« នីហ្វៃទី ២ ៣ ៖ ‹ អ្នកមើលឆុតដ៏ជម្រើសម្នាក់ ដែលយើងនឹងបង្កើតឡើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ២ ៣ ៖ ‹ អ្នកមើលឆុតដ៏ជម្រើសម្នាក់ ដែលយើងនឹងបង្កើតឡើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ២ ៣
« អ្នកមើលឆុតដ៏ជម្រើសម្នាក់ ដែលយើងនឹងបង្កើតឡើង »
ជំពូកទី ៣ នៃ នីហ្វៃទី ២ កត់ត្រាពីពាក្យសម្តីហៀបនឹងស្លាប់របស់លីហៃទៅកាន់កូនប្រុសពៅរបស់លោកគឺយ៉ូសែប ។ លីហៃបានដកស្រង់ការព្យាករណ៍មួយដែលបានព្យាករដោយយ៉ូសែបនៅស្រុកអេស៊ីព្ទប្រហែលជា ១,៧០០ ឆ្នាំពីមុនការប្រសូតរបស់ព្រះគ្រីស្ទ ។ សូមស្រមៃអំពីការភ្ញាក់ផ្អើលរបស់ យ៉ូសែប ស្ម៊ីធ នៅពេលលោកបានរកឃើញថាលោកជាប្រធានបទនៃការព្យាករណ៍ជាច្រើនដែលបានព្យាករដោយយ៉ូសែប នៅស្រុកអេស៊ីព្ទ ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យមានទីបន្ទាល់កាន់តែខ្លាំងអំពីការហៅដ៏ទេវភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
យ៉ូសែបបួននាក់
បុគ្គលបួននាក់ដែលបានលើកឡើងនៅក្នុង នីហ្វៃទី ២ ៣ ទាំងអស់មានឈ្មោះដូចគ្នា ។ សូមអានខគម្ពីរសម្រាប់រូបភាពនីមួយៗ ហើយរកមើលថា តើរូបភាពទាំងបួននេះតំណាងឲ្យអ្នកណា ។
ភាគច្រើននៃ នីហ្វៃទី ២ ៣ ផ្ដោតលើការព្យាករណ៍ដែលព្យាករដោយ យ៉ូសែបនៅស្រុកអេស៊ីព្ទអំពី « អ្នកមើលឆុត » និងព្យាការី យ៉ូសែប ស្ម៊ីធ និងបេសកកម្មរបស់លោកនៅថ្ងៃចុងក្រោយ ។
ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) បានថ្លែងសេចក្ដីថ្លែងការណ៍ដូចខាងក្រោមអំពីការរៀបចំរបស់ព្រះអម្ចាស់សម្រាប់បេសកកម្មរបស់យ៉ូសែប ស្ម៊ីធ ៖
វាត្រូវបានសម្រេចនៅក្នុងការប្រឹក្សានៃភាពអស់កល្បជានិច្ច ជាយូរមុនពេលគ្រឹះនៃផែនដីត្រូវបានបង្កើត លោកគឺ យ៉ូសែប ស្ម៊ីធ គួរតែជាបុរសនៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនៃពិភពលោកនេះ ដើម្បីនាំមកនូវព្រះបន្ទូលនៃព្រះដល់មនុស្ស ហើយទទួលបានភាពពេញលេញនៃកូនសោ និងអំណាចបព្វជិតភាពនៃព្រះរាជបុត្រានៃព្រះ ។ ព្រះអម្ចាស់បានទតមើលលោក និងឪពុករបស់លោក និងជីតារបស់លោក និងលើបុព្វបុរសរបស់ពួកលោក … រហូតដល់អ័ដាម ។ ទ្រង់បានឃ្លាំមើលគ្រួសារនោះ និងលោហិតនោះនៅពេលវាធ្វើដំណើរចេញពីប្រភពរបស់វាទៅកាន់កំណើតនៃបុរសនោះ ។ គាត់ត្រូវបានតែងតាំងជាមុនក្នុងភាពអស់កល្បជានិច្ច ដើម្បីធ្វើជាអធិបតីលើគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ ( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ ព្រិកហាំ យ៉ង់ [ ឆ្នាំ ១៩៩៧ ] ទំព័រ ៩៦, ទំព័រ ៣៤៣ )
-
តើពាក្យទាំងនេះអាចបង្រៀនយើងអ្វីខ្លះអំពីការហៅរបស់ យ៉ូសែប ស្ម៊ីធ ?
-
តើពាក្យទាំងនេះអាចបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ?
ការព្យាករណ៍អំពី យ៉ូសែប ស្ម៊ីធ
ពេលកំពុងនិយាយទៅកាន់យ៉ូសែប ជាកូនប្រុសរបស់លោក លីហៃបានដកស្រង់ផ្នែកមួយនៃការព្យាករណ៍ដោយយ៉ូសែបនៅស្រុកអេស៊ីព្ទ ពីផ្ទាំងលង្ហិន ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ [ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ] ) ។ ការព្យាករណ៍នេះគឺភាគច្រើនអំពីព្យាការី យ៉ូសែប ស្ម៊ីធ នៅថ្ងៃចុងក្រោយ ។ សូមអាន នីហ្វៃទី ២ ៣:៦–១៥, ២៤ ហើយគូសចំណាំពាក្យ ឬឃ្លាដែលបង្រៀនអ្នកអំពីយ៉ូសែប ស្ម៊ីធ ។ ( សូមកត់ចំណាំថាពាក្យ « ផលនៃពោះ » សំដៅទៅលើកូនចៅ ឬពូជពង្ស ) ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពី យ៉ូសែប ស៊្មីធ ?
-
តើអ្នកនឹងសង្ខេបការបង្រៀនអំពីព្យាការី យ៉ូសែប ស៊្មីធ មកពីអ្វីដែលអ្នកអាននៅក្នុង នីហ្វៃទី ២ ៣ ដោយរបៀបណា ?
សេចក្តីពិតមួយដែលយើងអាចរៀនបានគឺថា ព្រះអម្ចាស់បានលើកព្យាការី យ៉ូសែប ស៊្មីធ ឡើងដើម្បីជួយនាំមកនូវការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីមានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតនេះ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មតិអវិជ្ជមានអំពីព្យាការី យ៉ូសែប ស៊្មីធ នឹងកើនឡើង ពេលយើងដើរឆ្ពោះទៅរកការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីពិតពាក់កណ្ដាល និងការបោកបញ្ឆោតដ៏ប្រសប់នឹងមិនអន់ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្តិដែលនឹងត្រូវការជំនួយរបស់អ្នក ។ …
ចំពោះយុវជន … ខ្ញុំសូមផ្តល់ការអញ្ជើញជាក់លាក់មួយ ៖ ចូរទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ ( នែល អិល អាន់ឌើសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )
-
តើអ្នកមានទំនុកចិត្តយ៉ាងណាចំពោះការហៅដ៏ទេវភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ?
ការទទួលបានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ
សូមស្រមៃពីស្ថានភាពខាងក្រោមនេះ ៖
នៅពេលមិត្តភក្តិរបស់អ្នក ម៉ាកូស បានដឹងថាអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះគាត់បានចាប់ផ្តើមអានអំពី យ៉ូសែប ស្ម៊ីធ នៅលើគេហទំព័ររបស់សាសនាចក្រ ។ គាត់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការអញ្ជើញឲ្យរៀនដោយខ្លួនឯងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីរបស់ព្រះ ។ នៅពេលគាត់បានចែកចាយជាមួយអ្នកនូវអ្វីដែលគាត់កំពុងរៀន គាត់បានសួរថា « តើយើងអាចរៀនដោយខ្លួនឯងដោយរបៀបណាថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ?
-
តើអ្នកចង់និយាយអ្វីខ្លះទៅកាន់ម៉ាកូស ?
សម្រាប់គំនិតផ្សេងទៀតអំពីការទទួលបានទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះអម្ចាស់ សូមមើល ឬអានអ្វីដែលអែលឌើរ អាន់ឌើរសិន បានផ្ដល់យោបល់ ៖
ទីបន្ទាល់មួយអំពីព្យាការី យ៉ូសែប ស្ម៊ីធ អាចកើតឡើងចំពោះយើងម្នាក់ៗខុសៗគ្នា ។ វាអាចកើតឡើង ពេលអ្នកលុតជង្គង់ចុះអធិស្ឋានសូមព្រះឲ្យបញ្ជាក់ថា លោកគឺជាព្យាការីពិត ។ វាអាចកើតឡើង ពេលអ្នកអានដំណើររឿងរបស់ព្យាការីអំពីការនិមិត្តដំបូង ។ ទីបន្ទាល់អាចចាក់ដោតទៅក្នុងព្រលឹងរបស់អ្នក ពេលអ្នកអានព្រះគម្ពីរមរមនម្ដង ហើយម្ដងទៀត ។ វាអាចកើតឡើង ពេលអ្នកថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្យាការី ឬពេលអ្នកឈរក្នុងព្រះវិហារបរិសុទ្ធ ហើយដឹងថា តាមរយៈ យ៉ូសែប ស្ម៊ីធ អំណាចនៃការផ្សារភ្ជាប់ដ៏បរិសុទ្ធត្រូវបានស្ដារឡើងវិញលើផែនដី ។ ដោយមានសេចក្ដីជំនឿ និងចេតនាពិត នោះទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធ នឹងត្រូវបានពង្រឹងឡើង ។ ( នែល អិល អាន់ឌើសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )
អ្នកប្រហែលជាចង់មើលវីដេអូ « A Choice Seer Will I Raise Up: Prophet of the Restoration » ( ៤:៤២ ) ដើម្បីស្ដាប់ទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ ដែលបានចែកចាយដោយយុវជននៃសាសនាចក្រ ។