២០១៤
បម្រើ​ព្រះអម្ចាស់​ដោយ​សេចក្តី​ស្រឡាញ់
កុម្ភៈ 2014


សារលិខិត​គណៈប្រធាន​ទីមួយ ខែ កុម្ភៈ ឆ្នាំ 2014

បម្រើ​ព្រះអម្ចាស់​ដោយ​សេចក្តី​ស្រឡាញ់

ប្រធាន ថូម៉ាស អេស. ម៉នសុន

ព្រះអម្ចាស់​យេស៊ូវ​បាន​បង្រៀន​ថា « ត្បិត​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិតដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ »(លូកា 9:24) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះ កំពុង​តែ​ប្រាប់​យើង​ថា លើកលែង​តែ​យើង​លះបង់​ខ្លួន​យើង ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ នោះ​ទើប​ជីវិត​របស់​យើង​ផ្ទាល់​នឹង​មាន​នូវ​គោលបំណង​បន្តិចបន្តួច​វិញ ។ អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​សម្រាប់​តែ​ខ្លួនឯង យូរៗ​ទៅ​នឹង​ហួតហែង ហើយ​មាន​និមិត្តរូប​ជា ការបាត់​ជីវិត​របស់​ខ្លួន ស្រប​ពេល​ដែល​មនុស្ស​ដែល​បំភ្លេច​ខ្លួន​ពួកគេ ដើម្បី​បម្រើ​អ្នក​ដទៃ នឹង​រីក​ចម្រើន ហើយ​លូតលាស់—និងជាប្រយោជន៏សម្រាប់សង្គ្រោះ ​ជីវិត​របស់​ពួកគេ​វិញ ។1

នៅ​ក្នុង​ការ​ដកស្រង់​ខាង​ក្រោម​នេះ​ពី​ការបម្រើ​របស់​ប្រធាន ម៉នសុន នោះ​លោក​បាន​រំឭក​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ថា ពួកគេគឺ​ជា​ព្រះហស្ត​របស់​ព្រះអម្ចាស់ ហើយ​ថាពរជ័យ​ទាំងឡាយ​នៃ​ភាព​អស់​កល្បជានិច្ច កំពុង​រង់ចាំ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ស្មោះ​ត្រង់​បម្រើ​មនុស្ស​ដទៃ ។

ការបម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

« ការបម្រើ​ដ៏អស្ចារ្យ​ត្រូវ​បាន​ផ្តល់​ឲ្យ នៅ​ពេល​យើង​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស​អ្នក​ទាំងឡាយ​ណា ដែល​លាចាកចោល​លោក​ទៅ ។ នៅ​ក្នុង​ករណី​ជា​ច្រើន​យើង​មិន​បាន​ស្គាល់អ្នក​ដែល​យើង​បាន​ធ្វើ​កិច្ចការ​ឲ្យ​នោះទេ ។ យើង​មិន​រំពឹង​ចង់​បាន​ការ​អរគុណ​នោះ​ទេ ទាំង​ពុំ​បាន​ធានា​ថា​ពួកគេ​នឹង​ទទួល​យក​អ្វីដែល​បាន​ផ្តល់ឲ្យ​ពួកគេ​នោះទេ ។ យ៉ាង​ណា​ក៏ដោយ យើង​បម្រើ ហើយ​នៅ​ក្នុង​ដំណើរ​ការ​នោះ យើង​ទទួល​បាន​អ្វី​ដែល​យើង​មិន​អាច​ទទួល​បាន​តាម​វិធី​ណា​ផ្សេង​បាន​ទៀត​ទេ ៖ យើង​ប្រែក្លាយ​ជា​អ្នក​សង្គ្រោះ​លើ​ភ្នំ​ស៊ីយ៉ូន​​ពិត​ប្រាកដ ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ថ្វាយ​ជីវិត​របស់​ទ្រង់ ជា​ការ​ពលិកម្ម​ជំនួស​យើង ដូច្នេះ​យើង​ត្រូវ​ធ្វើ​ដូចគ្នា ជា​កិច្ចការ​តូច​មួយ នៅពេល​ដែល​យើង​ធ្វើ​កិច្ចការ​ជំនួស​អ្នក​ស្លាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​អ្នក​ទាំង​ឡាយ​គ្មាន​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ​ លើកលែង​តែ​មាន​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ជំនួស​ពួកគេ តាមរយៈ​យើង​នៅ​លើ​ផែន​ដី​នេះ​តែ​ប៉ុណ្ណោះ » ។2

យើង​គឺ​ជា​ព្រះហស្ត​របស់​ព្រះអម្ចាស់

« បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ យើង​រស់​នៅជុំវិញ​មនុស្ស​ដែល​ត្រូវ​ការ​ការ​យកចិត្ត​ទុក​ដាក់ ការលើក​ទឹកចិត្ត ការ​គាំទ្រ ការ​លួង​លោម និងសេចក្តី​សប្បុរស​ពី​យើង—ពួកគេ​អាច​ជា សមាជិក​នៃគ្រួសារ មិត្តភក្តិ អ្នកស្គាល់មុខ ឬជន​ប្លែក​មុខ​ផ្សេងៗទៀត ។ យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ដោយ​មាន​បញ្ជា​ឲ្យ​បម្រើ និង ជួយ​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ពឹង​លើ​យើង​ម្នាក់ៗ » ។ …

« ការបម្រើ​នោះ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ហៅ​គឺ​ជា ការបម្រើ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។3

ការបម្រើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ

នៅ​ក្នុង​ពិភព​លោក​ថ្មី ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​ប្រកាស​ថា « អ្នក​រាល់​គ្នា​ស្គាល់​ការណ៍​ទំាងឡាយ​ដែល​អ្នករាល់​គ្នា​ត្រូវ​ធ្វើ​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ត្បិត​កិច្ចការ​ទំាងឡាយ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា​នោះ អ្នក​រាល់គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ ត្បិត​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាងណា​នោះ អ្នក​ត្រូវ​ធ្វើ​តាម​យ៉ាង​នោះ​ដែរ » [នីហ្វៃទី 3 27:21] ។

« យើង​ប្រទាន​ពរ ដល់​អ្នក​ដទៃ​នៅពេល​ដែល​យើង​បម្រើ​តាម​គំរូ​របស់ « ព្រះយេស៊ូវ​ពី​ស្រុក​ណាសារ៉ែត…ដែល​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » [ កិច្ចការ 10:38] ។ ព្រះ​ប្រទាន​ពរ​ដល់​ពួក​យើង ឲ្យ​ស្វែង​រក​សេចក្តី​អំណរ​ក្នុង​ការបម្រើ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​ នៅ​ពេល​យើង​បម្រើ​កូន​ចៅ​របស់​ទ្រង់​នៅ​លើ​ផែនដី » ។4

តម្រូវការ​ដើម្បី​បម្រើ

« យើង​ត្រូវ​ទទួល​បាន​ឱកាស​មួយ​ដើម្បី​បម្រើ ។ សម្រាប់​សមាជិក​ទាំងឡាយ ដែល​មិន​សកម្ម ឬ ដែល​ស្ទាក់ស្ទើរ​នឹង​សកម្ម យើង​អាច​ស្វែងរក​ដោយ​ការអធិស្ឋាន​នូវ​វិធីសាស្រ្ត​ដើម្បីជួយ​ពួកគេ​នោះ ។ ការសុំ​ពួកគេ​ឲ្យ​បម្រើ តាម​សមត្ថភាព​ខ្លះ​អាច​ជា​ការលើក​ទឹកចិត្ត​ដ៏​ត្រឹមត្រូវ ដែល​ពួកគេ​ត្រូវការ​ដើម្បី​ត្រឡប់​មក​សកម្មភាព​ពេញលេញ​វិញ ។ ប៉ុន្ដែ​អ្នកដឹកនាំ​ទាំងឡាយ ដែល​អាច​ជួយ​ដោយ​ហៅ​ពួកគេ​ឲ្យ​បម្រើ ពេល​ខ្លះ​គាត់​មាន​ការស្ទាក់ស្ទើរ​ដើម្បី​ធ្វើការ​នោះទៅ​វិញ ។ យើង​ត្រូវ​ចាំ​ថា មនុស្ស​អាច​ផ្លាស់ប្ដូរ ។ ពួកគេ​អាច​ទុក​ចោល​នូវ​ទម្លាប់​អាក្រក់​នោះ​បាន ។ ពួកគេ​អាច​ប្រែចិត្ត​ពី​ការរំលង​នោះ​បាន ។ ពួកគេ​អាច​កាន់​បព្វជិតភាព​ដោយ​សក្ដិសម​បាន ។ ហើយ​ពួកគេ​អាច​បម្រើ​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​បាន » ។5

តើ​យើង​កំពុង​ធ្វើ​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ​ឬ​ទេ ?

« ពិភព​លោក​គឺ​ត្រូវ​ការជំនួយ​របស់​យើង ។ តើ​យើង​កំពុង​ធ្វើ​​អ្វី​ដែល​យើង​គួរ​ធ្វើ​ឬ​ទេ ? តើ​យើង​ចងចាំ​ប្រសាសន៍​របស់​ប្រធាន យ៉ូហាន ថេលើរ ថា ៖ « បើ​អ្នក​ពុំ​តម្កើង​ការហៅ​របស់​អ្នក​ទេ នោះ​ព្រះ​នឹង​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​អាច​នឹង​បាន​សង្គ្រោះ​ពួកគេ បើ​អ្នក​បាន​ធ្វើ​កាតព្វកិច្ច​របស់​អ្នក​នោះ ? » [ Teachings of Presidents of the Church: John Taylor ( ឆ្នាំ 2001 ) ទំព័រ 164 ] ។ មាន​ជើង​ដែល​ត្រូវ​ទប់ឲ្យ​ឈរនឹង ដៃ​ដែលត្រូវ​ឈោង​ជួយ ដួងចិត្ត​ដែល​ត្រូវ​លើក​ទឹកចិត្ត គំនិត​ដែលត្រូវ​បំផុស និង ព្រលឹង​ដែលត្រូវ​សង្គ្រោះ ។ ពរជ័យ​ទាំងឡាយ​នៃ​ភាព​អស់កល្ប​ជានិច្ច​កំពុង​រង់ចាំ​អ្នក ។ ឯកសិទ្ធិ​របស់​អ្នក​គឺ ពុំ​ត្រូវ​ធ្វើ​ជា​អ្នក​ស្ដាប់​ទេ ប៉ុន្តែ​ធ្វើ​ជា​អ្នក​ចូល​រួម​នៅ​លើ​វេទិការ​នៃ…​ការបម្រើ » ។6

កំណត់​ចំណាំ

  1. « តើ​នៅ​ថ្ងៃនេះ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​មនុស្ស​ម្នាក់ ? » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 85 ។

  2. « Until We Meet Again » លីអាហូណា ខែ ឧសភា ឆ្នាំ 2009 ទំព័រ 113–14 ។

  3. « តើ​នៅ​ថ្ងៃនេះ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​មនុស្ស​ម្នាក់ ? » ទំព័រ 86, 87 ។

  4. « The Savior’s Call to Serve » លីអាហូណា ខែ សីហា ឆ្នាំ 2012 ទំព័រ 5 ។

  5. « មើល​អ្នក​ដទៃ ដូច​ដែល​ពួកគេ​អាច​ប្រែ​ក្លាយ »លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 68 ។

  6. « ឆន្ទៈ និង សក្តិសម​ដើម្បី​បម្រើ » លីអាហូណា ខែ ឧសភា ឆ្នាំ 2012 ទំព័រ 69 ។

  7. Teaching, No Greater Call: A Resource Guide for Gospel Teaching ( ឆ្នាំ 1999 ) ទំព័រ 12

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

« បើសិន​អ្នក​មាន​ក្តី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ នោះ​អ្នក​នឹងត្រូវ​បានរៀប​ចំ​ខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​បង្រៀន​ដំណឹង​ល្អ ។ អ្នក​នឹង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ជួយ​មនុស្ស​ដទៃ​ទៀត​ដើម្បី​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​តាម​ទ្រង់ » ។7សូម​ពិចារណា​ដោយ​អធិស្ឋាន ដើម្បី​បង្កើន​សេចក្តី​សប្បុរស​ដល់​អ្នក​ដែល​អ្នក​ទៅ​សួរសុខ​ទុក្ខ ។ នៅពេល​អ្នក​អភិវឌ្ឍ​សេចក្តី​ស្រឡាញ់​សម្រាប់​ពួកគេឲ្យ​ដូច​ព្រះគ្រីស្ទ នោះ​ការបម្រើ​របស់​អ្នក​កាន់​តែ​មាន​ន័យ​ដល់ ​ព្រះអម្ចាស់ និង អ្នក​ដែល​អ្នក​បង្រៀន ។