ថ្នាក់​សិក្ខាសាលា
អាលម៉ា ៧:១–១៣ ៖ ដើម្បី​ទ្រង់​អាច​ជួយ​រាស្ត្រ​របស់​ទ្រង់


« អាលម៉ា ៧:១–១៣ ៖ ដើម្បី​ទ្រង់​អាច​ជួយ​រាស្ត្រ​របស់​ទ្រង់ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៧:១–១៣ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៧:១–១៣

ដើម្បី​ទ្រង់​អាច​ជួយ​រាស្ត្រ​របស់​ទ្រង់

ព្រះ​អង្គ​សង្គ្រោះ ប្រទាន​ជំនួយ

កិច្ចការ និង​សិរីល្អ​របស់​ទ្រង់​គឺ​ដើម្បី « នាំ​ឲ្យ​មានអមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ដើម្បី​សម្រេច​កិច្ចការ​នេះ ទ្រង់​បានបញ្ជូន​ព្រះ​រាជបុត្រាទ្រង់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ មក​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​យក​ឈ្នះ​លើ​សេចក្តីស្លាប់​តាមរយៈ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។ ព្រះ​អង្គសង្គ្រោះបាន​ស្ម័គ្រព្រះទ័យ​រងទុក្ខ​គ្រប់យ៉ាង​សម្រាប់​យើង « ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ពឹងផ្អែក និង​មាន​អារម្មណ៍​ស្រឡាញ់​ព្រះ​អង្គសង្គ្រោះ​របស់​អ្នក​កាន់តែ​ខ្លាំង ។

ការណ៍​ដែល​សំខាន់​បំផុត

សូម​បង្កើត​បញ្ជី​នៃ​អ្វី​ដែល​អ្នក​ចាត់ទុក​ថា ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​មួយចំនួន​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ហើយ​បន្ទាប់មក​ចាត់​ចំណាត់ថ្នាក់​វា​តាមលំដាប់​លំដោយ​ពី​សំខាន់​បំផុត​ទៅ​មិន​សូវ​សំខាន់ ។

  • តើ​អ្វី​ដែល​ធ្វើឲ្យ​ព្រឹត្តិការណ៍​មួយ​អស្ចារ្យ ឬ​សំខាន់ ?

  • ហេតុអ្វី​ការចាត់​ចំណាត់ថ្នាក់​វា​តាមលំដាប់​នៃ​សារៈសំខាន់​ពិបាក​ធ្វើ ?

នៅពេល​អាលម៉ា​បាន​និយាយ​ទៅកាន់​ប្រជាជន​នៅ​ដែនដី​គេឌាន លោក​បានព្យាករ​ថា ទោះបីជា « នឹង​មាន​ការណ៍​ជាច្រើន​កើត​ឡើង​ក្នុង​ពេល​អនាគត … មាន​រឿង​មួយ​ដែល​សំខាន់ » ជាង​រឿង​ទាំង​អស់ ( អាលម៉ា ៧:៧ ) ។

សូម​អាន អាលម៉ា ៧:៧ ដោយ​រកមើល​ព្រឹត្តិការណ៍​សំខាន់​បំផុតនេះ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  • ហេតុអ្វី​អ្នក​គិតថា ការយាងមក​របស់​ព្រះ​អង្គសង្គ្រោះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​គ្រប់ពេល ?

បន្ទាប់ពី​អាលម៉ា​បាន​និយាយ​ទៅកាន់​ប្រជាជន​សារ៉ាហិមឡា ហើយ​រៀបចំ​សាសនាចក្រ​ឲ្យ​មាន​របៀប​រៀបរយ​នៅ​ដែនដី​ផ្នែក​នោះ ( សូម​មើល អាលម៉ា​៦ ) លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដែនដី​គេឌាន ។ អាលម៉ា ៧ មាន​ការបង្រៀន​សំខាន់ៗ​មកពី​អាលម៉ា ដល់​ប្រជាជន​គេឌាន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ មុនពេល​អ្នក​ចាប់ផ្តើម​សិក្សា សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​គិត​អំពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាក់ទង​នឹង​ជីវិត​របស់​អ្នក ។ តើ​អ្នក​កំពុង​ប្រឈមមុខ​នឹងកាលៈទេសៈ​អ្វីខ្លះ​ដែល​អ្នក​ត្រូវការ​ជំនួយ​ដែល​ព្រះ​វរបិតាសួគ៌ និង​ព្រះ​អង្គសង្គ្រោះ​បាន​ប្រទាន​ឲ្យ ?

នៅ​ពេលអ្នក​សិក្សា​នៅថ្ងៃ​នេះ សូម​រកមើល​ការបង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ដែល​អាច​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក និង​របៀប​ដែល​ទ្រង់​អាច​ជួយ​អ្នក ។

អាលម៉ា​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះ​អង្គសង្គ្រោះ

iconសូម​ចម្លង​តារាង​ខាងក្រោម​ចូលទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

អ្វីដែល​ព្រះ​អង្គសង្គ្រោះបាន​រងទុក្ខ​ជំនួស​ខ្ញុំ

ហេតុអ្វី​ព្រះ​អង្គសង្គ្រោះបាន​រងទុក្ខ​ជំនួស​ខ្ញុំ

icon អាលម៉ា ៧:១១–១៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅ​ក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

សូម​អាន អាលម៉ា ៧:១១–១៣ ដោយ​រកមើល​ការបង្រៀន​របស់​អាលម៉ា​អំពី អ្វី ដែល​ព្រះ​យេស៊ូវ​គ្រីស្ទបាន​រងទុក្ខ ឬ​បាន​លើកដាក់​លើ​អង្គទ្រង់​ជំនួស​អ្នក​ដែល​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​កត់ត្រារឿង​ទាំងនេះ​នៅ​ក្នុង​កូឡោន​ទីមួយ​នៃ​តារាង​របស់​អ្នក ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ពាក្យ ជំងឺ​ឈឺចាប់ សំដៅទៅ​លើ​ភាពទន់ខ្សោយ និង​ភាពអន់ថយ ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

សូម​អាន នីហ្វៃទី​២ ៩:២១; ម៉ូសាយ ៣:៥–៨ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៩ ។ វគ្គ​បទគម្ពីរ​ទាំងនេះ​រួមបញ្ចូល​ព័ត៌មាន​លម្អិត​ផ្សេងទៀត​អំពី​ការ​រងទុក្ខ​របស់​ព្រះ​អង្គសង្គ្រោះ ។ សូម​បន្ថែម​ពាក្យ ឬ​ឃ្លា​ណាមួយ​ដែល​អ្នក​យល់ថា សំខាន់​នៅ​ជួរទីមួយ​ក្នុង​តារាង​របស់​អ្នក ។ សូម​ពិចារណា​បន្ថែម​សេចក្តីយោង​ឆ្លង ឬ​តំណពី​វគ្គ​បទគម្ពីរ​ទាំងនេះ​ទៅ អាលម៉ា ៧:១១–១៣ ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​នៅ​ពេល​បាន​រៀន​អំពី​ការ​រងទុក្ខ​របស់​ព្រះ​អង្គសង្គ្រោះ អ្នក​មាន​គំនិត ឬ​ចំណាប់​អារម្មណ៍​អ្វីខ្លះ ?

    • ហេតុអ្វី​អ្នក​គិតថា វា​សំខាន់​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​រងទុក្ខ ហើយ​បាន​លើ​កដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់​ជា​ផ្នែកមួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ?

មូលហេតុ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទបាន​រងទុក្ខ​ចំពោះ​ការណ៍​ទាំងនេះ

សូម​អាន អាលម៉ា ៧:១១–១៣ ម្តងទៀត ពេលនេះ​សូម​ស្វែងរក មូលហេតុ ដែល​ព្រះអង្គសង្រ្គោះ​បានរងទុក្ខ​ជំនួស​អ្នក ។ សូម​ផ្តោត​លើ​ឃ្លា​ដែ​លចាប់ផ្តើម​ដោយ « ដើម្បី​ទ្រង់ » ឬ « ដើម្បី​ឲ្យ​ទ្រង់ » ពេល​អ្នក​អាន ។ នៅ​ក្នុង​តារាង​ជួរឈរ​ទីពីរ​របស់​អ្នក សូម​សរសេរ​អ្វីដែល​អ្នក​រកឃើញ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹងថា ពាក្យ ជួយ មានន័យ​ថា ផ្តល់​ជំនួយ ឬ​ជួយ ។

  • តើអ្នក​បានរៀន​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទបាន​រងទុក្ខ​ការណ៍​ទាំងនេះ​ជំនួស​អ្នក ?

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អ្នក​បានសិក្សា​ដោយ​របៀប​ណា​នៅ​ក្នុង អាលម៉ា ៧:១១–១៣ ទៅ​ជា​សេចក្ដី​ថ្លែងការណ៍​មួយ​នៃ​សេចក្តី​ពិត ?

ចេញពី អាលម៉ា ៧:១១–១៣ អ្នក​ប្រហែលជា​បាន​រកឃើញ​សេចក្តី​ពិត​មួយ​ដូច​នេះ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បានរងទុក្ខ​ដើម្បី​សង្រ្គោះ​ខ្ញុំ​ពី​អំពើបាប និង​សេចក្តីស្លាប់ ដើម្បី​ជួយ​ខ្ញុំ​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់ ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈ​ប្រធាន​ទីមួយបាន​ចែកចាយ​បញ្ហា​ប្រឈម​មួយចំនួន​នៃ​ជីវិត​រមែងស្លាប់ ដែល​ព្រះ​អង្គសង្គ្រោះ​អាច​ជួយ​យើង​បាន ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ឬ​មើលវីដេអូ « Strengthened by the Atonement of Jesus Christ » ដែល​មាន​នៅ​លើ​ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ៣:១៣ ដល់​នាទី​ទី ៤:០១ ។

15:54

ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ដក​ពិសោធ ហើយ​រងទុក្ខនូវ​ភាព​ពោរពេញ​នៃ​ឧបសគ្គ​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ « ស្របតាម​សាច់​ឈាម » ដើម្បី​ទ្រង់​អាច​ដឹង « ស្របតាម​សាច់​ឈាម » ពី​របៀប​ដើម្បី « ជួយ [ ដែល​មាន​ន័យ​ថា ប្រទាន​ការធូរស្បើយ ឬ​ជំនួយ​ដល់ ] រាស្ត្រ​ទ្រង់​តាម​ជំងឺ​របស់​គេ » ។ ហេតុដូច្នោះ​ហើយ ទ្រង់​ដឹង​ពី​ទុក្ខ​លំបាក ការខូចចិត្ត ការល្បួង និង​ការរងទុក្ខ​របស់​យើង ដ្បិត​ទ្រង់​មាន​ព្រះ​ឆន្ទៈ​ដកបទពិសោធ​ការណ៍​ទាំង​នោះ ដែល​វា​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ហើយ​ដោយសារ​ការណ៍​នេះ នោះ​ដង្វាយធួន​របស់​ទ្រង់​ប្រទាន​អំណាច​ដល់​ទ្រង់​ដើម្បី​ជួយយើង—ប្រទាន​កម្លាំង​ដល់​យើង ដើម្បី​ទ្រាំទ្រ​នូវ​ការណ៍​ទាំង​អស់​នោះ ។ ( ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦២ )

  • តើ​សេចក្ដី​ថ្លែងការណ៍​នេះ​ជួយ​អ្នក​យល់ ឬ​មាន​អារម្មណ៍​ដូចម្តេច​អំពី​ព្រះ​អង្គសង្គ្រោះ ?

ទាក់ទង​នឹង​ជីវិត​របស់​អ្នក

សូម​សញ្ជឹងគិត​មួយភ្លែត​អំពី​អ្វីដែល​ព្រះ​អង្គសង្គ្រោះបាន​រងទុក្ខ​ជំនួសអ្នក​ដោយ​ផ្ទាល់ ។ ឧទាហរណ៍ ៖ តើ​ទុក្ខ​វេទនា ការល្បួង ការឈឺចាប់ ឬ​ការរងទុក្ខ​អ្វីខ្លះ ដែល​អ្នក​កំពុង​ជួបប្រទះ ឬ​ធ្លាប់​ឆ្លងកាត់ ? សូម​ពិចារណា​សរសេរ​គំនិត​របស់​អ្នក​នៅ​ក្រោម​តារាង​របស់​អ្នក ។

បន្ទាប់មក សូម​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​ពង្រឹង ឬ​អាច​ពង្រឹង​អ្នក​ក្នុង​ការលំបាក​នីមួយៗ​ទាំងនេះ​ ។ សូម​ទូល​សូម​ព្រះ​វរបិតាសួគ៌​ឲ្យ​បំផុស​គំនិត​អ្នក នៅ​ពេលអ្នក​សរសេរ​គំនិត និង​អារម្មណ៍​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​យ៉ាងហោច​ណាស់មួយ ៖

    • តើ​ពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ទទួល​កម្លាំង​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

    • នៅក្នុង​ការសិក្សា​របស់​អ្នក​ថ្ងៃនេះ តើអ្នក​បានរៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អ្នក​ចង់​ចងចាំ ?