« នីហ្វៃទី៣ ១ ៖ ‹ ការព្យាករណ៍របស់ពួកព្យាការីបានចាប់ផ្ដើមបំពេញដោយពេញលេញ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១
« ការព្យាករណ៍របស់ពួកព្យាការីបានចាប់ផ្ដើមបំពេញដោយពេញលេញ »
តើវាអាចមានអារម្មណ៍បែបណានៅក្នុងការរង់ចាំមើលផ្កាយ ដែលបានប្រកាសអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ? ពួកអ្នកជឿសាសន៍នីហ្វៃបានរង់ចាំមើលទីសម្គាល់ដែលសាំយូអែលជាសាសន៍ហេលេមិន បានព្យាករណ៍ថានឹងមកដល់ ( សូមមើល ហេលេមិន ១៤ ) ប៉ុន្តែពួកអ្នកមិនជឿបានគំរាមសម្លាប់ពួកគេ ប្រសិនបើទីសម្គាល់មិនបានកើតឡើងទេ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានទំនុកចិត្តកាន់តែខ្លាំង ថាព្រះអម្ចាស់នឹងបំពេញគ្រប់ទាំងព្រះបន្ទូលទាំងអស់ ដែលទ្រង់មានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។
បានពង្រឹងដោយសារសេចក្ដីជំនឿ
-
តាមរង្វាស់ពីមួយទៅប្រាំ ដោយលេខប្រាំខ្លាំងជាងគេ តើអ្នកនឹងវាយតម្លៃកម្រិតនៃសេចក្តីជំនឿឬទំនុកចិត្តរបស់អ្នក ថាព្រះបំពេញតាមព្រះបន្ទូលរបស់ពួកព្យាការីរបស់ទ្រង់ដោយរបៀបណា ? ហេតុអ្វី ?
នៅពេលសាំយូអែលដែលជាសាសន៍លេមិនបានមកក្នុងចំណោមសាសន៍នីហ្វៃ លោកបានព្យាករណ៍ថា « ប្រាំឆ្នាំទៀត ហើយមើលចុះ ពេលនោះព្រះរាជបុត្រានៃព្រះនឹងយាងមក » ( ហេលេមិន ១៤:២ ) ។ ព្យាការីបានព្យាករណ៍អំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយនិងពេលវេលាដែលរំពឹងទុកសម្រាប់ការប្រសូតរបស់ទ្រង់ក៏បានមកដល់ ។ គម្ពីរនីហ្វៃទី៣ ចាប់ផ្តើមនៅចុងបញ្ចប់នៃប្រាំឆ្នាំនោះឯង ។
-
ប្រសិនបើអ្នកជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកដែលបានជឿលើសាំយូអែល តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនេះ ?
នៅពេលអ្នកសិក្សា សូមរកមើលភាពស្រដៀងគ្នារវាងកាលៈទេសៈដែលនៅក្នុង នីហ្វៃទី១ និងកាលៈទេសៈនៅក្នុងជំនាន់របស់យើងនេះ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យនិងឃ្លា ដែលមានអត្ថន័យពង្រឹងការទុកចិត្តរបស់អ្នកចំពោះព្រះ និងប្រសាសន៍របស់ពួកព្យាការីរបស់ទ្រង់ផងដែរ ។
ពួកអ្នកជឿសាសន៍នីហ្វៃ
នៅដើមដំបូងនៃគម្ពីរ នីហ្វៃទី៣ ១ យើងបានរៀនថា នីហ្វៃជាកូនរបស់ហេលេមិនបានចាកចេញពីដែនដីនេះ ហើយថានីហ្វៃកូនប្រុសរបស់លោក ឥឡូវនេះគឺជាព្យាការីក្នុងចំណោមពួកសាសន៍នីហ្វៃ ។
សូមអាន នីហ្វៃទី៣ ១:៤–៩ ដោយរកមើលបញ្ហាដែលពួកអ្នកជឿសាសន៍នីហ្វៃបានជួបប្រទះនៅពេលនេះ ។
-
តើអ្នកគិតថាអ្វីដែលអាចធ្វើឲ្យមនុស្សខ្លះ « រង់ចាំមើលយ៉ាងខ្ជាប់ខ្ជួន » ( ខទី ៨ ) ទោះជាមានការគំរាមកំហែងដល់ស្លាប់ក៏ដោយនោះ ?
សូមអាន នីហ្វៃទី៣ ១:១០–១៤ ដើម្បីរៀនអំពីអ្វីដែលបានកើតឡើងបន្ទាប់ ។
-
តើអ្នកស្រមៃថានីហ្វៃមានអារម្មណ៍យ៉ាងណា នៅពេលដែលលោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ?
-
តើអ្នកគិតថាព្រះអម្ចាស់ចង់ឲ្យនីហ្វៃនិងប្រជាជនយល់យ៉ាងណាដែរ ?
-
តើសេចក្តីពិតអ្វីខ្លះដែលអាចស្វែងយល់ចេញពីខគម្ពីរទាំងនេះ ?
ប្រសាសន៍របស់ពួកព្យាការីនឹងត្រូវបានបំពេញ
នៅក្នុងចំណោមសេចក្តីពិតជាច្រើនដែលមាននៅក្នុងខគម្ពីរទាំងនេះ យើងរៀនថា ព្រះអម្ចាស់នឹងបំពេញគ្រប់ព្រះបន្ទូល ដែលទ្រង់បានមានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។ អ្នកប្រហែលជាចង់គូសចំណាំសេចក្ដីពិតនេះនៅក្នុង ខទី ១៣ ។
សូមអាន នីហ្វៃទី៣ ១:១៥–២២ ដោយរកមើលអំពីរបៀបដែលប្រជាជនបានឆ្លើយតប នៅពេលដែលការព្យាករត្រូវបានបំពេញ ។
បទពិសោធន៍របស់អ្នក
ដូចជាពួកសាសន៍នីហ្វៃនៅក្នុង នីហ្វៃទី៣ ១ យើងរស់នៅក្នុងគ្រា ដែលហាក់ដូចជា ពោរពេញទៅដោយភាពមិនច្បាស់លាស់អំពីអនាគត ។ តើយើងអាចមានទំនុកចិត្តនៅលើព្រះអម្ចាស់និងព្រះបន្ទូលរបស់ទ្រង់ ដែលបានប្រទានមកតាមរយៈពួកព្យាការីរបស់ទ្រង់ដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្ដីស្មោះត្រង់មិនមែនជាភាពល្ងីល្ងើ ឬការជ្រុលនិយមឡើយ ។ ប៉ុន្ដែវាជាការទុកចិត្តនិងការដាក់ទំនុកចិត្តរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង នៅលើព្រះនាមរបស់ទ្រង់និងការសន្យារបស់ទ្រង់ ។ នៅពេលយើង « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះនិងមនុស្សគ្រប់រូប » [ នីហ្វៃទី២ ៣១:២០ ] នោះយើងមានពរជាមួយនឹងទស្សនវិស័យ និងចក្ខុវិស័យដ៏អស់កល្បជានិច្ច ដែលមានហួសពីសមត្ថភាពកំណត់ខាងសាច់ឈាមរបស់យើងទៅទៀត ។ យើងនឹងត្រូវបានអនុញ្ញាតឲ្យ « ប្រមូលគ្នា ហើយឈរនៅទីបរិសុទ្ធនានា » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២ ] ហើយ « ចូរកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨ ] ។ ( ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១ )
សូមគិតអំពីមូលហេតុដែលអ្នកអាចពុះពាររវាង ការមានសេចក្តីជំនឿនៅលើព្រះនិងមានអារម្មណ៍មិនច្បាស់លាស់ ឬភ័យខ្លាចអំពីជីវិតរបស់អ្នក ។ ហេតុផលទាំងនេះ មានលក្ខណៈផ្ទាល់ខ្លួនសម្រាប់បុគ្គលម្នាក់ៗ ប៉ុន្តែអាចរួមមានដូចខាងក្រោម ៖
-
ទទួលការចំអក ឬវាយប្រហារចំពោះសេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ
-
មានបញ្ហាទំនាក់ទំនងគ្រួសារ រួមមានឪពុកម្តាយ ដែលបែកបាក់គ្នាដោយការលែងលះ
-
កំពុងមានបញ្ហាការថប់បារម្ភ ឬធ្លាក់ទឹកចិត្ត
-
មានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ ដែលប្រតិព័ទ្ធភេទដូចគ្នា
-
កំពុងរងទុក្ខជាមួយនឹងការញៀន ឬកំពុងពុះពារដើម្បីយកឈ្នះនៅលើទម្លាប់ដែលបំផ្លិចបំផ្លាញ
-
ភ័យខ្លាចថាពរជ័យនៃដំណឹងល្អគឺមិនអាចទទួលបាន
-
មានអារម្មណ៍ថាមិនស័ក្តិសម ឬមិនអាចអត់ទោសឲ្យបាន
នៅក្នុង យ៉ូហាន ១៦:៣៣ ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថា « នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។
អ្នកប្រហែលជាចង់កត់ត្រាពីអារម្មណ៍របស់អ្នក អំពីអ្វី ដែលអ្នកបានរៀននៅថ្ងៃនេះ°។ អ្នកអាចដាក់បញ្ចូលសកម្មភាពនានា ដែលអ្នកមានអារម្មណ៍ថាទទួលបានការបំផុសគំនិតឲ្យធ្វើ ឬរបៀបដែលអ្នកត្រូវបានពង្រឹងតាមរយៈការយល់ដឹង ថាព្រះបំពេញព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលតាមរយៈពួកព្យាការីរបស់ទ្រង់ ។