« ហេលេមិន ១–៤, ៦ ៖ ‹ មានការទាស់ទែងគ្នាជាខ្លាំង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ១–៤, ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ១–៤, ៦
« មានការទាស់ទែងគ្នាជាខ្លាំង »
តើអ្នកឃើញការទាស់ទែងគ្នា ការបែកបាក់ ការមិនចុះសម្រុង ឬការបះបោរនៅក្នុងពិភពលោកជុំវិញអ្នកនៅឯណា ? មិនយូរប៉ុន្មានបន្ទាប់ពីការស្លាប់របស់មេទ័ពមរ៉ូណៃ ហេលេមិន និងមេចៅក្រម ពេហូរ៉ាន នោះពួកសាសន៍នីហ្វៃបានទទួលរងផលវិបាកនៃការទាស់ទែងគ្នាជាច្រើន ។ ទោះជាយ៉ាងនេះក្ដី អ្នកខ្លះបានជ្រើសរើសស្វែងរកសន្តិភាពតាមរយៈព្រះយេស៊ូគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីផលនៃការទាស់ទែងគ្នា និងរបៀបរកឃើញសេចក្ដីសុខសាន្តនៅក្នុងព្រះគ្រីស្ទនៅក្នុងពិភពលោកនៃការទាស់ទែងគ្នានេះ ។
ការទាស់ទែងគ្នា
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក បង្កើតដ្យាក្រាមពពុះដូចខាងក្រោមនេះ ។
សូមសរសេរពាក្យ ការទាស់ទែងគ្នា នៅចំកណ្តាលដ្យាក្រាមពពុះនេះ ។ ជុំវិញពាក្យនេះ សូមសរសេរផ្នែកខ្លះនៃជីវិតរបស់អ្នក ដែលអ្នកមើលឃើញការទាស់ទែងគ្នា ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬនៅក្នុងចំណោមមិត្តភក្តិ ។ អ្នកនឹងបន្ថែមទៅក្នុងដ្យាក្រាមនេះនៅពេលក្រោយនៅក្នុងមេរៀននេះ ។
-
តើការទាស់ទែងគ្នាដោយផ្ទាល់ ឬដោយប្រយោលប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេចខ្លះ ?
-
តើអ្នកឆ្លើយតបយ៉ាងដូចម្តេចនៅពេលអ្នកមិនយល់ស្របជាមួយអ្នកដទៃ ឬពេលប្រឈមមុខជាមួយបុគ្គលដែលមានចិត្តទាស់ទែង ?
នៅពេលអ្នកចាប់ផ្តើមការសិក្សារបស់អ្នកអំពីគម្ពីរហេលេមិន សូមយកចិត្តទុកដាក់លើរបៀបដែលការទាស់ទែងគ្នាបានប៉ះពាល់ដល់ពួកសាសន៍នីហ្វៃ ។ សូមគិតផងដែរអំពីរបៀបដែលអ្នកអាចស្វែងរកសេចក្តីសុខសាន្តមកពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងពិភពលោកដ៏ទាស់ទែងគ្នាមួយនេះ ។
ការទាស់ទែងគ្នានៅក្នុងគ្រួសារ សាសនាចក្រ និងសហគមន៍
បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ សាសន៍នីហ្វៃអាចដណ្តើមយកទឹកដីរបស់ពួកគេមកពីពួកលេមិនមកវិញ ។ មេទ័ពមរ៉ូណៃ និងហេលេមិនបានស្លាប់នៅក្នុងអំឡុងពេលមានសេចក្តីសុខសាន្តក្រោយនោះ ។ កំណត់ត្រាពិសិដ្ឋត្រូវបានផ្តល់ឲ្យកូនប្រុសរបស់ហេលេមិន ដែលមានឈ្មោះថា ហេលេមិន ផងដែរ ។ មិនយូរប៉ុន្មានក្រោយមក ពួកសាសន៍នីហ្វៃ បានពោរពេញដោយការឆ្មើងឆ្មៃ ហើយក៏កើតមានការទាស់ទែងគ្នា ។
នៅក្នុងសៀវភៅហេលេមិន យើងអានដំណើររឿងដែលបង្ហាញអំពីរបៀបដែលការទាស់ទែងគ្នាមានឥទ្ធិពលលើគ្រួសារ សាសនាចក្រ និងសហគមន៍ ។
សូមសិក្សាផ្នែកមួយ ឬច្រើននៃផ្នែកខាងក្រោម ។
-
ក្រុមគ្រួសារ ៖ សូមអាន ហេលេមិន ១:១–១៣ សូមរកមើលរបៀបដែលការទាស់ទែងគ្នាប៉ះពាល់ដល់គ្រួសាររបស់ ពេហូរ៉ាន បន្ទាប់ពីគាត់បានស្លាប់ ។
-
សាសនាចក្រ ៖ សូមអាន ហេលេមិន ៤:១–១៣ សូមរកមើលថាតើការឆ្មើងឆ្មៃ និងការទាស់ទែងគ្នានៅក្នុងសាសនាចក្រប៉ះពាល់ដល់ប្រជាជាតិទាំងមូលយ៉ាងដូចម្តេច ។
-
សហគមន៍ ៖ ដោយសារតែមានការទាស់ទែងគ្នាអំពីអ្នកណាគួរធ្វើជាមេចៅក្រម បុរសទុច្ចរិតម្នាក់ឈ្មោះ គិសគូមេន បានបង្កើតក្រុមសម្ងាត់មួយ ។ មិនយូរប៉ុន្មានបុរសទុច្ចរិតម្នាក់ទៀតដែលមានឈ្មោះថា កាឌីអានតុន ពួតដៃគ្នាជាមួយគាត់ ( សូមមើល ហេលេមិន ២ ) ។ នៅក្នុងព្រះគម្ពីរមរមន ក្រុមប្រភេទទាំងនេះត្រូវបានហៅថាបក្សព័ន្ធសម្ងាត់ ( សូមមើល ហេលេមិន ៣:២៣ ) ។ សូមអាន ហេលេមិន ៦:១៥–២១, ៣៧–៤១ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះពួកសាសន៍នីហ្វៃ ដោយសារការទាស់ទែងគ្នា និងអំពើទុច្ចរិតដែលពួកចោរកាឌីអានតុនបានបង្កឡើង ។
-
តើការឆ្មើងឆ្មៃ និងការទាស់ទែងគ្នាមានផលវិបាកអ្វីខ្លះ ?
សូមមើលដ្យាក្រាមដែលអ្នកបានចាប់ផ្តើមនៅខាងដើមមេរៀន ។ ដោយប្រើអ្វីដែលអ្នកបានអាន សូមរាយបញ្ជីផលវិបាកមួយចំនួនពីការទាស់ទែងគ្នានៅផ្នែកនីមួយៗនៃជីវិត ដែលអ្នកបានសរសេរពីមុននៅលើដ្យាក្រាមរបស់អ្នក ។ ឧទាហរណ៍ ការទាស់ទែងគ្នានៅក្នុងក្រុមមិត្តភក្តិអាចធ្វើឲ្យបែកបាក់មិត្តភក្តិបាន ។
ចេញពីអ្វីដែលអ្នកអាន អ្នកអាចរកឃើញថា ការឆ្មើងឆ្មៃ និងការទាស់ទែងគ្នា អាចធ្វើឲ្យមានការបែកបាក់នៅក្នុងក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិបាន ។ អ្នកអាចពិចារណាកត់ត្រាសេចក្តីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅជិត ហេលេមិន ១:៤; ៤:១២–១៣ ឬ ៦:៣៨–៤០ ។
ព្រះអង្គសង្គ្រោះបានបង្រៀនសាសន៍នីហ្វៃអំពីសភាពដ៏បំផ្លិចបំផ្លាញនៃការទាស់ទែង ។ សូមអាន នីហ្វៃទី៣ ១១:២៩–៣០ ដោយរកមើលអ្វីដែលទ្រង់បានមានព្រះបន្ទូល ។
ការស្វែងរកសេចក្តីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់នូវការអញ្ជើញស្រដៀងគ្នាទាក់ទងទៅនឹងជម្លោះ និងការទាស់ទែងគ្នានៅក្នុងជីវិតរបស់យើង ។ សូមមើល វីដេអូ « អំណាចនៃសន្ទុះខាងវិញ្ញាណ » ចាប់ពីនាទីទី ១:៣៨ ដល់នាទីទី ៣:៣១ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំ សូម អំពាវនាវនៅថ្ងៃនេះថា សូមបញ្ចប់ជម្លោះដែលដុតរោលនៅក្នុងដួងចិត្ត របស់បងប្អូន គេហដ្ឋាន របស់បងប្អូន និង ជីវិត របស់បងប្អូន ។ សូមកប់ចោលទំនោរចិត្តណាមួយ និង ទំនោរចិត្តទាំងអស់ណាដែលធ្វើឲ្យអ្នកដទៃឈឺចាប់—មិនថាទំនោរចិត្តទាំងនោះជាកំហឹង ការនិយាយអាក្រក់ ឬ ការថ្នាំងថ្នាក់ចំពោះអ្នកដែលធ្វើឲ្យបងប្អូនឈឺចាប់នោះទេ ។ ព្រះអង្គសង្គ្រោះត្រាស់បង្គាប់យើងឲ្យបែរទៅថ្ពាល់ម្ខាងទៀត ឲ្យស្រឡាញ់ពួកខ្មាំងសត្រូវ និងអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់យើងវិញ ។ …
យើងគឺជាអ្នកដើរតាមម្ចាស់នៃមេត្រីភាព ។ យើងត្រូវការភាពសុខសាន្ដនាពេលនេះជាងពេលណាៗទាំងអស់ ។ តើយើងអាចរំពឹងថា មានភាពសុខសាន្ដក្នុងពិភពលោកនេះដោយរបៀបណា បើយើង ម្នាក់ៗ មិនស្វែងរកភាពសុខសាន្ដ និង ភាពសុខដុមផងនោះ ? បងប្អូនប្រុសស្រី ខ្ញុំដឹងថា អ្វីដែលខ្ញុំស្នើសុំនេះមិនងាយស្រួលនោះទេ ។ ប៉ុន្ដែអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ គួរតែធ្វើជាគំរូឲ្យមនុស្សទាំងអស់ក្នុងពិភពលោកនេះធ្វើតាម ។ ខ្ញុំសូមអង្វរបងប្អូនឲ្យធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ចប់ជម្លោះ ផ្ទាល់ខ្លួន ដែលកំពុងដុតរោលនៅក្នុងដួងចិត្ត និងជីវិតរបស់បងប្អូនបច្ចុប្បន្ននេះ ។ ( រ័សុល អិម ណិលសុន « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ )
-
តើការអញ្ជើញរបស់ប្រធាន ណិលសុន អាចជួយយើងឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមក្រឡេកមើលដ្យាក្រាមពពុះរបស់អ្នកម្តងទៀត ។ ដាក់សញ្ញាកែងនៅជាប់ទៅនឹងផ្នែកណាមួយនៃការទាស់ទែងគ្នា ដែលអ្នកមានអារម្មណ៍ថាអ្នកអាចមានឥទ្ធិពលល្អ ។
សូមអាន ហេលេមិន ៣:៣២–៣៦ ឬ ហេលេមិន ៦:១–៩ ដោយស្វែងរកអ្វីដែលពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនសុចរិតបានធ្វើ ដើម្បីរកឃើញសេចក្តីសុខសាន្តនៅក្នុងព្រះគ្រីស្ទ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នករកឃើញ ។