ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៥ ៖ ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ


« អាលម៉ា ១៥ ៖ ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៥

ព្រះចេស្តា​នៃ​ការព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ

ស៊ីអែសរ៉ុម​កំពុង​ត្រូវ​បាន​ព្យាបាល

ការឈោង​ទៅ​ជួយ​អ្នក​ដែល​រងទុក្ខ​គឺ​ជា​ការផ្តោតលើ​ការបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ា និង អាមូលេក មាន​ការផ្តោត​ដូច​គ្នា បន្ទាប់ពី​ត្រូវបាន​រំដោះ​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ​ដោយ​ព្រះហស្ត​របស់​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ព្រះចេស្តា​នៃ​ការព្យាបាល​ដែល​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

ជំងឺ​ផ្លូវ​កាយ និង​ខាង​វិញ្ញាណ

សូម​ពិនិត្យ​មើល​បញ្ជី​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ខាង​ក្រោម ។ សូម​សញ្ជឹង​គិត​អំពី​រោគ​សញ្ញា​របស់​ជំងឺ ក៏​ដូចជា​ការព្យាបាល​ណា​ដែល​ប្រើ​ដើម្បី​មើល ឬ​ព្យាបាល​ជំងឺ​ទាំង​នេះ ។

  • ជំងឺ​បេះដូង

  • ជំងឺ​មហារីក

  • បាក់​ឆ្អឹង

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​នរណា​ម្នាក់​បាន​ព្យាបាល​តែ​រោគសញ្ញា​នៃ​លក្ខខណ្ឌ​ទាំង​នេះ​ដោយ​មិន​ស្វែងយល់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទាំង​នេះ ?

ដូចជា​ជំងឺ​ផ្លូវ​កាយ​ដែរ អំពើ​បាប—ឬ​ជំងឺ​ខាង​វិញ្ញាណ—ក៏​មាន​រោគសញ្ញា​ដែរ ។ សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អាច​ជា​រោគសញ្ញា​នៃ​អំពើបាប ហើយ​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ស្ថានភាព​នៃ​សុខភាព​ខាង​វិញ្ញាណ​របស់​អ្នក ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ធ្វើ​រឿង​នេះ​បាន ៖

  • យោង​តាម​អត្ថបទ​ប្រធានបទ​នៃ​ដំណឹងល្អ « អំពើ​បាប » (topics.ChurchofJesusChrist.org) តើ​អំពើ​បាប​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ ?

  • តើ​អំពើ​បាប​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​ចំពោះ​ខ្លួន​យើង និង​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ?

នៅពេល​អ្នក​សិក្សា សូម​ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បង្រៀន​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​អានុភាព​ព្យាបាល​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ ដើម្បី​កែលម្អ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​អ្នក ។

ស្ថានភាព​របស់​ស៊ីអែសរ៉ុម

បន្ទាប់ពី​ត្រូវបាន​រំដោះ​ដោយ​អព្ភូតហេតុ​ពី​គុក​នៅ​អាំម៉ូណៃហា ដោយ​ព្រះហស្ត​នៃ​ព្រះ អាលម៉ា និង អាមូលេក​បាន​ធ្វើ​ដំណើរ​ទៅក្រុង​សៃដុម ( សូមមើល អាលម៉ា ១៥:១–២ ) ។ កាលនៅ​ក្រុង​សៃដុម ពួកលោក​បាន​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដែល​ត្រូវគេ​បណ្ដេញ​ចេញ​ពី​ក្រុង​អាំម៉ូណៃហា ដោយសារ​តែ​ជឿ​សារ​លិខិតរបស់​ពួកលោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​ម្នាក់​ដែល​ពួកគេ​បាន​ធ្វើ​ការងារ​បម្រើ​នោះ​គឺ ស៊ីអែសរ៉ុម ។

រូប​តំណាង កំណត់ត្រាសូម​គូរ​កំណត់​ចំណាំ​របស់​វេជ្ជបណ្ឌិត ឬ​ក្រដាស​វេជ្ជបញ្ជា​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ជំងឺ​ខាង​វិញ្ញាណ

doctor note

សូម​អាន​បទគម្ពីរ​ដែល​បាន​រាយ​នៅ​ក្រោម « រោគ​សញ្ញា » ។ ខាង​ក្រោម​នេះ សូម​រាយ​ពាក្យ ឬ​ឃ្លា​ណា​មួយ​ដែល​ពិពណ៌នា​អំពី​ស្ថានភាព​របស់ ស៊ីអែសរ៉ុម ។

  • តើ​អ្នក​អាច​ពិពណ៌នា​អំពី​ស្ថានភាព​របស់ ស៊ីអែសរ៉ុម រួម​ទាំង​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​គាត់​ដោយ​របៀប​ណា ?

  • តើ​អ្នក​ចាំ​អ្វី​ខ្លះ​អំពី ស៊ីអែសរ៉ុម ដែល​នឹង​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​បែប​នេះ ?

ជំងឺ​ផ្លូវ​កាយ​មិន​តែងតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បាប​ជានិច្ចនោះ​ទេ ( សូមមើល យ៉ូហាន ៩:២–៣ ) ។ សូម​កត់​ចំណាំ​អារម្មណ៍​របស់ ស៊ីអែសរ៉ុម អំពី​កំហុស​នៅក្នុង អាលម៉ា ១៤:៦ ។ ខណៈ​ដែល​ការមាន​កំហុស​ធ្វើ​ឲ្យ​មិន​សប្បាយ​ចិត្ត នោះ​វា​មាន​គោលបំណង​មួយ ។ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​គោលបំណង​ដែល​អារម្មណ៍​ទាំង​នេះ​អាច​មាន ។ សូម​មើល​វីដេអូ « We Believe in Being Chaste » ចាប់ពីនាទី​ទី ១៣:១៥ ដល់​នាទី​ទី ១៣:៤៩ ដែល​មាន​នៅ ChurchofJesusChrist.org ឬ​អាន​អត្ថបទ​ខាង​ក្រោម ។

15:47

យើង​ទាំងអស់​គ្នា​ធ្លាប់​មាន​ការឈឺចាប់​ដែល​ទាក់ទង​ទៅ​នឹង​ការរង​របួស​ខាង​ផ្លូវ​កាយ ។ ពេល​យើង​ឈឺ​ចាប់ ជា​ធម្មតា​យើង​ស្វែងរក​ការធូរ​ស្បើយ ហើយ​មាន​អំណរ​គុណ​សម្រាប់​ថ្នាំ​សង្កូវ និង​ការព្យាបាល ដែល​បន្ថយ​ការឈឺចាប់​របស់​យើង ។ សូម​ពិចារណា​ពី​អំពើបាប​ថា ជា​របួស​ខាង​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​មាន​កំហុស ឬ​ដូច​ដែល​បាន​ពិពណ៌នា​ដោយ​អាលម៉ា​ទៅ​កាន់​កូន​ប្រុស​របស់​លោក កូរីអានតុន​ថា « ការសោកស្ដាយ​នៅក្នុង​ស្មារតី » ( អាលម៉ា ៤២:១៨ ) ។ កំហុស​ចំពោះ​វិញ្ញាណ​យើង​ស្រដៀង​គ្នា​នឹង​ការឈឺចាប់​ក្នុង​រូបកាយ​យើង​ដែរ—វា​ជា​ការព្រមាន​ពី​គ្រោះថ្នាក់ និង​ជា​ការការពារ​ពី​ការខូច​បង់​បន្ថែម​ទៀត ។ ( ដាវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៤ )

  • យោង​តាម​អែលឌើរ បែដណា តើ​អ្វី​ជា​គោលបំណង​មួយ​នៃ​ការប្រព្រឹត្តិ​កំហុស ?

  • តើ​ការណ៍​នេះ​អាច​ផ្លាស់ប្តូរ​ទស្សនៈ ឬ​ទស្សនវិស័យ​របស់​យើង​ចំពោះ​អារម្មណ៍​មាន​កំហុស​បន្ទាប់​ពី​ធ្វើ​ខុស​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​រោគសញ្ញា​របស់ ស៊ីអែសរ៉ុម មាន​លក្ខណៈ​ដូចជា « ការព្រមាន​អំពី​គ្រោះថ្នាក់ និង​ការការពារ​ពី​ការខូចខាត​បន្ថែម » តាម​វិធី​ណា​ខ្លះ ?

ការព្យាបាល​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​អាន​ដោយ​ប្រុងប្រយ័ត្ន​អំពី​ការព្យាបាល​របស់ ស៊ីអែសរ៉ុម នៅក្នុង អាលម៉ា ១៥:៤–១២ ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Zeezrom Is Healed and Baptized » ( ២:៤២ ) ដែល​មាន​នៅ ChurchofJesusChrist.org ។ នៅពេល​អ្នក​អាន សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​លម្អិត​ដែល​រួម​ចំណែក​ដល់​ការព្យាបាល​របស់​ស៊ីអែសរ៉ុម ។ សូម​ពិចារណា​សរសេរ​កំណត់​ចំណាំ​នៃ​ព័ត៌មាន​លម្អិត​ទាំង​នេះ​នៅក្រោម​ផ្នែក « វេជ្ជ​បញ្ជា » នៃ​កំណត់​ចំណាំ​របស់​វេជ្ជបណ្ឌិត​របស់​អ្នក ។

2:43
  • តើ​គោលការណ៍ ឬ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ការព្យាបាល​របស់ ស៊ីអែសរ៉ុម ?

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ​ថា នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​ព្យាបាល ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​អំពី​ស៊ីអែសរ៉ុម ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ទាំង​មុន និង​ក្រោយ​ពេល​គាត់​បាន​ជា​សះ​ស្បើយ ?

  • តើ​យើង​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ដូច​គ្នា​ដោយ​របៀប​ណា ?

អែលឌើរ ដាវីឌ អេ បែដណា បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​អនុវត្ត​សេចក្តី​ជំនឿ ។ សូម​មើល​វីដេអូ « We Believe in Being Chaste » ចាប់ពី​នាទី​ទី ១៣:១៥ ដល់​នាទី​ទី ១៣:៤៩ ដែល​មាន​នៅ ChurchofJesusChrist.org ឬ​អាន​អត្ថបទ​ខាង​ក្រោម ។

15:47

ជា​ញឹកញាប់ ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​គេ​ហៅ​ថា គ្រូ​ពេទ្យ​ដ៏​អស្ចារ្យ ហើយ​ព្រះ​បរមងារ​នេះ​មាន​ន័យ​ជា​និមិត្តរូប​ផង និង​មាន​ន័យ​ត្រង់​ផង ។ … ចេញ​មក​ពី​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ​មាន​នូវ​ក្រមួន​សម្រាប់​ព្យាបាល ដែល​អាច​ព្យាបាល​របួស​ខាង​វិញ្ញាណ​យើង ហើយ​ដក​យក​កំហុស​ចេញ ។ ប៉ុន្តែ ក្រមួន​នេះ​អាច​ប្រើ​តែ​តាមរយៈ​គោលការណ៍​នៃ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង​ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ ។ លទ្ធផល​នៃ​ការប្រែចិត្ត​ដ៏​ស្មោះត្រង់​មាន​សេចក្ដី​សុខសាន្ត​នៃ​សតិ​សម្បជញ្ញៈ ការលួងលោម និង​ការព្យាបាល និង​ការបន្ត​ជា​ថ្មី​ខាង​វិញ្ញាណ ។ ( ដាវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៤ )

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​យើង​អាច​ទទួល​បាន​ព្រះចេស្តា​ព្យាបាល​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​អ្នក​គិត​ថា « គ្រូពេទ្យ​ដ៏​អស្ចារ្យ » គឺ​ជា​ងារ​ដ៏​ស័ក្តិសម​សម្រាប់​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី​អ្នក​គិត​ថា ទ្រង់​អាច​ព្យាបាល​យើង​បាន ?

  • តើ​ពេល​ណា​ដែល​អ្នក ( ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ) បាន​ជួប​ប្រទះ​នឹង​ការព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ ?

  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    ទោះបី​ជា​យើង​ទាំងអស់​គ្នា​មិន​រងទុក្ខ​ដូច​ស៊ីអែសរ៉ុម​ក៏​ដោយ ក៏​យើង​ទាំងអស់​គ្នា​មាន​បញ្ហា និង​បទពិសោធន៍​នៃ​ការរងទុក្ខ ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​ឆ្លងកាត់​បានដែរ ។ សូម​គិត​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​បាប ឬ​កំហុស​មួយ​ចំនួន​ដែល​ក្មេង​ជំទង់​អាច​ជួប​ប្រទះ និង​របៀប​ដែល​ពួកគេ​អាច​ត្រូវការ​ព្រះចេស្តា​ព្យាបាល​របស់​ព្រះអង្គ​សង្គ្រោះ ។

    សូម​បង្កើត​កំណត់​ចំណាំ​របស់​វេជ្ជបណ្ឌិត​ផ្សេង​ទៀត​ដើម្បី​ជួយ​នរណា​ម្នាក់ ។ សូម​អាន នីហ្វៃ​ទី៣ ៩:១៣–១៤ ហើយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ដើម្បី​បង្កើត​វេជ្ជបញ្ជា ។ អ្នក​អាច​ធ្វើ​សេចក្តីយោង​ទៅ អាលម៉ា ១៥ ។ សូម​ចែកចាយ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ និង​អ្វី​ដែល​ទំនង​ជា​ការអនុវត្តសេចក្តី​ជំនឿ​លើ​ទ្រង់ ។ ត្រូវ​ប្រាកដ​ថា​បំពេញ​សេចក្តី​ថ្លែងការណ៍​មិន​ពេញលេញ​ខាង​ក្រោម ៖

    • ប្រសិនបើ​នរណា​ម្នាក់​កំពុង​មាន​អារម្មណ៍ [ រាយ​បញ្ជី​រោគ​សញ្ញា​នៃ​អំពើ​បាប ] … នោះ​ពួកគេ​ត្រូវតែ​ចងចាំ [ បញ្ជី​វេជ្ជបញ្ជា ឬ​ឱសថ​ព្យាបាល ] …