« នីហ្វៃទី៣ ២–៥ ៖ ‹ ប្រុងខ្លួន …នៅក្នុងកម្លាំងនៃព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ២–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ២–៥
« ប្រុងខ្លួន …នៅក្នុងកម្លាំងនៃព្រះអម្ចាស់ »
ដូចជាយើងប្រឈមមុខទៅនឹងបញ្ហានានា ដែលនាំទៅរកការយាងមករបស់ព្រះអង្គសង្គ្រោះ នោះពួកសាសន៍នីហ្វៃបានប្រឈមមុខទៅនឹងបញ្ហានានាក្នុងប៉ុន្មានឆ្នាំមុន ពេលដែលទ្រង់យាងមករកពួកគេ ។ ពួកចោរកាឌីអានតុនបានគំរាមបំផ្លាញពួកសាសន៍នីហ្វៃ ។ ប៉ុន្តែពួកសាសន៍នីហ្វៃ « បានប្រុងខ្លួនតទល់នឹងពួកវា…នៅក្នុងកម្លាំងនៃព្រះអម្ចាស់ » ( នីហ្វៃទី ៣ ៤:១០ ) ។ ដូចពួកសាសន៍នីហ្វៃដែរ យើងអាចយកឈ្នះនៅលើរាល់បញ្ហាប្រឈមមុខនានាដោយការប្រុងខ្លួន ។ មេរៀននេះអាចជួយដល់អ្នកឲ្យទទួលបានកម្លាំងរបស់ព្រះអម្ចាស់ដោយមានការប្រុងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម ។
ការប្រុងខ្លួន
សូមគិតអំពីគ្រាមួយនៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកមានអារម្មណ៍ថា បានប្រុងខ្លួន ឬមិនបានប្រុងខ្លួន ។
-
តើមានស្ថានភាពបែបណា ហើយតើមូលហេតុអ្វីបាន ជា អ្នកមានអារម្មណ៍ថា បានប្រុងខ្លួន ឬមិនបានប្រុងខ្លួនទុកជាមុននោះ ?
-
ប្រសិនបើអ្នកមានអារម្មណ៍ថា មិនបានប្រុងខ្លួនទុកជាមុនទេ តើអ្នកបានធ្វើអ្វី ដើម្បីប្រុងខ្លួនទុកជាមុនឲ្យបានល្អសម្រាប់ពេលអនាគត ?
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រុងខ្លួនទុកជាមុនខាងវិញ្ញាណសម្រាប់ឧបសគ្គ ដែលអ្នកកំពុងប្រឈមមុខ ឬអាចប្រឈមមុខនៅពេលអនាគត ?
នៅពេលអ្នកសិក្សាអំពី នីហ្វៃទី ៣ ២–៥ សូមស្វែងរកការណែនាំមកពីព្រះវិញ្ញាណ ដើម្បីដឹងអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីប្រុងខ្លួនរបស់អ្នកទុកជាមុនខាងសាច់ឈាម និងខាងវិញ្ញាណសម្រាប់ពេលអនាគត ។
ការប្រុងខ្លួនទុកជាមុនរបស់ឡាកូនីអូស
ព្យាការីសាំយូអែល បានព្យាករណ៍ថា ពេលយប់នឹងពុំងងឹតសោះ ដែលជាទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទ ។ នៅពេលដែលការព្យាករណ៍នេះត្រូវបានបំពេញ ( សូមមើល នីហ្វៃទី ៣ ១:១៥–១៩ ) « គង់តែប្រជាជនភាគច្រើនបានជឿ ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ដែរ » ( នីហ្វៃទី ៣ ១:២២ ) ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក អ្នកខ្លះចាប់ផ្ដើមលែងជឿ ។
សូមអាន នីហ្វៃទី៣ ១:២៧–៣០ និង នីហ្វៃទី៣ ២:១–៣ ដោយរកមើលមូលហេតុដែលមនុស្សមួយចំនួនបានវង្វេងចេញពីព្រះអម្ចាស់ ។
-
តើមានមេរៀនអ្វីខ្លះដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះ ដែលអាចជួយយើងរក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ នៅក្នុងជំនាន់របស់យើងនេះបាន ?
ពួកចោរកាឌីអានតុនមានចំនួនកាន់តែច្រើនឡើង ហើយបានប្រយុទ្ធនឹងពួកសាសន៍នីហ្វៃ ។ ជាការឆ្លើយតប « សាសន៍លេមិនទាំងអស់ ដែលបានក្លាយទៅជាអ្នកប្រែចិត្តជឿដល់ព្រះអម្ចាស់ បានរួបរួមជាមួយគ្នានឹងបងប្អូនរបស់គេ គឺពួកសាសន៍នីហ្វៃ » ( នីហ្វៃទី៣ ២:១២ ) ។ ពួកគីឌឌីអានហៃ ជាមេដឹកនាំក្រុមចោរកាឌីអានតុន បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ឡាកូនីអូស ដែលជាមេចៅក្រមសាសន៍នីហ្វៃ ។ នៅក្នុងសំបុត្រនោះ វាបានគំរាមថា នឹងបំផ្លាញពួកសាសន៍នីហ្វៃ បើសិនជាពួកគេមិនព្រមចុះចាញ់ទេ ( សូមមើល នីហ្វៃទី ៣ ៣:១–១០ ) ។
សូមអាន នីហ្វៃទី ៣ ៣:១១–១២ ដោយរកមើលអំពីរបៀបដែលឡាកូនីអូសបានឆ្លើយតបវិញ ។
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកឃើញអំពីសេចក្ដីជំនឿរបស់ឡាកូនីអូសនៅលើព្រះអម្ចាស់ ?
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយបង្កើតបញ្ជីមួយ ដែលមានចំណងជើងថា « ការប្រុងខ្លួនទុកជាមុនរបស់ពួកសាសន៍នីហ្វៃ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀប ដែលមនុស្សបានប្រុងខ្លួនទុកជាមុនខាងសាច់ឈាម និងខាងវិញ្ញាណសម្រាប់ពេលណា ដែលពួកចោរកាឌីអានតុននឹងមកវាយប្រហារ ។ ប្រសិនបើអាចធ្វើបាន អ្នកអាចវគ្គបទគម្ពីរទាំងនេះជាសំឡេងនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
-
តើការប្រុងខ្លួនទុកជាមុនមួយណាដែលអ្នកគិតថាបានជួយច្រើនបំផុត ? ហេតុអ្វី ?
-
តើអ្នកគិតថា ការប្រុងខ្លួនទុកជាមុននេះបានជួយពួកគេឲ្យពឹងផ្អែកទៅលើព្រះអម្ចាស់បានដោយរបៀបណា ?
សូមអាន នីហ្វៃទី៣ ៤:៧–១២ ដោយរកមើលអំពីរបៀប ដែលពួកសាសន៍នីហ្វៃទទួលបានពរជ័យ ដោយសារការប្រុងខ្លួនទុកជាមុនខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកគេ ។
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនចេញពីដំណើររឿងនេះ ? ( សូមមើល នីហ្វៃទី ៣ ៤:១០ ) ។
គោលការណ៍មួយ ដែលយើងរៀនចេញពីដំណើររឿងនេះ គឺ នៅពេលយើងប្រុងខ្លួនរបស់យើងខាងវិញ្ញាណ និងខាងសាច់ឈាម នោះព្រះអម្ចាស់នឹងពង្រឹងយើងដើម្បីយកឈ្នះ ឬស៊ូទ្រាំនឹងឧបសគ្គនានា ។
ការប្រុងខ្លួនទុកជាមុននៅសម័យរបស់យើង
ដើម្បីជួយអ្នកភ្ជាប់ទំនាក់ទំនងបទគម្ពីរទៅនឹងជំនាន់របស់យើង សូមបង្កើតបញ្ជីមួយដែលមានចំណងជើងថា « ភាពស្របគ្នានៅសម័យទំនើប » នៅជិតនឹងបញ្ជីនៃការប្រុងខ្លួនទុកជាមុនរបស់ពួកសាសន៍នីហ្វៃ ។ រាយបញ្ជីអំពីភាពស្រដៀងគ្នានៃការប្រុងខ្លួនទុកជាមុន ដែលយើងអាចធ្វើបាន រួមមានការប្រុងខ្លួនទុកជាមុនដែលព្យាការីបានទូន្មានយើងឲ្យធ្វើ ។ សូមគិតអំពីអ្វីដែលអ្នកកំពុងប្រុងខ្លួនទុកជាមុន និងរបៀបដែលគំនិតទាំងនេះអាចជួយដល់អ្នក ឲ្យប្រុងខ្លួនទុកជាមុននៅក្នុងកម្លាំងនៃព្រះអម្ចាស់ ។
ដើម្បីមើលឧទាហរណ៍មកពីគ្រួសារមួយដែលបានទទួលពរជ័យ ដោយសារការប្រុងខ្លួនទុកជាមុនរបស់ពួកគេ សូមមើលវីដេអូ « Temporal Preparedness Resources » ( ៣: ០៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
ពួកចោរកាឌីអានតុនបានបរាជ័យនៅក្នុងការរៀបចំការឡោមព័ទ្ធ ដោយសារពួកសាសន៍នីហ្វៃមានជំនួយដ៏ទេវភាពនៅក្នុងការប្រុងខ្លួនរបស់ពួកគេ ។ នៅទីបំផុតពួកកាឌីអានតុនបានដកថយ ។ កងទ័ពសាសន៍នីហ្វៃបានកាត់ផ្តាច់ពួកគេ ហើយបានប្រគល់ខ្លួនពួកគេជាអ្នកទោស ឬក៏ត្រូវសម្លាប់ចោល ( សូមមើល នីហ្វៃទី ៣ ៤:១៦–២៧ ) ។
សូមអាន នីហ្វៃទី ៣ ៤:៣០–៣៣; ៥:១–៤ ដោយរកមើលរបៀប ដែលប្រជាជនបានឆ្លើយតបចំពោះការទទួលបានការពង្រឹងមកពីព្រះអម្ចាស់ ។
-
តើការឆ្លើយតបរបស់ពួកគេបង្ហាញអំពីសេចក្តីជំនឿរបស់ពួកគេនៅលើព្រះដោយរបៀបណា ?
សូមពិចារណាអំពីគ្រាមួយ ដែលអ្នកអាចនឹងទទួលបានកម្លាំងរបស់ព្រះអម្ចាស់ ដោយការប្រុងខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណ ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់អំពីពរជ័យនៃការប្រុងខ្លួន ៖
មារសត្រូវពុំបញ្ឈប់ការវាយប្រហារឡើយ ។ ដូច្នេះ យើង ពុំ អាចបញ្ឈប់ការត្រៀមខ្លួនឡើយ ! កាលណាយើងកាន់តែមានភាពខ្លួនទីពឹងខ្លួន—ខាងសាច់ឈាម ខាងសតិអារម្មណ៍ និងខាងវិញ្ញាណ—នោះយើងកាន់តែត្រៀមខ្លួនការពារទប់ទល់ទៅនឹងការវាយប្រហារមិនចេះចប់មិនចេះហើយរបស់សាតាំង ។ …
ខ្ញុំមិននិយាយថា នៅថ្ងៃខាងមុខនឹងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំសន្យានឹងបងប្អូនថា អនាគតនឹងរុងរឿងសម្រាប់អស់អ្នកដែលបានប្រុងខ្លួន ហើយអ្នកដែលបន្ដប្រុងខ្លួនធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥–៧៦ )