យុវវ័យ
ការបម្រើនៅរដូវក្តៅ
អ្នកនិពន្ធនេះរស់នៅក្នុងរដ្ឋ វីជីញ៉ា ស.រ.អា. ។
កាលពីរដូវក្តៅមួយ ខ្ញុំបានចំណាយពេលនៅក្រៅប្រទេស ធ្វើការជាមួយក្មេងៗដែលត្រូវការជំនួយពិសេសៗ ។ នៅពេលដំបូងដែលខ្ញុំជួបក្មេងៗទាំងនោះ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ។ ខ្ញុំអត់ចេះនិយាយភាសារបស់ពួកគេទេ ប៉ុន្តែខ្ញុំបានទុកចិត្តថាព្រះវិញ្ញាណ នឹងដឹកនាំខ្ញុំឲ្យទំនាក់ទំនងជាមួយពួកគេ ។ នៅពេលខ្ញុំបានស្គាល់ក្មេងម្នាក់ៗ នោះខ្ញុំបានដឹងថាភាសាមិនមែនជារបាំងនៃសេចក្តីស្រឡាញ់នោះទេ ។ ខ្ញុំបានលេង សើចសប្បាយ និង បានធ្វើការយ៉ាងប៉ិនប្រសប់ជាមួយក្មេងៗ ហើយមិនអាចទប់អារម្មណ៍ថា មិនស្រឡាញ់ពួកគេបានឡើយ ។ ខ្ញុំបាននឹកដល់ភ្លាមពីសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះកូនចៅរបស់ទ្រង់ ហើយដួងចិត្តរបស់ខ្ញុំបានពេញដោយសេចក្តីអំណរ ដែលពុំអាចពិពណ៌នាបានឡើយ ។
នៅពេលណាដែលខ្ញុំបម្រើដល់អ្នកដទៃ នោះខ្ញុំមិនគ្រាន់តែមានអារម្មណ៍ស្រឡាញ់អ្នកដែលខ្ញុំបម្រើតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ស្រឡាញ់ដល់ព្រះវរបិតាសួគ៌ផងដែរ ។ ខ្ញុំពិតជាបានដឹងថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះអ្នកតែប៉ុណ្ណោះ » (ម៉ូសាយ 2:17) ។ ទោះបីជាគម្រោងបម្រើធំៗ ឬ តាមរយៈសកម្មភាពសប្បុរសធម៌តូចតាចក្តី គោលបំណងនៃការបម្រើរបស់ខ្ញុំនោះ គឺត្រូវបានសរសើរតម្កើងដល់ព្រះ (សូមមើល ម៉ាថាយ 5:16) ។ ខ្ញុំសង្ឃឹមថា នៅពេលខ្ញុំបម្រើមនុស្សដទៃ នោះពួកគេនឹងដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ ហើយពន្លឺនៃព្រះគ្រីស្ទនឹងភ្លឺនៅក្នុងចិត្តខ្ញុំ ។