ថ្នាក់​សិក្ខាសាលា
អាលម៉ា ២០–២២ ៖ « តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​យើង​បាន … ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? »


« អាលម៉ា ២០–២២ ៖ ‹ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​យើង​បាន … ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២០–២២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ២០–២២

« តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​យើង​បាន … ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?»

ក្មេង​ជំទង់​ញញឹម

តើ​អ្វី​អាច​ជួយ​អ្នក​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ​ច្រើន​ជាង​អ្វី​ផ្សេង​ទៀត ? បិតា​របស់​ស្តេច​ឡាម៉ូណៃ​ធ្លាប់​ជា​ស្តេច​ទុច្ចរិត ប៉ុន្តែ​បន្ទាប់​ពី​បាន​រៀន​សេចក្តីពិត​សំខាន់ៗ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ បំណង​ប្រាថ្នា​របស់​ទ្រង់​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ប្រាថ្នា​ចង់​បាន​ការណ៍​នៃ​ព្រះ​ជាជាង​អ្វី​ដែល​ពិភព​លោក​ផ្ដល់​ឲ្យ ។

ការថ្លែង​ទី​បន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​រកមើល​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា សេចក្ដី​មេត្តា​ករុណា និង​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សួរ​ថា « តើ​វគ្គបទគម្ពីរ​នេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​យល់ ហើយ​ពឹងផ្អែក​លើ​ការបង្រៀន និង ដង្វាយធួន​របស់​ទ្រង់ ? »

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ២០ និង ២២ ដោយ​រកមើល​ពី​របៀប​ដែល​បិតា​របស់​ស្តេច​ឡាម៉ូណៃ​បាន​ផ្លាស់ប្តូរ​នៅក្នុង​ជំពូក​ទាំង​នេះ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​ហេតុផល​ដែល​អាច​កើត​មាន​សម្រាប់​ការផ្លាស់ប្តូរ​នោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​មាន​ឆន្ទៈ​ទេ ?

តើ​អ្នក​ធ្លាប់​កត់សម្គាល់​ថា កាលៈទេសៈ​ខ្លះ​អាច​មាន​ឥទ្ធិពល​លើ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការធ្វើ​អ្វី​មួយ—ឬ​ការមិន​ធ្វើ​អ្វី​មួយ​ដែរ​ឬ​ទេ ?

ឧទាហរណ៍ ៖ សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក​ចង់​ធ្វើ​ដូច​ត​ទៅ​នេះ ។ រួច​គិត​អំពី​កាលៈទេសៈ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ទាំង​នោះ ។

សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់​ក្រុម​នីមួយៗ​ឲ្យ​ពិភាក្សា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ជាច្រើន​ដូច​ខាង​ក្រោម ។ បន្ទាប់​មក សមាជិក​មក​ពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • សម្អាត​បន្ទប់​គេង​របស់​អ្នក ។

  • អាន​សៀវភៅ ។

  • ដើរ​ចម្ងាយ​ឆ្ងាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ស្វ័យ​វាយតម្លៃខ្លះៗ ដោយ​មើល​ការណែនាំ​ដូច​ខាង​ក្រោម​រួម​គ្នា ។ សូម​កុំ​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ពី​សំណួរ​ទាំង​នោះ​ឡើយ ។

កិច្ចការ​ជាក់លាក់​មួយ​ចំនួន​ដែល​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ព្រះ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការធ្វើ​តាម​ព្រះ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ចង់​ធ្វើ​តាម​ទ្រង់ តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ថា មាន​បំណង​ប្រាថ្នា​នោះ ? ប្រសិនបើ​បច្ចុប្បន្ន​នេះ អ្នក​គ្មាន​បំណង​ចង់​ធ្វើ​តាម​ទ្រង់ តើ​អ្នក​គិត​ថា អ្វី​ដែល​រួម​ចំណែក​ដល់​អារម្មណ៍​ទាំង​នោះ ?

ថ្ងៃនេះ​អ្នក​នឹង​រៀន​អំពី​បុរស​ម្នាក់​ដែល​គាត់​មាន​បំណង​ប្រាថ្នា​ធ្វើ​តាម​ព្រះ​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី ។ នៅពេល​អ្នក​សិក្សា សូម​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​នេះ ។ សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណងប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ធ្វើ​តាម​ព្រះ ហើយ​ទទួល​ពរជ័យ​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​អ្នក​បាន ។

អាំម៉ូន និង​ឡាម៉ូណៃ​បាន​ជួប​បិតា​របស់​ឡាម៉ូណៃ

សង្ខេប​ព័ត៌មាន​ខាង​ក្រោម​ដើម្បី​ជួយ​សិស្ស​រៀបចំ​សិក្សា​ព្រឹត្តិការណ៍​នៃ អាលម៉ា ២០ ។ សូម​ប្រយ័ត្ន​កុំ​ចំណាយ​ពេល​ច្រើន​ពេក​លើ​មេរៀនផ្នែក​នេះ ។ អ្នក​នឹង​ចង់​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ដំណើរ​រឿង​របស់​អើរ៉ុន​បង្រៀន​បិតា​របស់​ឡាម៉ូណៃ​អាលម៉ា ២២ ។

កាល​អាំម៉ូន​កំពុង​បម្រើ និង​បង្រៀន​ប្រជាជន​របស់​ស្ដេច​ឡាម៉ូណៃ​នៅ​ដែនដី​អ៊ីសម៉ាអែល ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​អាំម៉ូន​ថា អើរ៉ុន និង​អ្នក​ផ្សេង​ទៀត​ពី​ក្រុម​របស់​ពួកទ្រង់​ត្រូវបាន​ចាប់​ដាក់​គុក​នៅ​ដែនដី​មិឌដូណៃ ។ អាំម៉ូន និង​ស្តេច​បាន​រៀបចំ​ផែនការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ដើម្បី​រំដោះ​អើរ៉ុន និង​អ្នក​ដទៃ​ទៀត ។ នៅតាម​ផ្លូវ​ពួកគេ​បាន​ជួប​បិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្តេច​លើ​ដែនដី​ទាំង​មូល ( សូមមើល អាលម៉ា ២០:១–៨ ) ។

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការអញ្ជើញ​សិស្ស​ពីរ ឬ​បី​នាក់​ដែល​ស្ម័គ្រចិត្ត​ឲ្យ​អាន​ខគម្ពីរ​ខាង​ក្រោម​នេះ ខណៈ​ដែល​សមាជិក​ក្នុង​ថ្នាក់​ដែល​នៅ​សល់​ផ្ទៀង​តាម​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អាន អាលម៉ា ២០:១៣–២៨ ដោយ​រកមើល​អន្តរកម្ម​ដែល​បាន​កើត​ឡើង​រវាង​អាំម៉ូន ឡាម៉ូណៃ និង​បិតា​របស់​ឡាម៉ូណៃ ។

  • តើ​អ្នក​សម្គាល់​ឃើញ​ពី​ព្រះរាជ​បំណង​របស់​បិតា​ឡាម៉ូណៃ​ផ្លាស់ប្តូរ​ក្នុង​អន្តរកម្ម​របស់​ទ្រង់​ជាមួយ​អាំម៉ូន និង​ឡាម៉ូណៃ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​បាន​រួម​ចំណែក​ដល់​ការផ្លាស់ប្តូរ​នោះ ?

សូម​ពិចារណា​គូស​ចំណាំ​នៅក្នុង ខទី ២៣ អំពី​អ្វី​ដែល​បិតា​របស់​ឡាម៉ូណៃ​ស្ម័គ្រ​ព្រះទ័យ​លះបង់ ប្រសិនបើ​អាំម៉ូន​នឹង​ទុក​ព្រះជន្ម​ឲ្យ​ទ្រង់ ។ អ្នក​អាច​ប្រៀបធៀប​ប្រតិកម្ម​របស់​ទ្រង់​នៅក្នុង​ខគម្ពីរ​នេះ ជាមួយ​នឹង​ប្រតិកម្ម​របស់​ទ្រង់​នៅក្នុង​ខគម្ពីរ​ផ្សេង​ទៀត ដែល​អ្នក​នឹង​សិក្សា​នៅពេល​ក្រោយ​នៅក្នុង​មេរៀន ។

អើរ៉ុន​បង្រៀន​បិតា​របស់​ឡាម៉ូណៃ

បន្ទាប់ពី​អើរ៉ុន និង​អ្នក​ដែល​នៅ​ជាមួយ​ទ្រង់​ត្រូវបាន​ដោះលែង​ពី​គុក អាំម៉ូន​បាន​ត្រឡប់​ទៅ​ដែនដី​អ៊ីសម៉ាអែល​ជាមួយ​នឹង​ស្តេច​ឡាម៉ូណៃ​វិញ ។ ព្រះវិញ្ញាណ​បាន​ដឹកនាំ​អើរ៉ុន​ទៅ​សួរ​សុខ​ទុក្ខ​បិតា​របស់​ឡាម៉ូណៃ​នៅដែនដី​នីហ្វៃ ( សូមមើល អាលម៉ា ២២:១ ) ។

សូម​អាន អាលម៉ា ២២:២–៦ ដោយ​រកមើល​សំណួរ​ដែល​បិតា​របស់​ឡាម៉ូណៃ​មាន ពេល​ជួប​ជាមួយ​អើរ៉ុន ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ផែនការ​របស់​ទ្រង់ ក្នុង​ការឆ្លើយតប​នឹង​សំណួរ​របស់​ស្តេច​នៅក្នុង ខទី ៥–៦ ?

សូម​អាន អាលម៉ា ២២:៧–១៤ ហើយ​រកមើល​ពី​របៀប​ដែល​អើរ៉ុន​ឆ្លើយ​សំណួរ​របស់​ស្តេច ។ សូម​ចំណាំ​ថា​ពាក្យ បុណ្យ ក្នុង ខទី ១៤ មាន​ន័យ​ថា « រក​បាន ឬ​សម​នឹង​ទទួល​បាន » ។

  • តើ​ស្តេច​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់ ដែល​ទំនង​ជា​ជះឥទ្ធិពល​ដល់​ទស្សនៈ​របស់​ទ្រង់​អំពី​ជីវិត ?

  • តើ​ការជឿ និង​ការយល់​ដឹង​ពី​ការបង្រៀន​របស់​អើរ៉ុន​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់​អាច​ជះ​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូចម្តេច ?

សូម​អាន អាលម៉ា ២២:១៥–១៨ ដោយ​ស្វែងរក​អ្វី​ដែល​ស្ដេច​សព្វ​ព្រះទ័យ​ចង់​បាន ហើយ​ស្ម័គ្រ​ព្រះ​ទ័យ​ធ្វើ បន្ទាប់ពី​អើរ៉ុន​បាន​បង្រៀន​ទ្រង់ ។

មុន​នឹង​ពិភាក្សា​សំណួរ​ពីរ​បន្ទាប់​ទៀត សូម​ពិចារណា​អញ្ជើញ​សិស្ស​ច្រើន​នាក់​ឲ្យ​សរសេរ​ឃ្លា​ដែល​ពួកគេ​ចូលចិត្ត​ពី​ខគម្ពីរ​ទាំងនេះ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក អ្នក​អាច​សួរ​សិស្ស​ថា តើ​ឃ្លា​ណា​មួយ​ពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​ធ្លាប់​មាន​ពី​មុន ឬ​ប្រសិនបើ​ពួកគេ​មាន​សំណួរ​ណា​មួយ ។ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​សំណួរ ឬ​បទពិសោធន៍​របស់​ពួកគេ ។ ( សូម​ប្រាប់​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះ​ទេ ) ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​ជួយ​អ្នក​ឃើញ​ថា ព្រះរាជ​បំណង​ប្រាថ្នា​របស់​ស្តេច​បាន​ផ្លាស់ប្តូរ​ពី​ពេល ដែល​ទ្រង់​បាន​ជួប​អាំម៉ូន និង​ឡាម៉ូណៃ​នៅលើ​ផ្លូវ​ទៅ​មិឌដូណៃ ?

  • តើ​ស្តេច​មាន​បន្ទូល​អ្វី​ខ្លះ​នៅក្នុង ខទី ១៥ និង ១៨ ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​បោះបង់ ?

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការសិក្សា​របស់​អ្នក​នៃ អាលម៉ា ២០ និង ២២ តើ​កត្តា​អ្វី​ខ្លះ​ដែល​រួម​ចំណែក​ដល់​ការផ្លាស់ប្តូរ​ដែល​ស្តេច​បាន​ជួប​ប្រទះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា នៅពេល​យើង​យល់​ពី​តម្រូវការ​របស់​យើង​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ដើរ​តាម​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​អាច​ប្រទាន​ដល់​យើង​កើន​ឡើង ។

  • ហេតុអ្វី​អ្នក​គិត​ថា ការយល់​ពី​តម្រូវការ​របស់​យើង​សម្រាប់​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងបែប​នោះ ដល់​បំណង​ប្រាថ្នា និង​សកម្មភាព​របស់​យើង ?

  • តើ​អ្វី​អាច​ជួយ ឬ​បាន​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​តម្រូវការ​របស់​អ្នក​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ?

របៀប​ដែល​បំណងប្រាថ្នា​សុចរិត​របស់​យើង​អាច​ជះ​ឥទ្ធិពល​លើ​យើង

បទពិសោធន៍​របស់​ស្តេច​ជាមួយ​អើរ៉ុន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្តេច និង​ប្រជាជន​របស់​ព្រះអង្គ ។ ស្ដេច អគ្គមហេសី​របស់​ទ្រង់ រាជវង្សា​ទាំងមូល​របស់​ទ្រង់ និង​ពួកសាសន៍​លេមិន​ជាច្រើន​នាក់​ទៀត​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់ ហើយ​ស្មោះត្រង់​នឹង​ទ្រង់​អស់​មួយ​ជីវិត ( សូមមើល អាលម៉ា ២២:២៣; ២៣:៦ ) ។

សូម​គិត​ត្រឡប់​ទៅ​រក​អ្វី​ដែល​ស្ដេច​បាន​មាន​បន្ទូល​ថា ទ្រង់​សព្វ​ព្រះទ័យ​ចង់​បាន​នៅក្នុង ខទី ១៥–១៨ ។ ទាំង​នេះ​រួម​មាន

  • ពរជ័យ​នៃ​ជីវិត​អស់កល្ប​កល្បជានិច្ច ( ខទី ១៥, ១៨ );

  • ដើម្បី « កើត​ពី​ព្រះ ដោយ​ដក​យក​វិញ្ញាណ​អាក្រក់​នេះ​ចេញ​ពី​ទ្រូង [ របស់​ទ្រង់ ] » ( ខទី ១៥ );

  • ដើម្បី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( ខទី ១៥ );

  • ពោរពេញ​ដោយ​សេចក្តីអំណរ ( ខទី ១៥ ) និង

  • ស្គាល់​ព្រះ ( ខទី ១៨ ) ។

ចូរ​រៀបរាប់​ពី​បំណង​ប្រាថ្នា​របស់​ស្តេច​នៅលើ​ក្ដារខៀន ប្រសិនបើ​រឿង​នេះ​មិន​ទាន់​បាន​ធ្វើ ។ ជាជាង​ការសួរ​សំណួរ​បន្ទាប់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការពិពណ៌នា​សង្ខេប​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ អំពី​ប្រភេទ​មនុស្ស​ដែល​ពួកគេ​អាច​ប្រែក្លាយ​ក្នុង​រយៈពេល ៥ ឬ ១០ ឆ្នាំ​ទៀត ប្រសិនបើ​ពួកគេ​ចង់​បាន​របស់​ទាំងនេះ​យ៉ាង​ជាប់លាប់​ក្នុង​អំឡុង​ពេល​នោះ ។

បន្ទាប់មក សិស្ស​អាច​ចែកចាយ​ការយល់​ដឹង​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ភាពខុស​គ្នា​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ប្រាថ្នា​ចង់​បាន​វត្ថុ​ទាំងនេះ​យ៉ាង​ជាប់លាប់ ?

  • តើ​យើង​អាច​ត្រូវការ​អ្វី​ខ្លះ​ដើម្បី​បោះបង់ ឬ​ផ្លាស់ប្តូរ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នេះ ?

សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅពេល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ប្រាថ្នា​ចង់​បាន​កាន់តែ​ពេញលេញ​នូវ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​ចង់​ប្រទាន​ដល់​អ្នក ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវ​ធ្វើ ឬ​បោះបង់​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នេះ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​កត់ត្រា​គំនិត និង​ការចាប់​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរបីនាក់​ចែកចាយ​ជាមួយ​សិស្ស​ក្នុងថ្នាក់នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ខ្លះ​ៗ ដែល​មិន​មាន​លក្ខណៈផ្ទាល់​ខ្លួន​ពេក ។