« អាលម៉ា ២–៣ ៖ អ្នកដែលយើងជ្រើសរើសដើម្បីគោរពតាម » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២–៣ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២–៣
អ្នកដែលយើងជ្រើសរើសដើម្បីគោរពតាម
នៅទូទាំងព្រះគម្ពីរ ព្យាការីទាំងឡាយបានព្រមានយើងជាបន្តបន្ទាប់ថា យើងនឹងប្រឈមមុខនឹងផលមកពីទង្វើរបស់យើង ដោយផ្អែកលើអ្នកដែលយើងជ្រើសរើសធ្វើតាម ។ ឧទាហរណ៍ ៖ បន្ទាប់ពីជម្លោះរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍អាំលីសៃ ព្យាការីមរមនបានបង្រៀនថា អស់អ្នកដែលបានស្លាប់នឹង « បានច្រូតសុភមង្គលដ៏អស់កល្បជានិច្ច ឬក៏សេចក្ដីវេទនាដ៏អស់កល្បជានិច្ច ស្របតាមវិញ្ញាណដែលគេបានចុះធ្វើតាម ថាតើជាវិញ្ញាណល្អ ឬជាវិញ្ញាណអាក្រក់វិញ » ( អាលម៉ា ៣:២៦ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីផលដែលទទួលបានពីអ្នកដែលយើងជ្រើសរើសធ្វើតាមក្នុងជីវិតនេះ ។
តើអ្វីជាគំនិតអប់រំនៃដំណើររឿងនេះ ?
-
តើអ្នកអាចគិតរកនឹកដំណើររឿង ឬរឿងនិទានដែលបង្រៀនមេរៀនជីវិតបានដែរឬទេ ?
រឿងព្រេងបុរាណមួយដែលបានឧទ្ទិសដល់អ្នកនិទានរឿងក្រិកបុរាណដែលមានឈ្មោះថា អៃសប គឺរឿង « ក្មេងប្រុសដែលស្រែកថា មានឆ្កែចចកៗ » ។ រឿងនេះតំណាលអំពីក្មេងប្រុសគង្វាលចៀមវ័យក្មេងម្នាក់ ដែលបានបញ្ឆោតអ្នកជិតខាងរបស់គាត់ពីរដងឲ្យជឿថា ឆ្កែចចកកំពុងស៊ីហ្វូងចៀមរបស់ភូមិ ។ ជាការលេងសប្បាយរបស់ក្មេងប្រុសរូបនេះ ធ្វើឲ្យអ្នកភូមិជាច្រើនបានប្រញាប់ប្រញាល់ទៅជួយ តែបែរជាមិនមានឆ្កែចចកទៅវិញ ។ ទីបំផុត ឆ្កែចចកពិតមួយក្បាលបានស៊ីហ្វូងចៀមមែន ។ ប៉ុន្តែពេលក្មេងរូបនោះស្រែកឲ្យជួយជាលើកទីបី គ្មានអ្នកណាមកជួយគាត់ទេ ។
-
តើអ្វីជាគំនិតអប់រំ ឬមេរៀនដែលយើងអាចរៀនពីរឿងនេះ ?
ដូចជាដំណើររឿង ឬរឿងនិទានដែលជារឿយៗច្រើនតែមានគំនិតអប់រំ នោះព្រះគម្ពីរក៏បង្រៀនមេរៀន និងបង្ហាញពីគោលការណ៍ទាំងឡាយដែរ ។ ជំនាញសិក្សាព្រះគម្ពីរដ៏មានប្រយោជន៍នៅពេលអ្នកសិក្សាព្រះគម្ពីរមរមន គឺត្រូវកត់សម្គាល់នៅពេលមរមនប្រាប់យ៉ាងច្បាស់ អំពីគោលបំណងរបស់លោកក្នុងការបញ្ចូលដំណើររឿងមួយចំនួននៅក្នុងបញ្ជីនេះ ។ ជារឿយៗលោកប្រើឃ្លាដូចជា « ហើយដោយហេតុនេះ យើងអាចវែកញែកយ៉ាងច្បាស់ » « ម្ល៉ោះហើយ យើងឃើញ » « មែនហើយ ប្រាកដមែន » ឬ « មើលចុះ » ដើម្បីប្រាប់យើងថា លោកកំពុងចែកចាយគោលការណ៍ និងមេរៀនទាំងឡាយជាមួយយើង ( សូមមើល អាលម៉ា ២៤:៣០; ៣០:៦០; ៤៨:១៧; ៦២:៤១; ហេលេមិន ៣:២៧–២៨ ) ។ ការស្វែងយល់ពីមេរៀន និងសេចក្តីពិតដែលមរមនបានគូសបញ្ជាក់អាចជួយអ្នកស្វែងរកភាពទាក់ទងផ្ទាល់ខ្លួន ។ វាក៏អាចបង្កើនប្រសិទ្ធភាពនៃការសិក្សាព្រះគម្ពីររបស់អ្នកផងដែរ ។
សូមអាន អាលម៉ា ៣:២៦–២៧ ដោយស្វែងរកសេចក្តីពិតមួយដែលមរមនចង់ឲ្យយើងរៀនពីដំណើររឿងនៅក្នុង អាលម៉ា ២–៣ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នករកឃើញ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីវគ្គបទគម្ពីរនេះ សូមកត់ចំណាំថាឃ្លា « មនុស្សគ្រប់រូបទទួលឈ្នួលពីអ្នកណាដែលគេចុះធ្វើតាម » អញ្ជើញយើងឲ្យស្រមៃឃើញថា យើងគឺជាឈ្នួលនៃជម្រើសនានាដែលយើងបានជ្រើសរើស កំណត់ថាតើមេឈ្នួលរបស់យើងជាព្រះវរបិតាសួគ៌ ឬសាតាំង ( សូមមើល អាលម៉ា ៣:២៧ ) ។ នៅក្នុងបរិបទនេះពាក្យ ចុះ សំដៅលើការផ្អៀង ឬទ្រេតទៅម្ខាងនេះ ឬម្ខាងនោះ ។ ដូច្នេះហើយ អស់អ្នកដែលផ្អៀងទៅខាងសាតាំង មិនយូរប៉ុន្មាននឹងឃើញថា ខ្លួនពួកគេបានបម្រើវា ហើយទទួល « សេចក្ដីវេទនាដ៏អស់កល្បជានិច្ច » ( អាលម៉ា ៣:២៦ ) ។ នៅទីបំផុតជម្រើសជីវិតរបស់យើងនឹងបង្ហាញថា តើនរណាដែលយើងបានជ្រើសរើសឲ្យធ្វើជាមេឈ្នួលដ៏អស់កល្បជានិច្ចរបស់យើង ។
សេចក្តីពិតមួយដែលអាចមានមកពី អាលម៉ា ៣:២៦–២៧ គឺ អ្នកដែលយើងជ្រើសរើសគោរពតាមក្នុងជីវិតនេះកំណត់សុភមង្គល ឬទុក្ខលំបាកជារៀងរហូតរបស់យើង ។
សូមគិតអំពីជីវិតរបស់អ្នក និងអ្នកដែលអ្នកជ្រើសរើសដើម្បីគោរពតាម ។ តើអ្នកកំពុងព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទដែរឬទេ ? ឬអ្នកកំពុងធ្វើតាមអ្នកផ្សេងទៀត ? សូមពិចារណាសំណួរទាំងនេះ នៅពេលអ្នកបន្តការសិក្សារបស់អ្នកនៅថ្ងៃនេះ ។
អាំលីសៃ ព្យាយាមធ្វើជាស្តេច
នៅអំឡុងដើមឡើយនៃរជ្ជកាលនៃពួកចៅក្រម អាលម៉ា និងប្រជាជនរបស់លោកបានប្រឈមមុខនឹងការសាកល្បងដ៏លំបាកមួយចំពោះសេចក្តីជំនឿ និងសុភមង្គលរបស់ពួកគេ ។
សូមអាន អាលម៉ា ២:១–១២ ដោយរកមើលការសាកល្បងដែលពួកសាសន៍នីហ្វៃបានប្រឈមមុខ ។
-
តើ អាំលីសៃ មានបំណងធ្វើអ្វី បើគាត់បានធ្វើជាស្តេច ? ( សូមមើល ខទី ៤ ) ។
-
តើសាសន៍នីហ្វៃបានឆ្លើយតបយ៉ាងណា ?
-
តើសាសន៍នីហ្វៃបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្រះអង្គសង្គ្រោះដោយរបៀបណា ?
ជម្រើស និងលទ្ធផល
សូមចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមអានខគម្ពីរបន្ទាប់ទៀត ហើយរាយបញ្ជីចំនួន « ឈ្នួល » ដែលបានមកពីការធ្វើតាមព្រះ ឬអារក្សនៅក្នុងជួរឈរដែលត្រឹមត្រូវ ។
« មនុស្សគ្រប់រូបទទួលឈ្នួលពីអ្នកណាដែលគេចុះធ្វើតាម » ( អាលម៉ា ៣:២៧ )
ការធ្វើតាមព្រះ |
ការធ្វើតាមអារក្ស ឬពួកអ្នកបម្រើរបស់វា |
---|---|
អាលម៉ា ២:១៦–១៨, ២៦–៣១ ( អាលម៉ា និងសាសន៍នីហ្វៃ )
អាលម៉ា៣:៤, ១៣–១៤, ១៨–១៩ ( ពួកសាសន៍អាំលីសៃ )
-
តើអ្នកបានសម្គាល់ឃើញអ្វីខ្លះនៅក្នុងដំណើររឿងទាំងពីរនេះ ?
កំណត់ចំណាំ ៖ បណ្តាសាដែលទាំងពួកសាសន៍អាំលីសៃ និងសាសន៍លេមិន បានជួបប្រទះ គឺជាការផ្តាច់ខ្លួនពីព្រះដោយសារតែការបះបោរ និងការមិនគោរពប្រតិបត្តិរបស់ពួកគេ ( សូមមើល នីហ្វៃទី២ ៥:២០–២១ ) ។ សញ្ញាសម្គាល់ដែលនៅពេលនោះបានសម្គាល់ថា ជាសាសន៍លេមិន ខុសពីសាសន៍នីហ្វៃ គឺថា « ស្បែកពួកលេមិនមានពណ៌ក្រមៅស្របតាមគំនូសចំណាំ » ( អាលម៉ា ៣:៦ ) ។ វាជាការសំខាន់ដើម្បីចងចាំថា ធម្មជាតិ និងរូបរាងនៃសញ្ញាសម្គាល់នេះមិនបានយល់ច្បាស់នោះទេ ។ ព្យាការីក្នុងគម្ពីរមរមន និងព្យាការីសម័យទំនើបបានបង្រៀនថា វាជាការខុសឆ្គងក្នុងការជេរប្រមាថ ឬមើលងាយមនុស្សដោយសារពណ៌សម្បុរស្បែករបស់ពួកគេ ( សូមមើល យ៉ាកុប ៣:៩ ) ។
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយបន្ថែមអ្វីដែលអ្នករកឃើញទៅក្នុងតារាងរបស់អ្នក ។
ការអនុវត្តផ្ទាល់ខ្លួន
-
តើអ្នកបានសង្កេត ឬបានដកពិសោធអ្វីខ្លះក្នុងជីវិតដែលបានបង្ហាញអ្នកពីសេចក្តីពិតនៃគោលការណ៍ដែលបានបង្ហាញនៅក្នុង អាលម៉ា ៣:២៦–២៧ ?
សូមគិតអំពីជម្រើសដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ដែលជួយអ្នកធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើវានឹងនាំទៅរកសុភមង្គលដ៏នៅអស់កល្បជានិច្ចដោយរបៀបណា ? តើអ្នកកំពុងធ្វើការជ្រើសរើសណាមួយដែលអាចនាំអ្នកចេញពីព្រះអង្គសង្គ្រោះដែរឬទេ ? សូមសម្រេចចិត្តថាអ្នកប្រហែលជាត្រូវធ្វើអ្វីដើម្បីផ្លាស់ប្តូរ ។ សូមពិចារណាពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចប្រទានពរ និងពង្រឹងអ្នក នៅពេលអ្នកព្យាយាមធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដែលនឹងនាំអ្នកត្រឡប់ទៅកាន់ទ្រង់ទាំងទ្វេវិញ ។