ឆ្នាំ ២០២១
តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?
ខែ កុម្ភៈ ឆ្នាំ ២០២១


« តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ? » ទស្សនាវដ្តីដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ២៩ ។

ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវវ័យ សារលិខិត​ប្រចាំ​ខែ កុម្ភៈ ឆ្នាំ ២០២១

តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង « ឲ្យ​គិត​កាន់​តែជ្រៅ ហើយ​ជាញឹក​ញាប់ » អំពី​របៀប​ដែល​យើង​ស្តាប់ ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី « ឲ្យ​ឈាន​ជំហាន​ដើម្បី​ស្ដាប់​តាម​ទ្រង់​កាន់​តែ​ប្រសើរ​ឡើង និង​ញឹកញាប់​ឡើង » ( « ‹ តើ​អ្នក #ស្តាប់​ទ្រង់ យ៉ាង​ដូចម្តេច ? › ការ​អញ្ជើញ​ដ៏​ពិសេស​មួយ » នា​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ blog.ChurchofJesusChrist.org ) ។

យើង​អាច​ស្តាប់​ទ្រង់ តាម​រយៈ​ព្រះគម្ពីរ និង​សម្ដី​របស់​ពួក​ព្យាការី​នៅរស់ ។ ប៉ុន្តែ វា​មិនមែន​គ្រាន់តែ​ការស្តាប់ ឬ ការអាន​សម្តី​ទាំងនោះ​ដែល​ជា​គន្លឹះ​នោះ​ទេ ។ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​ពន្យល់ ៖

« ជា​សំឡេង​របស់​យើង​នេះ​ហើយ ដែល​មាន​បន្ទូល​[ ពាក្យ​សម្តី​ទាំងនេះ ] មក​កាន់​អ្នក ត្បិត​ព្រះ​បន្ទូល​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​យើង … 

« ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ធ្វើ​ទី​បន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង » ។ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:៣៥–៣៦ ) ។

លើសពី​នោះ​ទៅទៀត ការស្វែងរក​ដើម្បី​ស្តាប់​ទ្រង់ មិនមែន​ជា​អ្វី​មួយ​ដែល​យើង​ធ្វើ​នៅ​ពេល​ខ្លះ​នោះ​ទេ ។ ប្រធាន ណិលសុន បាន​មានប្រសាសន៍​ថា « វា​ត្រូវ​ការការខិតខំ​ដោយ​សកម្ម និង​ប្រកាន់​ខ្ជាប់​ » ( « ស្តាប់​ទ្រង់ » ខែ មេសា ឆ្នាំ ២០២០ សន្និសីទ​ទូទៅ [ EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ] ) ។

កាលណា​អ្នក​សិក្សា អធិស្ឋាន ថ្វាយបង្គំ បម្រើ និង​ប្រតិបត្តិតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​អ្នក​នូវ​ព្រះវិញ្ញាណ​របស់​ទ្រង់ ហើយ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់នឹង​ផ្លាស់ប្តូរ​អ្នក ។ បន្ទាប់មក អ្នក​អាច​ដឹង​ថា​អ្នក​បាន​ស្តាប់​សំឡេង​របស់​ទ្រង់ ។