ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ ភាគ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិ គឺរៀនអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយអ្នកស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ កាលអ្នកស្វែងរកចម្លើយចំពោះសំណួរ និងកង្វល់នានានៅក្នុងជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើសំណួរនេះល្អ ឬអាក្រក់ ?
សូមគិតអំពីចម្លើយខាងក្រោមមួយណាដែលអនុវត្តចំពោះសំណួរនេះ ៖
មនុស្សគ្រប់រូបមានសំណួរ និងកង្វល់ ។ យើងគួរតែប្រុងប្រយ័ត្នកុំវិនិច្ឆ័យសេចក្តីជំនឿរបស់អ្នកដទៃនៅពេលពួកគេមានសំណួរ ហើយយើងមិនចាំបាច់សង្ស័យអំពីជំនឿរបស់យើងនៅពេលយើងមានសំណួរនោះទេ ។ សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងទីបន្ទាល់របស់យើងអំពីដំណឹងល្អដែលបានស្ដារឡើងវិញ អាចនឹងត្រូវបានពង្រឹង ឬទន់ខ្សោយ អាស្រ័យលើរបៀបដែលយើងលើកសំណួរ និងកង្វល់របស់យើងឡើង ។ កាលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីតួនាទីដែលសំណួររបស់អ្នកមានចំណែកនៅក្នុងការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ តើអ្នកមានសំណួរអ្វីខ្លះអំពីដំណឹងល្អ ឬសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? តើអ្នកមានអារម្មណ៍ថាសំណួររបស់អ្នកកំពុងនាំអ្នកឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ដែរឬទេ ?
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
តាមរយៈបទពិសោធន៍របស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងមានឱកាសអនុវត្តប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ គោលការណ៍ទាំងបីខាងក្រោមអាចជួយអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ នៅពេលមានសំណួរ ឬកង្វល់កើតឡើងក្នុងជីវិតរបស់អ្នក ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ព្យាយាមយល់ដឹងបន្ថែម តាមរយៈប្រភពដែលបានតែងតាំងដោយទេវភាព ។
ផ្នែកដែលនៅសល់នៃមេរៀននេះនឹងផ្តោតលើគោលការណ៍នៃការធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ រកមើលនូវរបៀបជាច្រើនដែលអ្នកអាចបញ្ចប់ប្រយោគខាងក្រោម ។
នៅពេលមានសំណួរ ឬកង្វល់កើតឡើង យើងអាចធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយ… ។
-
តើវិធីមួយណាដែលអ្នកបានជ្រើសរើសដែលអ្នកគិតថាអនុវត្តបានល្អបំផុតសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ ឬសូម្បីតែជីវិតរបស់អ្នក ? ហេតុអ្វី ?
-
តើការជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿតាមរបៀបនេះអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់បុគ្គលម្នាក់ជាមួយព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើអ្នកស្គាល់នរណាខ្លះដែលបានធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពេលដោះស្រាយសំណួរ ឬកង្វល់ ? តើគាត់បានធ្វើអ្វីខ្លះ ?
សូមពិចារណាបង្ហាញវីដេអូ « Act in Faith: The Stonemason » ( ៤:៥៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើលពីរបៀបដែលយុវវ័យនៅក្នុងវីដេអូនេះធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នៅពេលពួកគេប្រឈមមុខនឹងសំណួរ និងកង្វល់សំខាន់ៗ ។
4:56
ព្រះគម្ពីរមានដំណើររឿងជាច្រើនអំពីអ្នកដែលប្រឈមមុខនឹងសំណួរ ឬកង្វល់ពិបាកដោយមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ម្នាក់ក្នុងចំណោមអ្នកទាំងនេះគឺព្យាការីនីហ្វៃ ។ សូមអានឧទាហរណ៍ខាងក្រោមចេញពីជីវិតរបស់នីហ្វៃ ដោយរកមើលពីរបៀបដែលលោកធ្វើសកម្មភាពដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលប្រឈមមុខនឹងសំណួរ និងបញ្ហាផ្សេងៗទៀត ។
-
នីហ្វៃទី១ ២:១៦—មនុស្សជាទីស្រឡាញ់របស់លោកមួយចំនួនខឹងនឹងអ្វីដែលឪពុករបស់លោកដែលជាព្យាការីលីហៃបានសុំពួកគេឲ្យធ្វើ ។
-
នីហ្វៃទី១ ៣:៧– លោកត្រូវបានសុំឲ្យធ្វើអ្វីមួយដែលពិបាក ។
-
នីហ្វៃទី ១ ៩:៥–៦—ព្រះអម្ចាស់បានបង្គាប់លោកឲ្យធ្វើអ្វីមួយ ដោយលោកមិនយល់ពីមូលហេតុនៃការបង្គាប់នោះឡើយ ។
-
នីហ្វៃទី១ ១០:១៧; ១១:១–៥—លោកចង់បានសាក្សីផ្ទាល់ខ្លួនអំពីអ្វីដែលឪពុកលោកដែលជាព្យាការីបានបង្រៀន ។
-
នីហ្វៃទី១ ១១:១៧—លោកមិនបានដឹងច្បាស់អំពីចម្លើយចំពោះសំណួរដែលលោកត្រូវបានសួរអំពីដំណឹងល្អនោះទេ ។
សូមពិពណ៌នាអំពីសំណួរសម័យទំនើប ឬកង្វល់ដែលអាចជះឥទ្ធិពលដល់សេចក្តីជំនឿរបស់បុគ្គលម្នាក់លើព្រះយេស៊ូវគ្រីស្ទ ឬសាសនាចក្ររបស់ទ្រង់ ។ តើមនុស្សម្នាក់អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿយ៉ាងដូចម្ដេច ពេលជួបនឹងសំណួរ ឬបញ្ហានោះ ?
-
តើការជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿ ឬមិនធ្វើសកម្មភាពដោយសេចក្ដីជំនឿអាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់លោកជាមួយព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើអ្នកចង់អនុវត្តអ្វីខ្លះក្នុងជីវិតរបស់អ្នកពីអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ ? តើការណ៍នេះជួយអ្នកនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?