« អេធើរ ២ ៖ ‹ ត្រូវបាន ដឹកនាំជានិច្ចដោយព្រះហស្តនៃព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អេធើរ ២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អេធើរ ២
« ត្រូវបានដឹកនាំជានិច្ច ដោយព្រះហស្តនៃព្រះអម្ចាស់ »
តើអ្នកធ្លាប់ប្រឈមមុខ នឹងការសម្រេចចិត្ត ឬបញ្ហាពិបាក ហើយអ្នកច្របូកច្របល់មិនដឹងថាត្រូវធ្វើអ្វីដែរឬទេ ? នៅពេលដែលបងរបស់យ៉ារេឌ និងប្រជាជនរបស់លោកបានសង់ភេត្រា ដើម្បីឆ្លងមហាសមុទ្រ ពួកគេបានឆ្លងកាត់នឹងបញ្ហាធំៗជាច្រើន ។ បងរបស់យ៉ារេឌ បានប្រព្រឹត្តដោយសេចក្តីជំនឿលើព្រះអម្ចាស់ ហើយ បានស្វែងរកការណែនាំរបស់ទ្រង់ ក្នុងពេលមានបញ្ហាប្រឈមមុខនីមួយៗ ។ មេរៀននេះអាចជួយដល់អ្នកឲ្យដឹងអំពីរបៀបស្វែងរកជំនួយពីព្រះអម្ចាស់ ក្នុងការដោះស្រាយបញ្ហារបស់អ្នក ។
បញ្ហា និងការសម្រេចចិត្តនានា
សូមស្រមៃថា មាននរណាម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្កើតបញ្ជីនៃអ្វីដែលបុគ្គលនោះគិតថា ជាបញ្ហា និងភាពតានតឹងទូទៅបំផុតចំនួន ៣ ដែលយុវវ័យកំពុងប្រឈមមុខសព្វថ្ងៃនេះ ។ បុគ្គលរូបនេះ បានសរសេររាយបញ្ជីដូចខាងក្រោម ៖
-
សម្ពាធឲ្យសិក្សាបានល្អនៅសាលា
-
ចុះសម្រុងជាមួយមិត្តភក្តិ
-
ដាក់ផែនការសម្រាប់អនាគត
-
តើអ្នកយល់ស្របនឹងជម្រើសរបស់បុគ្គលនេះឬទេ ? បើយល់ស្រប ហេតុអ្វី ឬបើមិនយល់ស្រប ហេតុអ្វី ?
-
តើមានបញ្ហា ឬភាពតានតឹងអ្វីផ្សេងទៀតដែលអ្នកអាចដាក់បញ្ចូលទៅក្នុងបញ្ជីនេះ ? ហេតុអ្វី ?
សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើភាពតានតឹង និងបញ្ហាធំបំផុតរបស់អ្នកគឺជាអ្វី ?
-
តើអ្នកបានស្វែងរកជំនួយពីព្រះអម្ចាស់ចំពោះភាពតានតឹង និងបញ្ហាទាំងនោះឬទេ ? ដោយតាមរបៀបណា ?
-
តើអ្នកមានទំនុកចិត្តកម្រិតណាថា ការមានជំនួយពីព្រះអម្ចាស់អាចជួយអ្នកយកឈ្នះលើភាពតានតឹង និងបញ្ហានានារបស់អ្នកបាន ?
សូមជ្រើសរើសយកបញ្ហា ឬការសម្រេចចិត្តមួយក្នុងចំណោមបញ្ហា ឬការសម្រេចចិត្តនានាដែលអ្នកគិតថា អ្នកចង់បានជំនួយពីព្រះអម្ចាស់ ។ នៅពេលអ្នកសិក្សា សូមស្វែងរកសេចក្ដីពិតដែលអាចជួយដឹកនាំអ្នកឲ្យទទួលបានជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទៅលើបញ្ហា ឬការសម្រេចចិត្តដែលអ្នកបានជ្រើសរើស ។
ការរៀបចំសុំជំនួយពីព្រះអម្ចាស់
សាសន៍យ៉ារេឌបានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ហើយបានសង់ភេត្រាជាច្រើនដើម្បី « ជិះឆ្លងទឹកជាច្រើន » ( អេធើរ ២:៦ ) រហូតដល់ពួកគេមកដល់ច្រាំងនៃ « សមុទ្រដ៏ធំ » ( អេធើរ ២:១៣ ) ។ បន្ទាប់មក ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យសង់ភេត្រា « ហើយធ្វើភេត្រាតាមរបៀបធ្វើភេត្រាដែល [ ពួកគេធ្លាប់ ] បានធ្វើមក » ( អេធើរ ២:១៦ ) ដើម្បីឆ្លង « សមុទ្រដ៏ធំ » ទៅកាន់ដែនដីសន្យា ។ បងរបស់យ៉ារេឌបានជួបបញ្ហាធំៗជាច្រើន នៅពេលដែលលោកព្យាយាមធ្វើតាមការណែនាំរបស់ព្រះអម្ចាស់សម្រាប់ដំណើរដ៏វែងឆ្ងាយបែបនេះ ។
តើបងរបស់យ៉ារេឌ និងប្រជាជនរបស់លោកបានធ្វើអ្វីខ្លះ ? |
តើបងរបស់យ៉ារេឌមានសំណួរ ឬកង្វល់អ្វីខ្លះ ? |
តើព្រះអម្ចាស់បានឆ្លើយតបចំពោះសំណួររបស់លោកដោយរបៀបណា ? |
---|---|---|
-
តើខគម្ពីរទាំងនេះអាចយកមកអនុវត្តនៅក្នុងជីវិតរបស់យើងបានដោយរបៀបណា ?
គោលការណ៍មួយដែលយើងអាចរៀនសូត្របាន គឺថា នៅពេលដែលយើងអំពាវនាវដល់ព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន ហើយយើងខិតខំធ្វើអ្វីៗដែលជាចំណែករបស់យើង ដើម្បីដោះស្រាយបញ្ហានានារបស់យើង នោះយើងអាចទទួលបានជំនួយពីព្រះអម្ចាស់ហើយ ។
-
តើមានបៀបផ្សេងៗគ្នាអ្វីខ្លះដែលព្រះអម្ចាស់ឆ្លើយតបចំពោះសំណួររបស់បងរបស់យ៉ារេឌ ? ( សូមមើល អេធើរ ២:១៩–២៣ ) ។
យោងតាមប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣) សំណួររបស់ព្រះអម្ចាស់នៅក្នុង អេធើរ ២:២៣ « តើអ្នកចង់ឲ្យយើងធ្វើអ្វី ដើម្បីឲ្យអ្នកមានពន្លឺនៅក្នុងភេត្រាទាំងឡាយរបស់អ្នក ? » គឺស្រដៀងទៅនឹងការនិយាយដូចខាងក្រោមនេះ ៖
« តើអ្នកនឹងស្នើសុំឲ្យយើងគួរតែធ្វើអ្វី ដើម្បីឲ្យមានពន្លឺ ? » …
… វាហាក់ដូចជាព្រះអម្ចាស់កំពុងមានព្រះបន្ទូលទៅលោកថា « មើលចុះ យើងបានផ្តល់គំនិតដល់អ្នកឲ្យចេះគិតពិចារណា ហើយយើងបានផ្តល់សិទ្ធិជ្រើសរើសដល់អ្នកដើម្បីប្រើប្រាស់វា ។ ឥឡូវនេះ អ្នកធ្វើអ្វីៗឲ្យអស់ពីសមត្ថភាពដើម្បីជួយខ្លួនឯងក្នុងការដោះស្រាយបញ្ហានេះ ហើយបន្ទាប់ពីអ្នកបានធ្វើអ្វីៗអស់ពីសមត្ថភាពរបស់អ្នកហើយ យើងនឹងចូលទៅជួយអ្នក » ។ …
… បើសិនអ្នកចង់បានពរជ័យ សូមកុំគ្រាន់តែលុតជង្គង់ ហើយអធិស្ឋានទូលសុំពរជ័យនោះឡើយ ។ សូមរៀបចំខ្លួនអ្នកនូវគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យខ្លួនឯងមានភាពស័ក្ដិសមក្នុងការទទួលបានពរជ័យដែលអ្នកស្វែងរក ។ ( ហារ៉ូល ប៊ី លី Stand Ye in Holy Places [ ឆ្នាំ ១៩៧៤ ] ទំព័រ ២៤៣–២៤៤ )
-
ហេតុអ្វីបានជានៅក្នុងស្ថានភាពមួយចំនួនព្រះអម្ចាស់អាចផ្តល់ការណែនាំជាក់លាក់ ចំណែកនៅក្នុងស្ថានភាពផ្សេងទៀតទ្រង់ចង់ឲ្យយើងទូលសុំដំណោះស្រាយ និងស្វែងរកជំនួយពីទ្រង់ដើម្បីដោះស្រាយបញ្ហារបស់យើង ?
-
ហេតុអ្វីបានជាព្រះអម្ចាស់ចង់បានគំនិត និងការខិតខំប្រឹងប្រែងរបស់យើង ព្រមទាំងការអធិស្ឋានរបស់យើងផងបែបនេះ ?
-
តើរបៀបដែលព្រះអម្ចាស់ឆ្លើយតបសំណួរ និងកង្វល់របស់យើងអាចជួយឲ្យយើងរីកចម្រើនដោយរបៀបណា ?
ការអនុវត្តផ្ទាល់ខ្លួន
សូមពិចារណាអំពីបញ្ហា ឬការសម្រេចចិត្តដែលអ្នកបានជ្រើសរើសនៅដើមមេរៀននេះ ។ សូមបន្ថែមចំណុចខាងក្រោមចូលទៅក្នុងតារាងរបស់អ្នក ៖
តើខ្ញុំបានធ្វើអ្វីខ្លះ ឬអាចធ្វើអ្វីខ្លះបានដើម្បីដោះស្រាយ ឬយកឈ្នះលើបញ្ហារបស់ខ្ញុំបាន ? |
តើខ្ញុំមានសំណួរ ឬកង្វល់អ្វីខ្លះ ដែលខ្ញុំអាចទូលទៅកាន់ព្រះអម្ចាស់បាន ? |
តើព្រះអម្ចាស់អាចជួយ ឬឆ្លើយតបមកខ្ញុំតាមរបៀបណា ? |
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីអ្វីដែលអ្នកគួរតែធ្វើ ។ សូមចងចាំនូវអ្វីដែលអ្នកបានដឹងរួចហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ទំនុកចិត្តដល់អ្នកដើម្បីស្វែងរកជំនួយពីទ្រង់ទាំងទ្វេ ។