ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៤ ៖ « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ »


«នីហ្វៃទី ៤ ៖ ‹ បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៤

« បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ »

ក្រុម​យុវនារី​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារ​មាន​ចិត្ត​រីករាយ

ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយបុគ្គល​ទាំងឡាយ ក្រុម​គ្រួសារ និង​សង្គម​បាន​ខិតខំ​ស្វែងរក​ឧត្តមគតិ​ដូចជា ភាពសុខដុមរមនា សេចក្តី​សុខសាន្ត និង​សាមគ្គីភាព ។ អ្វីៗ​ទាំងអស់​នេះ​ប្រហែលជា​ពិបាក​នឹង​យោង​ដល់ ប៉ុន្តែ​វា​បាន​មាន​រួច​ទៅ​ហើយ ។ ដំណើររឿង​នៅក្នុង នីហ្វៃទី ៤ គឺជា​ឧទាហរណ៍​មួយ​នៃ​រឿង​នោះ ។ គន្លឹះ​មួយ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​នេះ គឺ​ធ្វើ​ឲ្យ​ការប្រែចិត្តជឿ​របស់យើង​លើ​ព្រះអម្ចាស់​កាន់តែ​ស៊ីជម្រៅ ហើយមាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ចិត្ត​របស់យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំងឡើង ដើម្បី​អ្នក​អាច​ប្រែចិត្ត​កាន់តែ​ស៊ីជម្រៅ​ចំពោះ​ទ្រង់ ។

ស្ថានសួគ៌​អាច​កើត​មាន

សូម​ស្រមៃ​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា ប្រសិន​បើ​អ្នក និង​មនុស្ស​ជុំវិញ​អ្នក​ទាំងអស់​គ្នា​ស្រឡាញ់ ហើយ​ព្យាយាម​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​សហគមន៍​របស់​អ្នក​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ណា ?

  • តើ​សាលារៀន ឬ​ព្រះវិហារ​របស់អ្នក​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ណា ?

  • តើ​ផ្ទះ​របស់អ្នក​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ណា ?

ព្រះគម្ពីរ​នីហ្វៃទី ៤ មាន​ដំណើររឿង​អំពី​មនុស្ស ដែល​បាន​រស់នៅ បន្ទាប់ពី​ការយាងមក​របស់​ព្រះអង្គសង្គ្រោះ​ទៅកាន់​ទ្វីប​អាមេរិក ។ នៅពេល​អ្នក​សិក្សា​ពី​បទពិសោធន៍​របស់​ពួកគេ សូម​រកមើល​ឥទ្ធិពល​ដែល ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​មាន​សម្រាប់​មនុស្ស​ទាំងនេះ ។ សូម​គិត​អំពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប ដែល​អ្នក​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​របស់អ្នក ។

ឥទ្ធិពល​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ

សូមអាន នីហ្វៃទី ៤ ១:១–២ ដោយ​រកមើល​ឥទ្ធិពល​ដែល​ព្រះអង្គសង្គ្រោះ និង​ការ​បង្រៀន​របស់​ទ្រង់​មាន​លើ​ប្រជាជន​នេះ ។

  • តើ​អ្នក​បាន​សម្គាល់​ឃើញ​អ្វីខ្លះ ?

អ្នក​ប្រហែលជា​ចង់​គូស​ចំណាំ​ឃ្លា « នោះ​ប្រជាជន​ទាំងអស់ បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » នៅក្នុង ខទី ២ ។

ការប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់​មាន​ន័យ​ថា « ជា​ការ​ប្រែ​ជំនឿ ចិត្ត និង​ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ … [ និង ] ហើយ​ប្រែ​ឲ្យ​បាន​ទៅ​ជា​សិស្ស​នៃ​ព្រះ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែ​ចិត្ត​ជឿ, ការ​ប្រែ​ចិត្ត​ជឿ, អ្នក​ប្រែ​ចិត្ត​ជឿ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ពរជ័យ​នៃ​ការប្រែចិត្តជឿ

ពួកសាសន៍​នីហ្វៃ និង​សាសន៍​លេមិន​បាន​ដកពិសោធន៍​នូវ​ពរជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ ដោយសារ​ការប្រែចិត្តជឿ​របស់​ពួកគាត់​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក សូម​សរសេរ « ពរជ័យពី​ការប្រែចិត្តជឿ » នៅកណ្តាល​ទំព័រ​មួយ​សន្លឹក ។

សូម​អាន នីហ្វៃទី ៤ ១:២–១៨ ហើយ​គូសចំណាំ​ពាក្យ ឬឃ្លា ដែល​បង្ហាញ​ពី​ពរជ័យ ដែល​ពួកគេ​បានទទួល ។ នៅលើ​ក្រដាស​របស់អ្នក សូម​សរសេរ​ពាក្យ ឬ​ឃ្លា​ទាំងនេះ​ជុំវិញ​ចំណងជើង « ពរជ័យ​ពី​ការប្រែចិត្តជឿ » ។ ( វាអាច​មាន​អត្ថប្រយោជន៍​ក្នុងការ​ដឹងអំពី​អត្ថន័យ​នៃ​ពាក្យ​មួយ​ចំនួន​នៅក្នុង ខទី ១៦ ។ kការច្របូកច្របល់ សំដៅ ទៅលើ​ការចលាចល ឬ ដំណើរអ៊ូអែរ ជា​សាធារណៈ ការ​សហាយស្មន់ សំដៅ​ទៅលើ អំពើ​បាប ខាងផ្លូវភេទ និង អំពើ​អាសអាភាស សំដៅ​ទៅលើ​ភាពស្រើបស្រាល និង ភាពអសីលធម៌ ) ។

សូម​គិត​អំពី​ពរជ័យ​មួយណា ដែល​អ្នក​ចង់​ដកបទពិសោធន៍​បន្ថែមទៀត​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​គូស​រង្វង់​ពាក្យ​ទាំងនេះ​នៅលើ​ទំព័រ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្វី​ដែល​លេចធ្លោ​សម្រាប់​អ្នក​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ហេតុអ្វី ?

    • ផ្អែកលើ​អ្វីដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ តើ​អ្នក​អាច​បំពេញ​ប្រយោគ​ខាងក្រោម ដោយ​របៀបណា ៖ « នៅពេល​យើង​បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ … » ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​ស្វែងយល់​មកពី​ខគម្ពីរ​ទាំងនេះ​គឺ នៅពេល​ដែល​យើង​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ យើង​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​សុភមង្គល និង​សាមគ្គីភាព​ជាបុត្រាបុត្រី​នៃ​ព្រះគ្រីស្ទ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការប្រែចិត្តជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការរស់នៅ​តាមដំណឹងល្អ​របស់ទ្រង់​អាច​នាំ​ឲ្យ​ពរជ័យ​បែបនេះ ?

  • តើ​ការយល់​អំពី​សេចក្តីពិត​នេះ​មាន​ឥទ្ធិពល​លើ​សកម្មភាព​ប្រចាំថ្ងៃ​របស់យើង​ដោយ​របៀប​ណា ?

សេចក្តី​ស្រឡាញ់​របស់ព្រះ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានចែកចាយ​ពី​ការសង្កេត​ខាងក្រោម​អំពី​មូលហេតុ ដែល​មនុស្ស​ទាំងនេះ​អាច​រស់នៅ​ក្នុង​ស្ថានភាព ដែលមាន​សុភមង្គល និង​សាមគ្គីភាព ។

12:44

តើ​អ្វី​ជា​គន្លឺះ​នៃ​ការ​រកឃើញ​ការរស់​នៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង​មាន​សុភមង្គល​នេះ ? វា​បាន​បង្កប់​អត្ថន័យ​ក្នុង​អត្ថបទ​នៅ​ឃ្លា​មួយ​គឺ ៖ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ …​ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » [ នីហ្វៃទី ៤ ១:១៥ ] ។ នៅពេល​ដែល​សេចក្តីស្រឡាញ់​របស់​ព្រះ​រៀបចំ​ស្ថានភាព​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ទំនាក់ទំនង​របស់​យើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​នៅទីបំផុត​អារម្មណ៍​របស់​យើង​ចំពោះ​មនុស្ស​ជាតិ​ទាំងអស់ បន្ទាប់​មក​ភាពខុសគ្នា​កាលពីមុន ការបែងចែក​ក្រុម និង​ផ្នែក​ក្លែងក្លាយ​ក៏​ចាប់ផ្តើម​រសាត់បាត់​ទៅ ហើយ​សេចក្តីសុខសាន្ត​នឹង​កើនឡើង ។ នោះជា​អ្វី​ដែល​បាន​កើតឡើង​យ៉ាងពិតប្រាកដ​នៅ​ក្នុង​ឧទាហរណ៍​នៃ​ព្រះ​គម្ពីរ​មរមន​របស់​យើង ។ លែង​មាន​សាសន៍​លេមិន ឬ​សាសន៍​យ៉ាកុប ឬ​សាសន៍​យ៉ូសែប ឬ​សាសន៍​សូរាំ​ទៀតឡើយ ។ លែង​មាន « ពាក្យ​ថា​សាសន៍ » ទៀត​ហើយ ។ ប្រជាជន​បាន​ចាត់​ទុក​ថា​ពួកគេ​មាន​អត្តសញ្ញាណ​តែ​មួយ ។ ពួកគេ​ទាំងអស់​គ្នា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា « កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ » [ នីហ្វៃទី ៤ ១: ១៧ ] ។ ( ជែហ្វ្រី អ័រ ហូឡិន « ទ្រព្យសម្បត្តិ​ច្រើនណាស់ » លីអូហា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩ )

សូម​ពិចារណា​គូស​ចំណាំ​ឃ្លា​នៅក្នុង ខទី ១៥ អំពី​សេចក្ដីស្រឡាញ់​របស់ព្រះ ដែលមាននៅ​ក្នុងចិត្តរបស់​មនុស្ស ។ ការមាន​សេចក្តីស្រឡាញ់​របស់ព្រះ​នៅក្នុង​ចិត្ត​របស់យើង​អាច​មាន​ន័យ​ថា មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ ដែល​ព្រះ​មាន​សម្រាប់យើង និង​សម្រាប់​អ្នកដទៃ ។ វា​ក៏​អាច​មាន​ន័យ​ថា មាន​អារម្មណ៍នូវ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ផងដែរ ។

  • តើ​មាន​សកម្មភាព​អ្វីខ្លះ ដែលយើង​អាចធ្វើបាន ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង ?

របៀប​មួយ​ដែល​យើង​អាច​មាន​អារម្មណ៍​ស្រឡាញ់​ខ្លាំងជាង​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ដោយ​ការរៀនសូត្រ ហើយ​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​នៅក្នុង​ព្រះគម្ពីរ ។

សូម​ចំណាយ​ពេល​ដើម្បី​សិក្សា​វគ្គបទគម្ពីរ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែលអាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់​ទ្រង់​ទាំងទ្វេ​កាន់តែ​ខ្លាំង ។ សូម​យកចិត្តទុកដាក់​លើអ្វី​ដែល​អ្នក​រៀន​អំពី​គុណលក្ខណៈ ព្រះរាជបំណង និង​តួនាទី​របស់​ទ្រង់​ទាំងទ្វេ ។ អ្នក​អាច​ស្វែងរក​ពាក្យ​ដូចជា « ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ » ឬ « ព្រះយេស៊ូវ​គ្រីស្ទ » ដោយប្រើ​ឧបករណ៍​សិក្សា​ដូចជា សេចក្ដីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ Topical Guide ឬ​មុខងារ​ស្វែងរក​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​បានរៀន​អំពី​ព្រះវរបិតាសួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ដែលអាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់​ទ្រង់​ទាំងទ្វេ​កាន់តែ​ខ្លាំង ?

    • តើ​មាន​អ្វីខ្លះ​ដែល​អ្នកនឹង​ព្យាយាម​ធ្វើ​នៅ​ថ្ងៃខាងមុខ ដែលអាច​ជួយអ្នក​ឲ្យ​ប្រែចិត្តជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាន់តែ​ខ្លាំង ?