ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១៩–២០ ៖ « ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ត្រូវ​បាន​បំពេញ »


« ម៉ូសាយ ១៩–២០ ៖ ‹ ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ត្រូវ​បាន​បំពេញ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១៩–២០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១៩–២០

« ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ត្រូវ​បាន​បំពេញ »

ស្តេច​ណូអេ

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​សប្បាយ​រីករាយ និង​មាន​សុវត្ថិភាព ។ វិធី​មួយ​ដែល​អ្នក​អាច​ទទួល​បាន​អំណរ និង​ការការពារ​ខាង​វិញ្ញាណ គឺ​តាមរយៈ​ការធ្វើ​តាម​ការបង្រៀន និង​ការព្រមាន​របស់​ព្យាការី​របស់​ទ្រង់ ។ ដោយ​បដិសេធ​អ័ប៊ីណាដៃ នោះ​ស្ដេច​ណូអេ និង​រាស្ដ្រ​របស់​ទ្រង់​បាន​បាត់បង់​ពរជ័យ​នៃ​ការ​ទទួលបាន​សុវត្ថិភាព ហើយ​បាន​ទទួល​រងទុក្ខវេទនា​យ៉ាង​ខ្លាំង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ស្តាប់​តាម​ការព្រមាន និង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ។

ការជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ​បទគម្ពីរ ។បរិបទ​គឺ​ជា​ស្ថានភាព​ទាំងឡាយ​ដែល​នៅ​ជុំវិញ ឬ​ផ្ដល់​ជា​ផ្ទៃ​រឿង​អំពី​វគ្គ​បទគម្ពីរ ព្រឹត្តិការណ៍ ឬ​ដំណើរ​រឿង​នានា ។ បរិបទ​នេះ​ជួយ​យើង​ឲ្យ​យល់​ពី​ស្ថានភាព​នៃ​អស់​អ្នក​ដែល​នៅក្នុង​បទគម្ពីរ ។ ការយល់​ដឹង​អំពី​បរិបទ​នៃ​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍ និង​គោលលទ្ធិ ហើយ​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើ្ញ​សិស្ស​ឲ្យ​គិត​អំពី​ឧទាហរណ៍​មួយ​ចេញ​ពី​បទគម្ពីរ ឬ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដែល​គាំទ្រ​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មក​ថ្នាក់​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំរូ​របស់​ពួកគេ ។

« ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា មាន​សុវត្ថិភាព ភាពសុខសាន្ត ភាពចម្រុង​ចម្រើន និង​សុភមង្គល​ក្នុង​ការឆ្លើយតប​នឹង​ការទូន្មាន​របស់​ព្យាការី » ( អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Ensign ខែ ឧសភា ២០០១ ទំព័រ ៦៥ ) ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

សុវត្ថិភាព​ពី​គ្រោះថ្នាក់

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាង​ក្រោម ឬ​យក​វត្ថុ​ផ្សេងៗដែល​ប្រើ​ដើម្បី​ផ្តល់​សុវត្ថិភាព​ទៅ​ដល់​សិស្ស ។ អ្នក​ក៏​អាច​សុំឲ្យ​សិស្ស​ចែកចាយ​ឧទាហរណ៍​អំពី​វត្ថុ ឬ​ក្បួន​នានា​ដែល​ពួកគេ​ប្រើ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព ។

អាវ​ពោង មួក​សុវត្ថិភាព​ពាក់​ជិះកង់ ខ្សែ​ឡើង​ភ្នំ
  • តើ​វត្ថុ​ទាំង​នេះ​ការពារ​យើង​ពី​គ្រោះថ្នាក់​អ្វី​ខ្លះ ?

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​មួយ​ចំនួន​ជ្រើសរើស​មិន​អើពើ​ចំពោះ​ឧបករណ៍​សុវត្ថិភាព ឬ​គោលការណ៍​ណែនាំ ?

អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ព្យាការី​បច្ចុប្បន្ន​ជាមួយ​នឹង​រូបភាព​មុនៗ ។

បន្ថែម​ពី​លើ​ហានិភ័យ​ខាង​រាងកាយ គ្រោះថ្នាក់​ខាង​វិញ្ញាណ​ក៏​ជា​ផ្នែក​នៃ​បទពិសោធន៍​ជីវិត​របស់​យើង​ផងដែរ ។ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ព្រះអម្ចាស់​ត្រាស់​ហៅ​ព្យាការី​ឲ្យ​ផ្ដល់​ការណែនាំ​ដល់​យើង និង​ឧបករណ៍​ដែល​អាច​ជួយ​យើង​ទទួល​បាន​បទពិសោធន៍​សុវត្ថិភាព​ខាង​រូបកាយ ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​ពេញ​មួយ​ជីវិត​របស់​យើង ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​អំពី​សុវត្ថិភាព​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នក​តាមរយៈ​ព្យាការី និង​សាវក​របស់​ទ្រង់ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​មាន​ប្រយោជន៍ ៖

វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការកត់ត្រា​ការឆ្លើយតប​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​មើល​ទៅ​ព្យាការី និង​សាវក​របស់​ព្រះអម្ចាស់​ថា ជា​របៀប​មួយ​ដើម្បី​ទទួល​បាន​ការការពារ​ខាង​វិញ្ញាណ​របស់​ទ្រង់​ញឹកញាប់​ប៉ុន​ណា ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់​អាច​ផ្តល់ពរ​ដល់​អ្នក ?

នៅពេល​អ្នក​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​មាន​បំណង​ប្រាថ្នា​ស្វែងរក​សុវត្ថិភាព និង​សុភមង្គល​ដែល​កើត​ពី​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់​កាន់តែ​ខ្លាំងឡើង ។

រាស្ដ្រ​របស់​ស្ដេច​ណូអេ ដកពិសោធ​នូវ​លទ្ធផល​នៃ​អំពើ​បាប​របស់​ពួកគេ

អ័ប៊ីណាដៃ​នៅ​ចំពោះ​ព្រះភក្តស្តេច​ណូអេ

សូម​ចាំថា អ័ប៊ីណាដៃ ត្រូវបាន​ចាត់​ឲ្យ​ទៅ​ព្រមាន​រាស្ដ្រ​របស់​ស្ដេច​ណូអេ អំពី​អំពើ​ទុច្ចរិត​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ចៀសវាង​ពី​ការកាត់ទោស​របស់​ព្រះអម្ចាស់​ដែល​នឹង​កើត​មាន ។ ( វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការរំឭក​ពី​ការព្រមាន​មួយ​ចំនួន​របស់​អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១:២០–២៥; ១២:១–៨ ) ។

សូម​រំឭក​ឡើង​វិញ​នូវ​ការឆ្លើយតប​របស់​ណូអេ និង​ប្រជាជន​របស់​ទ្រង់​ចំពោះ​ការព្រមាន​របស់​អ័ប៊ីណាដៃ ដោយ​អាន ម៉ូសាយ ១២:១៣–១៥; ១៧:១១–២០ ។

  • ហេតុអ្វី​អ្នក​គិតថា ណូអេ និង​សង្ឃ​របស់​ទ្រង់​ជ្រើសរើស​មិន​អើពើ​នឹង​ការព្រមាន​របស់​អ័ប៊ីណាដៃ ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​របៀប​ដែល​មនុស្ស​អាច​មិន​អើពើ ឬ​បដិសេធ​ការបង្រៀន​របស់​ព្យាការី​នៅ​ជំនាន់​របស់​យើង ? ហេតុអ្វី​អ្នក​គិត​ថា ពួកគេ​ធ្វើ​បែប​នេះ ?

ដូច​ដែល​អ័ប៊ីណាដៃ បាន​ព្យាករ ( សូម​មើល ម៉ូសាយ ១៧:១៥–១៩ ) នោះ​ប្រជាជន​របស់​ណូអេ បាន​ដកពិសោធ​នឹង​ការសាកល្បង​ដ៏​លំបាក បន្ទាប់​ពី​បដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត ។ អ្នក​អាច​ចងចាំ​ពី​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ៧ ដែល​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការស្លាប់​របស់​អ័ប៊ីណាដៃ មនុស្ស​ទាំង​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្វែងរក​ពី​សារ៉ាហិមឡា ដែល​ដឹកនាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ​អាំម៉ូន ( សូម​មើល​ដ្យាក្រាម​ខាង​ក្រោម ) ។ នៅគ្រា​នៃ​ការរកឃើញ​របស់​ពួកគេ សាសន៍នីហ្វៃ​នៅក្នុង​ដែនដី​នីហ្វៃ​គឺ​ជា​ឈ្លើយ​របស់​សាសន៍​លេមិន ។

រូបភាព​បង្ហាញ​ពី​ដំណើរ​របស់​សាសន៍​នីហ្វៃ​ដើម្បី​ទាមទារ​យក​ទឹកដី​នីហ្វៃ​មក​វិញ

អ្នក​ដឹកនាំ​របស់​ពួកគេ​គឺ​លិមហៃ​ជា​បុត្រា​របស់​ស្ដេច​ណូអេ ។ សូម​អាន​បន្ទូល​របស់​លិមហៃ នៅក្នុង ម៉ូសាយ ៧:២៤–២៩ ដោយ​រកមើល​ហេតុផល​ដែល​ទ្រង់​បាន​ប្រាប់​ពី​ការជាប់​ឃុំឃាំង​ដែល​ពួកគេ​បាន​ជួប ។

  • តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​គ្មាន​អារម្មណ៍​ថា វា​សំខាន់​ក្នុង​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់ ?

សូម​ពិចារណា​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។ បន្ទាប់ពី​ទុក​ពេល​ឲ្យ​សិស្ស​គិត​អំពី​វា​រួច សូម​អញ្ជើញ​សិស្ស​ច្រើន​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ប្រយោគ​នោះ ។

ការមិន​អើពើ ឬ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ តាមរយៈ​ព្យាការី​របស់​ទ្រង់ នាំ​ឲ្យ …

សិស្ស​អាច​ត្រូវបាន​បែងចែក​ជា​ក្រុម ហើយ​អញ្ជើញ​ឲ្យ​សិក្សា​ខគម្ពីរ​មួយ​បណ្តុំ​ក្នុង​ចំណោម​ខគម្ពីរ​ខាង​ក្រោម​នេះ ៖ (១) ម៉ូសាយ ១៩:៣–៨; (២) ម៉ូសាយ ១៩:៩–១៥; (៣) ម៉ូសាយ ១៩:១៦–២១; ២០:៣, ២១ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ព័ត៌មាន​លម្អិត​ដែល​បង្ហាញ​នូវ​សេចក្តីពិត​ថា ការមិន​អើពើ ឬ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ តាមរយៈ​ព្យាការី​របស់​ទ្រង់ នាំ​ទៅរក​ការរងទុក្ខ និង​ទុក្ខព្រួយ ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​ការរងទុក្ខ ឬ​ទុក្ខព្រួយ​ដែល​បុគ្គល​ម្នាក់ៗ​ជួប​ប្រទះ​នៅក្នុង​ខ​គម្ពីរ​ទាំង​នេះ ?

  • បន្ទាប់​ពី​បាន​ឃើញ​ការរងទុក្ខ​ដែល​ប្រជាជន​ទាំងនេះ​ស៊ូទ្រាំ និង​ការដឹង​ថា ព្រះអម្ចាស់​បាន​ចាត់​ព្យាការី​ម្នាក់​មក​ព្រមាន​ពួកគេ តើ​អ្នក​រៀន​អ្វី​អំពី​ព្រះអម្ចាស់ ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ចែកចាយ​ពរជ័យ​មួយ​ចំនួន​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​ស្តាប់​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ ៖

« ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា មាន​សុវត្ថិភាព សេចក្តី​សុខសាន្ត ភាពចម្រុងចម្រើន និង​សុភមង្គល​ក្នុង​ការឆ្លើយតប​នឹង​ការទូន្មាន​របស់​ព្យាការី ។ ( អិម រ័សុល បាឡឺដ « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ )

  • តើ​មាន​គំរូ​អ្វី​ខ្លះ​ពី​ជីវិត​របស់​អ្នក ឬ​បទគម្ពីរ​ដែល​គាំទ្រ​ដល់​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​បាឡឺដ ?

ព្រះ​ឱវាទ​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក

ស្រដៀង​គ្នា​នឹង​ព្យាការី​នៅ​សម័យ​បុរាណ ព្យាការី​សព្វថ្ងៃ​នេះ​ផ្តល់​ឲ្យ​យើង​នូវ​ដំបូន្មាន ការព្រមាន និង​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ ។ កន្លែង​មួយ​ដែល​យើង​អាច​រកឃើញ​ដំបូន្មាន​មួយ​ចំនួន​នេះ​គឺ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ​ឆ្នាំ ២០២២ ) ។

សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់ក្រុម​នីមួយៗ​នូវ​ប្រធានបទ​មួយ ឬ​ច្រើន​ដើម្បី​សិក្សា​ពី ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ​ឆ្នាំ ២០២២ ) ។ អ្នក​ប្រហែល​ចង់​យក​ច្បាប់​ចម្លង​មួយ​ចំនួន​នៃ​កូន​សៀវភៅ​នេះ​មក​ថ្នាក់​រៀន​សម្រាប់​សិស្ស​ប្រើ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ដូច​ត​ទៅ ៖

  1. បទដ្ឋាន​ដែល​ព្រះអម្ចាស់​អញ្ជើញ​អ្នក​ឲ្យ​រស់នៅ​តាម

  2. គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែល​អាច​កើត​មាន​មក​ពី​ការមិន​អើពើ​នឹង​ព្រះ​ឱវាទ​របស់​ព្រះអម្ចាស់

  3. ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ការស្តាប់​តាម​សេចក្តីណែនាំ និង​ការព្រមាន​របស់​ព្រះអម្ចាស់

បន្ទាប់​ពី​សិស្ស​បាន​បញ្ចប់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ទាក់ទង​នឹង​វត្ថុ​បី​មុន ។

  • តើ​ការធ្វើ​តាម​ការបង្រៀន​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​ព្យាការី​បាន​ប្រសើរ​ឡើង និង​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ធ្វើ​ដូច្នេះ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក ។