« អាលម៉ា ៥:៣៣–៦២ ៖ ‹ អ្នកគង្វាលល្អនឹងស្រែកហៅអ្នក › » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៥:៣៣–៦២ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៥:៣៣–៦២
« អ្នកគង្វាលល្អនឹងស្រែកហៅអ្នក »
បន្ទាប់ពីបានលើកទឹកចិត្តសមាជិកសាសនាចក្រនៅសារ៉ាហិមឡាឲ្យពិចារណាយ៉ាងស៊ីជម្រៅអំពីជំហររបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៥:១–៣២ ) អាលម៉ាបានអញ្ជើញពួកគេឲ្យមករកព្រះគ្រីស្ទ ដោយប្រើការប្រៀបធៀបទន់ភ្លន់ដូចជា « ព្រះពាហុនៃសេចក្ដីមេត្តាករុណាបានលាតសន្ធឹងមក » ( អាលម៉ា ៥:៣៣ ) « ចូរប្រែចិត្តចុះ នោះយើងនឹងទទួលអ្នក » ( អាលម៉ា ៥:៣៣ ) និង « អ្នកគង្វាលល្អនឹងស្រែកហៅអ្នក » ( អាលម៉ា ៥:៣៨ ) ។ មេរៀននេះអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានពរជ័យដែលទ្រង់ប្រទានដល់អ្នក ។
ចូរប្រែចិត្តចុះ នោះយើងនឹងទទួលអ្នក
ពាក្យចាស់លោកពោលថា « រូបភាពមួយមានអត្ថន័យស្មើមួយពាន់ពាក្យ » ។
-
ហេតុអ្វីវាអាចជាការពិត ?
សូមក្រឡេកមើលរូបភាពខាងក្រោមដែលពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើរូបភាពទាំងនេះបង្ហាញអ្នកពីសារលិខិតអ្វីខ្លះ ?
អ្នកប្រហែលជាចងចាំថា អាលម៉ា ៥ មានការបង្រៀនរបស់អាលម៉ាដល់សមាជិកសាសនាចក្រនៅសារ៉ាហិមឡា ដែលអ្នកខ្លះបានក្លាយជាមានសេចក្តី ឆ្មើងឆ្មៃ ហើយធ្លាក់ក្នុងអំពើបាប ( សូមមើល អាលម៉ា ៤:៨–១២ ) ។ បន្ទាប់ពីសួរបណ្ដុំសំណួរទាំងនេះដល់ប្រជាជន ដើម្បីជួយពួកគេវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ អាលម៉ាបានបង្រៀនសេចក្តីពិតដ៏សំខាន់អំពីព្រះអង្គសង្រ្គោះ ។
សូមអាន អាលម៉ា ៥:៣៣–៣៤ ដោយស្វែងរកអ្វីដែលអាលម៉ាចង់ឲ្យប្រជាជនរបស់លោកយល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរទាំងនេះមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើភាពស្រដៀងគ្នាអ្វីខ្លះដែលអ្នកបានឃើញរវាងខគម្ពីរទាំងនេះ និងរូបភាពនៃព្រះអង្គសង្គ្រោះដែលអ្នកបានមើល ?
-
តើការយល់ដឹងអំពីគោលការណ៍នៅក្នុងខគម្ពីរទាំងនេះអាចផ្លាស់ប្តូររបៀបដែលបុគ្គលម្នាក់មានទស្សនៈទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមគិតអំពីបំណងប្រាថ្នាបច្ចុប្បន្នរបស់អ្នកដើម្បីទទួលយកការអញ្ជើញរបស់ព្រះយេស៊ូវគ្រីស្ទឲ្យប្រែចិត្ត ហើយមករកទ្រង់ ហើយថាតើអ្នកប្រឈមមុខនឹងឧបសគ្គ ដែលធ្វើឲ្យពិបាកក្លាយជាអ្នកដើរតាមទ្រង់ដែរឬទេ ។ នៅពេលអ្នកបន្តសិក្សា សូមរកមើលការបង្រៀនដែលអាចជួយអ្នកខិតខំជំនះឧបសគ្គទាំងនោះ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។
ការស្តាប់សំឡេងរបស់អ្នកគង្វាលល្អ ។
បន្ទាប់ពីបង្រៀនអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យប្រែចិត្ត ហើយមករកទ្រង់អាលម៉ាបានចែកចាយការបង្រៀនបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទ ដើម្បីបញ្ចុះបញ្ចូលប្រជាជនរបស់លោកឲ្យដើរតាមព្រះអង្គសង្គ្រោះ ។
សូមអាន អាលម៉ា ៥:៣៧–៣៩ ហើយរកមើលសារលិខិតរបស់អាលម៉ា ទៅកាន់ប្រជាជនរបស់លោក ។
សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា យើងត្រូវតែស្ដាប់សំឡេងរបស់អ្នកគង្វាលល្អ ដើម្បីធ្វើជាចៀមរបស់ទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយនិយមន័យខាងក្រោមសម្រាប់ពាក្យ ប្រុងស្តាប់ ៖
វាមានន័យថា « ស្ដាប់ដោយបំណងចិត្តគោរពតាម » ។ ដើម្បីប្រុងស្ដាប់មានន័យថា « ស្ដាប់ទ្រង់ »—ដើម្បី ឮ នូវអ្វីដែលព្រះអង្គសង្គ្រោះមានបន្ទូល បន្ទាប់មក ផ្ទៀង ស្ដាប់ ដំបូន្មានរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះដែលធ្វើឲ្យអ្នកចង់ស្ដាប់តាមទ្រង់ ហើយត្រូវបានរាប់ក្នុងចំណោមហ្វូងចៀមរបស់ទ្រង់ ?
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយពរជ័យមួយចំនួន ដែលព្រះអង្គសង្គ្រោះប្រទានឲ្យយើង នៅពេលយើងអនុញ្ញាតឲ្យទ្រង់ធ្វើជាអ្នកគង្វាលដ៏ល្អរបស់យើង ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « Hearts Knit Together » មាននៅ ChurchofJesusChrist.orgចាប់ពី នាទីទី ១៣:៥៦ ដល់នាទីទី ១៤:៥១ ។
ពេលយើងមើលតាមកញ្ចក់នៃដំណឹងល្អ នោះយើងទទួលស្គាល់ថា យើងក៏ស្ថិតនៅក្រោមការឃ្លាំមើលរបស់អ្នកមើលថែដែលមានចិត្តអាណិតអាសូរផងដែរ ដែលបានបង្ហាញអង្គទ្រង់ដោយសេចក្ដីសប្បុរស និងការបីបាច់ថែរក្សា ។ អ្នកគង្វាលចៀមល្អស្គាល់យើងម្នាក់ៗតាមឈ្មោះរបស់យើង និងមានចំណាប់អារម្មណ៍ផ្ទាល់របស់ទ្រង់ចំពោះយើង ។ ព្រះអម្ចាស់ព្រះយេស៊ូវទ្រង់អង្គទ្រង់មានបន្ទូលថា « ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ។ … ហើយខ្ញុំ [ នឹង ] ស៊ូប្តូរជីវិតខ្ញុំនឹងចៀម » [ យ៉ូហាន ១០:១៤, ១៥ ] ។
… ខ្ញុំរកឃើញភាពសុខសាន្ដដ៏ឋិតថេរពេលដឹងថា « ព្រះអម្ចាស់គឺជាអ្នកគង្វាលខ្ញុំ » [ ទំនុកដំកើង ២៣:១ ] ហើយថាទ្រង់ស្គាល់យើងម្នាក់ៗ ហើយយើងស្ថិតនៅក្រោមការមើលថែរបស់ទ្រង់ ។ ពេលយើងជួបនឹងខ្យល់ និងព្យុះភ្លៀងនៃជីវិត ជំងឺ និងគ្រោះថ្នាក់នានា នោះព្រះអម្ចាស់—អ្នកគង្វាលយើង អ្នកមើលថែរបស់យើង—នឹងចិញ្ចឹមបីបាច់យើងដោយក្តីស្រឡាញ់ និងចិត្តសប្បុរស ។ ទ្រង់នឹងព្យាបាលដួងចិត្តរបស់យើង ហើយស្តារព្រលឹងរបស់យើងឡើងវិញ ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Hearts Knit Together » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៣ )
-
តើអ្នកចាប់អារម្មណ៍អ្វីជាងគេពីមូលហេតុដែលយើងចង់ធ្វើតាមអ្នកគង្វាលដ៏ល្អគឺព្រះយេស៊ូវគ្រីស្ទ ?
របៀបដែលអ្នកអាចស្តាប់សំឡេងរបស់អ្នកគង្វាលល្អ
អាលម៉ាបានណែនាំរបៀបជាច្រើនដែលប្រជាជនសារ៉ាហិមឡាអាចស្ដាប់តាមសំឡេងនៃអ្នកគង្វាលដ៏ល្អ ។ សូមអាន អាលម៉ា ៥:៤០–៤១, ៥០–៥១, ៥៧ ហើយរកមើលអ្វីដែលអាលម៉ាបានទូន្មាន ។
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីរបៀបដែលអ្នកអាចស្ដាប់តាមសំឡេងនៃអ្នកគង្វាលដ៏ល្អ ?
-
តើមានរបៀបណាខ្លះដែលយើងអាច « ចេញ … ពីពួកទុច្ចរិតមក » និង « កុំប៉ះពាល់ដល់វត្ថុទាំងឡាយដែលឥតស្អាតរបស់ពួកនោះឡើយ » ? ( ខទី ៥៧ ) ។