ថ្នាក់​សិក្ខាសាលា
ហេលេមិន ៨ ៖ ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ


« ហេលេមិន ៨ ៖ ពួក​ព្យាការី​ថ្លែង​ទីបន្ទាល់អំពី​ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ៨

ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ

នៅ​លើ​ពិភពលោក​មួយ​ដែល​មាន​សំឡេង​យ៉ាង​ច្រើន​ទាញ​យើង​ទៅ​តាម​ផ្លូវ​ជាច្រើន ព្រះ​បាន​ប្រទាន​ពួកព្យាការី​ដល់​យើង ដើម្បី​ជំរុញ​យើង​ឲ្យ​ទៅកាន់​ទ្រង់ ។ នៅ​ពេល​នីហ្វៃ​ត្រូវ​បាន​ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត​ចោទសួរ​អំពី​មូលហេតុ​ដែល​លោក​បាន​និយាយ​យ៉ាងខ្លាំង​អំពី​ពួកគេ លោក​បាន​ថ្លែងទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទីបន្ទាល់​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ដឹង​អំពី​សេចក្តីពិត​នៃ​ទីបន្ទាល់​របស់​ពួកលោក ។

ទីបន្ទាល់​របស់​សាក្សីម្នាក់

សូម​គិត​ពី​ពេល​មួយ​ដែល​អ្នក​បាន​ឮ​រឿង​មួយ​ដែល​ពិបាក​នឹង​ជឿ ។ ឧទាហរណ៍ អ្នក​ប្រហែលជា​បានឮ​អំពី​នរណា​ម្នាក់​សម្រេច​កិច្ចការ​ដែល​ហាក់​ដូចជា​មិន​អាច​សម្រេច​បាន ឬ​ត្រូវ​បាន​ព្យាបាល​ដោយ​អព្ភូតហេតុ​តាមរយៈ​អំណាច​នៃ​បព្វជិតភាព ។ តើ​វា​ត្រូវ​មាន​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជឿ ? តើ​ការឮ​អំពី​រឿង​នេះ​មកពី​សាក្សី​ម្នាក់​នឹង​ជះ​ឥទ្ធិពល​ដល់​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

មនុស្ស​ភាគច្រើន​មិនដែល​បានឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​ជឿលើ​ទ្រង់ ។

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​មនុស្ស​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ពួកព្យាការី​ដើរ​តួនាទី​អ្វីខ្លះ​នៅក្នុង​ការជួយ​អ្នក​ឲ្យ​ជឿ​លើ​ព្រះអង្គសង្គ្រោះ ?

ទីបន្ទាល់​របស់​ពួកព្យាការី​ពីបុរាណ

អ្នក​អាច​ចាំ​ថា ព្យាការី​នីហ្វៃ បាន​ព្យាករណ៍​អំពី​ពួក​សាសន៍នីហ្វៃ​ទុច្ចរិត​ថា​ពួកគេ​នឹង​ត្រូវ​បំផ្លាញចោល បើ​ពួ​កគេ​មិន​ប្រែចិត្ត​ទេ ( សូមមើល ហេលេមិន ៧:២២–២៩ ) ។ ពួក​សាសន៍នី​ហ្វៃ​ជាច្រើន​បាន​ខឹង​នឹង​នីហ្វៃ​ដោយ​សារតែ​ការនិយាយ​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​របស់​ពួកគេ ( សូមមើល ហេលេមិន ៨:១–៧ ) ។ នីហ្វៃ​បាន​បន្ទោស​ប្រជាជន​ទាំងនេះ ហើយ​ប្រាប់​ពួកគេ​ថា ពួកគេ​កំពុង​បដិសេធ​មិន​ត្រឹមតែ​ព្រះបន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ពាក្យ​ពេចន៍​របស់​ពួកព្យាការី​ពី​មុនទៀត​ដែល​រួមមាន​ទាំង​លោក​ម៉ូសេ​ដែល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ( សូម​មើល ហេលេមិន ៨:១០–១៣ ) ។

សូម​អាន ហេលេមិន⁠៨:១៣–២៣ ដោយ​ការរកមើល​អ្វី​ដែល​នីហ្វៃ​បាន​ចែកចាយ​អំពី ម៉ូសេ និង​ពួកព្យាការី​ពីមុនៗ​ផ្សេងៗទៀត ។ អ្នក​អាច​នឹង​គូសចំណាំ​ឈ្មោះ​របស់​ពួកព្យាការី​ដែល​នីហ្វៃ​បាន​រកឃើញ ។

  • តើ​ពួកព្យាការី​ទាំងអស់​នេះ មាន​ចំណុច​ដូច​គ្នា​អ្វីខ្លះ ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​បាន​⁠គឺថា ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានថ្លែង​ថា ៖

តួនាទី​ដ៏​សំខាន់​បំផុត​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​បង្រៀន​យើង​អំពី​ព្រះអង្គសង្គ្រោះ និង​ដឹកនាំ​ពួកយើង​ទៅកាន់​ទ្រង់ ។ …

ព្យាការី​ពុំ​ឈរ​នៅ​ចន្លោះ​រវាង​អ្នក និង​ព្រះអង្គសង្គ្រោះ​ទេ ។ ផ្ទុយ​ទៅវិញ លោក​ឈរ​នៅ​ក្បែរ​អ្នក ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ។ ការទទួល​ខុសត្រូវ​ដ៏​ធំ​មហិមា និង​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺ សាក្សី​ដ៏​រឹងមាំ​របស់​លោក ចំណេះដឹង​ពិតប្រាកដ​របស់​លោក ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៥, ២៧ )

  • ហេតុអ្វី​បានជា​អ្នកគិត​ថា អំណោយ​ដ៏ធំបំផុត​របស់​ព្យាការី​ចំពោះ​យើង​គឺសាក្សី​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ឧទាហរណ៍​នៃ​ពួកព្យាការី​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ឆ្លៀតពេល​សិក្សា​អំពី​ទីបន្ទាល់​មួយចំនួន​របស់ពួក​ព្យាការី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​ដែល​អ្នកសិក្សា​ទីបន្ទាល់​របស់​ពួកលោក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ចេញពី​ប្រសាសន៍​របស់​ពួកលោក​ទៅក្នុង​ដួងចិត្ត និង​គំនិត​របស់អ្នក ។

  1. សូម​បំពេញ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ខាងក្រោម​នេះ ៖

ជម្រើស ក ៖ ពួកព្យាការី​ពី​បុរាណ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អាន​ទីបន្ទាល់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី​នៅក្នុង​ចំណោម​ទីបន្ទាល់​ខាងក្រោម​នេះ​មកពី​ពួកព្យាការី​ដែល​នីហ្វៃ បាន​លើកឡើង ។ សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ទីបន្ទាល់​ទាំងនេះ​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិនិត្យ​មើល​បញ្ជី​ដែល​អ្នក​បាន​សរសេរ​ឡើងវិញ ។ សូម​ពិចារណា​កត់ត្រា​ការ​យល់ដឹង អារម្មណ៍ ឬ​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​មាន​អំពី​ព្រះអង្គសង្រ្គោះ​នៅពេល​ដែល​អ្នកសិក្សា ។ សូម​សរសេរ​ប្រយោគ​ពីរបី​ឃ្លា​ដែល​ពន្យល់​អំពី​របៀប​ដែល​ជីវិត​អ្នក​អាច​មាន​ភាពខុសគ្នា ប្រសិនបើ​ពួកព្យាការី​មិន​បាន​បង្រៀន​យើង​ពី​រឿង​ទាំងនេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទេនោះ ។

ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើស​នេះ សូម​ដាក់​បញ្ជូន​អ្វី​ដែល​អ្នក​បាន​សរសេរ ។

ជម្រើស ខ ៖ ពួកព្យាការី​ថ្ងៃចុងក្រោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ស្វែង​រក​ឧទាហរណ៍​ពីរ ឬ​ច្រើន​អំពី​ពួកព្យាការី ឬ​ពួកសាវក​ថ្ងៃចុងក្រោយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ធនធាន​ទាំងនេះ​អាច​បាន​មក​ពី​សន្និសីទ​ទូទៅ​ថ្មីៗ ឬ​មកពី​ប្រវត្តិសាស្រ្ត​សាសនាចក្រ ។ សូម​ពិចារណា​ប្រើ ChurchofJesusChrist.org ឬ​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ​នៅ​ក្នុង​មុខងារ​ការស្វែងរក​របស់អ្នក°។ អ្នក​ក៏​អាច​អាន ឬ​ស្តាប់ «°ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់°៖ ទីបន្ទាល់​នៃពួក​សាវក°» នៅលើ​គេហទំព័រ ChurchofJesusChrist.org⁠ បាន​ផងដែរ°។

ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើស​នេះ សូម​កត់ត្រា​ឧទាហរណ៍​របស់អ្នក​អំពី​ពួកព្យាការី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រួមបញ្ចូល​ទាំង​អារម្មណ៍​របស់​អ្នក នៅពេល​ដែល​អ្នក​អាន ឬ​ស្តាប់​ទីបន្ទាល់​ទាំងនេះ​ផងដែរ ។