« ចំណេះចំណានខាងគោលលទ្ធិ ៖ ហេលេមិន ៥:១២—‹ គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ហេលេមិន ៥:១២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ហេលេមិន ៥:១២
« នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង … ដែលកូនត្រូវសង់គ្រឹះរបស់កូន »
នៅក្នុងការសិក្សារបស់អ្នកអំពី ហេលេមិន ៥:១–១៣ អ្នកបានរៀនអំពីរបៀបដែលការសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យទប់ទល់នឹងព្យុះដ៏ខ្លាំងក្លារបស់អារក្សបាន ( សូមមើល ហេលេមិន ៥: ១២ ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេលេមិន ៥:១២ សូមពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គនេះ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងនានា ។
ទន្ទេញ និងពន្យល់
នៅក្នុងមេរៀនពីមុន អ្នកបានរៀនអំពីសេចក្តីពិតនានាខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះដ៏ខ្ជាប់ខ្ជួនរបស់យើង ហើយបើយើងសង់គ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះអារក្សនឹងគ្មានអំណាចលើយើងឡើយ ។ ឃ្លាបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគន្លឹះសម្រាប់ ហេលេមិន ៥:១២ គឺ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង… ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។
សូមប្រើបច្ចេកទេសទន្ទេញផ្ទាល់ខ្លួនរបស់អ្នក ឬគំនិតមួយក្នុងចំណោមគំនិតខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
រកមើលដុំថ្មតូចមួយដែលមានកន្លែងសរសេរគ្រប់គ្រាន់ « ហេលេមិន ៥:១២ » នៅលើដុំថ្មនោះ ។ សូមកាត់ក្រដាសមួយបន្ទះ ហើយសរសេរឃ្លាបទគម្ពីរគន្លឹះនេះសម្រាប់ ហេលេមិន ៥:១២ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង… ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ សូមបិទបន្ទះក្រដាសទៅនឹងដុំថ្មដោយការប្រើស្កុត កាវ ឬកៅស៊ូកង ។ សូមសូត្រសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះចំនួនពីរបីដងរហូតដល់អ្នកទន្ទេញវាចាំ ។
សម្រាប់វិធីមួយទៀតដែលជួយអ្នកឲ្យទន្ទេញបាន សូមគូររូបដុំថ្មដែលមានមនុស្សឈរនៅលើដុំថ្មនោះ ។ នៅលើដុំថ្ម សូមសរសេរ ហេលេមិន ៥:១២ ហើយនៅខាងក្រោមនោះ សូមសរសេរឃ្លាបទគម្ពីរគន្លឹះឲ្យច្រើនដងរហូតដល់អ្នកទន្ទេញវាចាំបាន ។
អនុវត្តជាក់ស្ដែង
សូមពិនិត្យមើល កថាខណ្ឌទី ៥–១២ ដោយសង្ខេបៗនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
ម៉ាធីលដា ជាមិត្តភក្តិរបស់អ្នកថ្មីៗនេះមានអារម្មណ៍ធុញចំពោះព័ត៌មានអវិជ្ជមានដែលនាងបានឮអំពីសាសនាចក្រ ។ មិត្តភក្តិរបស់ម៉ាធីលដា ដែលរស់នៅក្នុងភូមិពីមុនបានផ្ញើឯកសារខ្លះៗដែលវាយប្រហារលើគោលលទ្ធិរបស់សាសនាចក្រ និងរិះគន់ដល់ព្យាការី ។ ពូរបស់នាងបានចាកចេញពីសាសនាចក្រកាលពីពេលថ្មីៗនេះ ដោយសារតែគាត់មិនយល់ស្របតាមគោលការណ៍មួយចំនួនរបស់សាសនាចក្រ ។ ម៉ាធីលដាចង់បន្តនៅតែស្មោះត្រង់ ប៉ុន្តែនាងត្រូវចាប់ផ្តើមគិតថាតើនាងមានកម្លាំង ឬអត់ ។ ថ្ងៃមួយ នៅខណៈពេលដែលនាងកំពុងដើរពីសាលាទៅផ្ទះ ម៉ាធីលដា បាននិយាយប្រាប់ពីអារម្មណ៍របស់នាង និងសុំយោបល់ពីអ្នក ។
សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ហេលេមិន ៥:១២ ដើម្បីជួយ ម៉ាធីលដា ឲ្យនៅតែស្មោះត្រង់ទៅនឹងទីបន្ទាល់របស់នាង ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើសកម្មភាពសុចរិតចំនួនពីរ ឬបីអ្វីខ្លះដែលម៉ាធីលដា អាចធ្វើដើម្បីពឹងផ្អែកទៅលើព្រះអង្គសង្គ្រោះ និងពង្រឹងគ្រឹះខាងវិញ្ញាណរបស់នាងក្នុងអំឡុងពេលដ៏លំបាកនេះ ? តើសកម្មភាពទាំងនេះអាចនឹងធ្វើឲ្យនាងមានភាពខុសគ្នាយ៉ាងណា ?
-
តើមានមេរៀនអ្វីខ្លះដែលអ្នកបានរៀនពីមុនអំពីការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដែលអាចនឹងមានប្រយោជន៍សម្រាប់ម៉ាធីលដា ?
ទស្សនវិស័យដ៏អស់អស់កល្បមួយ
សូមជួយ ម៉ាធីលដា ឲ្យពិចារណាលើបញ្ហាប្រឈមមុខរបស់នាងជាមួយនឹងទស្សនវិស័យដ៏អស់អស់កល្បមួយ ដោយការពិនិត្យមើលលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។
-
តើមានការបង្រៀនអ្វីខ្លះរបស់ព្រះអង្គសង្គ្រោះដែលអ្នកអាចចែកចាយប្រាប់ ម៉ាធីលដា ដើម្បីជួយឲ្យនាងមើលឃើញពីការព្រួយបារម្ភរបស់នាងចេញពីទស្សនវិស័យដ៏អស់អស់កល្បមួយ ? ( សូមពិចារណាវគ្គបទគម្ពីរដូចតទៅនេះ ៖ យ៉ូហាន ៦:៦៦-៦៩; ហេព្រើរ ១០:៣២–៣៦; នីហ្វៃទី ២ ៣១:២០; គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:២–៤ ) ។
-
តើការបង្រៀនទាំងនេះអាចជួយម៉ាធីលដាមើលឃើញពីការព្រួយបារម្ភរបស់នាងចេញពីទស្សនវិស័យដ៏អស់អស់កល្បមួយបានយ៉ាងដូចម្ដេច ?
-
តើគោលលទ្ធិដែលបានបង្រៀននៅក្នុង ហេលេមិន ៥:១២ អាចជួយ ម៉ាធីលដា ឲ្យមើលឃើញពីការព្រួយបារម្ភរបស់នាងចេញពីទស្សនវិស័យដ៏អស់អស់កល្បមួយដោយរបៀបណា ?
ប្រភពដែលបានតែងតាំងដ៏ទេវភាព
ម៉ាធីលដា សួរអ្នកអំពីអ្វីដែលនាងអាចធ្វើបាន នៅពេលដែលនាងបានប្រាប់ពីសំណួរអំពីសាសនាចក្រដែលនាងមិនដឹងចម្លើយទាំងនោះ ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកអាចចែកចាយជាមួយនាងពីការធ្វើតាមការបង្រៀនរបស់ប្រធាន រ័សុល អិម ណិលសុន ។
ជ្រើសរើសដើម្បីជឿលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើបងប្អូនសង្ស័យអំពីព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ ឬអំពីភាពពិតនៃការស្ដារឡើងវិញ ឬសេចក្ដីពិតពេញលេញនៃការហៅដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធដែលជាព្យាការី នោះសូម ជ្រើសរើស ដើម្បីជឿ [ សូមមើល នីហ្វៃទី២ ៣៣:១០–១១ ] ហើយបន្ដនៅស្មោះត្រង់ ។ សូមយកសំណួររបស់បងប្អូនទូលទៅព្រះអម្ចាស់ និងទៅកាន់ប្រភពដ៏ស្មោះសរផ្សេងទៀត ។ សូមសិក្សាដោយមានបំណងដើម្បី ជឿ ជាជាងបងប្អូនមានបំណងចង់ចាប់កំហុសក្នុងជីវិតរបស់ព្យាការី ឬភាពមិនស្របគ្នានៅក្នុងបទគម្ពីរ ។ សូមឈប់បង្កើនការសង្ស័យរបស់បងប្អូន ដោយទៅពិភាក្សាជាមួយនឹងអ្នកសង្ស័យផ្សេងទៀត ។ សូមទុកឲ្យព្រះអម្ចាស់ដឹកនាំបងប្អូននៅក្នុងដំណើររុករកខាងវិញ្ញាណរបស់បងប្អូន ។ ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ) ។
បន្ទាប់ពីអ្នកបានពិភាក្សាជាច្រើនដងជាមួយ ម៉ាធីលដា ទាក់ទងទៅនឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់នាង នាងបានបង្ហាញអំណរគុណចំពោះអ្នកដែលបានជួយនាងឲ្យឈរយ៉ាងរឹងមាំនៅក្នុងសេចក្ដីជំនឿរបស់នាងទៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមគិតអំពីបញ្ហាប្រឈមមុខផ្ទាល់ខ្លួនរបស់អ្នកដែលមានជាអាទិ៍ការល្បួងណាមួយរបស់សាតាំងដែលអាចនឹងកំពុង « បោកបក់មកលើកូន » ( ហេលេមិន ៥:១២ ) ។ សូមជ្រើសរើសបញ្ហាប្រឈមមុខមួយដែលអ្នកចង់បានជំនួយមកពីព្រះអម្ចាស់ ហើយសរសេរវានៅផ្នែកខាងលើនៃទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមសរសេរគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយកត់ត្រាពីរបៀបដែលអ្នកអាចអនុវត្តតាមគោលការណ៍ទាំងនោះចំពោះស្ថានភាពអ្នកផ្ទាល់របស់អ្នក ។