« អាលម៉ា ២៤ ៖ ‹ យើងនឹងកប់វាឲ្យជ្រៅទៅក្នុងដី › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២៤
« យើងនឹងកប់វាឲ្យជ្រៅទៅក្នុងដី »
ពេលខ្លះយើងឃើញខ្លួនយើងចុះចាញ់នឹងអំពើបាបដដែលៗ ហើយបង្កើតទម្លាប់អាក្រក់ ឬសូម្បីតែការញៀន ។ ការយកឈ្នះលើអំពើបាបទាំងនេះអាចជាការពិបាកណាស់ ។ ពួកអាន់តៃ-នីហ្វៃ-លីហៃជាច្រើននាក់បានបង្កើតការប្រព្រឹត្តអំពើបាប មុនការប្រែចិត្តជឿរបស់ពួកគេទៅលើព្រះអម្ចាស់ ។ នៅពេលពួកគេបានដកពិសោធនឹងការអភ័យទោសរបស់ព្រះអង្គសង្គ្រោះ នោះពួកគេត្រូវបានបំផុសគំនិតដើម្បីចៀសវាងការត្រឡប់ទៅរកអំពើបាបទាំងនោះវិញ ។ មេរៀននេះអាចជួយអ្នកយកឈ្នះលើអំពើបាប និងទម្លាប់អាក្រក់ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយកឈ្នះលើអំពើបាបដោយជំនួយរបស់ព្រះអង្គសង្គ្រោះ
សូមអានស្ថានភាពប្រឌិដ្ឋដូចតទៅនេះ ៖
សាមែនថា បានពុះពារជាមួយនឹងអំពើបាបជាក់លាក់មួយអស់រយៈពេលជាច្រើនឆ្នាំ ។ នៅពេលនាងកាន់តែប្រែចិត្តជឿដល់ព្រះអម្ចាស់ នាងបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រែចិត្ត ហើយងាកទៅរកព្រះអង្គសង្គ្រោះដើម្បីទទួលបានកម្លាំងយកឈ្នះលើបញ្ហារបស់នាង ។ នាងបានទទួលអារម្មណ៍ពីការអភ័យទោស និងសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ។ ទោះយ៉ាងណាក៏ដោយ ក្នុងគ្រានៃភាពទន់ខ្សោយ ពេលខ្លះនាងធ្លាក់ចូលទៅក្នុងអំពើបាបនោះវិញ ។
-
តើសាមែនថា អាចមានអារម្មណ៍យ៉ាងណាក្នុងស្ថានភាពនេះ ?
សូមសញ្ជឹងគិតថា តើអ្នកមានអារម្មណ៍ល្អប៉ុនណាដែលអ្នកអាចជួយ សាមែនថា និងអ្វីដែលអ្នកនៅតែត្រូវដឹង និងយល់ដើម្បីជួយនាងឲ្យកាន់តែប្រសើរឡើង ។ សូមគិតអំពីបញ្ហាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់អាចជួយអ្នកឲ្យយកឈ្នះបានផងដែរ ។ នៅពេលអ្នកសិក្សា សូមស្វែងរកសេចក្តីពិតដែលនៅពេលអនុវត្តនោះ អាចអញ្ជើញព្រះអង្គសង្គ្រោះឲ្យជួយ សាមែនថា និងអ្នកឲ្យយកឈ្នះលើអំពើបាប ។
ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ
ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ គឺជាសាសន៍លេមិនដែលពីមុនបានប្រើដាវរបស់ពួកគេដើម្បីសម្លាប់អ្នកដទៃ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីពួកគេ « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » នោះពួកគេ « បានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ » ( អាលម៉ា ២៣:៦–៧ ) ។
សូមអាន អាលម៉ា ២៤:១–៤ ដើម្បីមើលពីរបៀបដែលពួកសាសន៍លេមិនមួយចំនួនទៀតបានឆ្លើយតប ។ សូមកត់ចំណាំថា ពាក្យ អាវុធ គឺជាគ្រឿងសស្ត្រាវុធ ។
-
ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកអាន់តៃ-នីហ្វៃ-លីហៃ តើអ្នកអាចមានគំនិត និងអារម្មណ៍អ្វីខ្លះនៅពេលនេះ ? ហេតុអ្វី ?
អាំម៉ូន និងបងប្អូនរបស់ទ្រង់បានប្រជុំក្រុមប្រឹក្សាមួយជាមួយនឹងស្តេចឡាម៉ូណៃ និងព្រះអនុជរបស់ទ្រង់ ជាស្តេចនៃប្រជាជនដែលមានឈ្មោះថា អាន់តៃ-នីហ្វៃ-លីហៃ ( សូមមើល អាលម៉ា ២៤:៥ ) ។ បន្ទាប់មក ស្ដេចមានបន្ទូលទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ ។
សូមអានព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ អាលម៉ា ២៤:៧–១៦ ។ សូមរកមើល ហើយពិចារណាគូសចំណាំពាក្យ ឬឃ្លាដែលពិពណ៌នាដូចខាងក្រោម ៖
-
អ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់មនុស្សទាំងនេះ
-
អ្វីដែលប្រជាជនបានធ្វើដើម្បីប្រែចិត្ត
-
អ្វីដែលស្ដេចទូន្មានឲ្យធ្វើដើម្បីលះចោលអំពើបាប
-
តើអ្នកអាចនឹងមានគំនិត និងអារម្មណ៍អ្វីខ្លះ ប្រសិនបើអ្នកនៅទីនោះស្តាប់សុន្ទរកថានេះ ? ហេតុអ្វី ?
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលជំរុញចិត្តអ្នកឲ្យព្យាយាមមិនត្រឡប់ទៅរកអំពើបាបរបស់អ្នកវិញ ?
ការកប់គ្រឿងសស្ត្រាវុធសង្គ្រាមរបស់ពួកគេ
សូមអាន អាលម៉ា ២៤:១៧–១៩ ហើយសម្គាល់ពីរបៀបដែលប្រជាជនបានឆ្លើយតបបន្ទាប់ពីសុន្ទរកថានេះ និងមូលហេតុ ។
-
តើអ្នកគិតថា បទពិសោធន៍របស់ពួកអាន់តៃ-នីហ្វៃ-លីហៃ អាចទាក់ទងនឹងយើងយ៉ាងដូចម្ដេច ?
សេចក្តីពិតមួយដែលយើងអាចរកឃើញពីដំណើររឿងនេះគឺថា សេចក្តីស្រឡាញ់របស់យើង និងការតាំងចិត្តចំពោះព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យលះបង់អំពើបាបរបស់យើង ។
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតថា ហេតុអ្វីគោលការណ៍នេះពិត ។
-
នៅពេលស្វែងរកការលះបង់អំពើបាប ហេតុអ្វីវាអាចជួយឲ្យចងចាំសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់ទាំងទ្វេបានធ្វើសម្រាប់យើង ? ( វាអាចនឹងមានប្រយោជន៍ក្នុងការសញ្ជឹងគិតឃ្លាដូចជា « ទ្រង់បានអភ័យទោសឲ្យយើងរាល់គ្នា » [ អាលម៉ា ២៤:១០ ], « ព្រះដ៏មហិមាទ្រង់មានសេចក្តីមេត្តាករុណាដល់យើងរាល់គ្នា » អាលម៉ា ២៤:១៤ ] និង « ទ្រង់ស្រឡាញ់ព្រលឹងយើងទាំងឡាយ » [ អាលម៉ា ២៤:១៤ ] ) ។
-
តើការកប់ដាវរបស់ពួកគេ « យ៉ាងជ្រៅទៅក្នុងដី » ( អាលម៉ា ២៤:១៧ ) ជួយមនុស្សទាំងនេះបោះបង់ចោលអំពើបាបរបស់ពួកគេយ៉ាងដូចម្ដេច ?
សូមកត់ចំណាំឃ្លាខាងក្រោមនៅក្នុង ខទី ១៨ ( បានបន្ថែមការគូសបញ្ជាក់ ) ៖
-
« ពួកគេនឹងលះបង់ជីវិតគេផ្ទាល់ ជាជាងកម្ចាយឈាមបងប្អូនគេ » ។
-
« គេនឹងឲ្យទៅបងប្អូនគេជាជាង យកពីបងប្អូនគេវិញ » ។
-
« គេនឹងធ្វើការយ៉ាងសម្បើមដោយដៃគេផ្ទាល់ ជាជាងចំណាយពេលដោយខ្ជិលច្រអូស » ។
សរុបមក ពួកអាន់តៃ-នីហ្វៃ-លីហៃ មិនគ្រាន់តែកប់គ្រឿងសស្ត្រាវុធសង្គ្រាមរបស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏បានជំនួសអំពើបាបពីមុនរបស់ពួកគេជាមួយនឹងសកម្មភាពវិជ្ជមានផងដែរ ។
-
តើការធ្វើបែបនេះអាចជួយយើងឲ្យលះចោលអំពើបាបបានយ៉ាងដូចម្ដេច ?
-
តើវិធីអ្វីខ្លះដែលយើងអាចធ្វើកិច្ចការនេះនៅសព្វថ្ងៃនេះ ?
ដើម្បីមើលឧទាហរណ៍មួយ សូមមើលវីដេអូ « The Power of the Book of Mormon in Conversion » ចាប់ពីនាទីទី ៦:១១ ដល់នាទីទី ៨:១២ មាននៅ ChurchofJesusChrist.org ។
ការតាំងចិត្តរបស់ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ
សូមអាន អាលម៉ា ២៤:២០–២៧ ដើម្បីមើលពីរបៀបដែលពួកអាន់តៃ-នីហ្វៃ-លីហៃ រស់នៅតាមការតាំងចិត្តរបស់ពួកគេក្នុងការលះបង់អំពើបាប ។ នៅពេលអ្នកអាន សូមស្រមៃថាអ្នកនៅទីនោះ ។ សូមសញ្ជឹងគិតពីទិដ្ឋភាព សំឡេង និងអារម្មណ៍ដែលអ្នកអាចនឹងបានជួបប្រទះ ពេលអ្នកបានឱនក្បាលអធិស្ឋានដោយដឹងថា អ្នកគ្មានអ្វីត្រូវការពារខ្លួនអ្នកឡើយ ហើយថាអ្នកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ទាំងស្រុង ។
-
តើអ្វីធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះការតាំងចិត្តរបស់ពួកគេ ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីរបៀបដែលការលះបង់របស់ពួកអាន់តៃ-នីហ្វៃ-លីហៃ អាចទាក់ទងនឹងយើងសព្វថ្ងៃនេះ ។
សូមកប់គ្រឿងសស្ត្រាវុធនៃការបះបោររបស់បងប្អូនចោលទាំងស្រុង ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការចុះសេចក្ដីសញ្ញាដោយបំណងប្រាថ្នាដ៏ពិតប្រាកដ ដើម្បីគោរពតាមយ៉ាងស្មោះត្រង់ នឹងផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកជារៀងរហូតតទៅ ។ អ្នកនឹងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ នៅពេលអ្នកចងចាំដល់ទ្រង់ជានិច្ច ធ្វើតាមទ្រង់ និងសរសើរទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គឺជាគ្រឹះដ៏រឹងមាំ ។ ទ្រង់អាចពឹងផ្អែកបាន ហើយការសន្យារបស់ទ្រង់ពិត ។ ( ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៥ )
របៀបលះបង់អំពើបាប
សូមរំឭកពីស្ថានភាពប្រឌិដ្ឋពី សាមែនថា នៅដើមមេរៀន ។ សូមពន្យល់ពីរបៀបដែលអ្នកចង់ណែនាំនាងឲ្យអនុវត្តតាមគោលការណ៍ដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមបញ្ចូលចំណុចខាងក្រោម ៖
-
របៀបដែលនាងអាចចងចាំសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះនាង
-
សកម្មភាពជាក់លាក់ដែលនាងអាចធ្វើបាន ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអំពើបាបរបស់នាងពីមុន
ការលះបង់អំពើបាបរបស់អ្នក
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីរបៀបដែលអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀននៅថ្ងៃនេះក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ សូមសរសេរជំហាននានាដែលអ្នកអាចធ្វើបានដើម្បីចងចាំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ។ សូមរួមបញ្ចូលជំហានជាក់ស្តែង ដើម្បីលះបង់អំពើបាប និងការពារពីការវិលត្រឡប់ទៅរកវាវិញ ។
នៅពេលអ្នកខិតខំធ្វើតាមផែនការរបស់អ្នក សូមទុកចិត្តថា ព្រះអង្គសង្គ្រោះស្រឡាញ់អ្នក ហើយនឹងជួយអ្នក នៅពេលអ្នកព្យាយាមចៀសវាងគ្រាទាំងឡាយដែលអាចនាំអ្នកទៅរកអំពើបាប ។