ការរៀនសូត្រដោយសេចក្តីជំនឿ ៖ តួនាទីរបស់សិស្ស ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរៀនសូត្រដោយសេចក្តីជំនឿ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ឯកសារណែនាំ
ការរៀនសូត្រដោយសេចក្តីជំនឿ
តួនាទីរបស់សិស្ស
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយចង់បង្រៀនអ្នកពីដំណឹងល្អដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបានអ្វីដែលទ្រង់ទាំងទ្វេមានព្រះទ័យចង់បង្រៀនអ្នកបន្ថែមទៀត ? មេរៀននេះអាចជួយអ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបទពិសោធន៍នៅថ្នាក់សិក្ខាសាលារបស់អ្នក ដោយការយល់ពីអត្ថន័យនៃការរៀនសូត្រដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះអម្ចាស់សព្វព្រះទ័យនឹងការប្រឹងប្រែង
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ ហើយគ្មានរង្វាន់ណាបានមកដោយគ្មានការប្រឹងប្រែងទេ ។ ( រ័សុល អិម ណិលសុន នៅក្នុង ចយ ឌី ចូនស៍ « An Especially Noble Calling » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦ )
-
តើយើងអាចអនុវត្តសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅក្នុងជីវិតរបស់យើងដោយរបៀបណា ? ឧទាហរណ៍ តើវាអាចអនុវត្តចំពោះកិច្ចការផ្សព្វផ្សាយសាសនា ការបម្រើ ឬការទទួលបានការអប់រំដោយរបៀបណា ?
-
តើអ្នកគិតថាវាអាចអនុវត្តបានចំពោះការរៀនសូត្រដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់សិក្ខាសាលានៅក្នុងឆ្នាំនេះដោយរបៀបណា ?
ដើម្បីជួយអ្នកឲ្យវាយតម្លៃលើការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក សូមគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកកំពុងប្រឹងប្រែងអ្វីខ្លះដើម្បីរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានអញ្ជើញព្រះឲ្យបង្រៀនអ្នកដោយរបៀបណា ?
-
តើអ្នកមានអារម្មណ៍ថា អ្នកកំពុងទទួលបានលទ្ធផលដែលអ្នកចង់បាន និងត្រូវការដែរឬទេ ? ហេតុអ្វីមានអារម្មណ៍ដូច្នេះ ឬហេតុអ្វីមិនមានអារម្មណ៍ដូច្នេះ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីវិធីដែលអ្នកចង់រៀន និងរីកចម្រើននៅក្នុងថ្នាក់សិក្ខាសាលាឆ្នាំនេះ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីរបៀបអនុវត្តមេរៀននេះក្នុងជីវិតរបស់អ្នក ។
ការបង្រៀនពីព្រះគម្ពីរមរមន
សូមអានយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិចំនួនពីរខាងក្រោម ដោយរកមើលពីរបៀបដែលការខិតខំ និងបំណងប្រាថ្នារបស់យើង និងរបៀបដែលព្រះដើរតួក្នុងការរៀនសូត្រដំណឹងល្អរបស់យើង ។
-
តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយអ្នករៀនបន្ថែមទៀតពីព្រះអំឡុងពេលថ្នាក់សិក្ខាសាលា ?
-
តើអ្នកគិតថាលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើបុគ្គលម្នាក់រំពឹងថាព្រះនឹងប្រទានចំណេះដឹងដល់ពួកគេ ប៉ុន្តែមិនបានប្រឹងប្រែងដោយខ្លួនឯងនោះ ? ឬប្រសិនបើពួកគេខំប្រឹងតែមិនបានស្វែងរកជំនួយពីព្រះ ? ហេតុអ្វី ?
ដោយផ្អែកលើអ្វីដែលអ្នកបានសិក្សារហូតមកដល់ពេលនេះ សូមសង្ខេបជាមួយប្រយោគនូវអ្វីដែលអ្នកយល់អំពីការរៀនសូត្រដំណឹងល្អ ។
តើសិក្ខាសាលាអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរឬទេ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលនឹងជួយកំណត់ថា តើជីវិតរបស់អ្នកនឹងត្រូវបានផ្លាស់ប្តូរដោយសិក្ខាសាលា ។
កាលណាអ្នកធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើន នោះអ្នកនឹងកាន់តែជោគជ័យ ។
ប្រសិនបើដូច្នេះ តើអ្វីនឹងជួយអ្នកឲ្យក្លាយជាសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ? ចម្លើយមួយគឺថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន—មិនគ្រាន់តែចូលរៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់ និងធ្វើតាមរាល់កិច្ចការដែលបានដាក់ឲ្យធ្វើដោយស្មោះត្រង់ផងដែរ ។ …
ការបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននឹងជួយពង្រីកសមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីដែលសំខាន់បំផុតក្នុងជីវិត ។ អំណរពិតប្រាកដនឹងក្លាយជារបស់អ្នក ! ( រ័សុល អិម ណិលសុន « A Personal Invitation to Participate in Seminary and Institute » ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ? ហេតុអ្វី ?
-
តើអ្នកអាចផ្ដោតលើការធ្វើតាមព្រះយេស៊ូវគ្រីស្ទ អំឡុងពេលបទពិសោធន៍របស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលាដោយរបៀបណា ?
-
តើអ្នកគិតថា « ការចូលរួមយ៉ាងសកម្ម » ក្នុងថ្នាក់សិក្ខាសាលាមានន័យដូចម្តេច ?
របៀបដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសិក្ខាសាលា
សូមស្រមៃគិតថាយុវជនក្នុងរូបភាពនេះកំពុងចូលរៀនថ្នាក់សិក្ខាសាលាជាលើកដំបូង ។ គាត់ចង់រៀន និងរីកចម្រើនខាងវិញ្ញាណ ប៉ុន្តែមិនដឹងពីរបៀបធ្វើវាទេ ។ ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ និងបទពិសោធន៍ពីមុនរបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា និងសាសនាចក្រ សូមកត់ត្រាដំបូន្មានដែលអ្នកនឹងផ្តល់ឲ្យគាត់ ។
សូមប្រាកដថាបានរួមបញ្ចូល
-
អ្វីដែលគាត់អាចធ្វើពីមុន អំឡុងពេល និងក្រោយពេលរៀន ដើម្បីពង្រឹងការសិក្សាខាងវិញ្ញាណរបស់គាត់
-
របៀបដែលគាត់អាចផ្ដោតលើការធ្វើតាមព្រះអង្គសង្គ្រោះ ហើយយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនគាត់
-
សកម្មភាព ឬអាកប្បកិរិយាដែលអាចធ្វើឲ្យវាកាន់តែងាយស្រួល ឬកាន់តែពិបាករៀនខាងវិញ្ញាណ ទាំងសម្រាប់គាត់ និងសម្រាប់អ្នកដទៃក្នុងថ្នាក់
សូមដាក់គោលដៅដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបទពិសោធន៍សិក្ខាសាលារបស់អ្នកនៅឆ្នាំនេះ ។ ដើម្បីធ្វើដូច្នេះ អ្នកអាចឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នកសង្ឃឹមរៀនអ្វីចេញពីថ្នាក់សិក្ខាសាលានៅឆ្នាំនេះ ?
-
តើអ្នកមានឆន្ទៈធ្វើអ្វីខ្លះ ដើម្បីបង្ហាញព្រះអម្ចាស់ថា អ្នកចង់រៀនពីទ្រង់ ហើយក្លាយកាន់តែដូចទ្រង់ ?