ឆ្នាំ ២០២៣
ការផ្ដល់​ការងារ​បម្រើ​ដោយ​មាន​ចំណេះដឹង​ដ៏​មហិមា
ខែ មករា ឆ្នាំ ២០២៣


« ការផ្ដល់​ការងារ​បម្រើ​ដោយ​មាន​ចំណេះដឹង​ដ៏​មហិមា ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

ការផ្ដល់​ការងារ​បម្រើ​ដោយ​មាន​ចំណេះដឹង​ដ៏​មហិមា

អ្នក​មិន​ចាំបាច់​មាន​ចម្លើយ​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ការ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់​នឹង​ជួយ​យើង​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដែរ ។

រូបភាព
ព្រះរាជកុមារ​យេស៊ូវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

សេចក្តី​លម្អិត​មកពី ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ ហែនរិច ហូហ្វម៉ាន់

ព្រះយេស៊ូវ​បង្ហាញ​យើង​ពី​គំរូ​នៃ​ការរៀនសូត្រ

កាល​ព្រះអង្គ​សង្រ្គោះ​មាន​វ័យ​ចម្រើន​ឡើង ទ្រង់ « មាន​កម្លាំងខាង​វិញ្ញាណ​រឹត‌តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរពេញ ហើយ​ព្រះគុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង » ( លូកា ២:៤០ ) ។ ពាក្យ​ថា រឹត‌តែ​ច្រើន​ឡើង មាន​ន័យ​ថា​រីក​ចម្រើន​បន្តិច​ម្តងៗ ដូច​ជា​ព្រះ​ចន្ទ​ពេញ​វង់​តាម​គន្លង​ប្រចាំខែ ។ លូកា​បន្ថែម​ថា « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ ព្រះយេស៊ូវ​ពុំ​មាន​ចំណេះដឹង​ភ្លាមៗ​នោះទេ—ទ្រង់​ទទួល​បាន​ចំណេះដឹង​បន្តិចម្តងៗ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១២–១៤ ) ។

ពេល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម ១២ ព្រះ​វស្សា មាតាបិតា​ទ្រង់​បាន​រកឃើញ​ទ្រង់​នៅក្នុង​ព្រះ​វិហារ—ជា​កន្លែង​ថ្វាយ​បង្គំ​កណ្តាល​ក្រុង​យេរូសាឡិម—« គង់​នៅ​កណ្ដាល​ពួក​អាចារ្យ ហើយ​ពួក​អាចារ្យ​កំពុងតែ​ស្ដាប់​ទ្រង់ ហើយ​សួរ​ទ្រង់​នូវ​សំនួរ​ទាំង​ឡាយ » ( ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ លូកា ២:៤៦ [ នៅក្នុង លូកា ២:៤៦] ) ។ ដោយសារ​ការរៀនសូត្រ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការលូតលាស់​របស់​ទ្រង់ នៅពេល​ឱកាស​បានមក​ដល់​ដើម្បី​បង្រៀន​អស់អ្នក​ដែល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ទ្រង់​បាន​ត្រៀម​ព្រះកាយ​ជា​ស្រេច ។ ការបង្រៀន​របស់​ទ្រង់​នៅ​ទីនោះ​មាន​ឥទ្ធិពល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​ពួកគេ និង​លើ​មាតាបិតា​របស់​ទ្រង់​ផងដែរ ។

ការប្រើប្រាស់​ចំណេះដឹង​នៅក្នុង​ការងារ​បម្រើ

នេះ​ជា​របៀប​បី​យ៉ាង​ដែល​ការអភិវឌ្ឍ​ចំណេះដឹង​ដូចជា​ព្រះគ្រីស្ទ អាច​ជួយ​យើង​ក្នុង​ការងារ​បម្រើ​របស់យើង​បាន ៖

  1. កាល​យើង​ចាប់ផ្តើម​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​រៀន​អំពី​គុណលក្ខណៈ​របស់​ទ្រង់ នោះ​យើង​នឹង​ដឹង​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ជំនួស​យើង ។

  2. កាល​ចំណេះដឹង និង​ការយល់ដឹង​អំពី​ដំណឹងល្អ​យើង កាន់តែ​រីកចម្រើន​ឡើង នោះ​យើង​នឹង​ស្ថិត​ក្នុង​ទីតាំង​ដ៏​ប្រសើរ​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​យើង​ចាំ​​អ្វី​ដែល​យើង​ត្រូវការ នៅពេលណា​ដែល​យើង​ត្រូវការ​ចំណេះដឹង​នេះ ( សូមមើល យ៉ូហាន ១៤:២៦ ) ។ ការណ៍​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​ពីតម្រូវការ​របស់​អ្នក​ដែល​យើង​ផ្ដល់​ការងារ​បម្រើ ហើយ​អាច​ឆ្លើយ​សំណួរ ឬ​កង្វល់​របស់​ពួកគេ​បាន ។

  3. កាល​យើង​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការរៀនសូត្រ នោះ​យើង​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ឬ​បម្រើ​អ្នកដទៃ​បាន​កាន់តែ​ល្អ ។ យើង​អាច​ស្វែងយល់​បន្ថែម​ទៀត​អំពី​ប្រធានបទ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ដែល​ចាប់​អារម្មណ៍​លើ​ប្រធានបទ​នេះ ។ ឬ​យើង​អាច​រៀន​ជំនាញ​មួយចំនួន​ដែល​អាច​ជួយ​បំពេញ​តាម​តម្រូវការ ។

ការទទួល​បាន​ចំណេះដឹង​អាច​ជួយ​យើង​ឲ្យ​ផ្ដល់​ការងារ​បម្រើ​តាម​របៀប​ជាច្រើន ។ បន្ថែម​ពីនោះ « គោលការណ៍​នៃ​បញ្ញា​ណា​ក៏ដោយ ដែល​យើង​បាន​នៅក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើងវិញ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:១៨ ) ។

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​សិក្សា​ព្រះគម្ពីរ

ការអភិវឌ្ឍ​ចំណេះដឹង

តើ​យើង​អាច​អភិវឌ្ឍ​គុណលក្ខណៈ​នៃ​ចំណេះដឹង​ដូចជា​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? នេះ​គឺ​ជា​គំនិត​មួយ​ចំនួន ៖

  1. សូម​ចងចាំ​ថា សូម្បីតែ​ព្រះយេស៊ូវ​ក៏​បាន​រៀន​បន្តិច​ម្តងៗ​ដែរ ។ ចូរ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​ចូរ​មាន​ចិត្ត​អំណត់​នឹង​ខ្លួនឯង ។ ការរៀនសូត្រ​កើតឡើង « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃ​ទី​២ ២៨:៣០ ) ។

  2. សូម​រៀន​ស្វែងរក​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត ។ ( សូមមើល « Finding Truth in the Misinformation Age » នៅក្នុង ខែ តុលា ឆ្នាំ ២០២២ លីអាហូណា ឌីជីថល ) ។

  3. សូម​ចង់​ដឹង​ចង់​យល់ ។ រៀន​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅជុំវិញ​អ្នក​រាល់​ថ្ងៃ ។ សួរ​សំណួរ ។ អាន​សៀវភៅៗ​ល្អ និង​ទទួលបាន​ព័ត៌មាន​ថ្មី ។ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧៩, ១១៨; ៩០:១៥ ) ។

  4. សូម​រៀនសូត្រ​ដោយ​ការសិក្សា និង​ដោយ​សេចក្តីជំនឿ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១១៨ ) ។ សមត្ថភាព​របស់អ្នក​ក្នុង​ការយល់​ពី​សេចក្ដីពិត​នៅ​រាល់​ប្រធានបទ​ណាមួយ នឹង​ត្រូវបាន​ធ្វើ​ឲ្យ​ប្រសើរឡើង​ដោយ​ការផ្គូផ្គង​ការខិតខំ​ប្រឹងប្រែង​ខាងបញ្ញា​ដ៏​ល្អ​បំផុត​របស់​អ្នក ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ខាងវិញ្ញាណ​ដ៏ល្អ​បំផុត​របស់អ្នក ។ សូម​រស់នៅ​តាមបែប​ដែល​អ្នក​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បោះពុម្ព