ថ្នាក់​សិក្ខាសាលា
ហេលេមិន ៧–១០ ៖ ព្យាការី​របស់​ព្រះអម្ចាស់


« ហេលេមិន ៧–១០ ៖ ព្យាការី​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៧–១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៧–១០

ព្យាការី​របស់​ព្រះអម្ចាស់

ប្រធាន រ័សុល អិម ណិលសុន⁠

នៅក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​សំឡេង​ឈ្លោះ​ប្រកែកគ្នា តើ​យើង​អាច​ងាក​ទៅរក​ការដឹកនាំ និង​សេចក្ដីពិត​នៅទីណា ? របៀប​មួយ​ដែល​ព្រះអម្ចាស់​ខិតខំ​ដឹកនាំ និង​ជួយ​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ​គឺ​តាមរយៈ​ការហៅ​ព្យាការី ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ព្យាការី​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

ហេតុអ្វី​បាន​ជា​ព្រះ​ហៅ​ព្យាការី ?

សូម​ស្រមៃ​ថា មិត្ត​ម្នាក់​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​បានមាន​ការភ្ញាក់ផ្អើល​នៅពេល​ដឹង​ថា អ្នក​ជឿ​ថា ព្រះអម្ចាស់​ហៅ​ព្យាការី​នៅ​សម័យ​យើង​នេះ ។ មិត្ត​របស់​អ្នក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្យាការី​មាន​សារៈ​សំខាន់​សម្រាប់​សម័យ​យើង​សព្វ​ថ្ងៃនេះ ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​នឹង​ឆ្លើយតប​ទៅ​មិត្ត​របស់​អ្នក​បាន ?

សូម​គិត​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​ឆន្ទៈ​របស់​អ្នក​នៅក្នុង​ការស្តាប់ និង​ធ្វើតាម​ពួកលោក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ អ្នក​នឹង​មាន​ឱកាស​ដើម្បី​ស្វែងយល់​អំពី​សេចក្ដីពិត​សំខាន់ៗ​អំពី​ព្យាការី ។

នៅលើ​ក្រដាស​ស​មួយ​សន្លឹក​នៅក្នុង​ ទិនានុប្បវត្តិ​សិក្សា​របស់អ្នក សូម​សរសេរ​ចំណងជើង​ដូចតទៅ ៖ សេចក្ដីពិត​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ។ នៅក្នុង​មេរៀន​នេះ​ទាំងមូល សូម​សរសេរ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​អំពី​ព្យាការី​នៅ​ពីក្រោម​ចំណងជើង​នេះ ។

ព្យាការី នីហ្វៃ

នីហ្វៃ​អធិស្ឋាន​នៅលើ​ប៉ម​ក្នុង​សួនច្បារ​របស់គាត់ ដោយ ជែរី ថមសុន

នៅថ្ងៃនេះ​អ្នក​នឹងរៀន​អំពី នីហ្វៃ ដែលជា​កូន​របស់ ហេលេមិន ។ បន្ទាប់ពី​ពួកសាសន៍​នីហ្វៃ​នៅ​ដែនដី​ភាគខាងជើង​បាន​បដិសេធ នីហ្វៃ​បាន​វិលត្រឡប់​ទៅ​ផ្ទះ​លោក​នៅ​សារ៉ាហិមឡា​វិញ ។ ប្រជាជន​នៅទីនោះ ក៏​ទុច្ចរិត​ខ្លាំង​ដែរ ។ ដោយ​ការ​ទួញ​សោក​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ នីហ្វៃ​បាន​ទៅលើ​ប៉ម​នៅក្នុង​សួន​របស់​លោក ហើយ​បាន​អំពាវនាវ​ទៅ​កាន់​ព្រះ ( សូមមើល ហេលេមិន ៧:១–១១ ) ។

សូម​អាន ហេលេមិន ៧:១២–២២ ដោយ​ការរកមើល​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​បន្ទាប់ពី​បាន​ដឹង​ថា​មាន​មនុស្ស​បាន​ប្រមូលគ្នា​ដើម្បី​ស្តាប់​ការទួញសោក​របស់​លោក ។

  • តើ​អ្វី​ទៅជា​សេចក្ដីពិត​ដែល​អ្នក​អាច​សម្គាល់​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ដោយ​ផ្អែកលើ​អ្វីដែល នីហ្វៃ បាន​និយាយ​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ?

សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​រក​ឃើញ​គឺថា ព្យាការី​របស់​ព្រះ​អញ្ជើញ​មនុស្ស​ឲ្យ​ប្រែចិត្ត ។ សូម​សរសេរ​សេចក្តីពិត​នេះ​នៅក្នុង​បញ្ជី​ដែល​មាន​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់អ្នក ។

  • តើ​វា​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះ​ដែល​ទ្រង់​នឹង​ហៅ​ព្យាការី​ឲ្យ​ទួញសោក​អំពី​ការប្រែចិត្ត ?

មនុស្ស​ជាច្រើន​បាន​ខឹង​នឹង​សារលិខិត​របស់​នីហ្វៃ ។ ដើម្បី​ជួយ​ប្រជាជន​ឲ្យ​យល់ថា លោក​កំពុង​និយាយ​សេចក្ដីពិត នីហ្វៃ​បាន​ប្រាប់​ពួកគេ​ដោយ​អព្ភូតហេតុ​អំពី​ព្រឹត្តិការណ៍​ដែលបាន​កើតឡើង​នៅ​ខណៈពេល​ដែល​លោក​កំពុង​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ ។

ពី​ដំបូង⁠​នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ថា មេចៅក្រម​របស់​ពួកគេ គឺ​ស៊ីសូរាំ​ត្រូវបាន​គេ​សម្លាប់​ហើយ ( សូមមើល ហេលេមិន ៨:២៧–២៨ ) ។ ប្រជាជន​បាន​មាន​អារម្មណ៍​ថា « នីហ្វៃ​នេះ​ច្បាស់​ជា​បាន​រួម​គំនិត​ជាមួយ​នឹង​នរណា​ម្នាក់​ឲ្យ​សម្លាប់​ចៅក្រម » ( ហេលេមិន ៩:១៦ ) ។ បន្ទាប់មក នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ស្វែងរក ស៊ីអានទុម ដែលជា​ប្អូនប្រុស​របស់​ស៊ីសូរាំ ហើយ​សួរ​គាត់​នូវ​សំណួរ​ជាក់លាក់​មួយចំនួន ។ នីហ្វៃ​បាន​ប្រាប់​ប្រជាជន​យ៉ាងច្បាស់​អំពី​របៀប​ដែល​ស៊ីអានទុម​នឹង​ឆ្លើយតប ( សូមមើល ហេលេមិន ៩:២៦–៣៦ ) ។ ការណ៍នេះ​បាននាំ​ឲ្យ​ស៊ីអានទុម​សារភាព​ថា​គាត់​ជា​ឃាតករ ហើយ​ថា នីហ្វៃ​គ្មាន​ទោស​កំហុស​អ្វី​ទេ ( សូមមើល ហេលេមិន ៩:៣៧ ) ។

សូម​អាន ⁠ហេលេមិន ៩:៣៧–៤១ ដោយ​ការរកមើល​ពី​របៀប​ដែល​មនុស្ស​មាន​ប្រតិកម្ម​បន្ទាប់ពី​បានធ្វើ​ជា​សាក្សី​ចំពោះ​ព្រឹត្តិការណ៍​ទាំងនេះ ។

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នករៀន​មកពី​បទពិសោធន៍​របស់​នីហ្វៃ​ដែល​អ្នក​អាចនឹង​បន្ថែម​ចូល​ទៅក្នុង​បញ្ជី​របស់​អ្នក ?

សេចក្ដីពិត​មួយ​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ​នោះ​គឺ​ថា⁠ ពាក្យពេចន៍​របស់​ពួកព្យាការី​នឹង​ត្រូវបាន​បំពេញ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការដឹង​សេចក្ដីពិត​នេះ​អំពី​ព្យាការី​មាន​សារៈសំខាន់ ?

  • តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ទៀត​នៃ​ប្រសាសន៍​របស់​ពួកព្យាការី​ត្រូវ​បាន​បំពេញ ?

សេចក្តីពិត​បន្ថែម​ទៀត​អំពី​ពួកព្យាការី

បន្ថែម​ពី​លើ​សេចក្ដីពិត​ដែល​បាន​រកឃើញ​រួច​ហើយ សេចក្តីពិត​ជាច្រើន​ទៀត​អំពី​តួនាទី និង​គោលបំណង​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ត្រូវ​បានបង្ហាញ​ដោយ​នីហ្វៃ និង​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រជាជន ។ សូម​បន្ត​អនុវត្ត​ជំនាញ​ស្វែងរក​សេចក្ដីពិត នៅពេល​អ្នក​សិក្សា​វគ្គបទគម្ពីរ​ខាងក្រោម ។ សូម​បន្ថែម​អ្វី​ដែល​អ្នក​បាន​រកឃើញ​ទៅ​ក្នុង​បញ្ជី​របស់​អ្នក ។

  • ហេលេមិន⁠ ៧:២៩ ៖ ការប្រកាស​របស់​នីហ្វៃ​ទៅដល់​ប្រជាជន​ដែល​បាន​ប្រមូលផ្តុំ​គ្នា​បន្ទាប់ពី​បានឮ​លោក​អធិស្ឋាន

  • ហេលេមិន ៨:១–៤ ៖ ប្រតិកម្ម​របស់​ពួកចៅហ្វាយ​ចំពោះ​ពាក្យពេចន៍​របស់​នីហ្វៃ

  • ហេលេមិន⁠ ៨: ២២-២៣ ៖ ការឆ្លើយតប​របស់​នីហ្វៃ ចំពោះ​ប្រជាជន​ដែល​បាន​ជេរ​ប្រមាថ​លោក និង​ពាក្យពេចន៍​របស់​លោក

  • ហេលេមិន ⁠១០:៥-៧ ៖ ការសន្ទនា​របស់​ព្រះអម្ចាស់​ជាមួយនឹង​នីហ្វៃ​បន្ទាប់ពី​លោក​បាន​បញ្ចាប់​ការបង្រៀន​ដល់​ប្រជាជន

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​អំពី​ពួកព្យាការី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ខាងក្រោម​នេះ គឺជា​សេចក្ដីពិត​មួយចំនួន​ដែល​អ្នក​អាច​នឹង​រក​ឃើញ ៖

  • សារលិខិត​របស់​ព្យាការី​មិនមែន​ជា​សារលិខិត​របស់​លោក​ផ្ទាល់​ខ្លួន​នោះ​ទេ ។ សារលិខិត​នេះ​បាន​មកពី​ព្រះអម្ចាស់ ។ ( ហេលេមិន ⁠៧:២៩ )

  • ពួក​ទុច្ចរិត​មិន​ចូលចិត្ត​ពួក​ព្យាការី​ឡើយ ។ ( ហេលេមិន ៨:១–៤ )

  • ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ហេលេមិន ៨:២២–២៣ )

  • ព្រះអម្ចាស់​ប្រទាន​អំណាច​ផ្សារភ្ជាប់​ទៅដល់​ព្យាការី​របស់​ទ្រង់ ។ ( ហេលេមិន ១០:៥–៧ )

សារៈសំខាន់​នៃ​ពួក​ព្យាការី​ដែល​នៅរស់

សូម​គិត​ត្រឡប់​ទៅ​សាច់រឿងពី​មុន​នៅក្នុង​មេរៀន​អំពី​មិត្ត​ម្នាក់​របស់​អ្នក​ដែល​បាន​ឆ្ងល់​អំពី​មូលហេតុ​ដែល​ពួកព្យាការី​មាន​សារៈសំខាន់​ក្នុង​សម័យ​របស់​យើង ។

  1. សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ ៖

    សូម​សរសេរ​ការឆ្លើយតប​មួយ​ទៅកាន់​មិត្ត​របស់​អ្នក​ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ដែល​ព្រះអម្ចាស់​ហៅ​ពួកព្យាការី​នៅក្នុង​សម័យ​របស់​យើង ។ ការឆ្លើយតប​របស់​អ្នក​ត្រូវ​មាន​យ៉ាងតិច​ណាស់​មួយ​កថាខណ្ឌ ។

    សំណួរ​ខាងក្រោម​ទាំងនេះ អាច​ជួយ​អ្នក​នៅក្នុង​ការឆ្លើយតប​របស់​អ្នក​បាន ៖

    • តើ​សេចក្ដីពិត​មួយ ឬ​ច្រើន​ដែល​អ្នក​បាន​រកឃើញ​ជួយ​យើង​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ដែល​យើង​ឆ្លងកាត់​ដោយ​របៀប​ណា ?

    • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ពរជ័យ​នៃ​ការ​មាន​ព្យាការី​រស់នៅ​លើ​ផែនដី​នេះ ?