« យ៉ាកុប ២:២២–៣៥ ៖ ច្បាប់ព្រហ្មចារីភាព » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ២:២២–៣៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ២:២២–៣៥
ច្បាប់ព្រហ្មចារីភាព
លោកិយកំពុងបោះបង់ចោលបទដ្ឋាននៃភាពបរិសុទ្ធខាងផ្លូវភេទ ប៉ុន្តែបទដ្ឋានរបស់ព្រះអម្ចាស់អំពីភាពបរិសុទ្ធខាងផ្លូវភេទមិនផ្លាស់ប្តូរឡើយ ។ បន្ទាប់ពីទទួលកិច្ចការពីព្រះអម្ចាស់ យ៉ាកុបបានបង្រៀនប្រជាជនរបស់លោកអំពីច្បាប់ព្រហ្មចារីភាព ។ ការបង្រៀនរបស់យ៉ាកុបនៅតែអនុវត្តសព្វថ្ងៃនេះ ។ មេរៀននេះអាចជួយអ្នករីករាយនឹងព្រហ្មចារីភាព ដូចដែលព្រះអម្ចាស់សព្វព្រះទ័យផងដែរ ។
ការព្រមានរបស់យ៉ាកុប
-
តើអ្នកនឹងពណ៌នាអំពីអ្វីដែលដ្យាក្រាមនេះបង្ហាញអំពីបទដ្ឋានរបស់ព្រះអម្ចាស់ និងបទដ្ឋានរបស់លោកិយយ៉ាងដូចម្ដេច ?
-
តើអ្នកឃើញបទដ្ឋានរបស់លោកិយងាកចេញពីបទដ្ឋានរបស់ព្រះអម្ចាស់តាមរបៀបណាខ្លះ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយរបៀបមួយដែលលោកិយកំពុងងាកចេញពីបទដ្ឋានរបស់ព្រះអម្ចាស់ ៖
វាត្រូវការសេចក្ដីជំនឿដើម្បីមានជីវិតមួយដ៏បរិសុទ្ធ កាលលោកិយស្រែកថា ច្បាប់ព្រហ្មចារីភាពរបស់ព្រះ គឺហួសសម័យ ។ ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៤ )
-
តើអ្នកឃើញឧទាហរណ៍អ្វីខ្លះ ?
ច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់គឺច្បាស់លាស់ និងមិនប្រែប្រួល ។ « ព្រហ្មចារីភាពគឺជាភាពបរិសុទ្ធខាងផ្លូវភេទ ។ អ្នកដែលស្អាតស្អំគឺស្អាតស្អំខាងគំនិត ពាក្យសម្ដី និងការប្រព្រឹត្ត ។ ព្រហ្មចារីភាពមានន័យថា គ្មានទំនាក់ទំនងផ្លូវភេទណាមួយមុនពេលរៀបការ ។ វាក៏មានន័យថា មានភាពស្មោះត្រង់ទាំងស្រុងចំពោះប្តី ឬប្រពន្ធក្នុងពេលរៀបការ » ( Gospel Topics « Chastity » ) ។
នៅពេលអ្នកសិក្សា យ៉ាកុប ២ សូមរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះមានព្រះទ័យយ៉ាងណាចំពោះព្រហ្មចារីភាព ។
យ៉ាកុបស្រឡាញ់ប្រជាជនរបស់លោក ។ តាមរយៈព្រះចេស្ដារបស់ព្រះអម្ចាស់ យ៉ាកុបបានដឹងពីគំនិតរបស់ប្រជាជន និងអំពើទុច្ចរិតនៃចិត្តរបស់ពួកគេ ( សូមមើល យ៉ាកុប ១:១៥; ២:៥–៦ ) ។ លោកបានដឹងថា ពួកគេ « កំពុងតែចាប់ផ្ដើមប្រព្រឹត្តក្នុងអំពើបាប ហើយអំពើបាបនោះមានសភាពដ៏គួរស្អប់ខ្ពើមណាស់ … ចំពោះព្រះ » ( យ៉ាកុប ២:៥ ) ។ បន្ទាប់ពីបានព្រមានពួកសាសន៍នីហ្វៃអំពីអំពើបាបនៃសេចក្តីឆ្មើងឆ្មៃ ( សូមមើល យ៉ាកុប ២:១២–២១ ) យ៉ាកុបបានព្រមានពួកសាសន៍នីហ្វៃអំពី « ទោសធ្ងន់ដ៏លើសលែងទៅទៀត [ ឬកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ] » ( យ៉ាកុប ២:២២ ) ដែលប្រជាជនរបស់លោកកំពុងសញ្ជឹងគិត ។
សូមអាន យ៉ាកុប ២:២២–២៤ ដោយរកមើលពីរបៀបដែលយ៉ាកុបពិពណ៌នាអំពីអំពើបាបកាន់តែធ្ងន់ធ្ងរជាងនេះ ។ ( ការប្រព្រឹត្តសហាយស្មន់គឺនៅពេលដែលបុគ្គលម្នាក់មានទំនាក់ទំនងផ្លូវភេទជាមួយអ្នកផ្សេងក្រៅពីប្តីប្រពន្ធរបស់ខ្លួន ) ។
អ្នកក៏អាចមើលវីដេអូ « Jacob Teaches about Chastity » មាននៅលើ ChurchofJesusChrist.orgពីនាទីទី ០:២០ ដល់នាទីទី ១:៥១ ។
-
តើគំនិតរបស់យើងមានតួនាទីអ្វីខ្លះក្នុងការគោរពតាមច្បាប់ព្រហ្មចារីភាព ( សូមមើល ម៉ាថាយ ៥:២៨ ) ?
ព្រះអម្ចាស់សព្វព្រះទ័យនឹងច្បាប់ព្រហ្មចារីភាព
បុរសសាសន៍នីហ្វៃមួយចំនួនបានបំពានច្បាប់ព្រហ្មចារីភាព ដោយយកប្រពន្ធលើសពីម្នាក់ នៅពេលការប្រព្រឹត្តនេះត្រូវបានព្រះអម្ចាស់ថ្កោលទោសមុនពេលលីហៃបានចាកចេញពីក្រុងយេរូសាឡិម ( យ៉ាកុប ២:៣៤ ) ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងធ្វើនៅក្នុងជីវិតរបស់អ្នក ដើម្បីទប់ទល់នឹងការល្បួងដែលទាក់ទងនឹងច្បាប់ព្រហ្មចារីភាព ។
សូមអាន យ៉ាកុប ២:២៥–២៨ ដោយរកមើលអ្វីដែលយ៉ាកុបបានបង្រៀនពួកសាសន៍នីហ្វៃ ដើម្បីជួយពួកគេទប់ទល់នឹងការល្បួងឲ្យប្រព្រឹត្តអំពើបាបផ្លូវភេទ ។
-
តើអ្វីជាទស្សនៈរបស់ព្រះអម្ចាស់ចំពោះព្រហ្មចារីភាព ?
យ៉ាកុបកំពុងតែនិយាយទៅកាន់បុរសជាច្រើនដែលបានបញ្ចុះបញ្ចូលស្ត្រីឲ្យបំពានច្បាប់ព្រហ្មចារីភាព ។ ដូច្នេះ លោកបាននិយាយអំពីព្រះអម្ចាស់ដែលសព្វព្រះទ័យនឹងព្រហ្មចារីភាពរបស់ស្ត្រី ។ ព្រះអម្ចាស់សព្វព្រះទ័យចំពោះព្រហ្មចារីភាពនៃបុត្រាបុត្រីរបស់ទ្រង់—ទាំងបុរស និងស្ត្រី ។
សូមអានផ្នែក « រូបកាយរបស់អ្នកគឺពិសិដ្ឋ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០២២ ) ដោយរកមើលថា ហេតុអ្វីបានជាការរស់នៅតាមច្បាប់ព្រហ្មចារីភាពគឺជាអ្វីដែលគួរឲ្យរីករាយ ។
ដើម្បីមើលឧទាហរណ៍អំពីរបៀបដែលយុវវ័យមួយចំនួនពេញចិត្តនឹងព្រហ្មចារីភាព អ្នកប្រហែលជាចង់មើលវីដេអូ « I Choose to Be Pure » ( ៤:១៩ ) នៅលើ ChurchofJesusChrist.org។,
សូមអាន យ៉ាកុប ២:៣១–៣៥ ដោយរកមើលពីរបៀបដែលជម្រើសអសីលធម៌របស់ពួកបុរសសាសន៍នីហ្វៃមានផលប៉ះពាល់លើគ្រួសាររបស់ពួកគេ ។
សំណួរមួយក្នុងការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធគឺថា « តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ? »
-
តើអ្នកមានគំនិត និងអារម្មណ៍បែបណា ពេលអ្នកគិតអំពីការឆ្លើយសំណួរនេះទៅកាន់ប៊ីស្សពរបស់អ្នក ?
-
តើអ្នកអាចធ្វើអ្វីបាន ដើម្បីឲ្យព្រះអម្ចាស់អាចសព្វព្រះទ័យក្នុងព្រហ្មចារីភាពរបស់អ្នក ?
សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងធ្វើ ដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព និងរបៀបដែលវាជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់អ្នក ។ ប្រសិនបើអ្នកបានបំពានច្បាប់ព្រហ្មចារីភាព សូមនិយាយជាមួយប៊ីស្សពរបស់អ្នក ។ លោកអាចជួយអ្នកឲ្យប្រែចិត្តបាន ។ ព្រះអង្គសង្គ្រោះចង់អត់ទោសឲ្យអ្នក ។ នៅក្នុងទ្រង់ នោះអ្នកអាចរកឃើញការអភ័យទោស ភាពសុខសាន្ត ការព្យាបាល និងកម្លាំងដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព ។
ការបង្រៀនរបស់យ៉ាកុបអំពីអាពាហ៍ពិពាហ៍មានប្រពន្ធច្រើន
បន្ទាប់ពីយ៉ាកុបបានបង្រៀនប្រជាជនរបស់លោកកុំឲ្យមានប្តីប្រពន្ធច្រើនជាងមួយក្នុងពេលតែមួយ ( សូមមើល យ៉ាកុប ២:២៧ ) នោះលោកបានពន្យល់ពីលក្ខខណ្ឌនៅពេលព្រះអម្ចាស់អាចអនុញ្ញាតអាពាហ៍ពិពាហ៍មានប្រពន្ធច្រើន ( សូមមើល យ៉ាកុប ២:៣០ ) ។
-
តើយ៉ាកុបបានបង្រៀនអ្វីខ្លះអំពីអាពាហ៍ពិពាហ៍មានប្រពន្ធច្រើននៅក្នុង ខទី ៣០ ?
អាពាហ៍ពិពាហ៍មានប្រពន្ធច្រើនត្រូវបានអនុញ្ញាតតែនៅពេលដែលព្រះអម្ចាស់បញ្ជាតាមរយៈព្យាការីរបស់ទ្រង់—គឺប្រធាននៃសាសនាចក្រតែប៉ុណ្ណោះ—ហើយគ្មានអ្នកណាផ្សេងទៀតឡើយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤៥–៤៨ ) ។ នៅពេលវេលា និងទីកន្លែងជាក់លាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក នោះព្រះអម្ចាស់បានបញ្ជារាស្ត្ររបស់ទ្រង់ឲ្យអនុវត្តអាពាហ៍ពិពាហ៍មានប្រពន្ធច្រើន ។ ឧទាហរណ៍ ៖ អាពាហ៍ពិពាហ៍មានប្រពន្ធច្រើនត្រូវបានអនុវត្តដោយអ័ប្រាហាំ សារ៉ា និងហាការ ( សូមមើល លោកុប្បត្តិ ១៦:១–៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៣៥ ) ។ ចៅប្រុសរបស់លោកអ័ប្រាហាំ យ៉ាកុបក៏បានអនុវត្តអាពាហ៍ពិពាហ៍មានប្រពន្ធច្រើនផងដែរ ( សូមមើល លោកុប្បត្តិ ២៩–៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៧ ) ។ ច្បាប់នេះត្រូវបានអនុវត្តមួយរយៈពេលក្នុងអំឡុងគ្រាដំបូងនៃសាសនាចក្រដែលបានស្ដារឡើងវិញ ដោយចាប់ផ្ដើមពីព្យាការី យ៉ូសែប ស្ម៊ីធ ។ អាពាហ៍ពិពាហ៍មានប្រពន្ធច្រើនមិនត្រូវបានអនុវត្តដោយសមាជិកសាសនាចក្រទៀតទេ ( សូមមើល សេចក្តីប្រកាសជាផ្លូវការទី ១ ) ។