« ហេលេមិន ៥:១៤–៥២ ៖ ‹ ពពកនៃសេចក្ដីងងឹតនោះនឹងបានបក់ចេញទៅ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៥:១៤–៥២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៥:១៤–៥២
« ពពកនៃសេចក្ដីងងឹតនោះនឹងបានបក់ចេញទៅ »
នៅពេលយើងនៅក្នុងបន្ទប់ងងឹត យើងអាចបើកភ្លើងបំភ្លឺបាន ។ ប៉ុន្តែតើយើងអាចធ្វើអ្វីបានខ្លះនៅពេលដែលយើងស្ថិតនៅក្នុងភាពងងឹតខាងវិញ្ញាណ ? នៅពេលដែលភាពងងឹតគ្របដណ្តប់លើក្រុមសាសន៍លេមិនដ៏ទុច្ចរិត ពួកគេទទួលបានការបង្រៀនឲ្យប្រែចិត្ត និងមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទដើម្បីលុបបំបាត់ចោលអារម្មណ៍ភ័យខ្លាច និងភាពងងឹត ហើយជំនួសវាមកវិញដោយអំណរ សេចក្ដីសុខសាន្ត និងពន្លឺរបស់ទ្រង់ ។
ភាពងងឹត និងពន្លឺ
សូមគិតអំពីគ្រាមួយនៅពេលអ្នកនៅកន្លែងមួយងងឹតដែលមានពន្លឺតិច ឬគ្មានពន្លឺទាល់តែសោះ ។ តើអ្នកអាចចាំបានទេថា តើមានឧបសគ្គអ្វីខ្លះអំពីការមើលមិនបានច្បាស់ ?
-
ក្រៅពីស្ថិតនៅក្នុងបន្ទប់ងងឹត តើមានវិធីអ្វីផ្សេងទៀតដែលយើងអាចជួបប្រទះនូវភាពងងឹតនៅក្នុងជីវិតរបស់យើង ? តើអារម្មណ៍បែបណាខ្លះដែលអ្នកអាចភ្ជាប់ជាមួយនឹងភាពងងឹត ?
សូមគិតអំពីជីវិតអ្នក និងភាពងងឹតណាមួយដែលអ្នកអាចនឹងជួបប្រទះ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបំពេញជីវិតរបស់អ្នកដោយពន្លឺដែលនឹងជួយលុបបំបាត់ភាពងងឹតបាន ។
ការងារបម្រើរបស់នីហ្វៃ និងលីហៃ
ពួកកូនប្រុសរបស់ហេលេមិន នីហ្វៃ និងលីហៃ បានផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានបង្រៀនពួកសាសន៍នីហ្វៃជាច្រើនដែលបានបែកបាក់គ្នា ហើយបានចូលរួមជាមួយពួកសាសន៍លេមិន ។ ពួកសាសន៍នីហ្វៃទាំងនេះបានប្រែចិត្ត ហើយព្យាយាមជួសជុលការខូចខាតនានាដែលពួកគេបានធ្វើ ។ នីហ្វៃ និងលីហៃបានផ្សព្វផ្សាយដោយមានអំណាចដ៏អស្ចារ្យ ហើយពួកសាសន៍លេមិនចំនួន ៨,០០០ នាក់បានជ្រើសរើសប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ( សូមមើល ហេលេមិន ៤:៤; ៥:១៤–១៩ ) ។
សូមអាន ហេលេមិន ៥:២០–២២ ដោយការរកមើលពីរបៀបដែលភាពជោគជ័យរបស់ពួកគេត្រូវបានរំខាន ។
នៅពេលណាដែលយើងប្រឈមមុខនឹងការប្រឆាំង ឬការសាកល្បង យើងអាចចាត់ទុកវាថាជាពេលងងឹតនៅក្នុងជីវិតរបស់យើង ។ យើងអាចនឹងសួរថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យរឿងទាំងនេះកើតមានឡើង ។ ប៉ុន្តែ បើយើងយកចិត្តទុកដាក់យ៉ាងខ្លាំង នោះយើងក៏នឹងសង្កេតឃើញថា ព្រះតែងតែធ្វើការនៅក្នុងជីវិតរបស់យើងដែរ ហើយទ្រង់ថែមទាំងចង់ប្រទានពរជ័យដល់យើងថែមទៀតផង ។
សូមអាន ហេលេមិន ៥:២៣–៣៣ ដោយការរកមើលអ្វីដែលព្រះបានធ្វើ និងបានមានបន្ទូល ។ បើមាន ហេលេមិន ៥ ជាឯកសារសំឡេង អ្នកអាចស្តាប់ ហើយអានតាម ។ ត្រូវប្រាកដថាអាចផ្អាក និងខារឡើងវិញតាមតម្រូវការបាន ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះនៅក្នុងខគម្ពីរទាំងនេះ ? តើអ្នកមានអារម្មណ៍បែបណាខ្លះចំពោះទ្រង់ដោយសារអ្វីដែលអ្នកបានរៀន ?
-
តើការអញ្ជើញរបស់ព្រះនៅក្នុង ខទី ២៩ និង ៣២ អាចជួយអ្នកឲ្យមើលឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សគ្រប់គ្នាដោយរបៀបណា ?
អ្នកអាចគូសបន្ទាត់ពីក្រោមពាក្យនៅក្នុង ហេលេមិន ៥:២៩, ៣២ ដែលមានជាអាទិ៍ ការអញ្ជើញមកពីព្រះ ។
អស់អ្នកទាំងឡាយដែលនៅក្នុងគុកត្រូវបានគេបិទដោយភាពងងឹត ។ ពួកគេមិនដឹងថាត្រូវធ្វើអ្វីទេ ហើយដោយសារភាពភ័យខ្លាច នោះពួកគេមិនអាចរើខ្លួនបានឡើយ ( សូមមើល ហេលេមិន ៥:៣៤,៤០ ) ។
សូមអាន ហេលេមិន ៥: ៣៥-៤១ ដើម្បីដឹងពីរបៀបដែលបុរសម្នាក់ឈ្មោះ អ័មីណាដាប់ បានជួយពួកគេឲ្យយល់ពីរបៀបដកយកភាពងងឹតចេញ ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះមកពីអ្វីដែល អ័មីណាដាប់ បាននិយាយនៅក្នុង ខទី ៤១ ?
គោលការណ៍មួយដែលយើងអាចរៀន គឺថា ព្រះយេស៊ូវគ្រីស្ទ អាចដកភាពងងឹតចេញពីជីវិតរបស់យើងបាន នៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើទ្រង់ ហើយប្រែចិត្ត ។
-
តើអ្នកគិតថាការមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត អាចជួយយកភាពងងឹតចេញបានយ៉ាងដូចម្ដេច ?
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយវិធីជាក់លាក់ដែលយើងអាចអញ្ជើញពន្លឺរបស់ព្រះអម្ចាស់ឲ្យមកស្ថិតនៅក្នុងជីវិតរបស់យើងបាន ។
ពន្លឺរបស់ [ ព្រះយេស៊ូវគ្រីស្ទ ] នឹងបង្កើតជារបាំងការពាររវាងអ្នក និងភាពងងឹតរបស់សត្រូវ នៅពេលអ្នករស់នៅឲ្យស័ក្តិសមទៅនឹងការទទួលពន្លឺនេះ ។ អ្នកត្រូវការពន្លឺនោះ ។ យើងត្រូវការពន្លឺនោះ ។ សូមសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់ និង [ កូនសៀវភៅ ] ដើម្បីកម្លាំងនៃយុវជន ហើយស្តាប់ការបង្រៀនរបស់ឪពុកម្តាយ និងថ្នាក់ដឹកនាំរបស់អ្នក ។ បន្ទាប់មក តាមរយៈការគោរពប្រតិបត្តិតាមដំបូន្មានដ៏ឈ្លាសវៃ សូមរៀនទទួលយកពន្លឺការពារនៃដំណឹងល្អធ្វើជារបស់អ្នកផ្ទាល់ ។
អ្នកអាចនឹងឆ្ងល់ថា « តើខ្ញុំអាចធ្វើបានដោយរបៀបណា ? » មានវិធីតែមួយគត់ ៖ គឺអ្នកត្រូវរៀនបង្កើតពន្លឺនោះជារៀងរាល់ថ្ងៃ ដោយមានសេចក្ដីជឿ ទៅលើព្រះយេស៊ូវគ្រីស្ទ និងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ( រ៉ូបឺត ឌី ហែល « Out of Darkness into His Marvelous Light » Liahona ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៧០ )
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលជួយអ្នកឲ្យយល់ថា ទ្រង់អាចការពារយើងពីភាពងងឹត ឬយកភាពងងឹតចេញពីជីវិតរបស់យើងបាន ?
-
ពរជ័យមកពីការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត
សូមអាន ហេលេមិន ៥:៤២–៤៩ ហើយសូមរាយបញ្ជីពរជ័យដែលមនុស្សបានដកពិសោធន៍ នៅពេលដែលពួកគេបានប្រែចិត្ត ហើយបានអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមគូសចំណាំលើពរជ័យទាំងឡាយដែលអ្នកមានអារម្មណ៍ថាមនុស្សនៅពេលបច្ចុប្បន្នត្រូវការបំផុត ។