ប្រវត្តិ​សាសនាចក្រ
« នៅពេល​ខ្ញុំ​សម្រេចចិត្ត​អភ័យទោស ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​សុខសាន្ត »


« នៅពេល​ខ្ញុំ​សម្រេចចិត្ត​អភ័យទោស ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​សុខសាន្ត »

« តើ​សំឡេង​នោះ​ជាអ្វី ? » លោក ផាន ផុន បាន​សួរ​ភរិយា​របស់​គាត់​បន្ទាប់ពី​ឮ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​កើតឡើង​នៅ​ជិតខាង​របស់​ពួកគាត់​នៅ​ទីក្រុង​ភ្នំពេញ ។

គាត់​បាន​ឆ្លើយ​ថា « ប្រហែល​ជា​អ្នក​ជិត​ខាង​កំពុង​ដុត​អ្វី​មួយ​ហើយ » ។ សំឡេង​ផ្ទុះ​ទីពីរ​ក៏​បន្លឺ​ឡើង​ភ្លាមៗ ហើយ​ពួក​អ្នក​ជិតខាង​បាន​រត់​ទៅ​ប្រាប់​លោក ផាន និង​ភរិយា​របស់​គាត់​ថា ផ្ទះ​នៅ​ខាងក្រោយ​ពួកគាត់​កំពុង​តែ​ឆេះ ។

គូ​ស្វាមី​ភរិយា​រូប​នេះ​បាន​រត់​ទៅ​យក​ទឹក ប៉ុន្តែ​មិន​អាច​ពន្លត់​អគ្គីភ័យ​នោះ​បាន​ទេ ។ វា​ឆាប​ឆេះ​យ៉ាង​លឿន ហើយ​មិន​យូរ​ប៉ុន្មាន​ផ្ទះ​របស់​លោក ផាន ក៏​ត្រូវ​ភ្លើង​ឆាប​ឆេះ​ផងដែរ ។ លោក ផាន អាច​គិត​ពី​រឿង​តែ​មួយ​គត់​គឺ​ការ​សង្គ្រោះ​ចៅ​បី​នាក់​របស់​គាត់​ដែល​នៅ​ខាង​ក្នុង​ផ្ទះ ។ ផ្សែង​បាន​ចាប់ផ្ដើម​ហុយ​ចេញ​តាម​បង្អួច ពេល​លោក ផាន រត់​ចូល​ផ្ទះ​រក​ចៅ​របស់​គាត់ ហើយ​យក​ពួកគេ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព ។

នៅពេល លោក ផាន ឈរ​ជាមួយ​គ្រួសារ​របស់​គាត់ ហើយ​មើល​ផ្ទះ​របស់​ពួកគេ​ឆេះ​ដល់ដី គាត់​មាន​អារម្មណ៍​អស់​សង្ឃឹម ។ ថ្ងៃ​បន្ទាប់ពី​ភ្លើង​ឆេះ ពួកគាត់​បាន​លុត​ជង្គង់​ជា​គ្រួសារ ហើយ​បានអធិស្ឋាន ។ លោក ផាន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​បង្ហាញ​ផ្លូវ​ពួក​យើង ដើម្បី​យើង​អាច​មាន​ផ្ទះ​ថ្មី ។ ខ្ញុំ​បាន​យំ​នៅពេល​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ តែ​ខ្ញុំ​ជឿជាក់​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ » ។

លោក ផាន បាន​ខឹង​នឹង​អ្នក​ជិតខាង​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ ។ គាត់ និង​ពួក​អ្នក​ជិតខាង​ផ្សេង​ទៀត​ដែល​បាន​ទទួល​រងផល​ប៉ះពាល់​ពី​អគ្គីភ័យ​នេះ​បាន​ពិភាក្សា​អំពី​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​កាន់​រដ្ឋាភិបាល​ដែល​នឹង​បង្ខំ​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ឲ្យ​សង​ថ្លៃ​ការខូចខាត​ទាំងអស់​នេះ ។ អ្នក​ជិតខាង​មួយ​ចំនួន​បាន​រៀប​លិខិត​ព្រៀង ហើយ​បាន​សុំ​ឲ្យ​លោក ផាន ចុះ​ហត្ថលេខា ។ « គាត់​មិន​មាន​បំណង​ចង់​ឲ្យ​មាន​ភ្លើង​ឆេះ​នោះ​ទេ ។ លោក ផាន បាន​គិត​ថា ប្រសិនបើ​ខ្ញុំ​ឲ្យ​គាត់​សង​ថ្លៃ​ខូចខាត នោះ​គាត់​នឹង​មាន​បញ្ហា ហើយ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ស្អប់ ។ ខ្ញុំ​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​គួរតែ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​អភ័យ​ទោស » ។ លោក ផាន បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​ទេ ។ លោក ផាន បាន​មាន​ប្រសាសន៍​ថា ៖ « ពេល​ខ្ញុំ​សម្រេចចិត្ត​អភ័យទោស ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សេចក្តី​សុខសាន្ត » ។

លោក ផាន ក៏​បាន​លើក​ទឹកចិត្ត​អ្នក​ជិត​ខាង​ផ្សេង​ទៀត​ឲ្យ​អភ័យទោស​ចំពោះ​គ្រោះ​ថ្នាក់​នេះ ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​តាម ។ លោក ផាន បាន​មាន​ប្រសាសន៍​ថា « អ្នក​ជិតខាង​របស់​ខ្ញុំ​សប្បាយចិត្ត​ដែល​ខ្ញុំ​បាន​អភ័យទោស​ឲ្យ​គាត់ ។ គ្រួសារ​របស់​ខ្ញុំ​ក៏​កាន់តែ​សប្បាយចិត្ត​ដែរ » ។

លោក ផុន ផាន និង​គ្រួសារ​របស់​គាត់

សមាជិក​សាសនាចក្រ និង​អ្នក​ជិតខាង​ផ្សេង​ទៀត​បាន​រួម​ចំណែក​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​លោក ផាន និង​គ្រួសារ​របស់​គាត់​ងើប​ឡើង​វិញ ។ ទោះបី​ជា​គាត់ និង​គ្រួសារ​របស់​គាត់​មាន​ការ​លំបាក​ក៏​ដោយ ក៏​លោក ផាន បាន​ផ្តល់​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​អ្នក​ដទៃ​ផង​ដែរ ។ លោក ផាន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​ទទួល​អង្ករ​ច្រើន ហើយ​បាន​ចែកចាយ​ជាមួយ​អ្នក​ដទៃ ។ នៅពេល​ដែល​អ្នក​ដទៃ​បាន​សួរ​ថា​តើ​គាត់​អាច​បន្ត​ផ្តល់​ឲ្យ​យ៉ាង​ដូច​ម្ដេច​ក្នុង​អំឡុង​ពេល​កាលៈទេសៈ​ដ៏​លំបាក​បែប​នេះ លោក ផាន បាន​រំឭក​ពួកគេ​ពី​កម្លាំង​ដែល​យើង​រកឃើញ​ក្នុង​ការបម្រើ​អ្នក​ដទៃ ។ លោក ផាន មាន​ប្រសាសន៍​ថា ៖ « ពេល​ខ្ញុំ​បម្រើ​អ្នក​ដទៃ​ខ្ញុំ​បម្រើ​ព្រះអម្ចាស់ ។ ខ្ញុំ​ចង់​ថ្វាយ​ទ្រង់ ព្រោះ​ទ្រង់​ធ្វើ​អព្ភូតហេតុ​ជាច្រើន​ឲ្យ​កើតឡើង​ក្នុង​ជីវិត​ខ្ញុំ » ។

លោក ផាន និង​គ្រួសារ​របស់​គាត់​អាច​ធ្វើ​ផ្ទះ​ថ្មី​វិញ​បាន ។ លោក ផាន បាន​មាន​ប្រសាសន៍​ថា ៖ « យើង​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត​ជាង​ផ្ទះ​ដែល​បាន​ឆេះ​នោះ​ទៅ​ទៀត » ។