« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦—‹ ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អេធើរ ១២:៦
« ដ្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន »
នៅក្នុងការសិក្សារបស់អ្នកអំពី អេធើរ ១២:១–២២ អ្នកបានរៀនពីរបៀបអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ មុនពេលទទួលបានសាក្សីខាងវិញ្ញាណអំពីសេចក្ដីពិត ( សូមមើល អេធើរ ១២:៦ ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេធើរ ១២:៦ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គនេះ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងនានា ។
ពន្យល់ និងទន្ទេញ
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីសេចក្តីពិតដូចតទៅនេះចេញពី អេធើរ ១២:៦ ៖ ប្រសិនបើយើងចង់បានសាក្សីខាងវិញ្ញាណ នោះយើងត្រូវតែអនុវត្តសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ជាមុនសិន ។
សូមប្រើប្រាស់បច្ចេកទេសទន្ទេញផ្ទាល់ខ្លួនរបស់អ្នក ឬគំនិតខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀនថា នៅទីបញ្ចប់ មនុស្សគ្រប់គ្នាប្រឈមមុខនឹងការសាកល្បងនៃសេចក្ដីជំនឿរបស់ពួកគេ ហើយពួកគេត្រូវប្រកាន់ជំហររឹងមាំមួយ ( សូមមើល « The Book of Mormon Is the Word of God » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៦៥ ) ។ ម្យ៉ាងទៀត មនុស្សទាំងអស់ត្រូវសម្រេចចិត្តដោយខ្លួនឯងដើម្បីមានសេចក្ដីជំនឿក្នុងការជឿលើ និងស្គាល់សេចក្តីពិត ។
សូមគូររូបភាពជញ្ជាំងដ៏ធំមួយដោយមានរូបអ្នកឈរនៅពីមុខជញ្ជាំងនោះ ។ សូមប្រើ « ជញ្ជាំងនៃសេចក្តីជំនឿ » ដើម្បីជួយអ្នកឲ្យទន្ទេញចាំសេចក្តីយោងអំពី អេធើរ ១២:៦ និងឃ្លាបទគម្ពីរគន្លឹះ ។ សូមតុបតែងជញ្ជាំងរបស់អ្នកដោយសរសេរ « អេធើរ ១២:៦ » នៅផ្នែកខាងលើ បន្ទាប់មក សូមសរសេរ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » នៅលើជញ្ជាំងនោះជាច្រើនដង ។ នៅពេលដែលឃ្លាបទគម្ពីរគន្លឹះបានសរសេរពេញនៅលើជញ្ជាំងរបស់អ្នកទាំងអស់រួចហើយ សូមព្យាយាមសូត្រខគម្ពីរទាំងនោះឲ្យឮៗពីរបីដងដោយមិនមើល ។
ការអនុវត្តជាក់ស្តែង
សូមរំឭក កថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនឆ្លើយតបទៅនឹងសាច់រឿងខាងក្រោមនេះ ។
គ្រីស្ទីណា និង នីសិតា គឺជាមិត្តដ៏ល្អបំផុតនឹងគ្នា ។ គ្រីស្ទីណា គឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នាងព្យាយាមធ្វើជាគំរូល្អដល់ នីសិតា ដែលមិនជឿលើសាសនា ។ នីសិតា សួរសំណួរពីជំនឿរបស់ គ្រីស្ទីណា ជាញឹកញាប់ ហើយឆ្ងល់ថា ហេតុអ្វីបានជានាងទៅព្រះវិហារនៅថ្ងៃអាទិត្យ ថ្វាយដង្វាយមួយភាគក្នុងដប់ រស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ហើយជ្រើសរើសស្លៀកពាក់យ៉ាងសមរម្យដូច្នេះ ។
គ្រីស្ទីណា ពន្យល់ទៅ នីសិតា ថា នាងមានអារម្មណ៍ថា ព្រះបញ្ញត្តិ និងបទដ្ឋានដែលនាងរស់នៅតាមនេះ គឺពិត និងទទួលបានមកពីព្រះ ។ នីសិតា ឆ្លើយតបដោយសុភាពថា « តើឯងអាចនិយាយថា ឯងដឹងថារឿងទាំងនេះគឺជាការពិតដោយរបៀបណា ? តើធ្វើដូចម្តេចទើបឯងដឹងថា អ្វីមួយដែលឯងមើលមិនឃើញគឺជាការពិតនោះ ? »
សូមប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង អេធើរ ១២:៦ ដើម្បីជួយដល់ នីសិតា ជាមួយនឹងសំណួររបស់នាង ។