« ព្រះបានមានព្រះបន្ទូលប្រាប់យើងឲ្យទទួលបុណ្យជ្រមុជទឹក » លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២១
សារលិខិត លីអាហូណា ប្រចាំខែកុម្ភៈ ឆ្នាំ២០២១
ព្រះបានមានព្រះបន្ទូលប្រាប់យើងឲ្យទទួលបុណ្យជ្រមុជទឹក
ព្រះយេស៊ូវគ្រីស្ទ បានធ្វើជាគំរូចំពោះការទទួលពិធីបុណ្យជ្រមុជទឹកដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចរបស់ព្រះ ។
ខណៈដែលយើងពុំមានព័ត៌មានលម្អិតច្រើនអំពីជីវប្រវត្តិផ្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ ក្តី ក៏យើងដឹងដែរថា ទ្រង់បានជ្រមុជទឹកពេលទ្រង់មានព្រះជន្មប្រមាណជា ៣០ ព្រះវស្សា ( សូមមើល លូកា ៣:២៣ ) ។ នេះគឺជាអ្វីមួយចំនួនដែលយើងរៀនអំពីពិធីបុណ្យជ្រមុជទឹកតាមរយៈគំរូរបស់ទ្រង់ ។
សម្រាប់មនុស្សគ្រប់គ្នា
ប្រសិនបើយើងមានវ័យគ្រប់គ្រាន់ ហើយចាស់ទុំគ្រប់គ្រាន់ដើម្បីប្រាប់ពីភាពខុសគ្នារវាងខុស និងត្រូវ នោះព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:៤២ ) ។ ព្រះយេស៊ូវ គឺជាអង្គដ៏ល្អឥតខ្ចោះ ប៉ុន្តែទ្រង់នៅតែជ្រើសរើសដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ដើម្បីធ្វើតាមបទបញ្ញត្តិរបស់ព្រះ ( សូមមើល ម៉ាថាយ ៣:១៣–១៧; នីហ្វៃទី ២ ៣១:៧ ) ។ ទោះជាមនុស្សដែលបានស្លាប់ទៅក្ដី ក៏អាចទទួលយកពិធីបុណ្យជ្រមុជទឹកបានដែរ ។ យើងធ្វើពិធីនេះជូនពួកគាត់តាមរយៈការទទួលបុណ្យជ្រមុជទឹកជំនួសពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥–១៨ ) ។
ធ្វើឡើងដោយសិទ្ធិអំណាច
ព្រះយេស៊ូវ ពុំបានទទួលបុណ្យជ្រមុជទឹកពីនរណាក៏បាននោះទេ ។ ទ្រង់បានយាងទៅរកបងប្អូនជីដូនមួយរបស់ទ្រង់ឈ្មោះ យ៉ូហាន ដែលមានសិទ្ធិអំណាចបព្វជិតភាពមកពីព្រះ ។ បន្ទាប់ពីព្រះយេស៊ូវ បានសុគត ហើយពួកសិស្សរបស់ទ្រង់ត្រូវបានគេសម្លាប់ នោះ សិទ្ធិអំណាចបព្វជិតភាពត្រូវបានបាត់បង់ពីផែនដី ។ បន្ទាប់មក នៅឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បានបង្ហាញខ្លួនដល់ យ៉ូសែប ស៊្មីធ និងបានប្រគល់សិទ្ធិអំណាចដល់លោកដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកនៅក្នុងព្រះនាមរបស់ព្រះ ។ ដោយសារតែការស្ដារឡើងវិញនោះហើយ ទើបយើងអាចធ្វើពិធីបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចដូចគ្នានៅសព្វថ្ងៃនេះ ។
ការសន្យាដែលមានទៅវិញទៅមក
ពិធីបុណ្យជ្រមុជទឹក មានរួមបញ្ចូលនូវការសន្យា ឬ សេចក្ដីសញ្ញា ដែលមានទៅវិញទៅមក រវាងយើង និងព្រះ ។ យើងសន្យា ៖
-
ដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះគ្រីស្ទ ។
-
ដើម្បីចងចាំទ្រង់ជានិច្ច ។
-
ដើម្បីគោរពបទបញ្ញត្តិរបស់ទ្រង់ ។
ជាការផ្តល់ឲ្យមកវិញ ព្រះសន្យាថា ព្រះវិញ្ញាណរបស់ទ្រង់នឹងគង់នៅជាមួយនឹងពួកយើងជានិច្ច ។ ពាក្យអធិស្ឋានពិធីសាក្រាម៉ង់រំឭកយើងអំពីសេចក្ដីសញ្ញានេះរៀងរាល់សប្ដាហ៍ ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។
ការទទួលព្រះវិញ្ញាណបរិសុទ្ធគឺជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យជ្រមុជទឹក ។
បន្ទាប់ពីព្រះយេស៊ូវ បានជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញព្រះកាយក្នុងទម្រង់ជាសត្វព្រាប ( សូមមើល នីហ្វៃទី ២ ៣១:៨ ) ។ សព្វថ្ងៃនេះ បន្ទាប់ពីមនុស្សទទួលពិធីបុណ្យជ្រមុជទឹក ពួកគេត្រូវបាន បញ្ជាក់ ។ នេះមានន័យថា ពួកគេទទួលបានពរជ័យពិសេសមួយ ដែលពួកគេត្រូវបានអញ្ជើញឲ្យទទួលអំណោយទាន នៃការលាងសម្អាតខាងវិញ្ញាណនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី ២ ៣១:១៧ ) ។ ព្រះវិញ្ញាណបរិសុទ្ធអាចព្រមានយើងពីគ្រោះថ្នាក់ លួងលោមយើង ដឹកនាំយើង ឲ្យធ្វើការជ្រើសរើសត្រឹមត្រូវ ហើយជួយយើងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៦ ) ។
យើងអាចប្រែចិត្តបានជានិច្ច
ព្រះត្រាស់ដឹងថាយើងនឹងធ្វើខុស ។ ទោះបីជាយើងខិតខំអស់ពីសមត្ថភាពក្តី ក៏យើងនៅតែមានអំពើបាប ហើយឃ្លាតឆ្ងាយពីការរស់នៅតាមសេចក្តីសន្យានៃពិធីបុណ្យជ្រមុជទឹករបស់យើងដែរ ។ ដូច្នេះហើយ ទើបទ្រង់ប្រទានឲ្យយើងម្នាក់ៗនូវឱកាសដើម្បីប្រែចិត្ត ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៣ ) ។ ជារៀងរាល់ថ្ងៃ យើងអាចធ្វើអ្វីៗឲ្យអស់លទ្ធភាពរបស់យើង ដើម្បីសូមការអភ័យទោស និងកែតម្រូវរាល់កំហុសឆ្គង ។ យើងអាចអធិស្ឋាន ហើយទូលសូមការប្រទានទោសពីព្រះអម្ចាស់ ។ បន្ទាប់មក នៅពេលយើងទទួលទានសាក្រាម៉ង់ ដោយដួងចិត្តរាបសា នោះយើងអាចមានព្រះវិញ្ញាណគង់នៅជាមួយនឹងយើង ( សូមមើល នីហ្វៃទី ៣ ១៨:១១ ) ។
តើព្រះគម្ពីរបានប្រាប់អ្វីខ្លះ អំពីពិធីបុណ្យជ្រមុជទឹក ?
ឪពុកម្តាយគួរតែជួយកូនចៅរបស់ខ្លួនដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥ ) ។
កុមារដែលមានអាយុតិចជាងប្រាំបីឆ្នាំ មិនត្រូវការទទួលបុណ្យជ្រមុជទឹកឡើយ ( សូមមើល មរ៉ូណៃ ៨ ) ។
នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក យើងសន្យាថា « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, February 2021. Language. 17464 258