« នីហ្វៃទី ២ ១ ៖ ការស្វែងរកគោលការណ៍នៃដំណឹងល្អ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ១ ៖ ការស្វែងរកគោលការណ៍នៃដំណឹងល្អ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ១
ការស្វែងរកគោលការណ៍នៃដំណឹងល្អ
សូមស្រមៃមើលថា តើអ្នកអាចមានអារម្មណ៍យ៉ាងណា ប្រសិនបើនរណាម្នាក់ដែលអ្នកបានកោតសរសើរ ស្ថិតនៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ហើយកំពុងចែកចាយដំបូន្មាន ឬការប្រឹក្សាយោបល់ចុងក្រោយជាមួយអ្នក ។ លីហៃបានដឹងថា លោកនឹងស្លាប់ក្នុងពេលឆាប់ៗនេះ ដូច្នេះលោកបាននិយាយជាមួយកូនៗរបស់លោក ដើម្បីបំផុសគំនិតពួកគេឲ្យកាន់តាមបទបញ្ញត្តិនៃព្រះ ។ សេចក្តីពិតដែលលោកបានបង្រៀនអាចជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់អ្នក ។ មេរៀននេះអាចជួយអ្នកឲ្យរៀនរកឃើញគោលការណ៍ដែលអាចណែនាំអ្នកឲ្យទទួលជំនួយពីព្រះនៅក្នុងជីវិតរបស់អ្នក នៅពេលអនុវត្តតាមគោលការណ៍នោះ ។
អ្វីដែលត្រូវរកមើល
សូមពិនិត្យមើលរូបភាពខាងក្រោម ហើយមើលថា តើមានវត្ថុលាក់កំបាំងប៉ុន្មានដែលអ្នកអាចរកបាននៅនាទីបន្ទាប់ ។
-
តើវត្ថុណាដែលអ្នកងាយស្រួលរក ? តើវត្ថុមួយណាត្រូវការការខិតខំបន្ថែម ?
-
តើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកវត្ថុលាក់កំបាំងបានផ្លាស់ប្តូរយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនដឹងថាត្រូវរកមើលអ្វីនោះ ?
-
តើសកម្មភាពនេះស្រដៀងនឹងការសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេច ?
បទពិសោធន៍របស់អ្នកជាមួយនឹងបទគម្ពីរអាចកាន់តែមានភាពរឹងមាំ ពេលអ្នកស្វែងរកគោលការណ៍នានានៅពេលអ្នកសិក្សា ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យនៃពាក្យថាគោលការណ៍ ៖
គោលការណ៍នៃដំណឹងល្អគឺជាគោលការណ៍ណែនាំដែលមានមូលដ្ឋានលើគោលលទ្ធិ សម្រាប់ការអនុវត្តត្រឹមត្រូវនៃសិទ្ធិជ្រើសរើសខាងសីលធម៌ ។ គោលការណ៍បានមកពីសេចក្ដីពិតនៃដំណឹងល្អដ៏ទូលំទូលាយ ហើយផ្ដល់ការណែនាំ និងបទដ្ឋាន នៅពេលយើងដើរឆ្ពោះទៅមុខលើផ្លូវនៃសេចក្ដីសញ្ញា ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣ )
ឧទាហរណ៍មួយចំនួននៃគោលការណ៍ដែលអ្នកបានសិក្សាពីមុនមកក្នុង នីហ្វៃទី ១ គឺ ប្រសិនបើយើងរក្សាសេចក្ដីសញ្ញារបស់យើង នោះយើងនឹងប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ( សូមមើល នីហ្វៃទី ១ ១៤:១៤ ) និង ពេលយើងប្រៀបធៀបបទព្រះគម្ពីរទៅនឹងខ្លួនយើង នោះយើងនឹងបានរៀន ហើយបានផលប្រយោជន៍ពីបទគម្ពីរទាំងនោះ ( នីហ្វៃទី ១ ១៩:២៣ ) ។
-
តើអ្នកនឹងសង្ខេបអត្ថន័យរបស់ពាក្យគោលការណ៍ដូចម្តេច ?
-
តើហេតុផលអ្វីខ្លះដែលការរកឃើញគោលការណ៍នានាអាចមានប្រយោជន៍ក្នុងជីវិតរបស់យើង ?
ការស្វែងរកគោលការណ៍
-
តើអ្នកបានធ្វើអ្វីខ្លះពីអតីតកាល ដែលបានជួយអ្នកស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរ ?
-
តើមានការលំបាកអ្វីខ្លះចំពោះអ្នក នៅពេលអ្នកបានព្យាយាមស្វែងរកគោលការណ៍ ?
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរគឺការអានរកមើលពាក្យ ឃ្លា ឬគំនិតសំខាន់ៗ ។ សំណួរខាងក្រោមនេះអាចជួយអ្នកធ្វើរឿងនេះបាន ៖
-
តើពាក្យ ឬឃ្លាអ្វីខ្លះត្រូវបានគេនិយាយដដែលៗ ឬហាក់ដូចជាសំខាន់ ?
-
តើការព្រមាន ឬការសន្យាអ្វីខ្លះត្រូវបានបញ្ចូលនៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្វីអាចជាគំនិត ឬចំណុចសំខាន់ដែលអ្នកនិពន្ធកំពុងព្យាយាមបង្ហាញ ?
-
តើព្រះវិញ្ញាណបរិសុទ្ធបានគូសបញ្ជាក់អ្វីខ្លះដល់អ្នក ?
ចេញពីពាក្យ ឃ្លា ឬគំនិតទាំងនេះ សូមសរសេរសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ដែលអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។ បន្ទាប់ពីសរសេររួច សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើគោលការណ៍នេះពិតនៅគ្រប់ស្ថានភាព ពេលវេលា និងវប្បធម៌ដែរឬទេ ? ប្រសិនបើមិនពិតទេ តើមានការកែតម្រូវអ្វីខ្លះដែលធ្វើឲ្យវាពិត ?
-
តើគោលការណ៍នេះនឹងនាំខ្ញុំ និងអ្នកដទៃទៀតមកកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
នីហ្វៃទី ២ ១ មានការទូន្មានចុងក្រោយមួយចំនួនរបស់លីហៃចំពោះកូនៗរបស់លោកមុនពេលលោកស្លាប់ ។ លោកបានរំឭកពួកគេពីសេចក្តីល្អរបស់ព្រះ ហើយបានបង្រៀនគោលការណ៍ជាច្រើនដែលលោកសង្ឃឹមថា នឹងដឹកនាំពួកគេពេញមួយជីវិតរបស់ពួកគេ ។
សូមអាន នីហ្វៃទី ២ ១:១–៤ ដោយស្វែងរកគោលការណ៍ពិត ។ សូមពិចារណាប្រើសំណួរដែលមានចំណុចដិតរៀបរាប់ខាងលើ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ឧទាហរណ៍អំពីគោលការណ៍មួយដែលលីហៃបានបង្រៀនគឺ ៖ យើងអាចទទួលបានការការពារពីព្រះអម្ចាស់ដោយការធ្វើតាមការព្រមានរបស់ទ្រង់ ( សូមមើល នីហ្វៃទី ២ ១:៣–៤ ) ។
បន្ទាប់ពីរកឃើញសេចក្តីពិត វាមានប្រយោជន៍ក្នុងការសញ្ជឹងគិតថា តើវាមានន័យយ៉ាងណា និងរបៀបដែលវាអាចជួយអ្នកក្នុងជីវិតរបស់អ្នក ។
សំណួរខាងក្រោមមួយចំនួនអាចមានប្រយោជន៍ ៖
-
តើព្រះអម្ចាស់បានការពារអ្នក ឬមនុស្សដែលអ្នកស្គាល់ដោយរបៀបណា បន្ទាប់ពីធ្វើតាមការព្រមានរបស់ទ្រង់ ?
-
តើការព្រមានរបស់ទ្រង់បង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ និងព្រះទ័យរបស់ទ្រង់ចំពោះអ្នក ?
សូមសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់អាចនឹងព្រមានអ្នកនៅថ្ងៃនេះ និងរបៀបដែលអ្នកអាចចង់ឆ្លើយតប ។
អភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការស្វែងរកគោលការណ៍
សូមអភិវឌ្ឍសមត្ថភាពរបស់អ្នកក្នុងការស្វែងរកគោលការណ៍នៅក្នុងបទគម្ពីរ ដោយធ្វើតាមដំណើរការនេះនៅក្នុងសកម្មភាពខាងក្រោម ។
សូមអានយ៉ាងហោចណាស់ឲ្យបានពីរវគ្គបទគម្ពីរខាងក្រោមអំពីការទូន្មានចុងក្រោយរបស់លីហៃដល់ពួកកូនប្រុសរបស់លោក ។ អ្នកក៏អាចមើល « Lehi Teaches His Family » ចាប់ពីនាទីទី ០:៣៩ ដល់នាទីទី ៣:៣៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីរំឭកវគ្គបទគម្ពីរទាំងនេះ ។ សូមប្រើដំណើរការ « ស្វែងរកគោលការណ៍ » ដើម្បីរកមើលគោលការណ៍ពិត ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានធ្វើ ដើម្បីរកឃើញ និងយល់ពីគោលការណ៍នៅក្នុង នីហ្វៃទី ២ ១ ។
-
តើការស្វែងរកគោលការណ៍ជាទៀងទាត់ នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកអាចជួយអ្នកបានដោយរបៀបណា ?
-
តើវាអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយដូចជាទ្រង់យ៉ាងដូចម្ដេច ?