« ម៉ូសាយ ៤:៩–១០ ៖ ‹ សូមជឿដល់ព្រះចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៤:៩–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៤:៩–១០
« សូមជឿដល់ព្រះចុះ »
តើអ្នកធ្លាប់ឈប់ហើយសញ្ជឹងគិតពីឥទ្ធិពលនៃជំនឿរបស់អ្នកចំពោះសកម្មភាពរបស់អ្នក និងអ្វីដែលអ្នកកំពុងប្រែក្លាយដែរឬទេ ? ខណៈកំពុងបង្រៀនពីអ្វីដែលយើងត្រូវធ្វើដើម្បីរក្សាការផ្ដាច់បាបរបស់យើង ស្ដេចបេនយ៉ាមីនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជឿដល់ព្រះ ។ មេរៀននេះអាចជួយអ្នកពង្រឹងជំនឿ និងសេចក្តីស្រឡាញ់ចំពោះព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឥទ្ធិពលនៃជំនឿរបស់យើង
ខាងក្រោមនេះគឺជាគំនិតខុសឆ្គងមួយចំនួនដែលមនុស្សធ្លាប់គិតថាជាសេចក្តីពិត ។ សូមសញ្ជឹងគិតអំពីឥទ្ធិពលនៃជំនឿទាំងនេះអាចមានមកលើជីវិតរបស់បុគ្គលទាំងនោះ
-
ពិភពលោកនេះមានរាងសំប៉ែត ។
-
គីង្គក់ធ្វើឲ្យអ្នកកើតស្រែង ។
-
ផ្កាយវិលជុំវិញផែនដី ។
-
តើមានបញ្ហាអ្វីខ្លះអាចកើតឡើងពីការជឿលើគំនិតខុសឆ្គង ?
-
តើអ្នកបានឃើញជំនឿរបស់អ្នក ឬជំនឿរបស់អ្នកដទៃមានឥទ្ធិពលលើឥរិយាបថ ឬសកម្មភាពនានាដោយរបៀបណា ?
-
តើអ្វីដែលយើងជឿអាចជះឥទ្ធិពលមកលើយើងខាងវិញ្ញាណយ៉ាងណា ?
សូមជឿដល់ព្រះចុះ
ស្តេចបេនយ៉ាមីនបានបង្រៀនពីសារៈសំខាន់នៃការជឿដល់ព្រះ ។ មុននឹងចាប់ផ្ដើមការសិក្សារបស់អ្នក សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកជឿដល់ព្រះ ។ តើជំនឿរបស់អ្នកអំពីព្រះជះឥទ្ធិពលលើសកម្មភាពរបស់អ្នកយ៉ាងដូចម្តេច ? សូមពិចារណាធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិចារណាអំពីមូលហេតុដែលអ្នកជឿលើអ្វីដែលអ្នកធ្វើ ។ ពេញមួយការសិក្សារបស់អ្នក សូមបន្ថែមគំនិត ឬការចាប់អារម្មណ៍ណាមួយដែលអ្នកអាចមាន ។
សូមចម្លងរូបភាពខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅក្នុងរង្វង់កណ្តាល សូមសរសេរ សូមជឿដល់ព្រះចុះ និង ម៉ូសាយ ៤:៩–១០ ។
សូមអាន ម៉ូសាយ ៤:៩–១០ ដោយរកមើលអ្វីផ្សេងៗដែលស្តេចបេនយ៉ាមីនបានអញ្ជើញប្រជាជនរបស់ទ្រង់ឲ្យជឿអំពីព្រះ ។ សូមសរសេរវាក្នុងរង្វង់ខាងក្រៅ ។ ប្រសិនបើចាំបាច់ អ្នកអាចបន្ថែមរង្វង់ទៅលើរូបភាពរបស់អ្នក ។
-
នៅក្នុងប្រយោគសាមញ្ញមួយ តើអ្នកអាចសង្ខេបការបង្រៀនរបស់ស្តេចបេនយ៉ាមីនដោយរបៀបណា នៅក្នុង ម៉ូសាយ ៤:៩–១០ ? សូមពិចារណាប្រើប្រយោគសង្ខេបរបស់អ្នកជាចំណងជើងនៃរូបភាពដែលអ្នកបានបង្កើត ។
-
តើការយល់ដឹង និងការជឿលើការបង្រៀនទាំងនេះពីស្តេចបេនយ៉ាមីនអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកមើលឃើញពិភពលោកប្រឆាំង ឬមិនយកចិត្តទុកដាក់លើការបង្រៀនទាំងនេះដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដំបូន្មានខាងក្រោមសម្រាប់អ្នកដែលមិនប្រាកដថា ពួកគេជឿដល់ព្រះ ៖
ប្រសិនបើអ្នកមិនប្រាកដថា អ្នកអាចជឿទៅលើព្រះ សូមចាប់ផ្ដើមពីត្រង់នេះទៅ ។ សូមយល់ថា កាលណាអវត្តមានពីបទពិសោធន៍ទាំងឡាយជាមួយព្រះ នោះមនុស្សអាចនឹងសង្ស័យអំពីវត្តមានរបស់ព្រះ ។ ដូច្នេះ សូមដាក់ខ្លួនអ្នកទៅក្នុងកន្លែងមួយដើម្បីចាប់ផ្ដើមមានបទពិសោធន៍ទាំងឡាយជាមួយទ្រង់ ។ … ទូលសូមទ្រង់ឲ្យប្រាប់អ្នក ប្រសិនបើទ្រង់ពិតជាគង់នៅ—ប្រសិនបើទ្រង់ពិតជាស្គាល់អ្នក ។ សូមទូលសួរទ្រង់ថា ទ្រង់មានព្រះទ័យយ៉ាងណាចំពោះអ្នក ។ បន្ទាប់មកសូមស្តាប់ ។ ( រ័សុល អិម ណិលសុន « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩០ )
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះដែលពង្រឹងជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
កាន់តែជ្រៅ
របៀបមួយដែលយើងអាចពង្រឹងជំនឿ និងការទុកចិត្តរបស់យើងលើព្រះគឺតាមរយៈការរៀនពីការបង្រៀន និងបទពិសោធន៍ដ៏បំផុសគំនិតរបស់អ្នកដទៃ ( សូមមើល Bible Dictionary « Faith » ) ។ សូមជ្រើសរើសយ៉ាងហោចណាស់សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងបីខាងក្រោមដើម្បីជួយអ្នកបង្កើនជំនឿរបស់អ្នកលើព្រះ ៖
-
ទំនុកតម្កើង ៖ សូមស្រាវជ្រាវក្នុងសៀវភៅទំនុកតម្កើងនូវពាក្យ ឃ្លា វគ្គ ឬទំនុកតម្កើងទាំងមូលដែលបង្រៀនអំពីធម្មជាតិ និងចរិតលក្ខណៈរបស់ព្រះ ឬដែលអាចពង្រឹងជំនឿរបស់អ្នកលើទ្រង់ ។
-
ដំណើររឿងព្រះគម្ពីរផ្សេងទៀត ៖ សូមស្វែងរក និងសិក្សាដំណើររឿងនៅក្នុងព្រះគម្ពីរ ដែលអ្នកផ្សេងទៀតបានថ្លែងទីបន្ទាល់អំពីជំនឿរបស់ពួកគេអំពីព្រះវរបិតាសួគ៌ ឬព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍នៃវគ្គបទគម្ពីរដែលអ្នកអាចសិក្សារួមមាន អាលម៉ា ២៦:១៦, ៣៥–៣៧; ៣៤:៨–១០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:២២–២៤ ។
-
សន្និសីទទូទៅ ៖ ដោយប្រើសុន្ទរកថាក្នុងសន្និសីទទូទៅថ្មីៗ សូមរកមើលពាក្យ ឃ្លា ដំណើររឿង ឬរឿងដែលបង្រៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹងជំនឿរបស់អ្នកលើទ្រង់ទាំងទ្វេ ។ ( សូមពិចារណាស្រាវជ្រាវក្នុងសុន្ទរកថាសន្និសីទទូទៅតាមប្រធានបទដូចជា « ព្រះវរបិតាសួគ៌ » , « ក្រុមព្រះ » ឬ« ព្រះយេស៊ូវគ្រីស្ត » ) ។
ជំហានបន្ទាប់របស់អ្នក
មិនថាអ្នកមានជំនឿខ្លាំងលើព្រះ ឬកំពុងព្យាយាមកំណត់នូវអ្វីដែលអ្នកជឿនោះទេ មានអ្វីដែលយើងម្នាក់ៗអាចធ្វើដើម្បីពង្រឹងជំនឿ និងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ។ សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីអ្វីដែលអ្នកមានអារម្មណ៍ថា ជាជំហានបន្ទាប់របស់អ្នក គឺការស្គាល់ព្រះកាន់តែច្បាស់ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។