ថ្នាក់​សិក្ខាសាលា
អាលម៉ា ១៣ ៖ « ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​នោះ »


អាលម៉ា ១៣ ៖ ‹ ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​នោះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៣

« ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​នោះ »

ព្រះអង្គ​សង្គ្រោះ

ក្នុង​ជីវិត​នេះ យើង​មាន​ការខ្វល់ខ្វាយ និង​បញ្ហា​ជា​ច្រើន ។ ព្រះអម្ចាស់​គង់​នៅ​ទីនោះ ដើម្បី​ជួយ​យើង និង​មានព្រះទ័យចង់​ឲ្យ​យើង​ចូលទៅ​ក្នុងសេចក្តី​សម្រាក​របស់​ទ្រង់ ។ អាលម៉ា​បាន​ពន្យល់​ថា ព្រះអម្ចាស់​បាន​តែងតាំង​សង្ឃ​ជាន់​ខ្ពស់​ឲ្យ​បង្រៀន​បទបញ្ញត្តិ និង​ធ្វើ​ពិធីបរិសុទ្ធ ដើម្បី​ឲ្យ​ប្រជាជន​អាច​ចូល​ទៅក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់​បាន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការចូល​ក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់ និង​របៀប​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន ។

សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់

  • តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសម្រាក ?

ជា​រឿយៗ ព្រះគម្ពីរ​ថ្លែង​អំពី​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ។ សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់​សំដៅ​លើ « ភាពពេញ​លេញ​នៃ​សិរី​ល្អ​របស់​ទ្រង់ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:២៤ ) ។ សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់​ក៏​សំដៅ​ទៅ​លើ « សេចក្តី​អរសប្បាយ​រីករាយ​ចំពោះ​សេចក្តី​សុខសាន្ត និង​សេរីភាព ផុត​ពី​ការព្រួយ​បារម្ភ និង​ជ្រួលច្របល់ ។ ព្រះអម្ចាស់​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​នូវ​សេចក្តី​សម្រាក​បែប​នេះ​ដល់​ពួក​អ្នក​ដែល​ដើរ​តាម​ទ្រង់​ដោយ​ស្មោះត្រង់​នៅក្នុង​ជីវិត​នេះ ។ ទ្រង់​ក៏​បាន​រៀបចំ​ទី​កន្លែង​សម្រាក​មួយ​ទុក​សម្រាប់​ជា​ទី​សម្រាក​ដល់​ពួកគេ​នៅ​ជីវិតខាង​មុខ » ផងដែរ ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សម្រាក » scriptures.ChurchofJesusChrist.org).

ការមាន​សេចក្តី​សុខសាន្ត និង​សេរីភាព ផុត​ពី​ការព្រួយ​បារម្ភ និង​ជ្រួលច្របល់ មិន​មែន​មាន​ន័យ​ថា ជីវិត​នឹង​រួច​ផុត​ពី​ការសាកល្បង​នោះ​ទេ ។ សូម​អាន ម៉ាថាយ ១១:២៨–៣០ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​អំពី​សេចក្តី​សម្រាក​របស់​ទ្រង់​អំឡុង​ពេល​មាន​ការលំបាក​ក្នុង​ជីវិត ។

សូម​គិត​អំពី​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក ។

  • តើ​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​ពី​បទពិសោធន៍​នៃ​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

អាលម៉ា​បាន​អញ្ជើញ​ប្រជាជន​អាំម៉ូណៃហា​ឲ្យ​ប្រែចិត្ត ហើយ​មិន​ធ្វើ​ចិត្ត​របស់​ពួកគេ​រឹងរូស ដើម្បី​ពួកគេ​អាច​ត្រូវបាន​លើកលែង​ទោស ហើយ​ចូល​ទៅក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់ ( សូមមើល អាលម៉ា ១២:៣៣–៣៧ ) ។ នៅពេល​អ្នក​សិក្សា អាលម៉ា ១៣ សូម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដើម្បី​ជួយ​អ្នក​ឲ្យ​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ទ្រង់​នៅក្នុង​ជីវិត​នេះ និង​ក្នុង​ជីវិត​បន្ទាប់ ។

អ្នក​ដឹកនាំ​បព្វជិតភាព​ជួយ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់

ប្រជាជន​អាំម៉ូណៃហា​បាន​ចាត់​ទុក​ខ្លួន​ពួកគេ​ថា​ជា « អ្នក​ដើរ​តាម​របៀប និង​សេចក្ដី​ជំនឿ​របស់​នីហូរ » ( អាលម៉ា ១៤:១៦ ) ។ ដោយសារ​តែ​រឿង​នេះ ពួកគេ​បាន​ជឿ​ថា ពួកគេ​អាច​ត្រូវបាន​សង្គ្រោះ​ដោយ​គ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​បាន​ជំនួស​បព្វជិតភាព​ដោយ​ការបង្គាប់​មិន​ពិត ដែល​អាលម៉ា​ហៅ​ថា « ឧបាយកល​ផ្នែក​សង្ឃ » ( សូមមើល អាលម៉ា ១:៣–៤, ១២, ១៦ ) ។ ដើម្បី​កែ​តម្រូវ​ជំនឿ​មិន​ពិត​របស់​ពួកគេ អាលម៉ា​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដែល « ព្រះអម្ចាស់​ជា​ព្រះ​ទ្រង់​បាន​តែងតាំង​ពួកសង្ឃ​ទាំងឡាយ​ឡើង តាម​របៀប​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ( អាលម៉ា ១៣:១ ) ។

សូម​អាន អាលម៉ា ១៣:១–២, ៦ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​តែងតាំង​អ្នក​ដឹកនាំ​បព្វជិតភាព ។

  • តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​ហៅ​អ្នក​ដឹកនាំ​បព្វជិតភាព ?

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ យើង​រៀន​ថា ព្រះអង្គ​សង្គ្រោះ​ហៅ​អ្នក​ដឹកនាំ​បព្វជិតភាព​ឲ្យ​ជួយ​យើង​សម្លឹង​ទៅ​រក​ទ្រង់ សម្រាប់​ការប្រោសលោះ ហើយ​បង្រៀន​បទបញ្ញត្តិ​របស់​ទ្រង់ ដើម្បី​យើង​អាច​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ទ្រង់​បាន ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ដោយសារ​ការពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​មាន​អំណាច និង​សិទ្ធិ​អំណាច​ដើម្បី​ប្រោសលោះ​មនុស្ស​ទាំងអស់ ។ ដើម្បី​អាច​ទទួល​បាន​អំណាច​ដង្វាយ​ធួន​របស់​ទ្រង់ ទ្រង់​បាន​ប្រគល់​ចំណែក​នៃ​អំណាច និង​សិទ្ធិ​អំណាច​របស់​ទ្រង់​ដល់​មនុស្ស​នៅលើ​ផែនដី ។ អំណាច និង​សិទ្ធិ​អំណាច​ដែល​ត្រូវបាន​ផ្ទេរ​នេះ​ត្រូវបាន​គេ​ហៅ​ថា បព្វជិតភាព ។ ( ឌែល ជី រិនឡាន់ « The Priesthood and the Savior’s Atoning Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤ )

  • តើ​សម្រង់​សម្តី​នេះ​ជួយ​អ្នក​ឲ្យ​យល់​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​ព្រះ​បន្ត​ហៅ​មនុស្ស​ឲ្យ​កាន់​បព្វជិតភាព​នៅ​ជំនាន់​របស់​យើង ?

ពួកសង្ឃ​ជាន់​ខ្ពស់​ដែល​អាលម៉ា​បាន​និយាយ ត្រូវ​បាន « ហៅ ហើយ​រៀបចំ​ទុក​ចាប់​តាំង​ពី​កំណើត​លោកិយ​មក … ដោយសារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង​កិច្ចការ​ដ៏​ល្អ​ទាំងឡាយ​របស់​គេ » ( អាលម៉ា ១៣:៣ ) ។ នៅពេល​ជាមួយ​គ្នា​នោះ អ្នក​ផ្សេង​ទៀត « បដិសេធ​ព្រះវិញ្ញាណ​នៃ​ព្រះ ដោយ​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ » ( អាលម៉ា ១៣:៤ ) ។

ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​សាសនាចក្រ ដូចជា​ថ្នាក់​ដឹកនាំ​សមាគម​សង្គ្រោះ យុវនារី និង​សាលា​ថ្ងៃ​អាទិត្យ បម្រើ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ផ្ទេរ​ឲ្យ ។ ការបម្រើ​ជាមួយ​អ្នក​ដឹកនាំ​បព្វជិតភាព នោះ​ពួកគេ​ជួយ​ណែនាំ​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

  • តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជួយ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​របស់​ទ្រង់​តាម​របៀប​ណា​ខ្លះ ?

ពិធីបរិសុទ្ធ​បព្វជិតភាព​ជួយ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់

អាលម៉ា​បាន​លើក​ឡើង​ពី​គំរូ​ដ៏​សុចរិត​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់ និង​របៀប​ដែល​ពួកគេ « បាន​ញែក​ជា​បរិសុទ្ធ » ( អាលម៉ា ១៣:១១ ) ហើយ « បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ចូលទៅ​ក្នុង​សេចក្តី​សម្រាក​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួកគេ » ( អាលម៉ា ១៣:១២ ) ។ ពេល​នោះ អាលម៉ា​បាន​សំដៅ​ជា​ពិសេស​ទៅ​លើ ម៉ិលគីស្សាដែក ថា ជា​គំរូ​នៃ​អ្នក​ដឹកនាំ​បព្វជិតភាព​ដ៏​សុចរិត​ម្នាក់ ។ សូម​កត់​សម្គាល់​ថា ប្រជាជន​របស់ ម៉ិលគីស្សាដែក ពី​ដំបូង​គឺ​អាក្រក់​ដូច​ប្រជាជន​អាំម៉ូណៃហា​ដែរ ( សូមមើល អាលម៉ា ៨:៩; ១៣:១៧ ) ។

សូម​អាន អាលម៉ា ១៣:១៤–១៩ ដោយ​រកមើល​របៀប​ដែល ម៉ិលគីស្សាដែក បាន​បម្រើ​ប្រជាជន​របស់​លោក ។

  • តើ​អ្នក​សម្គាល់​ឃើញ​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង ម៉ិលគីស្សាដែក និង​ព្រះយេស៊ូវគ្រីស្ទ ?

  • យោង​តាម ខទី ១៦ តើ​អ្វី​ជា​គោលបំណង​មួយ​នៃ​ពិធីបរិសុទ្ធ​បព្វជិតភាព ?

ចេញ​ពី ខទី ១៦ យើង​រៀន​ថា ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ជួយ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួល​បាន​ការផ្ដាច់បាប ដើម្បី​យើង​អាច​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ទ្រង់​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មួយ​ចំនួន​ជួយ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ។ សូមមើល​វីដេអូ « The Atonement » ចាប់ពី​នាទី​ទី ១៣:២២ ដល់​នាទីទី ១៣:៥១ ដែល​មាន​នៅ ChurchofJesusChrist.org ឬ​អាន​អត្ថបទ​ខាង​ក្រោម ។

2:3

ពិធីបរិសុទ្ធ​ចាំបាច់ៗ​ក្នុង​ដំណឹង​ល្អ​ជា​និមិត្តរូប​នៃ​ដង្វាយធួន ។ ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច គឺ​ជា​និមិត្តរូប​នៃ​ការសុគត ការបញ្ចុះ និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​ប្រោស​លោះ ។ ការទទួល​ទាន​សាក្រាម៉ង់​រំឭក​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក ហើយ​ក៏​រំឭក​ការចងចាំ​របស់​យើង​អំពី​ព្រះកាយ​ដែល​ខ្ទេចខ្ទាំ​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​លោហិត​ដែល​ទ្រង់​បាន​បង្ហូរ​សម្រាប់​យើង​ផងដែរ ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តំណាង​ឲ្យ​ការផ្សះផ្សា​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​ផ្សារភ្ជាប់​គ្រួសារ​ជា​រៀង​រហូត ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ប្រធាន ណិលសុន អំពី​ពិធីបរិសុទ្ធ​បព្វជិតភាព ?

  • តើ​នៅពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​ព្រះអង្គ​សង្គ្រោះ ដោយ​ការចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព ?

ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ទៅ​ក្នុង​សេចក្តី​សម្រាក​នោះ

ដូច​ពួកសង្ឃ​បាន​រៀបរាប់​នៅក្នុង អាលម៉ា ១៣:១–១៩ អាលម៉ា​បាន​ខិតខំ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ជួយ​ប្រជាជន​រៀបចំ​ខ្លួន​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ។ លោក​បាន​រំឭក​ពួកគេ​ថា ព្រះអម្ចាស់​នឹង​យាង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ ( សូមមើល អាលម៉ា ១៣:២១–២៦ ) ។ អាលម៉ា​បាន​ប្រាថ្នា​ដោយ « ក្តី​បារម្ភ​ដ៏​ធំ គឺ​ដល់​ការឈឺចាប់ សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​សម្តី​របស់ [ លោក ] » ( អាលម៉ា ១៣:២៧ ) ។

សូម​អាន អាលម៉ា ១៣:២៧–៣០ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ ។

  • តើ​ការអញ្ជើញ​ណា​មួយ​របស់​អាលម៉ា ( សូម​ជ្រើសរើស​ការអញ្ជើញ​ជាក់លាក់​មួយ ) ដែល​អ្នក​គិត​ថា អាច​ជួយ​យើង​ចូលទៅ​ក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី អាលម៉ា ១៣ ដែល​អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​ឥឡូវ​នេះ ?

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ដើម្បី​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ។

  1. សូម​បំពេញ​ចំណុច​ដូច​ត​ទៅ​នេះ ៖

    សូម​ស្រមៃ​ថា អ្នក​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​ព្រួយ​បារម្ភ​អំពី​បញ្ហា​មួយ​ដែល​គាត់​កំពុង​ជួប​ប្រទះ ។ តើ​អ្នក​នឹង​ចែកចាយ​អ្វី​ជាមួយ​មិត្ត​របស់​អ្នក​ពី​ការសិក្សា​របស់​អ្នក​នៅក្នុង អាលម៉ា ១៣ ដើម្បី​ជួយ​ពួកគេ​ចូល​ទៅក្នុង​សេចក្តី​សម្រាក​របស់​ព្រះអម្ចាស់ ? សូម​រួម​បញ្ចូល​យ៉ាង​ហោច​ណាស់​ខគម្ពីរ​មួយ​មក​ពី អាលម៉ា ១៣ នៅក្នុង​ចម្លើយ​របស់​អ្នក ។