« ការសិក្សាព្រះគម្ពីរ ៖ តោងជាប់តាមព្រះបន្ទូលនៃព្រះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការសិក្សាព្រះគម្ពីរ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ឯកសារណែនាំ
ការសិក្សាព្រះគម្ពីរ
តោងជាប់តាមព្រះបន្ទូលនៃព្រះ
ព្រះគម្ពីរមានសមត្ថភាពពិសេសរបស់វាក្នុងការពង្រឹងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាប្រកបដោយនិរន្តរភាព និងប្រកបដោយអត្ថន័យ អញ្ជើញឲ្យមានសេចក្តីជំនឿ និងពង្រឹងជីវិតប្រចាំថ្ងៃរបស់យើង ។ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនបំណងប្រាថ្នា និងសមត្ថភាពរបស់អ្នកក្នុងការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយទទួលបានពរជ័យដែលបានសន្យាដែលកើតឡើងដោយសារការសិក្សាព្រះគម្ពីរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ
ប្រសិនបើមនុស្សម្នាក់ចង់មានកម្លាំងកាន់តែខ្លាំងឡើងដោយការធ្វើការអាវ៉ង់ តើគាត់ត្រូវធ្វើអ្វីខ្លះ ? តើវាអាចត្រូវចំណាយពេលប៉ុន្មានដើម្បីឃើញកម្លាំងមានការកើនឡើង ? តើមនុស្សម្នាក់អាចនឹងជម្នះឧបសគ្គអ្វីខ្លះ ?
-
តើឧទាហរណ៍នេះទាក់ទងនឹងការសិក្សាព្រះគម្ពីរយ៉ាងដូចម្តេច ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធានថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) និង ជូលី ប៊ី ប៊េក ដែលជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវនារីទូទៅនៅពេលនោះ ហើយពិនិត្យមើលឡើងវិញនូវអ្វីដែលពួកគាត់បង្រៀនអំពីការសិក្សាព្រះគម្ពីរ ៖
ការចំណាយពេលជារៀងរាល់ថ្ងៃក្នុងការសិក្សាព្រះគម្ពីរនឹងពង្រឹងមូលដ្ឋាននៃសេចក្តីជំនឿ និងទីបន្ទាល់អំពីសេចក្តីពិតរបស់យើងដោយគ្មានការសង្ស័យ ។ ( ថូម៉ាស អេស ម៉នសុន « How Firm a Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៨ )
ទោះជាខ្ញុំមិនចាត់ទុកខ្លួនឯងជាអ្នកជំនាញក៏ដោយ … ខ្ញុំមានអំណរគុណដែលខ្ញុំបានចាប់ផ្ដើមទម្លាប់អាន [ ព្រះគម្ពីរ ] ពេញមួយជីវិតដែរ ។ វានឹងមិនអាចទៅរួចទេក្នុងការរៀនមេរៀនដែលបទគម្ពីរមានដោយការអានវាតែមួយពេលប៉ុណ្ណោះ ឬសិក្សាខគម្ពីរដែលបានជ្រើសរើសក្នុងថ្នាក់នោះ ។ ( ជូលី ប៊ី ប៊េក « My Soul Delighteth in the Scriptures » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០៧ )
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
សូមពិចារណាពីអារម្មណ៍របស់អ្នកចំពោះការសិក្សាព្រះគម្ពីររបស់អ្នក ។
ពរជ័យសម្រាប់ការសិក្សាព្រះគម្ពីរ
សូមអានខគម្ពីរខាងក្រោម ដោយរកមើលពរជ័យដែលបានមកពីការសិក្សាព្រះគម្ពីរ ។
សិស្សអាចត្រូវបានអញ្ជើញឲ្យសរសេរពរជ័យផ្សេងៗនៃការសិក្សាព្រះគម្ពីរនៅលើក្ដារខៀន ។ នៅពេលពួកគេសរសេរ សូមអញ្ជើញពួកគេឲ្យដាក់សញ្ញាកែងនៅជាប់នឹងពរជ័យណាមួយដែលពួកគេបានទទួល ។
-
តើសេចក្ដីពិតអ្វីខ្លះដែលទាក់ទងនឹងការសិក្សាព្រះគម្ពីរដែលអ្នកអាចរកឃើញពីខគម្ពីរទាំងនេះ ?
សិស្សអាចរកឃើញសេចក្តីពិតដូចជា ប្រសិនបើយើងស្តាប់ ហើយតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះទ្រង់នឹងប្រទានពរឲ្យយើងស៊ូទ្រាំនឹងការល្បួង និងអំពើអាក្រក់ ( សូមមើល នីហ្វៃទី ១ ១៥:២៤ ) ព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យដឹងពីអ្វីដែលត្រូវធ្វើក្នុងជីវិតរបស់យើង នៅពេលយើងទទួលទានតាមព្រះបន្ទូលទ្រង់ ( សូមមើល នីហ្វៃទី២ ៣២:៣ ) និង ការសិក្សាព្រះគម្ពីរអាចជួយខ្ញុំឲ្យដឹងពី និងរីករាយក្នុងព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៣៧:៩ ) ។
-
តើសេចក្ដីពិត ឬពរជ័យមួយណាដែលអ្នកបានដកពិសោធន៍ ?
សម្រាប់ពរជ័យបន្ថែមដែលបានមកពីការសិក្សាព្រះគម្ពីរ សូមមើល « វិចារណកថា និងព័ត៌មានសាច់រឿង » ។
តើខ្ញុំអាចទទួលបានកាន់តែច្រើនពីការសិក្សាព្រះគម្ពីររបស់ខ្ញុំដូចម្តេច ?
សំណួរខាងក្រោមនេះអាចត្រូវបានពិភាក្សាដោយសិស្សជាក្រុមតូចៗ ឬជាគូ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែករំលែកការយល់ដឹងរបស់ពួកគេ ។ អ្នកអាចស្នើសុំឲ្យសិស្សចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីការឆ្លើយតបរបស់ពួកគេ ដូចជារបៀប ពេលណា ឬមូលហេតុដែលពួកគេប្រើការអនុវត្តនោះ ។
-
តើអ្វីអាចជួយមនុស្សម្នាក់ឲ្យទទួលបានច្រើនពីការសិក្សាព្រះគម្ពីររបស់គាត់ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថូដ គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយរកមើលជំនាញបន្ថែមដែលអាចជួយឲ្យការសិក្សាព្រះគម្ពីរកាន់តែមានឥទ្ធិពល ។
វាជារឿងល្អមួយ ដែលពេលខ្លះអានព្រះគម្ពីរ នៅក្នុងពេលកំណត់ណាមួយ ដើម្បីដឹងន័យទូទៅនៃសារលិខិតនោះ ប៉ុន្ដែចំពោះការប្រែចិត្តជឿវិញ អ្នកគួរតែយកចិត្តទុកដាក់ទៅលើចំនួនពេលវេលាដែលអ្នកបានចំណាយលើព្រះគម្ពីរ ជាងគិតអំពីចំនួនពេលវេលាដែលអ្នកចំណាយដើម្បីអាននៅក្នុងពេលនោះ ។ ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ សូមអានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និង ទស្សនវិស័យជ្រៅជ្រះដែលនឹងកើតមាន ដើម្បីឲ្យអ្នកអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែអ្នកនឹងទុកកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )
-
តើអ្នកឃើញអ្វីខ្លះនៅក្នុងគំនិតទាំងនេះ ដែលអាចផ្តល់ពរដល់បទពិសោធន៍សិក្សាព្រះគម្ពីររបស់អ្នក ?
សិស្សអាចបន្ថែមការយល់ដឹងបន្ថែមនៅលើក្ដារខៀនដែលមិនទាន់បានសរសេរ ។
បន្ថែមពីលើជំនាញសិក្សាព្រះគម្ពីរដែលមាន គំនិតជំនាញជាច្រើនបានផ្តល់ឲ្យនៅក្នុងផ្នែក « សកម្មភាពសិក្សាបន្ថែម » ខាងក្រោម ដែលអាចប្រើប្រាស់បាន ។
អ្នកអាចអញ្ជើញសិស្សឲ្យធ្វើសកម្មភាពខាងក្រោមដោយស្ងាត់ៗដោយខ្លួនពួកគេផ្ទាល់ ។ បន្ទាប់មកបំបែកពួកគេទៅជាក្រុមតូចៗ ឬជាគូ ដើម្បីចែកចាយអ្វីដែលពួកគេបានរៀន ។
សូមចំណាយពេល ៥ ឬ ១០ នាទីបន្ទាប់ ដើម្បីសាកល្បងប្រើការណែនាំដែលបានផ្ដល់ដោយអែលឌើរ គ្រីស្តូហ្វឺសិន ។ ចំណាយពេលសញ្ជឹងគិត អានឡើងវិញ អធិស្ឋាន សួរសំណួរ និងសរសេរពីចំណាប់អារម្មណ៍ ។ នេះជាវគ្គបទគម្ពីរមួយចំនួនដែលអ្នកអាចប្រើ ( សូមជ្រើសរើសវគ្គបទគម្ពីរមរមនផ្សេងៗដោយសេរី ) ។
ម៉ូសាយ ៣; អាលម៉ា ៣២; នីហ្វៃទី ៣ ១១
បន្ទាប់ពីសិស្សមានពេលសិក្សាហើយ សូមអញ្ជើញពួកគេឲ្យចែករំលែកអំពីបទពិសោធន៍របស់ពួកគេ ។ សំណួរខាងក្រោមនេះអាចជួយបាន ។
-
តើបទពិសោធន៍របស់អ្នកសិក្សាព្រះគម្ពីរតាមរបៀបនេះយ៉ាងណាដែរ ?
-
តើការសិក្សាតាមរបៀបនេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ?
ដាក់គោលដៅសិក្សាព្រះគម្ពីរ
គោលបំណងមួយនៃថ្នាក់សិក្ខាសាលា គឺដើម្បីជួយអ្នកខិតទៅជិតព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ ដើម្បីជួយអ្នក នោះមានតម្រូវការក្រេដីឌនៅថ្នាក់សិក្ខាសាលា ដើម្បីអានគម្ពីរតាមឆ្នាំបច្ចុប្បន្ន យ៉ាងហោចណាស់ឲ្យបាន ៧៥ ភាគរយនៃថ្ងៃប្រតិទិនប្រចាំឆមាស ។
ស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកំណត់គោលដៅសិក្សាផ្ទាល់ខ្លួន ។ ដើម្បីជួយ សូមចាប់ផ្តើមដោយការថ្វាយការអធិស្ឋានដើម្បីស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ ។ សូមគិតអំពីសំណួរខាងក្រោមនៅពេលអ្នកដាក់គោលដៅ ៖
-
តើពេលណា និងកន្លែងណាដែលខ្ញុំអាចសិក្សាព្រះគម្ពីររបស់ខ្ញុំជារៀងរាល់ថ្ងៃ ?
-
តើខ្ញុំត្រូវរៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យកាន់តែពេញលេញទៅក្នុងបទពិសោធន៍សិក្សាព្រះគម្ពីររបស់ខ្ញុំ ?