« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៤ ៖ ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ៤
ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ
ជួនកាល អ្នកអាចមានសំណួរខាងវិញ្ញាណ ឬកង្វល់អំពីប្រធានបទខាងគោលលទ្ធិ បុគ្គលម្នាក់ៗ សង្គម ឬប្រវត្តិសាស្ត្រ ។ នៅពេលអ្នកមានសំណួរ ឬកង្វល់បែបនេះ អ្នកអាចធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ ហើយស្វែងរកការយល់ដឹងបន្ថែមទៀតតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នករំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បញ្ហាប្រឈមចំពោះសេចក្ដីជំនឿ
សូមអានស្ថានភាពប្រឌិដ្ឋខាងក្រោមនេះ ។ ឬអ្នកប្រហែលជាចង់មើលវីដេអូ« Divinely Appointed Sources » ចាប់ពីនាទីទី ២:៤៣ ដល់នាទីទី ៤:១៩ មាននៅគេហទំព័រ ChurchofJesusChrist.org ។
អាសលីន ជាយុវនារីម្នាក់ដែលបានឮអ្វីមួយដែលធ្វើឲ្យនាងខ្វល់ចិត្តអំពីសាសនាចក្រពីមិត្តភក្ដិម្នាក់ ។ នាងមានអារម្មណ៍ថា ព័ត៌មានត្រូវបានលាក់ពីនាង ហើយថានាងត្រូវបានគេកុហកដោយមិនបានប្រាប់រឿងទាំងនេះតាំងពីនាងនៅតូច ។ នាងចាប់ផ្តើមនិយាយទៅកាន់អ្នកផ្សេងទៀតដែលអន់ចិត្តដូចគ្នា ហើយនាងបានអានការអត្ថាធិប្បាយអវិជ្ជមានលើប្រធានបទនេះ ។
ហ៊ូហ្គោបានរៀនអំពីប្រធានបទគោលលទ្ធិដ៏ពិបាកមួយនៅក្នុងថ្នាក់សិក្ខាសាលា ហើយបានចូលអ៊ីនធឺណិតដើម្បីស្វែងយល់បន្ថែម ។ គាត់បានឃើញប្រភពដែលរិះគន់សាសនាចក្រទាក់ទងនឹងប្រធានបទនេះ ។ ដោយការចង់ដឹងចង់ឃើញគាត់បានមើលវីដេអូដែលបង្ហាញភាពអវិជ្ជមានដល់ការបង្រៀនរបស់សាសនាចក្រអំពីប្រធានបទនេះ ។ បទពិសោធន៍នេះបានធ្វើឲ្យគាត់ចោទសួរពីភាពពិតនៃសាសនាចក្រជាលើកដំបូងក្នុងជីវិតរបស់គាត់ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងស្ថានភាពទាំងនេះ ?
-
តើអ្នកគិតថាអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច ?
ការមានសំណួរខាងវិញ្ញាណដែលគ្មានចម្លើយអំពីប្រធានបទខាងគោលលទ្ធិ បុគ្គលម្នាក់ៗ សង្គម ឬប្រវត្តិសាស្ត្រ អាចជារឿងពិបាក ។ សូមគិតអំពីសំណួរបែបនេះដែលអ្នកប្រហែលជាមាន ហើយពិចារណាសរសេរសំណួរនោះទុកសម្រាប់មេរៀននេះ ។
មានអ្វីដែលអ្នកអាចរៀន និងធ្វើដែលអាចជួយអ្នកឆ្លើយតបនឹងសំណួរ ឬកង្វល់ដោយភាពស្មោះត្រង់ និងជំនឿ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីរបៀបដែលព័ត៌មានដែលអ្នករៀនអាចជួយអ្នកឆ្លើយសំណួរផ្ទាល់ខ្លួនដោយការទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
គោលការណ៍ខាងក្រោមអាចណែនាំអ្នកក្នុងការខិតខំរបស់អ្នក ដើម្បីទទួលបានការណែនាំ និងការយល់ដឹងអំពីសំណួរខាងវិញ្ញាណ ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ស្វែងរកព័ត៌មានបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអានស្ថានភាពប្រឌិដ្ឋខាងក្រោមនេះ ។ ឬអ្នកប្រហែលជាចង់មើលវីដេអូ« Divinely Appointed Sources » ចាប់ពីនាទីទី ៤:១៩ ដល់នាទីទី ៥:៣៥ មាននៅគេហទំព័រ ChurchofJesusChrist.org ។ អ្នកក៏អាចចង់អាន កថាខណ្ឌ ទី ៥–៧ ផងដែរនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) មុនពេលអានស្ថានភាពប្រឌិដ្ឋ ឬមើលវីដេអូនោះ ។
បន្ទាប់ពីបានដឹងពីអ្វីដែលនាងបានធ្វើនោះ អាសលីនតូចចិត្តជាខ្លាំងដែលនាងឈប់ចូលរួមក្នុងសាសនាចក្រ ។ អស់រយៈពេលជាងមួយឆ្នាំ នាងបានឃ្លាតឆ្ងាយពីសាសនាចក្រ ។ នៅទីបំផុត មិត្តជិតស្និទ្ធម្នាក់បានសួរនាងថា ហេតុអ្វីនាងឈប់ចូលរួមព្រះវិហារ ។ គាត់បានចែកចាយសុន្ទរកថាសន្និសីទទូទៅជាមួយនាង ដែលគាត់គិតថានឹងមានប្រយោជន៍ ហើយបានអញ្ជើញនាងឲ្យអធិស្ឋានអំពីអ្វីដែលនាងបានអាន ។
ហ៊ូហ្គោបានរក្សាការសង្ស័យ និងកង្វល់របស់គាត់ចំពោះខ្លួនគាត់ ប៉ុន្តែបានបន្តចូលរួមក្នុងសាសនាចក្រ ។ ប៉ុន្តែអារម្មណ៍ច្របូកច្របល់របស់គាត់មិនបានបាត់ទៅណាឡើយ ។ នៅចំណុចជាក់លាក់មួយ គាត់ទទួលអារម្មណ៍យ៉ាងខ្លាំងថា គាត់គួរតែនិយាយជាមួយឪពុកម្តាយរបស់គាត់អំពីកង្វល់របស់គាត់ ។ វាគឺជាអារម្មណ៍ខាងវិញ្ញាណដំបូងដែលគាត់បានទទួលស្គាល់ ចាប់តាំងពីបទពិសោធន៍របស់គាត់នៅលើអ៊ីនធឺណិត ។
-
តើអ្នកឃើញ អាសលីន និង ហ៊ូហ្គោ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ឬមិនធ្វើសកម្មភាពដោយជំនឿដោយរបៀបណា ?
-
តើអ្នកអាចនិយាយអ្វីដែលអាចលើកទឹកចិត្តពួកគេឲ្យងាកមករកព្រះក្នុងការឆ្លើយតបនឹងឧបសគ្គរបស់ពួកគេ ?
-
តើខគម្ពីរអ្វីខ្លះដែលអាចជួយមនុស្សម្នាក់ឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅពេលគាត់មានសំណួរដែលមិនងាយឆ្លើយ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
សូមរំឭក កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើការពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បមួយបានជួយ អាសលីន ឬ ហ៊ូហ្គោ យ៉ាងដូចម្តេច នៅពេលការសង្ស័យរបស់ពួកគេបានកើតឡើងដំបូង ?
-
តើវាអាចជួយពួកគេក្នុងស្ថានភាពបច្ចុប្បន្នរបស់ពួកគេយ៉ាងដូចម្តេច ?
-
តើអ្នកចង់ឲ្យ ហ៊ូហ្គោ ឬ អាសលីន យល់យ៉ាងណាអំពីព្រះ និងផែនការរបស់ទ្រង់នៅចំណុចនេះក្នុងជីវិតរបស់ពួកគេ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមរំឭក កថាខណ្ឌទី ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
សូមអានស្ថានភាពប្រឌិដ្ឋខាងក្រោមនេះ ។ ឬអ្នកប្រហែលជាចង់មើលវីដេអូ « Divinely Appointed Sources » ចាប់ពីនាទីទី ៥:៣៥ ដល់នាទីទី ៧:០១ មាននៅគេហទំព័រ ChurchofJesusChrist.org ។
អាសលីន បានសម្រេចចិត្តអានសុន្ទរកថាសន្និសីទទូទៅដែលមិត្តនាងបានណែនាំដល់នាង ។ ពេលនាងអាន នាងទទួលអារម្មណ៍ថា មានភាពសុខសាន្ត និងភាពស្កប់ស្កល់ ដែលខុសពីអ្វីដែលនាងទទួលអារម្មណ៍ពេលអានការអធិប្បាយអវិជ្ជមានអំពីសាសនាចក្រ ។ នាងមានអារម្មណ៍ថា មានការអះអាងផ្ទាល់ខ្លួនថា មានសេចក្តីល្អ និងសេចក្តីពិតពីអ្វីដែលនាងកំពុងអាន ។ ក្រោយមក តាមរយៈការអធិស្ឋាន និងការសិក្សាដោយស្មោះត្រង់ នាងទទួលអារម្មណ៍ថា ទីបន្ទាល់របស់នាងត្រូវបានពង្រឹង ទោះបីជានាងនៅមានសំណួរដែលគ្មានចម្លើយក៏ដោយ ។
ហ៊ូហ្គោបាននិយាយទៅកាន់ឪពុកម្តាយរបស់គាត់ ហើយបានរកឃើញថា ពួកគាត់មានចិត្តសប្បុរស និងយល់អំពីកង្វល់របស់គាត់ ។ ពួកគាត់បានណែនាំគាត់ឲ្យស្គាល់ធនធាន Gospel Topics នៅក្នុងបណ្ណាល័យដំណឹងល្អ ហើយពួកគាត់អានជាមួយគ្នាអំពីប្រធានបទដែលទាក់ទងនឹងគាត់ ។ គាត់បានរកឃើញការលួងលោមដោយដឹងថា មានការឆ្លើយតបពីព្យាការីដែលគាត់អាចស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ។
-
តើបុគ្គលម្នាក់ៗនៅក្នុងស្ថានភាពប្រឌិដ្ឋនេះទទួលបានព័ត៌មានពីប្រភពអ្វីខ្លះ ? តើប្រភពណាខ្លះដែលគួរឲ្យទុកចិត្ត ? ហេតុអ្វីទុកចិត្ត ឬហេតុអ្វីមិនទុកចិត្ត ?
-
តើមានភាពខុសប្លែកអ្វីខ្លះពេលដែលអាសលីន និងហ៊ូហ្គោ ងាកទៅរកប្រភពដែលបានតែងតាំងដ៏ទេវភាព ?
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះ ដែលអ្នកមានអំណរគុណ ? ហេតុអ្វី ?
សូមគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ និងរបៀបដែលវាអាចជួយជាមួយនឹងសំណួរ ឬបញ្ហាខាងវិញ្ញាណដែលអ្នក ឬអ្នកផ្សេងទៀតមាន ។ សូមពិចារណាសរសេរនៅក្នុងសៀវភៅកំណត់ការសិក្សារបស់អ្នកនូវអ្វីដែលអ្នកបានរៀន ដែលអាចជួយអ្នកស្វែងរកភាពសុខសាន្ត និងការយល់ដឹង ។ សូមអញ្ជើញព្រះចេស្តារបស់ព្រះវរបិតាសួគ៌ឲ្យបំផុសគំនិតអ្នក នៅពេលអ្នកសញ្ជឹងគិត និងសរសេរ ។