« នីហ្វៃទី ២ ២:១៧–២៦ ៖ ‹ បានប្រោសលោះឲ្យរួចពីការធ្លាក់ › » ព្រះគម្ពីរ មរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ២:១៧–២៦ ៖ ‹ បានប្រោសលោះឲ្យរួចពីការធ្លាក់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ២:១៧–២៦
« បានប្រោសលោះឲ្យរួចពីការធ្លាក់ »
តើអ្នកធ្លាប់ឆ្ងល់ទេថាជម្រើសដែលអ័ដាម និងអេវ៉ាបានធ្វើរាប់ពាន់ឆ្នាំមុននៅតែអាចជះឥទ្ធិពលដល់អ្នកបានដែរឬទេ ? លីហៃបានបង្រៀនកូនៗរបស់លោកអំពីឥទ្ធិពលនៃការធ្លាក់របស់អ័ដាម និងអេវ៉ា ហើយថាជាមួយនឹងព្រះអង្គសង្គ្រោះ យើងអាចយកឈ្នះលើបញ្ហាប្រឈមទាំងអស់នៃជីវិតរមែងស្លាប់ ។ មេរៀននេះអាចជួយអ្នកឲ្យដឹងគុណព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់កាន់តែច្រើន នៅពេលអ្នកយល់ពីការធ្លាក់របស់អ័ដាម និងអេវ៉ា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់ដឹងនាំទៅរកការមានអំណរគុណ
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
នៅលើរង្វាស់ពី ១ ដល់ ១០ ( ១ គឺ « មិនទាល់តែសោះ » និង ១០ « ទាំងស្រុង » ) តើអ្នកមានអារម្មណ៍ថា អ្នកយល់ និងមានអំណរគុណដល់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មរបស់ទ្រង់សម្រាប់អ្នកខ្លាំងប៉ុនណា ? ហេតុអ្វី ?
-
ប្រសិនបើនរណាម្នាក់សួរអ្នកពីអ្វីដែលពួកគេគួរធ្វើដើម្បីយល់ និងមានអំណរគុណចំពោះដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ តើអ្នកនឹងនិយាយអ្វី ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចង្អុលបង្ហាញជំហានចាំបាច់មួយ ក្នុងការយល់ដឹងកាន់តែច្បាស់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Where Justice, Love, and Mercy Meet » ចាប់ពីនាទីទី ៦:៥១ ដល់នាទីទី ៧:២៦ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ៖
សេចក្តីពិតដ៏សាមញ្ញគឺថា យើងមិនអាចយល់បានពេញលេញអំពីដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ហើយយើងនឹងគ្មានអំណរគុណគ្រប់គ្រាន់ចំពោះគោលបំណងពិសេសនៃការប្រសូត ឬការសុគតរបស់ទ្រង់នោះទេ … ដោយមិនយល់ថា អ័ដាម និងអេវ៉ាពិតជាបានធ្លាក់ ហើយចេញពីសួនច្បារអេដែនពិតប្រាកដជាមួយលទ្ធផលទាំងអស់ ដែលមានមកជាមួយការធ្លាក់នោះ ។ ( ជែហ្វ្រី អ័រ ហូឡិន« Where Justice, Love, and Mercy Meet » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៥ )
ដើម្បីជួយអ្នកវាយតម្លៃថា តើអ្នកបានដឹងអំពីការធ្លាក់របស់អ័ដាម និងអេវ៉ាកម្រិតណានោះ សូមគិតអំពីសំណួរដូចខាងក្រោម ៖
-
តើការធ្លាក់របស់អ័ដាម និងអេវ៉ាជាអ្វី ?
-
តើការធ្លាក់នេះជះឥទ្ធិពលអ្វីខ្លះចំពោះពិភពលោក ? ចំពោះអ្នក ?
-
តើការធ្លាក់ត្រូវគ្នានឹងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើការធ្លាក់ជួយអ្នកយល់ និងមានអំណរគុណដល់ព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មរបស់ទ្រង់សម្រាប់អ្នកដោយរបៀបណា ?
នៅពេលអ្នកសិក្សា សូមរកមើលចម្លើយចំពោះសំណួរទាំងនេះ ហើយសញ្ជឹងគិតពីរបៀបដែលការយល់ដឹងអំពីសំណួរទាំងនេះអាចជួយអ្នកបាន ។
ឥទ្ធិពលនៃការធ្លាក់របស់អ័ដាម និងអេវ៉ា
នៅពេលលីហៃហៀបនឹងស្លាប់ លោកបាននិយាយយ៉ាងច្រើនជាមួយកូនប្រុសរបស់លោកគឺយ៉ាកុបអំពីការធ្លាក់របស់អ័ដាម និងអេវ៉ា ។ អ័ដាម អេវ៉ា និងគ្រប់ទម្រង់នៃជីវិតនៅលើផែនដី ស្ថិតនៅក្នុងស្ថានភាពអមតៈ មិនអាចស្លាប់បាន ហើយនៅក្នុងវត្តមានរបស់ព្រះ ។ ក្នុងស្ថានភាពនោះ ពួកលោកមិនអាចឈឺ ឬស្លាប់ទេ ហើយសួនច្បារបានផ្តល់អាហារដល់ពួកលោក ដោយមិនចាំបាច់ធ្វើការដើម្បីបង្កបង្កើនផលឡើយ ។ ពួកលោកក៏មិនអាចមានគ្រួសារដែរ ។ ព្រះអម្ចាស់បានព្រមានពួកលោកថា ប្រសិនបើពួកលោកបរិភោគផ្លែនៃដើមដឹងខុសត្រូវ នោះនៅទីបំផុតពួកលោកនឹងស្លាប់ ( សូមមើល ម៉ូសេ ៣:១៦–១៧; អ័ប្រាហាំ ៥:១២–១៣ ) ។ ការសម្រេចចិត្តរបស់អ័ដាម និងអេវ៉ាក្នុងការបរិភោគផ្លែឈើនោះ និងលទ្ធផលដែលកើតមានចំពោះពួកលោក និងពិភពលោកទាំងមូលត្រូវបានគេស្គាល់ថាជាការធ្លាក់ ។
សូមអាន នីហ្វៃទី ២ ២:១៩–២៣ និង អាលម៉ា ៤២:៦–៩ ដោយរកមើលលទ្ធផលនៃការធ្លាក់ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នករកឃើញ ។
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកជាអ័ដាម និងអេវ៉ាដែលកំពុងជួបនឹងលទ្ធផលទាំងនេះ ?
-
តើអ្នកគិតថាឥទ្ធិពលទាំងនេះល្អ អាក្រក់ ឬទាំងពីរ ? ហេតុអ្វី ?
សូមអាន នីហ្វៃទី ២ ២:២៤–២៥ ហើយគិតអំពីរបៀបដែលអ្នកនឹងសង្ខេបខគម្ពីរទាំងនេះជាពាក្យសម្តីរបស់អ្នកផ្ទាល់ ។
សេចក្តីពិតមួយដែលលីហៃបានបង្រៀននោះគឺ ការធ្លាក់គឺជាផ្នែកចាំបាច់មួយក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតអំពីមូលហេតុដែលការធ្លាក់ គឺជាផ្នែកចាំបាច់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ នៅពេលអ្នកអានសេចក្តីថ្លែងការណ៍នេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ការធ្លាក់គឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌ ។ ប្រសិនបើគ្មានវាទេ កូនរមែងស្លាប់នឹងកើតមកដល់អ័ដាម និងអេវ៉ា ហើយនឹងគ្មានគ្រួសារមនុស្សណាដែលជួបប្រទះការប្រឆាំង និងការរីកចម្រើន សិទ្ធិជ្រើសរើសសីលធម៌ និងសេចក្តីអំណរនៃការរស់ឡើងវិញ ការប្រោសលោះ និងជីវិតអស់កល្បជានិច្ចទេ [ សូមមើល នីហ្វៃទី ២ ២:២២–២៧; ម៉ូសេ ៥:១១ ] ។ ( ជែហ្រ្វី អ័រ ហូឡិន « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ )
-
ហេតុអ្វីការធ្លាក់គឺជាផ្នែកដ៏ចាំបាច់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
យើងនៅតែត្រូវការជំនួយ
ទោះបីជាលទ្ធផលនៃការធ្លាក់គឺជាផ្នែកក្នុងផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ហើយមានគោលបំណងជួយយើងឲ្យរីកចម្រើនក៏ដោយ ក៏យើងមិនអាចមានអំណរពិតដោយគ្មានជំនួយពីព្រះឡើយ ។
សូមអាន នីហ្វៃទី ២ ២:២៦ ដោយយកចិត្តទុកដាក់ ដោយរកមើលពីរបៀបដែលវានឹងអាចយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ហើយមានអំណរ ។ បន្ទាប់មក សូមអាន ម៉ូសេ ៥:១០–១១ ដោយកត់សម្គាល់នូវសេចក្តីពិតអ្វីដែលនាំឲ្យអ័ដាម និងអេវ៉ារីករាយ ។
-
តើអ្នកបានរៀនអ្វីខ្លះ ?
-
ហេតុអ្វីអ្នកគិតថា អ័ដាម និងអេវ៉ារីករាយបន្ទាប់ពីបានដឹងអំពីការធ្លាក់ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?