាយ ។ ទោះបីមានមនុស្សជាច្រើនបានរស់នៅក្នុងជំរំនេះអស់រយៈពេល ៥ ឆ្នាំក៏ដោយ ក៏ក្រុមគ្រួសារ សាង ត្រូវបានអ្នកឧបត្ថម្ភជ្រើសរើសឲ្យទៅរស់នៅអាមេរិកនៅប្រាំមួយខែក្រោយមក ។
ក្រុមគ្រួសារ សាង បានប្តូរទៅរស់នៅទីក្រុង អូកលែន រដ្ឋកាលីហ្វូញ៉ា ដើម្បីរស់នៅជិតសមាជិកគ្រួសារផ្សេងទៀតដែលបានស្នាក់នៅទីនោះ ។ មិនយូរប៉ុន្មាន គឹមបឺលី ទទួលបានការងារជាជំនួយការពេទ្យធ្មេញ ។ នៅតាមផ្លូវត្រឡប់មកពីធ្វើការវិញ គាត់តែងតែឃើញពួកអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រនេះ ។ គាត់ចាប់អារម្មណ៍ចំពោះភាពស្មោះត្រង់របស់ពួកគេ ។ មិនយូរប៉ុន្មានគាត់បានទទួលយកការអញ្ជើញឲ្យស្តាប់សារលិខិតរបស់ពួកគេ ។ គាត់ស្រឡាញ់ដំណឹងល្អដែលបានស្តារឡើងវិញយ៉ាងខ្លាំង ហើយបានជ្រមុជទឹកនៅឆ្នាំ ១៩៨១ ។ គឹមបឺលី បាននិយាយថា « ខ្ញុំមានអារម្មណ៍ថាស្អាតបាត និងស្រស់ស្អាត រំភើប និងត្រៀមខ្លួនជាស្រេចដើម្បីជួយធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង » ។ គាត់បានជួយពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនដំណឹងល្អ និងបកប្រែឯកសារជាភាសាខ្មែរ ។ នៅឆ្នាំ ១៩៨៥ គាត់ត្រូវបានគេហៅឲ្យបម្រើនៅបេសកកម្ម អ៊ីនឌីភែនឌែនស៍ មិសសួរី ។
អំឡុងបេសកកម្មរបស់គាត់ គាត់បានឃើញដំណឹងល្អធ្វើឲ្យជីវិតមនុស្សជាច្រើនបានប្រសើរឡើង ។ គឹមបឺលី បានចំណាយពេលភាគច្រើននៃបេសកកម្មរបស់គាត់នៅទីក្រុង វីឈីតា រដ្ឋខានសាស ធ្វើការជាមួយជនភៀសខ្លួនជាជនជាតិអាស៊ីផ្សេងទៀត ។ គាត់បាននិយាយថា « ពួកគាត់ជាមនុស្សដូចខ្ញុំណាស់ ចាកចេញពីអតីតកាលរបស់ពួកគេ និងស្វែងរកទិសដៅដើម្បីណែនាំពួកគេក្នុងជីវិតថ្មីមួយ ។ ពួកគេបានរកវាឃើញនៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញ » ។ មនុស្សមួយចំនួនដែលគាត់បានបង្រៀនគឺជាអតីតទាហានខ្មែរក្រហម ។ អ្នកខ្លះបានខិតខំផ្លាស់ប្ដូរជីវិតរបស់ខ្លួន ហើយបានចូលរួមក្នុងសាសនាចក្រ ប៉ុន្តែគាត់ពិបាកអភ័យទោសដល់ពួកគេ ឬបំភ្លេចអនុស្សាវរីយ៍ដ៏គួរឲ្យខ្លាចនៃកុមារភាពរបស់គាត់ណាស់ ។ គឹមបឺលី បានរំឭកថា ៖ « ខ្ញុំបានដឹងថា ពួកគេជាអតីតសត្រូវរបស់ខ្ញុំ ប៉ុន្តែព្រះគ្រីស្ទបានបង្រៀនយើងឲ្យស្រឡាញ់មាសត្រូវរបស់យើង ។ មិនមានការសាកល្បងណាដែលល្អជាងនេះសម្រាប់ខ្ញុំ ជាងការរៀនមានអំណរនៅក្នុងការប្រែចិត្តជឿរបស់ពួកគេនោះទេ » ។ នៅពេលគាត់បានអធិស្ឋានឲ្យគេ ហើយបង្រៀនពួកគេនូវដំណឹងល្អនោះ គឹមបឺលី បានរៀនអភ័យទោស ។ គាត់បានរំឭកថា « ខ្ញុំបានរៀនអធិស្ឋានថា ទ្រង់នឹងជួយពួកគេឲ្យផ្លាស់ប្តូរ » ហើយសម្រាប់ « ព្រះអម្ចាស់ដើម្បីផ្លាស់ប្តូរខ្ញុំ និងជួយខ្ញុំឲ្យបំភ្លេចអតីតកាល » ។
ក្រោយពីបេសកកម្មរបស់គាត់ គឹមបឺលី បានផ្លាស់ទៅរស់នៅរដ្ឋយូថាហ៍ ហើយបានរៀបការជាមួយលោក ដេវីឌ វ៉ាន់ហ្វែល នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក នាឆ្នាំ ១៩៨៧ ហើយពួកគាត់បានចិញ្ចឹមកូនបួននាក់របស់ពួកគាត់នៅក្នុងដំណឹងល្អ ។ នៅឆ្នាំ ២០១២ កូនប្រុសពួកគាត់ឈ្មោះ អែនឌី ត្រូវបានហៅឲ្យមកបម្រើនៅបេសកកម្មភ្នំពេញ កម្ពុជា ។