« ការរៀនសូត្រដោយព្រះវិញ្ញាណ ៖ ‹ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរៀនសូត្រដោយព្រះវិញ្ញាណ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ឯកសារណែនាំ
ការរៀនសូត្រដោយព្រះវិញ្ញាណ
« ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ »
ពេញមួយព្រះគម្ពីរមរមន ព្យាការីទាំងឡាយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ មានព្រះទ័យចង់ឲ្យអ្នកស្គាល់ទ្រង់ ហើយរៀនសេចក្ដីពិត « ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់តួនាទីសំខាន់ៗនៃព្រះវិញ្ញាណបរិសុទ្ធ ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ និងការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រាស្រ័យទាក់ទងខាងវិញ្ញាណ
សូមគិតអំពីឧបករណ៍ទំនាក់ទំនងខុសៗគ្នាជាច្រើនដែលមាននៅក្នុងពិភពលោកនេះ និងរបៀបដែលជីវិតរបស់អ្នកអាចទទួលរងឥទ្ធិពលដោយសារឧបករណ៍ទាំងនោះ ។ ឧបករណ៍សំខាន់មួយដែលបានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងនៅទូទាំងពិភពលោកគឺ ស្មាតហ្វូន ។
-
តើស្មាតហ្វូនអាចដើរតួនាទីអ្វីខ្លះក្នុងការជួយមនុស្សមានទំនាក់ទំនងនឹងគ្នា ?
-
តើវាអាចជួយមនុស្សម្នាក់ឲ្យទទួលបានចំណេះដឹង និងយល់កាន់តែច្រើនអំពីពិភពលោកនេះដោយរបៀបណា ?
កាន់តែសំខាន់ជាងឧបករណ៍ទំនាក់ទំនងទាំងនេះ ព្រះវរបិតាសួគ៌បានញាណដឹងយ៉ាងឥតខ្ចោះថា តើការប្រាស្រ័យទាក់ទងខាងវិញ្ញាណមានសារៈសំខាន់យ៉ាងណាសម្រាប់យើងក្នុងអំឡុងពេលដំណើរនៃជីវិតរមែងស្លាប់របស់យើង ។ ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នករក្សាទំនាក់ទំនងជាមួយទ្រង់ ហើយយល់ពីអ្វីទាំងអស់ដែលចាំបាច់ដើម្បីទទួលបានសុភមង្គលក្នុងពេលនេះ និងសេចក្ដីសង្គ្រោះរបស់អ្នកនៅពេលក្រោយ ។
សូមគិតអំពីគ្រាក្នុងជីវិតរបស់អ្នក ពេលអ្នកបានដកពិសោធន៍នូវឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ និងរបៀបដែលឥទ្ធិពលរបស់ទ្រង់បានប្រទានពរដល់ជីវិតអ្នក ។ ប្រហែលជាអ្នកអាចនឹងឆ្ងល់ថា តើអ្នកធ្លាប់ត្រូវបានបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ឬធ្លាប់ទទួលអារម្មណ៍នៃឥទ្ធិពលពីទ្រង់ដែរឬទេ ។ កាលអ្នកសិក្សា និងស្វែងយល់ពីតួនាទីសំខាន់ៗនៃព្រះវិញ្ញាណបរិសុទ្ធ សូមពិចារណាអំពីរបៀបដែលឥទ្ធិពលរបស់ទ្រង់អាចប្រទានពរដល់ជីវិតអ្នក ហើយសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំយល់ពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធបានល្អប៉ុណ្ណា ?
-
តើខ្ញុំអាចយាងអញ្ជើញឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធចូលក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
-
តើខ្ញុំទទួលអារម្មណ៍ ហើយស្គាល់ព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់ខ្ញុំកន្លងមកដោយរបៀបណា ?
តួនាទីនានានៃព្រះវិញ្ញាណបរិសុទ្ធ
ព្រះវិញ្ញាណបរិសុទ្ធបំពេញគោលបំណងជាច្រើន ហើយមានតួនាទីច្រើន ។ សូមអានឈុតនៃបទគម្ពីរខាងក្រោម ដោយរកមើលតួនាទីសំខាន់ពីររបស់ព្រះវិញ្ញាណបរិសុទ្ធ ។
-
តួនាទីទី ១ ៖ នីហ្វៃទី ២ ២៦:១២–១៣; នីហ្វៃទី ៣ ២៨:១១
-
តួនាទី ២ ៖ នីហ្វៃទី១ ១០:១៩; មរ៉ូណៃ ១០:៤–៥
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឃ្វីនថិន អិល ឃុក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គបើកសម្ដែង និងអង្គថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងអស់ ជាពិសេសអំពីព្រះអង្គសង្គ្រោះ ។ បើគ្មានព្រះវិញ្ញាណបរិសុទ្ធ នោះយើងមិនអាចដឹងពិតថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទទេ ។ តួនាទីច្បាស់របស់ទ្រង់គឺថ្លែងជាសាក្សីអំពីព្រះបិតា និងព្រះរាជបុត្រាទ្រង់ និងតំណែង និងសិរីល្អរបស់ពួកទ្រង់ ។ ( ឃ្វីនថិន អិល ឃុក « The Blessing of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៨ )
-
តើសេចក្ដីពិតអ្វីខ្លះដែលអាចរកឃើញចេញពីឯកសារយោងបទគម្ពីរដែលអ្នកបានសិក្សា និងសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឃុក ?
សេចក្តីពិតដ៏សំខាន់មួយដែលអ្នកប្រហែលជាបានរកឃើញគឺ ព្រះវិញ្ញាណបរិសុទ្ធបង្រៀនសេចក្តីពិត និងថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាកត់ត្រាសេចក្ដីពិតនេះ ឬសេចក្ដីពិតស្រដៀងគ្នានេះនៅក្នុងព្រះគម្ពីរ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ ការកត់ត្រាសេចក្តីពិតជាប្រចាំអាចពង្រឹងការចងចាំខាងវិញ្ញាណរបស់អ្នក ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធនាំយកសេចក្តីពិតទៅកាន់ការចងចាំរបស់អ្នក នៅពេលចាំបាច់ ( សូមមើល យ៉ូហាន ១៤:២៦ ) ។
-
តើការយល់ដឹងអំពីតួនាទីទាំងពីរនេះនៃព្រះវិញ្ញាណបរិសុទ្ធផ្តល់ប្រយោជន៍ដល់ជីវិតអ្នកយ៉ាងដូចម្ដេច ?
សូមសញ្ជឹងគិតដោយស្ងៀមស្ងាត់នូវបទពិសោធន៍ទាំងឡាយដែលអ្នកប្រហែលជាធ្លាប់មានជាមួយព្រះវិញ្ញាណបរិសុទ្ធ និងពីរបៀបដែលអ្នកបានកត់សម្គាល់ឃើញព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់អ្នក ។
-
តើព្រះវិញ្ញាណបរិសុទ្ធបានជួយយើងឲ្យមានអារម្មណ៍ខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងថ្លែងបន្ទាល់ ពីសេចក្តីពិត ?
-
តើអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកមិនមានអារម្មណ៍ថាអ្នកមានបទពិសោធន៍ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនោះ ?
ការទទួលអារម្មណ៍ និងការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ
ព្រះវិញ្ញាណបរិសុទ្ធអាចមានព្រះបន្ទូលជាមួយយើងតាមរបៀបជាច្រើន ។ ព្រះវិញ្ញាណអាចបំភ្លឺគំនិតរបស់អ្នក ជួយអ្នកទទួលបានភាពសុខសាន្ត និងអំណរ ហើយដឹកនាំអ្នកឲ្យធ្វើអ្វីដែលត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣; កាឡាទី ៥:២២–២៣ ) ។ ព្រះគម្ពីរជារឿយៗពិពណ៌នាអំពីឥទ្ធិពលរបស់ទ្រង់ថា ជា « សំឡេងតូចរហៀងៗ » ដែលយើង « ចាប់អារម្មណ៍ » ( សូមមើល នីហ្វៃទី ១ ១៧:៤៥ ) ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយពីវិធីមួយចំនួនដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រាស្រ័យទាក់ទងជាមួយយើង ៖
បទពិសោធន៍ដែលខ្ញុំមានគឺថា ជាញឹកញាប់បំផុតព្រះវិញ្ញាណទាក់ទងយើងតាមអារម្មណ៍ ។ អ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណតាមពាក្យដែលអ្នកស្គាល់ ដែលធ្វើឲ្យអ្នកយល់ដែលបំផុសគំនិតអ្នក ។ …
… ព្រះវិញ្ញាណមានបន្ទូលនូវពាក្យដែលយើងទទួលអារម្មណ៍ ។ អារម្មណ៍ទាំងនេះមានភាពរម្យទម ជំរុញចិត្តឲ្យធ្វើសកម្មភាព ឲ្យធ្វើ ឲ្យនិយាយអ្វីមួយ ឲ្យឆ្លើយតបក្នុងរបៀបជាក់លាក់មួយ ។ ប្រសិនបើយើងពុំខ្វល់ ឬពុំយកចិត្តទុកដាក់ក្នុងការថ្វាយបង្គំ បង្វែរអារម្មណ៍ និងធ្វើឲ្យវិញ្ញាណយើងអាប់អួរដោយសារតែការស្វែងរកខាងលោកិយ នោះយើងឃើញថាខ្លួនយើងបន្ថយលទ្ធភាពក្នុងការទទួលអារម្មណ៍នោះ ។ ( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៤ )
ប្រសិនបើមាន សូមទស្សនាវីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) មាននៅគេហទំព័រ ChurchofJesusChrist.org ដើម្បីរៀនបន្ថែមអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចទំនាក់ទំនងជាមួយអ្នក ។
-
តើមានរបៀបណាខ្លះដែលអ្នកបានទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ?
-
តើការអាចស្គាល់នៅពេលដែលអ្នកមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធជាពរជ័យក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនពីបុគ្គលដែលស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដោយឧស្សាហ៍ព្យាយាម ។ នីហ្វៃ និងកូនប្រុសរបស់ម៉ូសាយនៅក្នុងព្រះគម្ពីរមរមន គឺជាឧទាហរណ៍មួយចំនួន ។
អាន នីហ្វៃទី ១ ២:១៦–១៧ និង អាលម៉ា ១៧:២–៣ ដោយស្វែងរកសកម្មភាពសុចរិត ដែលបានយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ។
-
ដោយផ្អែកលើខគម្ពីរទាំងនេះ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក តើមានវិធីអ្វីខ្លះដែលយើងអាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់យើង ?
សូមធ្វើផែនការមួយដើម្បីអញ្ជើញ និងរៀនពីព្រះវិញ្ញាណបរិសុទ្ធឲ្យបានកាន់តែប្រសើរ នៅពេលអ្នកសិក្សាដំណឹងល្អនៅក្នុងថ្នាក់សិក្ខាសាលា នៅឯផ្ទះ និងនៅសាសនាចក្រ ។ រួមបញ្ចូលនូវរបៀបជាក់លាក់ដែលអ្នកអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធចូលក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ។
សូមពិចារណាចែកចាយផែនការរបស់អ្នកជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិដែលគួរឲ្យទុកចិត្ត ហើយពិភាក្សាអំពីវឌ្ឍនភាពរបស់អ្នកជាមួយគាត់ជាទៀងទាត់ ។