« នីហ្វៃទី ១ ៤–៥ ៖ ‹ ខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ៤–៥ ៖ ‹ ខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ៤–៥
« ខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ »
បន្ទាប់ពីការព្យាយាមពីរលើកដើម្បីទទួលបានផ្ទាំងលង្ហិនពីឡាបាន់ត្រូវបរាជ័យនីហ្វៃបានចូលទៅក្នុងក្រុងយេរូសាឡិមទាំងយប់ដោយមានសេចក្តីជំនឿលើព្រះអម្ចាស់ ។ ទោះជាយ៉ាងណា លោកមានគំនិតសម្រេចកិច្ចការរបស់លោកបន្តិចបន្តួចដែរ ។ តើអ្នកធ្លាប់ដូចជានីហ្វៃ ដែលធ្លាប់មានអារម្មណ៍អំពីការធ្វើអ្វីមួយយ៉ាងខ្លាំង ប៉ុន្តែមិនប្រាកដពីរបៀបធ្វើវាឲ្យបានសម្រេចដែរឬទេ ? មេរៀននេះមានគោលបំណងពង្រឹងទំនុកចិត្តរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះទ័យរបស់ទ្រង់ក្នុងការដឹកនាំអ្នក ។
ការទទួលការណែនាំពីព្រះវរបិតាសួគ៌
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដំបូន្មានសំខាន់ៗអំពីការទទួលបានវិវរណៈផ្ទាល់ខ្លួន ។ កាលអ្នកសិក្សាសេចក្តីថ្លែងការណ៍របស់លោក សូមពិចារណាអំពីរបៀបដែលសេចក្តីថ្លែងការណ៍នេះអនុវត្តចំពោះអ្នក ។
យើងអាចអធិស្ឋានទៅព្រះវរបិតាសួគ៌របស់យើង ហើយទទួលបានការណែនាំ និងការដឹកនាំ ដឹងអំពីគ្រោះថ្នាក់ និងការអូសទាញនានា ហើយអាចសម្រេចកិច្ចការដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន ។ ប្រសិនបើយើងពិតជាទទួលព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងរៀនដើម្បីញែកដឹង ហើយយល់អំពីការបំផុសគំនិតរបស់យើង នោះយើងនឹងត្រូវបានណែនាំនៅគ្រប់បញ្ហា ទោះតូច ឬធំក្ដី ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ )
-
តើស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់អ្នក ទោះតូច ឬធំ ដែលវានឹងមានប្រយោជន៍ក្នុងការទទួលបានការណែនាំពីព្រះវរបិតាសួគ៌ ? ( ពិចារណាសរសេរចម្លើយរបស់អ្នក ) ។
សូមជ្រើសរើសចម្លើយដែលចាប់យកចំណាប់អារម្មណ៍របស់អ្នកអំពីសេចក្តីថ្លែងការណ៍ខាងក្រោមបានល្អបំផុត ។
-
ខ្ញុំស្វែងរកការណែនាំ និងការតម្រង់ផ្លូវរបស់ព្រះវរបិតាសួគ៌យ៉ាងសកម្ម ដើម្បីជួយខ្ញុំជាមួយនឹងបញ្ហាប្រឈម សំណួរ និងការសម្រេចចិត្តរបស់ខ្ញុំ ។
-
ជារឿយៗ
-
ពេលខ្លះ
-
កម្រ
-
-
ខ្ញុំទុកចិត្តលើសមត្ថភាព និងបំណងប្រាថ្នារបស់ព្រះវរបិតាសួគ៌ ដើម្បីដឹកនាំជីវិតខ្ញុំដោយព្រះវិញ្ញាណ ។
-
ជារឿយៗ
-
ពេលខ្លះ
-
កម្រ
-
-
ខ្ញុំឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ទោះជាផ្លូវរបស់ខ្ញុំមិនច្បាស់ក៏ដោយ ។
-
ជារឿយៗ
-
ពេលខ្លះ
-
កម្រ
-
កាលអ្នកសិក្សាពីគ្រាមួយដែលនីហ្វៃ មិនប្រាកដចិត្តថាត្រូវធ្វើអ្វី សូមស្វែងរកសេចក្ដីពិតដែលពង្រឹងទំនុកចិត្តរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះទ័យរបស់ទ្រង់ក្នុងការដឹកនាំអ្នក ។
« ចូរយើងឡើងទៅ »
សូមចាំថា កូនប្រុសៗរបស់លីហៃ បានព្យាយាមចំនួនពីរលើកដោយមិនទទួលបានជោគជ័យ ដើម្បីយកផ្ទាំងលង្ហិនពីឡាបាន់ ហើយមានការភ័យខ្លាច ខ្លាចបាត់បង់ជីវិតរបស់ពួកលោក ( សូមមើល នីហ្វៃទី ១ ៣:១១–២៧ ) ។ តើអ្នកអាចមានអារម្មណ៍បែបណាទៅ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពស្រដៀងនេះ ? តើអ្នកអាចមានក្តីកង្វល់អ្វីខ្លះ ? ទោះជាបានឃើញទេវតាមួយអង្គក៏ដោយ លេមិន និង លេមយួល មានអារម្មណ៍ព្រួយបារម្ភ ហើយមានសំណួរអំពីរបៀបដើម្បីសម្រេចអ្វីដែលពួកគេត្រូវបានបង្គាប់ ( សូមមើល នីហ្វៃទី ១ ៣:៣១ ) ។
សូមអាន នីហ្វៃទី ១ ៤:១–៣ ដោយរកមើលពីរបៀបដែល នីហ្វៃបានឆ្លើយតបចំពោះក្តីបារម្ភទាំងឡាយរបស់បងប្អូនលោក ។
-
តើអ្នកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះខគម្ពីរទាំងនេះ ?
-
តើឧទាហរណ៍អ្វីខ្លះដែលដកស្រង់ចេញពីព្រះគម្ពីរដែលនីហ្វៃ បានប្រើដើម្បីថ្លែងទីបន្ទាល់អំពីកម្លាំងរបស់ព្រះអម្ចាស់ និងជំរុញចិត្តបងប្អូនរបស់លោក ? តើដំណើររឿងអ្វីខ្លះមកពីព្រះគម្ពីរដែលបានផ្តល់សេចក្តីក្លាហាន និងកម្លាំងក្នុងជីវិតរបស់អ្នក ?
-
តើឃ្លា « ចូរយើងឡើងទៅ » អនុវត្តចំពោះកាលៈទេសៈ និងឧបសគ្គក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? ( សូមពិចារណាគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់អ្នករាល់ពេលដែលវាបង្ហាញនៅក្នុង ខទី ១–៣ ) ។
សូមអាន នីហ្វៃទី ១ ៤:៤–៨ ដោយរកមើលអ្វីដែលនីហ្វៃ បានធ្វើនៅក្នុងការព្យាយាមលើកទីបីដើម្បីទទួលបានផ្ទាំងលង្ហិន ។ អ្នកក៏ប្រហែលជាចង់មើលវីដេអូ « The Spirit Directs Nephi to Slay Laban » ( ៣:២៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ជាផ្នែកមួយនៃការសិក្សារបស់អ្នក ។
-
តើនីហ្វៃបានដឹងអ្វីខ្លះ ហើយលោកមិនដឹងអ្វីខ្លះ នៅពេលលោកចាប់ផ្តើមការព្យាយាមលើកទីបីនេះ ?
-
តើមានអ្វីដែលអ្នកចាប់អារម្មណ៍ចំពោះឃ្លាដែលថា « ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » នៅក្នុង នីហ្វៃទី ១ ៤:៧ ?
-
តើសេចក្តីពិតអ្វីដែលអ្នកអាចរៀនពីពាក្យរបស់នីហ្វៃ ?
នេះជាគោលការណ៍នៃដំណឹងល្អមួយដែលអ្នកប្រហែលជាបានគិត ៖ នៅគ្រាដែលមានភាពមិនប្រាកដប្រជា យើងអាចទទួលបានការណែនាំពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណ កាលយើងទៅមុខដោយសេចក្ដីជំនឿ ។
សូមពិចារណាកត់ត្រាគោលការណ៍នេះ ឬគោលការណ៍មួយដែលអ្នកបានគិតឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនអំពីសារៈសំខាន់នៃសកម្មភាពរបស់យើង កាលយើងស្វែងរកវិវរណៈ និងការណែនាំ ៖
នៅក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ខ្ញុំបានសម្គាល់ឃើញថា វិវរណៈដែលបានផ្តល់ដល់បុត្រាបុត្រីព្រះ ភាគច្រើនបំផុតបានទទួលនៅពេលពួកគេខិតខំ មិនមែនពេលពួកគេកំពុងអង្គុយក្នុងលំនៅដ្ឋានរបស់ពួកគេ រង់ចាំឲ្យព្រះអម្ចាស់ប្រាប់ពួកគេពីជំហានដំបូងដែលត្រូវធ្វើនោះទេ ។ …
ដូច្នេះហើយ យើងអាចធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពរបស់យើង ។ រួចហើយ យើងរង់ចាំព្រះអម្ចាស់ដើម្បីទទួលបានវិវរណៈរបស់ទ្រង់ ។ ( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២–២៤ )
សូមគិតអំពីរបៀបដែលសេចក្ដីពិតនេះ និងសេចក្ដីថ្លែងការណ៍របស់ប្រធាន អូក ទាក់ទងនឹងស្ថានភាពដែលអ្នកបានស្វែងរកពីមុន ។
-
ហេតុអ្វីអ្នកគិតថាព្រះអម្ចាស់ចង់ឲ្យអ្នកឆ្ពោះទៅមុខដោយសេចក្ដីជំនឿក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានេះ ?
ព្រះអម្ចាស់រៀបចំផ្លូវ
ព្រះអម្ចាស់បានបញ្ជាដល់នីហ្វៃឲ្យសម្លាប់ឡាបាន់ ។ លោកបានភ័យខ្លាចដោយសារគំនិតចង់យកជីវិតគេ ប៉ុន្តែព្រះវិញ្ញាណនៅតែបន្តជំរុញលោកឲ្យឆ្ពោះទៅមុខ ។ នីហ្វៃបានគោរពតាម « សំឡេងនៃព្រះវិញ្ញាណ » ( នីហ្វៃទី ១ ៤:១៨ ) ក្លែងខ្លួនលោកក្នុងសម្លៀកបំពាក់របស់ឡាបាន់ ហើយបានបញ្ចុះបញ្ចូលសូរាំ ដែលជាអ្នកបម្រើរបស់ឡាបាន់ ឲ្យយកផ្ទាំងលង្ហិនពីឃ្លាំង ។
សូមពិចារណាអានដំណើររឿងនេះនៅក្នុង នីហ្វៃទី ១ ៤:៩–២៤ និងគូសចំណាំពាក្យ ឬឃ្លាដែលមានន័យសម្រាប់អ្នក ។ អ្នកក៏អាចមើល « Nephi Obtains the Sacred Records » ( ៤:២០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើបទពិសោធន៍របស់នីហ្វៃក្នុងការទទួលបានផ្ទាំងចំណារទាក់ទងនឹងទីបន្ទាល់ដែលលោកបានចែកចាយនៅក្នុង នីហ្វៃទី ១ ៣:៧ ដោយរបៀបណា ?