ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ឯកសារណែនាំ
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺរៀនអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយអ្នកស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ កាលអ្នកស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់នានានៅក្នុងជីវិតរបស់អ្នក ។
តើសំណួរនេះល្អ ឬអាក្រក់ ?
សូមគិតអំពីចម្លើយខាងក្រោមមួយណាដែលអនុវត្តចំពោះសំណួរនេះ ៖
-
តើមូលហេតុខាងក្រោមមួយណាដែលអាចមាននរណាម្នាក់អាចមានសំណួរអំពីដំណឹងល្អ ឬសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ?
-
ពួកគេមិនទាន់មានទីបន្ទាល់អំពីដំណឹងល្អនៅឡើយទេ ។
-
ពួកគេយកចិត្តទុកដាក់អំពីដំណឹងល្អគ្រប់គ្រាន់ល្មមដើម្បីចង់យល់បន្ថែមទៀត ។
-
ពួកគេសង្ស័យលើជំនឿដែលពួកគេធ្លាប់មាន ។
-
ព្រះប្រហែលជាបំផុសគំនិតពួកគេឲ្យគិតអំពីអ្វីមួយដែលទ្រង់ចង់បង្រៀនពួកគេ ។
ចម្លើយគឺអាស្រ័យទៅលើអាកប្បកិរិយា និងហេតុផលរបស់បុគ្គលម្នាក់ៗក្នុងការសួរសំណួរ ។ សូមអាន កថាខណ្ឌទី ៣ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយរកមើលពីរបៀបដែលវិធីសាស្រ្តរបស់យើងចំពោះសំណួរនៃដំណឹងល្អអាចពង្រឹង ឬធ្វើឲ្យជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទទន់ខ្សោយ ។
-
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះនៅក្នុងកថាខណ្ឌនេះ ? ហេតុអ្វី ?
មនុស្សគ្រប់រូបមានសំណួរ និងកង្វល់ ។ យើងគួរតែប្រុងប្រយ័ត្នកុំវិនិច្ឆ័យសេចក្តីជំនឿរបស់អ្នកដទៃនៅពេលពួកគេមានសំណួរ ហើយយើងមិនចាំបាច់សង្ស័យអំពីជំនឿរបស់យើងនៅពេលយើងមានសំណួរនោះទេ ។ សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់របស់យើងអំពីដំណឹងល្អដែលបានស្ដារឡើងវិញ អាចនឹងត្រូវបានពង្រឹង ឬទន់ខ្សោយ អាស្រ័យលើរបៀបដែលយើងលើកសំណួរ និងកង្វល់របស់យើងឡើង ។ កាលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីតួនាទីដែលសំណួររបស់អ្នកមានចំណែកនៅក្នុងការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ តើអ្នកមានសំណួរអ្វីខ្លះអំពីដំណឹងល្អ ឬសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? តើអ្នកមានអារម្មណ៍ថាសំណួររបស់អ្នកកំពុងនាំអ្នកឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ដែរឬទេ ?
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
តាមរយៈបទពិសោធន៍របស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងមានឱកាសអនុវត្តប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ គោលការណ៍ទាំងបីខាងក្រោមអាចជួយអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ នៅពេលមានសំណួរ ឬកង្វល់កើតឡើងក្នុងជីវិតរបស់អ្នក ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ព្យាយាមយល់ដឹងបន្ថែម តាមរយៈប្រភពដែលបានតែងតាំងដោយទេវភាព ។
ផ្នែកដែលនៅសល់នៃមេរៀននេះនឹងផ្តោតលើគោលការណ៍នៃការធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ រកមើលនូវរបៀបជាច្រើនដែលអ្នកអាចបញ្ចប់ប្រយោគខាងក្រោម ។
នៅពេលមានសំណួរ ឬកង្វល់កើតឡើង យើងអាចធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយ… ។
សូមពិចារណាបង្ហាញវីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើលពីរបៀបដែលយុវវ័យនៅក្នុងវីដេអូនេះធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នៅពេលពួកគេប្រឈមមុខនឹងសំណួរ និងកង្វល់សំខាន់ៗ ។
គំរូខាងវិញ្ញាណ
ព្រះគម្ពីរមានដំណើររឿងជាច្រើនអំពីអ្នកដែលប្រឈមមុខនឹងសំណួរ ឬកង្វល់ពិបាកដោយមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ម្នាក់ក្នុងចំណោមអ្នកទាំងនេះគឺព្យាការីនីហ្វៃ ។ សូមអានឧទាហរណ៍ខាងក្រោមចេញពីជីវិតរបស់នីហ្វៃ ដោយរកមើលពីរបៀបដែលលោកធ្វើសកម្មភាពដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលប្រឈមមុខនឹងសំណួរ និងបញ្ហាផ្សេងៗទៀត ។
-
នីហ្វៃទី១ ២:១៦—មនុស្សជាទីស្រឡាញ់របស់លោកមួយចំនួនខឹងនឹងអ្វីដែលឪពុករបស់លោកដែលជាព្យាការីលីហៃបានសុំពួកគេឲ្យធ្វើ ។
-
នីហ្វៃទី១ ៣:៧– លោកត្រូវបានសុំឲ្យធ្វើអ្វីមួយដែលពិបាក ។
-
នីហ្វៃទី ១ ៩:៥–៦—ព្រះអម្ចាស់បានបង្គាប់លោកឲ្យធ្វើអ្វីមួយ ដោយលោកមិនយល់ពីមូលហេតុនៃការបង្គាប់នោះឡើយ ។
-
នីហ្វៃទី១ ១០:១៧; ១១:១–៥—លោកចង់បានសាក្សីផ្ទាល់ខ្លួនអំពីអ្វីដែលឪពុកលោកដែលជាព្យាការីបានបង្រៀន ។
-
នីហ្វៃទី១ ១១:១៧—លោកមិនបានដឹងច្បាស់អំពីចម្លើយចំពោះសំណួរដែលលោកត្រូវបានសួរអំពីដំណឹងល្អនោះទេ ។
-
តើចំណុចមួយណានៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ដែលនីហ្វៃបានធ្វើជាគំរូល្អបំផុត ?