ឆ្នាំ ២០២១
ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
ខែ កុម្ភៈ ឆ្នាំ ២០២១


ទំព័រក្នុងស្រុក

ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

« ពរជ័យ​នៃការ​បម្រើ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រឹមតែ​មាន​ចំពោះ​អ្នក​ដែលត្រូវ​បាន​បម្រើ​នោះទេ​ប៉ុន្តែ​ក៏មាន​ដល់​អ្នកបម្រើ​ដែល​ដាក់​ដួងចិត្ត​ គំនិត និង​កម្លាំង​ទៅ​ក្នុង​ការងារនោះ​ផងដែរ » ។ — ​អែលឌើរ​ស៊ូបេនធូរ៉ូ

​ខ្ញុំ​បាន​ទទួល​បទពិសោធន៏​នៃ​ពរជ័យ​ពី​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​លើកដំបូងនៅពេល​ដែល​ខ្ញុំ​ត្រូវបាន​បង្រៀន​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅក្នុង​វ័យ​ជំទង់​របស់ខ្ញុំ​ហើយ​បន្ទាប់​មក​ក៏បាន​ធ្វើការ​សម្រេចចិត្ត​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ។ ខ្ញុំ​តែងតែ​កោត​សរសើរ​ចំពោះ​ភាពស្មោះត្រង់​របស់អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនេះ ហើយ​ខ្ញុំមាន​អំណរគុណ​ដែល​សូម្បីតែ​សព្វថ្ងៃ​នេះ​យើង​នៅតែ​រក្សា​មិត្តភាព​ដ៏​យូរអង្វែង​ផងដែរ ។ ពរជ័យ​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​បាន​កើនឡើង​នៅពេល​ដែល​ឪពុកម្តាយ​របស់ខ្ញុំ​ក្រោយមក​បាន​ផ្លាស់ប្តូរ​ជឿលើ​ដំណឹងល្អ​ដោយសារ​មានការ​ខិតខំ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើននាក់ និង​ប្រធាន​បេសកកម្ម​របស់​ពួកគេ ។ ដោយសារ​តែកិច្ច​ការ​ផ្សព្វផ្សាយ​សាសនា ​គ្រួសារ​របស់​យើង​បាន​រីកចម្រើន​ឡើង​ហើយត្រូវ​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយមាន​សេចក្តី​សង្ឃឹម​ដ៏ល្អ​ឥតខ្ចោះ​ថា​គ្រួសារ​របស់យើង​នឹងនៅ​ជាមួយគ្នា​ជារៀង​រហូត ។

ជាការ​ឆ្លើយតប​ទៅនឹង​បទបញ្ញត្ដិ​របស់​ព្រះអម្ចាស់​ « … ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ​ដល់ ។ មនុស្ស​លោក​ទាំង​អស់​ចុះ »1 ​សាសនាចក្រ​បាន​រៀបចំ និង​បាន​ហៅ​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើននាក់​ដែល​ចំណាយពេល ១៨–២៤ ខែ​នៃ​ជីវិត​របស់​ពួកគេ​ដើម្បី​អញ្ជើញ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ឲ្យ​រៀន​អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែលបាន​ស្តារឡើងវិញ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា ​« …​ គឺជា​ទង្វើ​ស្ម័គ្រចិត្ត​បម្រើ​ដល់​ព្រះ និង​មនុស្សជាតិ » ។2 ​ត្រូវបាន​ពិពណ៌នា​ថា​ « ជា ការងារ ដ៏អស្ចារ្យ បំផុត​នៅក្នុង​ចំណោម​ការងារ​ទាំងឡាយ នៅក្នុង ពិភពលោក »​3 ​« ដែល យើង ចូលរួម ចំណែក​នៅក្នុង​ការជួយ​សង្គ្រោះ និង​លើកស្ទួយ​ព្រលឹង​របស់​កូនចៅ​មនុស្ស » ។4 ពរជ័យ​នៃការ​បម្រើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រឹមតែ​មាន​ចំពោះ​អ្នក​ដែលត្រូវ​បាន​បម្រើ​នោះទេ​ប៉ុន្តែ​ក៏មាន​ដល់​អស់អ្នក​បម្រើ​ដែល​ដាក់​ដួងចិត្ត ​គំនិត និង​កម្លាំង​ទៅ​ក្នុង​ការងារ​នោះ​ផងដែរ » ។ ព្រះអម្ចាស់​មិន​ប្រទាន​បទបញ្ញត្តិ​ណាមួយ​របស់ទ្រង់​ដោយ​មិនបាន​រៀបចំ​ផ្លូវ​សម្រាប់​យើង​ដើម្បី​សម្រេច​កិច្ចការ​នីមួយៗដែល​ទ្រង់​បញ្ជាឡើយ​5 ទ្រង់​ក៏សន្យា​ផងដែរ​នូវ​ពរជ័យ​សម្រាប់​អ្នកដែល​ធ្វើដូច​តាម​បញ្ជា​ទាំងនោះ ។​6

ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​មិនមែន​ជាការងារ​ងាយស្រួល​នោះទេ ។ ក៏ប៉ុន្តែ​ដូចជា​គោលដៅ​ជីវិត​ដ៏មាន​តម្លៃ​ទាំងអស់​ដែល​យើង​សម្រេច​បាន​ផងដែរ​ ដូចជា​ការសិក្សា​ពាណិជ្ជកម្ម​ ការមានគ្រួសារ ឬ​ការទទួល​សញ្ញាបត្រ​មហាវិទ្យាល័យ​ទាំង​ដំណើរការ និង​ការបញ្ចប់​របស់វា​នាំអោយ​យើងមាន​ក្តីអំណរ និង​អារម្មណ៍​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធិផល​ទាំងនោះ ។ ទោះបី​ជាវា​ជា​ការបម្រើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដូចគ្នា​ក៏ដោយ​គោលដៅ​របស់យើង​ដើម្បី​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ក៏នាំ​មកនូវ​រង្វាន់​ខាងវិញ្ញាណ​ដ៏អស្ចារ្យ​ដល់យើង​ផងដែរ ។

នេះ​គឺជា​ពរជ័យ​មួយ​ចំនួន​នៃការ​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ដែលបាន​ចែកចាយ​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មកវិញ ៖

មាន​ពរ​ដោយបាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ

« ត្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះ​ដូចម្តេច … ? »7 ។ « … គ្មាន​នរណា​ម្នាក់​នឹង​យល់ច្បាស់​ពី​កិច្ចការ​របស់​ព្រះអង្គសង្រ្គោះ​រហូតទាល់​តែ​គាត់​បាន​វិនិយោគ​នៅក្នុងការ​ស្រោចស្រង់​នៃ​ព្រលឹង​វិញ្ញាណ​ពីព្រោះ​នោះជា​តួនាទី​របស់​ព្រះអង្គសង្រ្គោះ »8 នៅពេល​យើង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​អ្នកតំណាង​របស់​ព្រះគ្រីស្ទ​ដើម្បី​ដើរតាម​គន្លង​របស់​ទ្រង់ និង​ធ្វើ​ត្រាប់តាម​សេចក្តីសប្បុរស​របស់​ទ្រង់​នោះ​យើងត្រូវ​បាន​ប្រទានពរ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះ​មនុស្សលោក ។ យើង​មើល​ឃើញ​ដោយ​ខ្លួន​យើង​ពីរបៀប​ដែល​ព្រះគ្រីស្ទ​កំពុងតែ​ឈោង​ព្រះហស្ត​របស់​ទ្រង់​ដើម្បី​ជួយ និង​លួងលោម​ដល់អ្នក​ដែល​មាន​បន្ទុកជាពិសេស​ការតស៊ូ និង​ឧបសគ្គ​ផ្សេងៗគ្នា​ ។ យើង និង​អស់អ្នក​ទាំងឡាយ​ដែល​យើង​បង្រៀន​ផ្លាស់ប្តូរ​នៅពេល​យើង​ខិត​ទៅជិត​ទ្រង់​ដោយ​វិញ្ញាណ និង​សេចក្តី​ស្រឡាញ់ និង​ដោយ​មានអារម្មណ៏​នៃ​សន្តិភាព​ដែល​ព្រះគ្រីស្ទ​បានសន្យា​នឹងពួក​សិស្ស​របស់ទ្រង់ ។

មាន​ពរ​ដោយ​បាន​ស្គាល់​ព្រះគម្ពីរ

« មែនហើយ​បេសកកម្ម​គឺជា​សាលា​នៃ​ការរៀន​ដំណឹងល្អ​នឹង​ក៏ជា​សាលា​សម្រាប់​ព្យាការី​ផងដែរ » ។9 នៅក្នុង​ព្រះគម្ពីរ​យើង​បាន​អាន​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​កើតឡើង​តាំងពី​កំណើត​លោកីយ​ដូច​ដែល​បាន​កត់ត្រា​ដោយ​ព្យាការី​នៃព្រះ ។ យើង​ក៏រក​ឃើញ​ការណែនាំ និង​ការសន្យា​ទៅដល់​អស់អ្នក​ដែលត្រូវ​បាន​ហៅឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ និង​ចំពោះ​មនុស្ស​ស្មោះត្រង់​ទាំងអស់ ។ ការសិក្សា​ព្រះគម្ពីរ​ដោយ​គិត​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជួយ​យើង​ឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ និង​ពី​វិធី​អនុវត្ត​ការបង្រៀន​នោះ​នៅក្នុង​ជីវិត​របស់យើង​ផ្ទាល់ និង​នៅ​ខណៈពេល​បម្រើ និង​បង្រៀន​ដល់​អ្នកដទៃ ។

មាន​ពរ​ជាមួយ​សេចក្តីអំណរ​នៃ​ការបាន​ឃើញ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្លាស់ប្តូរ​ជីវិត

ការផ្សព្វផ្សាយ​ដំណឹងល្អ​មាន​ប្រសិទ្ធ​ភាព​ទៅលើ​គំនិត​របស់​មនុស្ស​ដែល​ឮវា ​ដើម្បី​ដឹកនាំ​ពួកគេ​អោយ​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ជាងអ្វី​ផ្សេងទៀត ។10 មាន​សេចក្តីអំណរ​ដ៏​បរិសុទ្ធ​នៅពេល​ឃើញ​មនុស្ស​ធ្វើការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​នៅពេល​ពួកគេ​រៀនពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពី​ព្រះគម្ពីរ​មរមន​ហើយ​អនុវត្ត​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ នៅពេល​យើង​ខិតខំ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅក្នុង​ដំណឹងល្អ​ជាមួយគ្នា​យើង​ក៏បង្កើត​មិត្តភាព​ដ៏អស់កល្ប​ជាមួយ​ដៃគូ និង​អ្នករៀន​របស់​យើង​ផងដែរ ។

ទទួល​បានពរ​ដោយ​មាន ភាពជា​ដៃគូរ​ដ៏​ស្ថិតស្ថេរ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ

ព្រះគ្រីស្ទ​បាន​សន្យា​ដល់​សាវក​របស់​ទ្រង់​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ដឹកនាំ​គាំទ្រ​និង​ពង្រឹង​ពួកគេ​នៅក្នុង​កិច្ចការ ។ នៅពេល​ដែល​យើង​ព្យាយាម​ធ្វើឲ្យ​មាន​ភាពសក្ដិសម​នៃ​ភាពជា​ដៃគូ​ដ៏​ស្ថិតស្ថេរ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​មិន​ត្រឹមតែ​ដឹកនាំ​ការងារ​របស់​យើង​ប៉ុណ្ណោះទេ​ប៉ុន្តែ​វាក៏​នឹងជួយ​យើងឲ្យ​ឃើញ​ពី​ភាព​ទន់ខ្សោយ​របស់យើង​ផងដែរ ។ ហើយ​ប្រសិនបើ​យើង​មាន​ឆន្ទៈ​ដើម្បី​បន្ទាប​ខ្លួន​នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹងជួយ​យើងឲ្យ​ធ្វើការ​ឆ្លងកាត់​នូវ​ភាពខ្វះខាត​របស់យើង​ដោយ​បង្វែរ​ពួកវា​ទៅជា​ភាពខ្លាំង​វិញ ។

ទទួល​ពរ​ជាមួយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

លើសពី​ពរជ័យ​ទាំងអស់​នេះ​ អ្វី​ដែលនាំ​មក​នូវ​សេចក្តីសុខសាន្ត និង​ការលួងលោម​ចិត្ត​ដល់​ព្រលឹង​របស់​យើង​នោះ​គឺជា​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ៖ រួមមាន​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ការប្រែចិត្ត​ការទទួល​បុណ្យ​ជ្រមុជទឹក​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។ នៅពេល​យើង​បម្រើ​ព្រះអង្គសង្គ្រោះយើង​ធ្វើជា​សាក្សី​ផ្ទាល់​ពីរបៀប ដែល​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​លាង​សម្អាត​យើង​ពី​អំពើ​បាប​របស់​យើង​ហើយ​ប្រទានពរ​ដល់យើង​នូវ​កម្លាំង​ដើម្បី​ធ្វើអ្វី​ដែល​យើង​មិនអាច​ធ្វើបាន​ដោយ​ខ្លួនយើង​ផ្ទាល់ ។ អែលឌើរ​បែដណា​បង្រៀនថា​ព្រះគ្រីស្ទ​បាន​ទទួល​បន្ទុក​ខាងរូបកាយ​ ខាងវិញ្ញាណ ខាង​សតិអារម្មណ៍ និង​ខាង​ផ្លូវចិត្ត​របស់​យើង ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​យើង​អាច​ត្រូវ​បាន​សម្អាត​ហើយ​អាច​ទទួល​បាន​ជំនួយ និង​អំណាច​ដែល​អាច​ពង្រីក​នូវ​សមត្ថភាព​របស់យើង​ដើម្បី​ធ្វើល្អ និង​ស៊ូទ្រាំ​ការសាកល្បង​នៅក្នុង​ជីវិត ។11 រាល់ពេល​ដែល​យើង​រស់នៅ​ បង្រៀន និង​ថ្លែងទី​បន្ទាល់​ពី​ដំណឹងល្អ​នោះ​ព្រះវិញ្ញាណ​ថ្លែងទីបន្ទាល់ នូវ​សេចក្តី​ពិត និង​ធ្វើឲ្យ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​ព្រលឹង​របស់យើង ។

« ប្រធាន​ឃឹមបឹល​បាន​ហៅការ​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ថាជា​ដំណើរ​ផ្សងព្រេង​ដ៏​ខ្ពង់ខ្ពស់ ។ គាត់​បាន​ធ្វើ​ដូច្នេះ​ពីព្រោះ​ការងារ​នេះ​មាន​ភាពរំជើបរំជួល និង​រំភើប » ។12 រៀបចំ​នៅពេល​ឥឡូវនេះ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​សូមអញ្ជើញ​អ្នក​ឱ្យ​ចូលរួម​នៅក្នុង​ការផ្សងព្រេង​ដោយ​ទទួល​យក​ការហៅ​បម្រើ ។ នៅពេល​អ្នក​ឆ្ពោះ​ទៅមុខ​ដោយ​ជំនឿ​ ព្រះអម្ចាស់​នឹងដឹកនាំ​អ្នក​ហើយ​ប្រទានពរ​អ្នកឲ្យ​ក្លាយជា​អ្នកតំណាង​ដ៏​សក្ដិសម និង​ទទួល​បាន​សិទ្ធិអំណាច​ពី​ព្រះគ្រីស្ទ ។

អែលឌើរ​ដាវីឌ​អេហ្វ​អេវិន​បាន​ប្រកាសថា​ « វា​គឺជា​សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំថា​ព្រះអម្ចាស់​ចង់ឲ្យបុត្រានិងបុត្រី​ជាច្រើន​របស់​ទ្រង់​បម្រើ​បេសកកម្ម ។ សូម​មក​ចូលរួម​ជាមួយ​យើង​នៅក្នុង​ការបម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា » ។13

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាម៉ែន ។

ឯកសារយោង

  1. ព្រះគម្ពីរប៊ីប ​ម៉ាកុស ​១៦:១៥ ។

  2. រ័សុល អិម ណិលសុន​ « សូម​សួរ​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! », ​សន្និសីទ​ទូទៅ​ ខែ​ តុលា ​ឆ្នាំ​ ២០១២ ។

  3. ហែប៊ើ​ជេ​ក្រាន​របាយការណ៏​សន្និសីទ ​ខែ ​តុលា​ ឆ្នាំ​ ១៩២១​ ទំព័រ​៥ ។

  4. អ៊ីហ្សរ៉ាតាហ្វប៊ែនសឹន របាយការណ៏សន្និសីទ ខែ មេសា ឆ្នាំ ១៩៥៣ ទំព័រ៣៩ ។

  5. ព្រះគម្ពីរ​មរមន​ នីហ្វៃទី១​ ៣:៧ ។

  6. ព្រះគម្ពីរ​មរមន​ ម៉ូសាយ ២:២៣–២៤ ។

  7. ព្រះគម្ពីរ​មរមន ​ម៉ូសាយ ​៥:១៣ ។

  8. ខាឡូស​អ៊ី​អាសាយ ​« The Blessings of Sharing the Gospel », ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ ​១៩៨៤,​ Ensign ​ខែ ​តុលា ​ឆ្នាំ​ ១៩៨៥ ។

  9. ខាឡូស​អ៊ី​អាសាយ​ « The Blessings of Sharing the Gospel », ថ្ងៃ​ទី​២០​ខែ​កញ្ញា​ ឆ្នាំ​ ១៩៨៤, Ensign ខែ តុលា ឆ្នាំ ១៩៨៥ ។

  10. ព្រះគម្ពីរ​មរមន ​អាល់ម៉ា ​៣១:៥ ។

  11. ដាវីឌ អេ បែដណា​ « The Enabling Power of the Atonement » Ensign ខែ មីនា ឆ្នាំ ២០១៣ ។

  12. ខាឡូស​អ៊ី​អាសាយ​ « The Blessings of Sharing the Gospel » ថ្ងៃ ទី ២០ ខែ កញ្ញា ឆ្នាំ ១៩៨៤, Ensign ខែ តុលា ឆ្នាំ ១៩៨៥ ។

  13. ដាវីឌ​អេហ្វ​អេវិន​ « The Blessings of Missionary Service » ​សារ​អ្នក​ដឹកនាំ​តំបន់​អាស៊ី​ ខែ ​កុម្ភៈ ឆ្នាំ ​២០២០ ។