ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩—‹ [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ៣:១៩

« [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ »

យុវជន​ឱប​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ៣:១៩ អ្នក​បាន​រៀន​ពី​របៀប​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយអ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ ។ វា​ក៏​អាច​ជួយ​អ្នក​ពន្យល់​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ផងដែរ ។

ការលើកទឹកចិត្ត​ដល់​ការរៀនសូត្រ​ខាងវិញ្ញាណ​តាមរយៈ​ការខិតខំ ។ ការរៀន​ដំណឹងល្អ​ដែល​ជំរុញ​ឲ្យ​មានការប្រែចិត្ត​ជឿ និង​ជួយ​ឲ្យ​ដំណឹងល្អ​ជ្រាប​ចូលជ្រៅ​ទៅ​ក្នុង​ចិត្ត​របស់​សិស្ស​ទាមទារ​ច្រើន​ជាង​ការខិតខំ​ដោយ​ការឧស្សាហ៍ព្យាយាម​ខាងគ្រូ​ទៅទៀត ។ ការរៀនសូត្រ​ខាងវិញ្ញាណ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ឥត​ឈប់ឈរ​ពី​សិស្ស ។ សូម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ឃើញ​ពី​តួនាទី​របស់​ពួកគេ​នៅក្នុង​ដំណើរ​ការបង្រៀន និង​ការរៀន​សូត្រ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាប់ផ្តើម​ព្យាយាម​ទន្ទេញ ម៉ូសាយ ៣:១៩ ។ សូមពន្យល់​ថា អ្នក​នឹង​ផ្តល់​ពេលវេលា​ក្នុង​ថ្នាក់​ដើម្បី​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ​ក្នុង​ការអនុវត្ត​ការទន្ទេញ​បទគម្ពីរ​ទាំងមូល​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

អ្នក​គួរតែ​បង្រៀន​មេរៀន​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​បន្ទាប់ពី​មេរៀន « ម៉ូសាយ ៣:១៩ » ដែល​ជា​មេរៀន​បរិបទសម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ៣:១៩ ។ ប្រសិនបើ​អ្នក​ត្រូវប្តូរ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

ក្នុង​អំឡុងពេល​មេរៀន​មុន អ្នក​បានរៀន​សេចក្តីពិត​ខាងក្រោម​ពី ម៉ូសាយ ៣:១៩ ៖ តាមរយៈ​ការព្រម​ធ្វើ​តាម​សេចក្តីទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យក​ឈ្នះ​លើ​មនុស្ស​ខាង​សាច់​ឈាម ហើយ​ក្លាយ​ជា​អ្នក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ គឺ « [ សម្រាត ]​ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ » ។

សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​វិធី​មួយ​ដើម្បី​អនុវត្ត​ការទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ។ សកម្មភាព​ខាងក្រោម​គឺ​ជា​របៀបមួយ​ដែល​អ្នក​អាច​ធ្វើវា​បាន ។

សូម​គូរ​រូប​ត្រីកោណ​ដូចខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុសិក្សា​របស់​អ្នក ។ សូម​បែងចែក​សេចក្ដីយោង និងឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ ជា​បួន​ផ្នែក ។ សូម​សរសេរ​ផ្នែក​ទាំងបួន​នៅក្នុង​រូប​ត្រីកោណ​របស់​អ្នក ។ ឧទាហរណ៍ ៖ អ្នក​អាច​សរសេរ « ម៉ូសាយ ៣:១៩ » នៅលើ​គំនូរ​របស់​អ្នក​ផ្នែក​ខាងលើ​បំផុត « [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ » នៅក្នុង​ផ្នែក​ទី​ពីរ​ជាដើម ។ សូម​អនុវត្ត​ការទន្ទេញ​ឃ្លា​ទាំងមូល​ដោយ​ផ្លាស់ប្តូរ​ពី​លើ​ចុះក្រោម​នៅលើ​គំនូរ​របស់​អ្នក រហូត​ដល់​អ្នក​មានអារម្មណ៍​មាន​ទំនុកចិត្ត​សូត្រ​ដោយ​ពុំ​មើល ។

រូបភាព​ត្រីកោណ​ស​ខ្មៅ​សាមញ្ញ​ដែល​មាន​បួន​ផ្នែក

សូម​ឲ្យ​សិស្ស​អនុវត្ត​ការពន្យល់​គោលលទ្ធិ​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​អាច​ប្រើ​គំនិត​ខាងក្រោម ឬ​គំនិត​ផ្សេង​មួយ​ទៀត​ដើម្បី​ជួយ​សិស្ស​អនុវត្ត ។

សូម​ស្រមៃ​ថា អ្នក​កំពុង​បង្រៀន​មេរៀន​អំពី ម៉ូសាយ ៣:១៩ ដល់​ថ្នាក់​អង្គការ​បឋមសិក្សា​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ តើ​អ្នក​អាច​ពន្យល់​សារលិខិត​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ដល់​ក្រុម​កុមារ​ដោយ​របៀបណា ? សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ​ជា​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ពន្យល់​អំពី​គោលលទ្ធិ​នៃ ម៉ូសាយ ៣:១៩ ។

សូម​ពិចារណា​បំបែក​សិស្ស​ជា​គូ​ដើម្បី​បំពេញ​ការពន្យល់​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​មាន​ស្ម័គ្រចិត្ត​ឲ្យ​អាន​ការពន្យល់​របស់​ពួកគេ​ដល់​ថ្នាក់ទាំងមូល ។

រៀន​អនុវត្ត

សូម​ឲ្យ​សិស្ស​ពិនិត្យមើល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ របៀប​មួយ​ដើម្បី​ធ្វើ​រឿង​នេះ​គឺ​ត្រូវអញ្ជើញ​សិស្ស​មួយ​ចំនួន​គូរ​និមិត្តរូប ឬ​រូបភាព​សាមញ្ញៗ​នៅលើ​ក្ដារខៀន ដែល​តំណាង​ឲ្យ​គោលការណ៍​នីមួយៗ​នៃ​គោលការណ៍​ទាំងបី ។ សូម​ព្យាយាម​រៀបចំ​រចនាសម្ព័ន្ធ​សកម្មភាព​ដើម្បី​វា​ចំណាយ​ពេល​ត្រឹមតែ​ពីរបី​នាទី​នៃ​ម៉ោងរៀន​ប៉ុណ្ណោះ ។

សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ស្ថានភាព​ស្រដៀង​នឹង​ចំណុច​ខាងក្រោម ដើម្បី​ជួយ​ពួកគេ​អនុវត្ត​ដោយ​ប្រើ​គោលការណ៍​ទាំងបី​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។

តូវីយ៉ា បាន​តស៊ូ​ជាមួយ​ការគ្រប់គ្រង​កំហឹង​របស់​គាត់​អស់​រយៈពេល​ជា​ច្រើនឆ្នាំ ។ ជា​រឿយៗ គាត់​ខឹងនឹង​បងប្អូន និង​ឪពុកម្តាយ​របស់​គាត់ ហើយ​បាន​ដំឡើង​សំឡេង​របស់​គាត់ ។ គាត់​ក៏​មិនសូវ​ត្រូវ​ជាមួយ​អ្នក​ដទៃ​នៅសាលា​រៀន​ដែរ ។ ថ្ងៃមួយ ពេល​កំពុង​និយាយ​ជាមួយ​ឪពុកម្តាយ​របស់​គាត់​អំពី​អារម្មណ៍​ឆេវឆាវ​របស់​គាត់ គាត់​ពោល​ថា ៖ « កូន​ប្រាថ្នាថា កូន​អាច​ធ្វើ​ជា​មនុស្ស​ចេះ​អត់ធ្មត់​ជាង​នេះ ប៉ុន្តែ​កូន​គិតថា កូន​មិន​អាច​ធ្វើ​បាន​ទេ ។ នេះ​គឺជា​ចរិក​របស់​កូន ! »

អ្នក​អាច​កែសម្រួល​ស្ថានភាព​នេះ ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក​បាន​កាន់តែប្រសើរ ។ អ្នក​អាច​ផ្លាស់ប្តូរ​អាកប្បកិរិយា​ឆេវឆាវ​នៅក្នុង​ស្ថានភាព​ទៅជា​បញ្ហា​ប្រឈម​ផ្សេងទៀត ដូចជា ភាពខ្ជិល ប្រើ​ភាសា​មិន​ចេះ​គោរព ឬ​គ្មាន​សណ្តាន​ចិត្ត​ល្អ ។ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​ពី​អាកប្បកិរិយា​ទូទៅ​ដែល​មនុស្ស​ខាងសាច់ឈាម​មាន ។ បន្ទាប់មក​សិស្ស​អាច​ជ្រើសរើស​អាកប្បកិរិយា​មួយ ហើយ​សម្របតាម​ស្ថានភាព​ដើម្បី​បញ្ចូលវា​ជំនួសវិញ ។

  • តើ​អ្នក​នឹង​ប្រើ​ការបង្រៀន​របស់ ម៉ូសាយ ៣:១៩ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​ជួយ​ក្នុង​ស្ថានភាពនេះ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ពិភាក្សា​អំពី​របៀបដែល​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង ម៉ូសាយ ៣:១៩ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​បាន ។ សិស្ស​អាច​ធ្វើ​កិច្ចការ​នេះ​រួមគ្នា​ជា​ថ្នាក់ ឬ​ជា​ក្រុមតូចៗ ។

ខាងក្រោមនេះ​គឺ​ជា​ឧទាហរណ៍​នៃ​ប្រភេទសំណួរ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ប្រសិនបើ​សិស្ស​ត្រូវការ​ការណែនាំ​បន្ថែម ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​អ្នក​គិត​ថា ការបង្រៀន​ពី ម៉ូសាយ ៣:១៩ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​បាន​យ៉ាង​ដូចម្តេច ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វី​ខ្លះទៀត​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​គិតថា​អាច​មានប្រយោជន៍ ?

សូម​ពិចារណា​រំឭក​សិស្ស​អំពី​សេចក្តីយោង​ឆ្លងដែល​ពួកគេ​បានសិក្សា​នៅក្នុង​មេរៀន​មុន នៅពេល​ពួកគេ​ពិភាក្សា​សំណួរ​ខាងក្រោម ។ ឬ​អ្នក​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន ឬ​ទាំងអស់​ដែល​មាននៅក្នុង « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ពី​មេរៀន​មុន ។

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​មើលឃើញ​បញ្ហា​នេះ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់កល្ប​ជា​និច្ច​មួយ ?

  • តើ​ការចងចាំពី​ព្រះរាជបំណង​របស់​ព្រះ​អម្ចាស់​សម្រាប់​ការអនុញ្ញាត​ឲ្យ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ធ្លាក់​នេះ​អាច​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ស្ថានភាពនេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​មនុស្ស​ម្នាក់​ក្នុង​ស្ថានភាព​នេះ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សូម​ពិចារណា​ប្រើ​សកម្មភាព​រំឭក​ឡើងវិញ​ខាងក្រោម​នៅក្នុង​មេរៀន​ដែលបាន​បង្រៀន​ភ្លាមៗ​បន្ទាប់ពី​មេរៀន​នេះ ។ សូម​គូរ​រូប​ត្រីកោណ​មួយ​នៅលើ​ក្ដារខៀន​ដូចនឹង​ត្រីកោណ​ពី​ក្នុង​មេរៀន​នេះ ។ ដោយ​ចាប់ផ្តើម​ពី​កំពូល សូម​ឲ្យ​សិស្ស​បំពេញ​កម្រិត​នីមួយៗ​នៃ​រូបត្រីកោណ​ជាមួយនឹង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ៣:១៩ ៖ « [ សម្រាត ] ភាព​ខាង​សាច់ឈាម​ចេញ ហើយ [ ក្លាយ​ទៅ​ជា ] អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ សូម​ធ្វើ​ដំណើរការ​នេះ​ពីរបី​ដង​ទៀត រហូត​ដល់​សិស្ស​អាច​សូត្រ​វា​ចេញ​ពី​ការចងចាំ ។