« អាលម៉ា ២៣–២៩ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ២៣–២៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ២៣–២៩
ទិដ្ឋភាពទូទៅ
តាមរយៈការបង្រៀនរបស់អាំម៉ូន និងបងប្អូនរបស់ទ្រង់ ប្រជាជនលេមិនរាប់ពាន់នាក់ត្រូវបាន « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ហើយ « ពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦ ) ។ អ្នកប្រែចិត្តជឿទាំងនេះបានដាក់ឈ្មោះខ្លួនឯងថា អាន់តៃ-នីហ្វៃ-លីហៃ ។ មុនការប្រែចិត្តជឿរបស់ពួកគេ ពួកអាន់តៃ-នីហ្វៃ-លីហៃ ជាច្រើននាក់បានឈានទៅរកការប្រព្រឹត្តអំពើបាប ។ នៅពេលពួកគេដកពិសោធការអភ័យទោសរបស់ព្រះអង្គសង្គ្រោះ នោះពួកគេត្រូវបានបំផុសគំនិតឲ្យចៀសវាងការត្រឡប់ទៅរកអំពើបាបទាំងនោះវិញ ។ អាំម៉ូន និងបងប្អូនរបស់ទ្រង់រីករាយចំពោះបេសកកម្មរយៈពេល ១៤ ឆ្នាំរបស់ពួកទ្រង់ ហើយពួកទ្រង់សព្វព្រះទ័យចែកចាយបទពិសោធន៍របស់ពួកទ្រង់ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
អាលម៉ា ២៣
គោលបំណងមេរៀន ៖ គោលបំណងមេរៀននេះគឺដើម្បីជួយសិស្សប្រាថ្នាចង់ប្រែចិត្តជឿកាន់តែពេញលេញទៅលើព្រះអម្ចាស់ ហើយរកឲ្យឃើញឧបសគ្គទាំងឡាយចំពោះការប្រែចិត្តជឿនោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេគិតថា ជាអត្ថន័យដើម្បី « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា ២៣:៦ ) ហើយហេតុអ្វីការប្រែចិត្តជឿចំពោះទ្រង់សំខាន់ម៉្លេះ ។ ពួកគេអាចមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយនៅក្រោមពាក្យ « ការប្រែចិត្តជឿ, ប្រែចិត្តជឿ » ប្រសិនបើពួកគេត្រូវការជំនួយ ។
-
រូបភាព ៖ រូបភាពព្រះអង្គសង្គ្រោះ
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីថ្លែងការណ៍ ដោយ អែលឌើរ ដាវីឌ អេ បែដណា និង ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីលក្ខណៈនៃអាវុធការបះបោរ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញអ្នកប្រែចិត្តជឿថ្មីមួយរូបឲ្យចូលរួមក្នុងថ្នាក់ ហើយនិយាយអំពី « អាវុធនៃការបះបោរ » មួយចំនួនដែលពួកគេត្រូវទម្លាក់ចុះ ដើម្បីដើរតាមព្រះអង្គសង្គ្រោះ ហើយចូលរួមក្នុងសាសនាចក្ររបស់ទ្រង់ ។ ត្រូវប្រាកដថាទទួលបានការអនុញ្ញាតពីអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក និងអ្នកដឹកនាំបព្វជិតភាពក្នុងតំបន់ មុនពេលធ្វើការអញ្ជើញ ។
អាលម៉ា ២៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយកឈ្នះលើអំពើបាប និងទម្លាប់អាក្រក់ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ២៤:៧–១៦ ហើយមកដោយត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេរៀនពីពួកអាន់តៃ-នីហ្វៃ-លីហៃ អំពីព្រះអង្គសង្គ្រោះ ការប្រែចិត្ត និងការអភ័យទោស ។
-
វីដេអូ ៖ « The Power of the Book of Mormon in Conversion » ( ៩:០១ សូមមើលពីនាទីទី ៦:១១ ដល់នាទីទី ៨:១២ ); « Unwavering Commitment to Jesus Christ » ( ១៣:៥២ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ១:៣៩ និងពីនាទីទី ១២:៤៥ ដល់នាទីទី ១៣:៣១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់សិស្សជាក្រុមមានគ្នាបី ឬបួននាក់នៅក្នុងមុខងារបំបែកក្រុម ដើម្បីស្វែងរកពាក្យ និងឃ្លាសំខាន់ៗនៅក្នុង អាលម៉ា ២៤:៧–១៦ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យជ្រើសរើសអ្នកដឹកនាំម្នាក់ដើម្បីចែកចាយជាមួយសិស្សក្នុងថ្នាក់នូវពាក្យ និងឃ្លាដែលក្រុមពួកគេបានរកឃើញ ។
អាលម៉ា ២៦
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ដឹងគុណ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះអម្ចាស់ និងចំពោះពរជ័យដែលទ្រង់ប្រទានដល់ជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចអាន អាលម៉ា ២៦:១១–១៦ ហើយសញ្ជឹងគិតពីអត្ថន័យនៃឃ្លា « អួតក្នុងព្រះអម្ចាស់ » ។
-
រូបភាព ៖ រូបភាពពីរបីនៃការខិតខំផ្សព្វផ្សាយសាសនារបស់អាំម៉ូន
-
សម្ភារសម្រាប់សិស្ស ៖ សន្លឹកក្រដាសទទេសម្រាប់សិស្សម្នាក់ៗ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ជំនួសឲ្យការសុំសិស្សបង្កើតជួរឈរបីរបស់ពួកគេនៅលើសន្លឹកក្រដាសមួយសន្លឹក អ្នកអាចសុំឲ្យពួកគេធ្វើវាជាថ្នាក់ដោយប្រើមុខងារក្តារខៀន ។ ជាជម្រើស អ្នកអាចរៀបចំពួកគេនៅក្នុងមុខងារបំបែកក្រុម ហើយសុំឲ្យក្រុមនីមួយៗបង្កើតជួរឈរបីនៅក្នុងឯកសារឌីជីថល ។ នៅពេលសិស្សត្រឡប់មកជួបគ្នាវិញ ក្រុមនីមួយៗអាចចែកចាយឯកសាររបស់ពួកគេជាមួយថ្នាក់ទាំងមូល ។
អាលម៉ា ២៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សវាយតម្លៃពីបំណងប្រាថ្នារបស់ពួកគេ ហើយសម្របបំណងប្រាថ្នារបស់ខ្លួនស្របនឹងព្រះរាជបំណងរបស់ព្រះអម្ចាស់ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអាន អាលម៉ា ២៩:១–៦ និងសញ្ជឹងគិតពីអ្វីដែលពួកគេរៀនអំពីបំណងប្រាថ្នា ។
-
រូបភាព ៖ ការប្រែចិត្តជឿរបស់ អាលម៉ា ជាកូន
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរ និងការណែនាំខាងក្រោម « សារៈសំខាន់នៃបំណងប្រាថ្នា » ដែលបានបង្ហាញនៅលើក្តារខៀន ឬនៅកន្លែងផ្សេងៗគ្នាជុំវិញបន្ទប់
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀន នៅពេលដែលសិស្សត្រូវបានអញ្ជើញឲ្យគិតអំពីអ្វីដែលពួកគេចង់បាន សូមពិចារណាអញ្ជើញពួកគេឲ្យចំណាយពេលពីរបីនាទី ហើយស្វែងរករូបភាពដែលបង្ហាញពីអ្វីដែលពួកគេប្រាថ្នាចង់បាន ។ សិស្សអាចប្តូរវេនគ្នាបង្ហាញ និងពន្យល់រូបភាពដែលពួកគេបានជ្រើសរើស ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៣
គោលបំណងមេរៀន ៖ គោលបំណងមេរៀននេះគឺដើម្បីជួយសិស្សស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១២ នៅក្នុងពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរមិត្តភក្តិ ឬសមាជិកគ្រួសារឲ្យបង្ហាញពួកគេពីវិធីផ្សេងៗគ្នាដែលពួកគេគូសចំណាំវគ្គបទគម្ពីរ និងមូលហេតុ ។
-
សំណៅចែក ៖ « ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីអនុញ្ញាតឲ្យសិស្សធ្វើការជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេបន្ថែមទៀត នៅពេលពួកគេស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ សូមពិចារណាដាក់សិស្សក្នុងមុខងារបំបែកក្រុមផ្សេងៗគ្នាសម្រាប់វគ្គបទគម្ពីរនីមួយៗ ។ នៅដើមដំបូងនៃជុំនីមួយៗ អ្នកអាចណែនាំសំណួរផ្សេងៗគ្នា ដែលពួកគេអាចសួរដៃគូ ឬក្រុមរបស់ពួកគេ ដើម្បីជួយពួកគេឲ្យស្គាល់គ្នាកាន់តែច្បាស់ ។