« អាលម៉ា ១២ ៖ ដួងចិត្តរឹងរូស ឬទន់ភ្លន់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១២
ដួងចិត្តរឹងរូស ឬទន់ភ្លន់
តើអ្នកគិតថា ការមានដួងចិត្តរឹងរូស ឬទន់ភ្លន់ចំពោះព្រះអម្ចាស់មានន័យដូចម្ដេច ? នៅពេល ស៊ីអែសរ៉ុម ចាប់ផ្តើមសួរអាលម៉ា និងអាមូលេកនូវសំណួរដ៏ស្មោះត្រង់ អាលម៉ាបានបង្រៀនថា អ្នកដែលគ្មានដួងចិត្តរឹងរូសអាចរៀនការណ៍របស់ព្រះបាន ។ អាលម៉ាបានបង្រៀនពីផែនការនៃសេចក្តីប្រោសលោះ ហើយបានលើកទឹកចិត្តប្រជាជនឲ្យវាយតម្លៃដួងចិត្តរបស់ពួកគេ ។ មេរៀននេះអាចជួយអ្នកវាយតម្លៃដួងចិត្តរបស់អ្នក និងឆន្ទៈរបស់អ្នកក្នុងការទទួលយកបន្ទូលរបស់ព្រះ ។
ការប្រៀបធៀបដួងចិត្តទៅនឹងដីឥដ្ឋ
សូមគិតអំពីពេលដែលអ្នកបានមើលនរណាម្នាក់ធ្វើអ្វីមួយចេញពីដីឥដ្ឋ ឬអ្នកធ្វើវាដោយខ្លួនឯង ។ តើអ្នកចាំបានទេថា តើដីឥដ្ឋងាយនឹងធ្វើទេ ឬបើវាស្ងួត ឬរឹងនោះ ?
-
តើការប្រើដីឥដ្ឋទន់ ឬរឹងជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការបង្កើតរូបរាងវាយ៉ាងដូចម្តេច ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបបេះដូងពីរដោយដាក់ស្លាកមួយថា « ដួងចិត្តរឹងរូស » និងមួយទៀត « ដួងចិត្តទន់ភ្លន់ » ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា នៅក្នុងបទគម្ពីរ ដួងចិត្តជានិច្ចកាលតំណាងឲ្យ « ចិត្ត និងឆន្ទៈ » របស់នរណាម្នាក់ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ចិត្ត » scriptures.ChurchofJesusChrist.org).
សូមប្រៀបធៀបចិត្តយើងទៅនឹងដីឥដ្ឋ ហើយព្រះអម្ចាស់ទៅនឹងអ្នកដែលសូនវា ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីឆ្លើយសំណួរខាងក្រោម ៖
-
តើការមានដូងចិត្តរឹងរូស ឬដួងចិត្តទន់ភ្លន់មានអត្ថន័យដូចម្តេច ? ហេតុអ្វីស្ថានភាពនៃដួងចិត្តខ្ញុំសំខាន់ ?
-
តើខ្ញុំមានដួងចិត្តរឹងរូស ឬទន់ភ្លន់ដោយរបៀបណា ?
-
បើដូងចិត្តខ្ញុំរឹងរូស តើខ្ញុំអាចស្វែងរកជំនួយពីព្រះអម្ចាស់ដោយរបៀបណាដើម្បីបន្ទន់វា ?
នៅពេលអ្នករៀន សូមពិចារណាសរសេរកំណត់ចំណាំនៅក្រោមរូបបេះដូងនីមួយៗ ដែលអ្នកបានគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ដួងចិត្តរឹងរូស និងដួងចិត្តទន់ភ្លន់
ស៊ីអែសរ៉ុម និងអ្នកដទៃទៀតបានព្យាយាមបោកបញ្ឆោត និងបង្ខូចកេរ្តិ៍ឈ្មោះអាលម៉ា និង អាមូលេក ដោយការសួរសំណួរដែលមានគោលបំណងដាក់អន្ទាក់ពួកគេ ( សូមមើល អាលម៉ា ១១:២១ ) ។ អាមូលេកបានឆ្លើយតបតាមរយៈព្រះវិញ្ញាណដោយថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងអំពីការជំនុំជម្រះចុងក្រោយ ( សូមមើល អាលម៉ា ១១:២៦–៤៦ ) ។ អាលម៉ាបានពន្យល់ថា លោក និងអាមូលេកបានដឹងពីការបោកបញ្ឆោតរបស់ ស៊ីអែសរ៉ុមតាមរយៈព្រះវិញ្ញាណ ( សូមមើល អាលម៉ា ១២:៣–៦ ) ។
សូមអាន អាលម៉ា ១២:៧–៨ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះស៊ីអែសរ៉ុម ។
-
តើឃ្លាអ្វីខ្លះដែលប្រាប់អ្នកថា ស៊ីអែសរ៉ុមកំពុងផ្លាស់ប្តូរ ?
-
តើអ្នកគិតថា ឥរិយាបថរបស់ស៊ីអែសរ៉ុមអាចមានភាពខុសគ្នាយ៉ាងណាចំពោះសមត្ថភាពទទួលបានចម្លើយ ?
ដោយសារស៊ីអែសរ៉ុមពិតជាចង់ដឹងអំពីការជំនុំជម្រះចុងក្រោយ អាលម៉ាបានប្រើឱកាសនេះដើម្បីបង្រៀនអំពីផែនការនៃសេចក្តីប្រោសលោះរបស់ព្រះ ។ ទោះជាយ៉ាងណាក៏ដោយ អាលម៉ាបានព្រមានស៊ីអែសរ៉ុមជាលើកដំបូងថា ដួងចិត្តរបស់លោកត្រូវតែត្រឹមត្រូវនៅចំពោះព្រះភ័ក្រ្តព្រះ ។
នៅពេលអ្នកអាន អាលម៉ា ១២:៩–១១ សូមគូសសម្គាល់ពាក្យ ឬឃ្លាដែលជួយអ្នកឲ្យយល់ពីអ្វីដែលកើតឡើង ដោយសារតែស្ថានភាពនៃដួងចិត្តរបស់យើង ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ គឺជាសេចក្ដីពិតខាងវិញ្ញាណ ដែលបានដឹងដោយសារវិវរណៈប៉ុណ្ណោះ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ » scriptures.churchofJesusChrist.org).
គោលការណ៍ពីរដែលអ្នកអាចស្វែងយល់គឺ ( ១ ) បើយើងគ្មានចិត្តរឹងរូស ហើយយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម នោះយើងអាចស្គាល់សេចក្តីអាថ៌កំបាំងទាំងឡាយរបស់ព្រះ និង ( ២ ) បើយើងមានចិត្តរឹងរូស នោះយើងនឹងទទួលបានព្រះបន្ទូលរបស់ព្រះតិចជាងមុន រហូតដល់យើងមិនដឹងអ្វីអំពីសេចក្តីអាថ៌កំបាំងទាំងឡាយរបស់ព្រះឡើយ ។ សូមពិចារណាសរសេរសេចក្តីពិតនីមួយៗនៅជាប់នឹងរូបបេះដូង ដែលអ្នកបានគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាររបស់អ្នក ។
ដើម្បីទទួលបានការយល់ដឹងកាន់តែខ្លាំងអំពីអត្ថន័យនៃការមានដួងចិត្តរឹងរូស ឬអ្វីដែលយើងអាចធ្វើដើម្បីឲ្យព្រះអម្ចាស់បន្ទន់ដួងចិត្តយើង សូមអានខគម្ពីរមួយចំនួនដូចខាងក្រោម ។ នៅជិតនឹងរូបបេះដូងដែលត្រូវគ្នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នករៀន ឬឃ្លាសំខាន់ៗពីខគម្ពីរទាំងនេះ និងខគម្ពីរដែលអ្នកអានពី អាលម៉ា ១២:៧–១១ ។
-
មនុស្សមានដួងចិត្តរឹងរូស ៖ នីហ្វៃទី១ ១៥:៣; នីហ្វៃទី២ ៣៣:២; ម៉ូសាយ ១១:២៩ ។
-
អ្វីដែលមនុស្សធ្វើដើម្បីឲ្យព្រះអម្ចាស់បន្ទន់ចិត្តរបស់ពួកគេ ៖ នីហ្វៃទី១ ២:១៦; អាលម៉ា ២៤:៨ ។
-
តើអ្នកគិតថា វានឹងមានសភាពបែបណាសម្រាប់នរណាម្នាក់សួរសំណួរដោយមានដួងចិត្តរឹងរូសនោះ ? តើវានឹងមានសភាពបែបណាក្នុងការសួរដោយ « យកចិត្តទុកដាក់ និងការព្យាយាម » ( អាលម៉ា ១២:៩ ) ចំពោះព្រះអម្ចាស់ ?
-
ហេតុអ្វីពេលខ្លះយើងអាចមានអារម្មណ៍ចង់មានដួងចិត្តរឹងរូស ?
-
ហេតុអ្វីអ្នកគិតថា ស្ថានភាពដួងចិត្តរបស់យើងចំពោះព្រះអម្ចាស់អាចធ្វើឲ្យមានការផ្លាស់ប្តូរបែបនេះក្នុងជីវិតរបស់យើង ?
ផែនការនៃសេចក្តីប្រោសលោះរបស់ព្រះអម្ចាស់
ដោយសារស៊ីអែសរ៉ុមចាប់ផ្ដើមមានបំណងប្រាថ្នាដើម្បីយល់អំពីការមានព្រះជន្មរស់ឡើងវិញ និងថ្ងៃជំនុំជម្រះដោយស្មោះត្រង់ នោះអាលម៉ាបានបង្រៀនគាត់អំពីផែនការនៃសេចក្តីប្រោសលោះរបស់ព្រះ ។ លោកបានបង្រៀនថា ជីវិតនេះគឺជា « ពេលវេលាសម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ » និងអំពីតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះក្នុងការយកឈ្នះលើអំពើបាប និងសេចក្ដីស្លាប់របស់យើង ( សូមមើល អាលម៉ា ១២:១៦–១៨, ២៤–២៨, ៣៣ ) ។ លោកបានលើកឡើងពីសារៈសំខាន់នៃការគ្មានដួងចិត្តរឹងរូស ។
សូមចំណាយពេលមួយភ្លែតដើម្បីស្រមៃមើលថា តើវានឹងមានសភាពយ៉ាងណាក្នុងការឈរនៅចំពោះព្រះភ័ក្រ្តព្រះ នៅឯការជំនុំជម្រះចុងក្រោយ បន្ទាប់ពីរស់នៅដោយមានចិត្តរឹងរូស ។ សូមស្រមៃផងដែរថា តើវានឹងមានសភាពបែបណាបន្ទាប់ពីរស់នៅជាមួយដួងចិត្តទន់ភ្លន់ ។
សូមអាន អាលម៉ា ១២:១២–១៥, ៣៣–៣៧ ដោយរកមើលពីរបៀបដែលដួងចិត្តរបស់អ្នកអាចទទួលរងផលប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅឯការជំនុំជម្រះចុងក្រោយ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬឃ្លាសំខាន់ៗនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
ស្របតាម អាលម៉ា ១២:៣៣–៣៤ ហេតុអ្វីវាចាំបាច់ដើម្បីមិនធ្វើឲ្យដួងចិត្តយើងរឹងរូស ហើយប្រែចិត្ត ?
-
តើព្រះអង្គសង្គ្រោះជាគំរូដ៏ល្អឥតខ្ចោះនៃការមានព្រះទ័យទន់ភ្លន់ និងរាបទាបចំពោះព្រះវរបិតារបស់ទ្រង់យ៉ាងដូចម្ដេច ? ( សូមមើល ម៉ាថាយ ២៦:៣៩; នីហ្វៃទី២ ៣១:៤–៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៨–១៩ ) ។
ដូងចិត្តរបស់អ្នក
ដើម្បីជួយអ្នកវាយតម្លៃដួងចិត្តរបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនៅលើរង្វាស់ពី ១ ដល់ ៥ ដែលលេខ ១ មានន័យថា « មិនពិតចំពោះខ្ញុំ » និងលេខ ៥ មានន័យថា « ពិតចំពោះខ្ញុំជានិច្ច » ។
-
ខ្ញុំចង់បានការណែនាំពីព្រះវរបិតាសួគ៌ក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្ញុំ ។
-
ខ្ញុំស្ម័គ្រចិត្តគោរពតាមព្រះវរបិតាសួគ៌ ។
-
ខ្ញុំទទួលយកការកែតម្រូវ ។
-
ខ្ញុំមានអារម្មណ៍ថាត្រូវការជំនួយរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ខ្ញុំ ។
-
ខ្ញុំស្ម័គ្រចិត្តងាកទៅរកព្រះអង្គសង្គ្រោះ ហើយប្រែចិត្ត ។